
ពិព័រណ៍ប្រើបច្ចេកវិទ្យានាំទស្សនិកជនវិលត្រឡប់ទៅអាណាចក្រអង្គរ។ រូបថត Facebook @CaliforniaScienceCenter
ភ្នំពេញ: ការសម្ពោធលំដាប់ពិភពលោកនូវពិព័រណ៍ «អង្គរអាណាចក្របាត់បង់នៃកម្ពុជា» នឹងត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រនីញ៉ាថ្ងៃទី ១៦ ខែកុម្ភៈ។
យោងតាម PRNewswire វត្ថុបុរាណចំនួន ១២០ ដែលក្នុងនោះចំនួនពាក់កណ្ដាល គឺជាបេតិកភណ្ឌ ដែលធ្វើដំណើរចេញពីកម្ពុជាជាលើកដំបូងសម្រាប់ការដាក់តាំងបង្ហាញ។
ទស្សនិកជនក៏នឹងទទួលបានបទពិសោធពីបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដែលនាំពួកគេវិលទៅកាន់អាណាចក្រអង្គរដើម្បីស្វែងយល់បន្ថែម។
ប្រធាន និងអគ្គនាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រនីញ៉ា លោក ជេហ្វើរី អេន រូដូហ្វ ត្រូវបានដកស្រង់សម្ដីដោយ PRNewswire ថា៖ «ខ្ញុំពិតជារីករាយក្នុងការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរជាតិកម្ពុជា និងសារមន្ទីរដៃគូក្នុងការសម្ពោធពិព័រណ៍លំដាប់ពិភពលោកនេះ នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រនីញ៉ា»។

ពិព័រណ៍នឹងបង្ហាញវត្ថុតាងចំនួន ១២០។ រូបថត Facebook @CaliforniaScienceCenter
អង្គរដែលត្រូវបានចាត់ទុកជាបណ្ដុំអរិយធម៌នៃពិភពលោក ជាទឹកដីមានប្រាសាទជាង ១០០ ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាយ៉ាងស្ងប់ស្ងាត់។
អ្នកទស្សនាពិព័រណ៍ក៏នឹងអាចស្វែងយល់ពីបច្ចេកវិទ្យាបុរាណវិទ្យាក្នុងការស្វែងយល់ពីសិលាចារឹក ការថតរូបភាពពីលើអាកាស និងការប្រើឡាហ្សែ៊រក្នុងការសិក្សាវិភាគ ដើម្បីពង្រីកចំណេះដឹងពីស្ថាបត្យកម្ម ជីវិតប្រចាំថ្ងៃរបស់មនុស្ស បរិស្ថាន និងភាពអស្ចារ្យនៃវប្បធម៌អាណាចក្រមួយនេះ មុននឹងឈានដល់អនាគត។
លោកបានបន្តថា៖ «វាបង្ហាញយ៉ាងស៊ីជម្រៅពីឧបករណ៍វិទ្យាសាស្ត្រអាចបន្ថែមការយល់ដឹងរបស់យើងពីបុរាណកាល និងរក្សាបេតិកភណ្ឌវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ»។
ពិព័រណ៍អាណាចក្រអង្គរនឹងចាប់ផ្ដើមពីថ្ងៃទី ១៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២ ជាមួយតម្លៃសំបុត្រម្នាក់ ២៥,២៥ ដុល្លារ សម្រាប់ការចូលទស្សនាពិព័រណ៍ និងទស្សនីយភាព 3D IMAX លើអេក្រង់យក្សកម្ពស់ស្មើផ្ទះ ៧ ជាន់។ ពិព័រណ៍នេះនឹងបន្តធ្វើដំណើរទូទាំងអាមេរិក និងបណ្ដាប្រទេសផ្សេងទៀត៕

មជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រនីញ៉ា។ រូបថត Facebook @CaliforniaScienceCenter
វីដេអូ៖