​ក្រុង​រី​កា: ដោយសារតែ​វា​កម្រ និ​មិ​ត្ដ​រូបតំណាង​ជាតិ​ឡេ​តូ​នី​ដ៏​ចម្លែក​មួយ គោ​សម្បុរ​ផ្ទៃមេឃ ឬ​ទឹកសមុទ្រ​ចាស់ សម្បុរ​នេះ​ទំនងជា​អាច​ទាក់​ក្រសែភ្នែក​ខ្លាំង​នៅ​ទីឋាន​ជនបទ​នៃ​ប្រទេស​ឡេ​តូ​នី ក្នុងចំណោម​ហ្វូងគោ​សម្បុរ​ត្នោត ខ្មៅ ឬ​ស​ទូទៅ​។

​លោក Arnis Bergmanis នាយក​ឧទ្យាន​សត្វ Ciruli ក្នុងភូមិ Kalvene ដែល​ជាទី​បង្កាត់​ពូជ​សត្វ​គោបាន​និយាយថា​៖ «​គោ​ខៀវ​ពិតជា​វិសេស និង​ស្អាត​អស្ចារ្យ​។ ខ្ញុំ​ពិតជា​រីករាយ ដែល​យើង​អាចជួយ​ពួកវា​ឱ្យ​ល្បី​»​។

​ក្នុង​ឆ្នាំ ​២០០០ មាន​គោ​ខៀវ​តែ ១៨ ​ក្បាល​ប៉ុណ្ណោះ​នៅ​ឡេ​តូ​នី តែ​ពេលនេះ ពួកវា​បាន​កើន​ដល់​ប្រមាណ ១ ៥០០ ​ក្បាល តាមរយៈ​ការ​បង្កាត់​ពូជ និង​ប្រភេទ​កូនកាត់​។

​ម្ចាស់ផ្ទះ​ស្នាក់នៅ​ទីជនបទ​ចាត់ទុក​គោ​ខៀវ​ជា​គោលដៅ​ទេសចរណ៍​មួយ ខណៈ​ម្ចាស់​គោ​បាន​បញ្ចូល​គោ​ខៀវ​ក្នុង​ហ្វូង​សម្រាប់​បង្កាត់​ពូជ​បន្ថែម​។

​លោក Bergmanis បាន​បន្ដថា​៖ «​បើ​កូន​គោ​អម្បូរ​ណាមួយ​បាន​បាត់​​បង់​មេ​រប​ស់វា ឬ​ត្រូវបាន​បំបែក​ចេញពី​មេ គោ​ខៀវ​នឹង​យក​កូន​គោ​នោះមក​ថែទាំ​ជា​កូន​របស់ខ្លួន​»​។

​មាន​តំណាល​រឿង​ថា សម្បុរ​របស់​ពួកវា​បានមកពី​ទឹកសមុទ្រ ទោះបីជា​តាមពិត​ពួកវា​កើតមក​មាន​ពណ៌​ត្នោត​​ខ្ចី​។ មិនយូរប៉ុន្មាន រោម​របស់​ពួកវា​ប្រែ​ទៅជា​ពណ៌​ខៀវ និង​កាន់តែ​ប្រែជា​ចាស់ៗ​ទៅ​រយៈពេល​ជាច្រើន​ឆ្នាំ​។

​​​​គោ​សម្បុរ​ផ្ទៃមេឃ ឬ​ទឹក​សមុទ្រ​ ដែលប្រទះឃើញនៅសួន​ Ciruli។ រូប AFP

​ក្នុង​ឆ្នាំ ​២០០៦ កសិករ អ្នក​វិទ្យា​សាស្ដ្រ និង​អ្នក​ស្រឡាញ់ បាន​បង្កើត​សមាគម​គោ​ខៀវ ដើម្បី​តាមដាន​អម្បូរ​កម្រ​នេះ ហើយ​ស្រប​ពេលនេះ រដ្ឋា​​ភិ​បាល​ក៏បានផ្ដល់​ប្រាក់​ពិសេស​សម្រាប់​ម្ចាស់​គោ​ខៀវ​នេះ​ផងដែរ​។

​ការសម្លាប់​យក​សាច់ ត្រូវបាន​លើក​លែង​ពពួក​គោ​សម្បុរ​ខៀវ ដែល​ពួកវា​មិនសូវ​ផ្ដល់​ទិន្នផល​ទឹកដោះ​ដូច​គោ​ធម្មតា​នោះទេ ជាមួយ​បរិមាណ ៥​ ពាន់​លីត្រ ​ក្នុង ​១ ​ក្បាល ​ក្នុង ​១ ​ឆ្នាំ បើ​ធៀប​នឹង​គោ Holstein ធម្មតា ៨​ ពាន់​លីត្រ តែ​ទឹកដោះ​របស់​វា​ផ្ដល់​គុណភាព​ខ្ពស់ និង​ជីវជាតិ​ច្រើនជាង​។

​យោងតាម Daiga Simkevica ប្រធាន​សមាគម​គោ​ខៀវបានឱ្យដឹងថា ពួកវា​ក៏មាន​សមត្ថភាព​ស៊ូ​នឹង​បម្រែបម្រួល​អាកាសធាតុ​ទៀតផង​។

​អ្នកស្រីបាន​ប្រាប់ AFP ថា​៖ «​គោ​​ខៀវ​ដ៏​រឹងមាំ ម្ចាស់ការ និង​ខ្លាំងក្លា រស់​​នៅ​ខាងក្រៅ​ក្រោល​គ្រប់​រដូវ​កាល ទោះ​ស្ថិតក្នុង​សភាព​ព្រឹល​ត្រជាក់​នា​រដូវរងា ដែល​ពូជ​គោ​ដទៃ​មិនអាច​ទ្រាំទ្រ​បាន​។ នៅ​ថ្ងៃ​អនាគត យើង​រំពឹងថា​ នឹង​អាច​វិភាគ​ហ្សែ​៊​ន​ឱ្យបាន​ពេញលេញ បំណង​បង្កាត់​ពូជ​សុទ្ធ​ឱ្យបាន​ ១០០%»៕ AFP/HR