ភ្នំពេញ: នៅមុខ​វិទ្យាស្ថាន​បារាំង​ចាប់ពី​ម៉ោង ២​ រសៀល មនុស្សម្នា​ចោមរោម​បុរស​​ចំណាស់​ម្នាក់ និង​ម៉ូតូ​ម៉ាក​គុប​លោក បង្កើតជា​ចម្ងល់​ដល់​អ្នកដំណើ​រឆ្ល​ង​កាត់​។ ពេល​ទៅជិត ទើប​ដឹងថា បុរស​ជនជាតិ​​បារាំង​រូបនេះ​កំពុង​មមាញឹក​ជាមួយ ការចៀន​នំ​ផេ​ន​ខេ​ក​ម្យ៉ាង​របស់​បារាំង ដែល​វា​ជា​ចំណី​សាមញ្ញ តែ​ប្រកែក​មិនបាន​ថា​វា​គួរឱ្យ​ចង់​ភ្លក្ស​ប៉ុនណា​។

​សម្រាប់​អ្នកដំណើរ​ឧស្សាហ៍​ជិះ​តាមផ្លូវ ១៨៤ ទិដ្ឋភាព​នេះ​ហាក​ស៊ាំ​ភ្នែក​ទៅហើយ ព្រោះ​បើតាម​លោក ហ្វី​លី​ព ដូ​នេ​ស្គី (Philippe Dounaevsky) ប្រាប់​មក ​ភ្នំពេញ ប៉ុស្តិ៍ លោក​ថា វិទ្យាស្ថាន​បារាំង​ជាទី​តាំង​បច្ចុប្បន្ន ដែល​លោក​សំចត​ម៉ូតូ​លក់​យូរ​ជាងគេអស់​រយៈពេលជាង ៨​ ឆ្នាំ បើ​ទោះ​លោក​ធ្លាប់​លក់​នៅ​ទីតាំង​ផ្សេងៗ​ដូចជា​ដំបូង​នៅ​ផ្សារ​រាត្រី សាលា​​បារាំង​ដេ​កាត សាលា​បាក់​ទូក ចតុមុខ វត្តភ្នំ សន្ធរម៉ុក ទួល​​ទំពូង និង​ជ័យ​ថា​វីជាដើម​។​

​លោក ហ្វី​លី​ព បានឱ្យដឹងថា​៖ «​ខ្ញុំ​រស់នៅ​កម្ពុជា​រយៈពេល ១១​ ឆ្នាំ​មកហើយ តាំងពី​ខែកក្កដា ឆ្នាំ​ ២០១១ ដើម្បី​ចាប់​​ផ្ដើម​ជីវិត​ផ្ទាល់ខ្លួន និង​បង្កើត​មុខរបរ​។ មិត្តស្រី​ថៃ​របស់ខ្ញុំ​ក៏​ផ្លាស់​មក​នៅ​ជាមួយគ្នា​ក្នុង​ឆ្នាំ ២០១២​។ ខ្ញុំ​ស្រឡាញ់​ពេញ​​ចិត្ត​រស់នៅ​ទីនេះ និង​មានជីវិត​ប្រសើរ​ជាង​នៅ​បណ្ដា​ប្រទេស​លោកខាងលិច​»​។

​ក្នុង​ជម្រើស​រស់នៅ​កម្ពុជា លោក​ក៏បាន​ប្រើ​ចំណេះធ្វើ​នំ​រៀន​ពី​ម្ដាយ​ដើម្បី​ចិញ្ចឹមជីវិត​។​

​លោក​រំឭក​ប្រាប់ថា​៖ «​ខ្ញុំ​បាន​រៀន​ជំនាញ​នេះ​ពី​ម៉ាក់​ខ្ញុំ ដែលជា​អ្នកធ្វើ​ផេ​ន​ខេ​កល​ក់ជាង​ ៤០​ ឆ្នាំ តែ​ក្រោយមក​ខ្ញុំ​ក៏​បំបែកចេញ​ជា​រូបមន្ត​ខ្លួនឯង​។ ១១ ​ឆ្នាំ ដែល​មក​រស់នៅ​ទីនេះ ក៏​ជា​រយៈពេល ដែល​ខ្ញុំ​ប្រកប​របរ​លក់​ផេ​ន​ខេ​ក​នេះ​ដូចគ្នា​»​។

​នំផេនខេក​លាប​សូកូឡា និង​បន្ថែមចំណិត​ចេក​នៅ​ក្នុង​ខ្ទះ​លើ​ម៉ូតូ​របស់លោក ហ្វីលីព។ រូបថត ហ្វេសប៊ុក

​ផ្ដើម​ពី ៥០ ​បន្ទះ ពេលនេះ​លោក​លក់បាន​ជាង ១០០ ​បន្ទះ ទៅតាម​ថ្ងៃ និង​រដូវ​កាល​។ តែ​ជនជាតិ​បារាំង​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​ផលិត​បរិក្ខារ​អគ្គិសនី​ជាង ​៣០ ​ឆ្នាំ​រូបនេះ​ថា ចំពោះ​ថ្ងៃ​ធម្មតា យ៉ាងហោចណាស់​ក៏​អាច​លក់បាន​ ៧០ ​បន្ទះ​ដែរ​។

​សព្វថ្ងៃនំ​ផេ​ន​ខេ​ក របស់លោក មាន ៧ ​រសជាតិ ដូចជា​មាន​បៀក​ពីលើ​ដោយ សូកូឡា​សណ្ដែកដី សូកូឡា​ខ្មៅ សូកូឡា​ទឹកដោះគោ ដំណាប់​ស្ត្រ​ប៊ើ​រី គ្រី​ម​ប៊័រ​សណ្តែកដី ទឹកដោះគោ​​ខាប់ និង​ស្ករ ហើយ​អតិថិជន​ក៏​អាច​បន្ថែម​ចំណិត​ចេក​លើ​នំ​ផងដែរ​។ រសជាតិ​មានការ​​ពេញនិយម​ជាងគេ គឺ​សូកូឡា​​ខ្មៅ និង​សូកូឡា​ទឹកដោះគោ បន្ទាប់មកសូកូឡា​សណ្ដែកដី ដំណាប់​ស្ត្រ​ប៊ើ​រី និង​ចុងក្រោយ​ គឺ​ក្រី​ម​ប៊័រ​សណ្ដែកដី និង​ទឹក​​ដោះ​គោ​ខាប់​។​

​រីឯ​ផេ​ន​ខេ​ក​របស់​អ្នកលក់ វ័យ ៦៣ ​ឆ្នាំ រូបនេះ​ធ្វើឡើង​ពី ម្សៅ ស៊ុត ទឹកដោះគោ និង​ស្ករ ដោយ​អាច​បន្ថែម​វ៉ា​នី​ឡា ដើម្បីឱ្យ​រសជាតិ​កាន់តែ​សម្បូ​បែប​។​

​បន្ទាប់ពី​ដឹង​រូបមន្ត មើលទៅ​ទំនង​ធម្មតា ប៉ុន្តែ​ភាពសាមញ្ញ​មិនអាច​បរិយាយ​ពី​រសជាតិ​វា​នោះទេ​។ ជាក់ស្ដែងនំ​ផេ​ន​ខេ​កដែលមាន​បន្ទះ​ស្ដើងៗ ដែល​លោក​ធ្វើ​ហើយ​យកមក​កម្តៅ​ក្នុង​ខ្ទះ មុននឹង​លាប​រសជាតិ​ពីលើ​នេះ ពេល​ដាក់​ចូលក្នុង​មាត់​វា​ប្រែជា​ទន់ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ បន្ទាប់ពី​បាន​ភ្លក្ស​ទើប​ដឹងថា មិន​ចម្លែក​ទេ ដែល​អតិថិជន​ខ្លះ​សុខចិត្ត​រង់ចាំ​ពី ​២០ ទៅ ៣០​ នាទី​។​

​លោក​បាន​អះអាង​ដែរ​ថា​៖ «៩៩% នៃ​អតិថិជន​របស់ខ្ញុំ​ជា​ខ្មែរ ដែល​ភាគច្រើន​ជា​សិស្ស​​សាលា និស្សិត ក៏ដូចជា​អ្នក​ដំណើរ​ជិះ​កាត់​ផងដែរ​។ ភ្ញៀវ​ខ្ញុំ​ភាគច្រើន​ជា​អតិថិជន​ប្រចាំ ដែល​បន្ទាប់ពី​បាន​ញ៉ាំ ៩៩% នឹង​ត្រឡប់មកវិញ​។ ម្យ៉ាង​តម្លៃ​របស់​វា​ក៏​សមរម្យ ត្រឹម ៣-៤ ​ពាន់​រៀល​ប៉ុណ្ណោះ​»​។​

​សិស្សានុសិស្ស​ដែល​ឈរ​ចាំ​នៅ​ទី​នោះបាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ទាំង​ញញឹម​បណ្ដើរ និង​ញ៉ាំ​បណ្ដើរ​ថា ពួកគេ​ក៏​មិនដឹងថា​នំ​ផេ​ន​ខេ​ក​របស់លោក ហ្វី​លី​ព មាន​អ្វី​ពិសេស​ដូចគ្នា គ្រាន់តែ​ពួកគេ​បាន​ញ៉ាំ​ហើយ​តែងតែ​ត្រឡប់មក​ទិញ​ញ៉ាំ​ទៀត​។ អ្នកខ្លះ​ញ៉ាំ​នំ​ផេ​ន​ខេ​ក​នេះ តាំងពី​ពួកគេ​នៅ​តូច​រៀន​ថ្នាក់​បឋម​រហូតមកដល់​វិទ្យាល័យ​។​

អតិថិជន​របស់លោក​ភាគច្រើនជា​សិស្សសាលា​ និង​អ្នកដំណើរ​ឆ្លង​កាត់​ផ្លូវ ១៨៤។ ហេង ជីវ័ន

​ចំណុច​ដែល​គួរឱ្យ​សម្គាល់ គឺ​អ្នកលក់​ផេ​ន​ខេ​ក​មកពី​ទីក្រុងប៉ារីស​រូបនេះ​មានការ​ខ្ចប់​ដាក់​ថង់ ឬ​ប្រអប់​យ៉ាង​មាន​អនាម័យ និង​តែងតែ​គោរព​តាម​លេខ​​រៀង​អតិថិជន​ជានិច្ច ធ្វើឱ្យ​ភ្ញៀវ​មិន​ខកចិត្ត​នឹង​ការ​ឈរ​រង់ចាំ​។​

​ពេល​ត្រូវបាន​សួរថា លោក​ធ្លាប់​មានបំណង​បើក​ជា​ហាង​តូច​សាមញ្ញ ​១ ​ទេ លោក​ថា មិន​ធ្លាប់​គិតបែបនេះ​ឡើយ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​នៅតែ​យល់ថា ការលក់​នៅតាម​ផ្លូវ​បែបនេះ ខ្ញុំ​បាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតិថិជន​របស់ខ្ញុំ​ជាង​។ ពួកគេ​ងាយស្រួល​រក​ខ្ញុំ​។ វា​ក៏​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ដាក់លក់ និង​រើចេញ​។ ម្យ៉ាង​ពេលនេះ ហាង​ផេ​ន​ខេ​ក​ជាច្រើន​ក៏ត្រូវ​បាន​បិទ​»​។

​លោក​ក៏​រំឭក​ពី​ជនជាតិខ្មែរ​ដែល​ស្វាគមន៍ និង​គាំទ្រ​លោក​ជាង ​១ ​ទសវត្សរ៍​នេះ​។​

​លោក ហ្វី​លី​ព ថា​៖ «​អរគុណ​គ្រប់គ្នា​ដែល​រាប់អាន​ខ្ញុំ យក​​ចិត្ត​ទុកដាក់ ផ្ដល់​ស្នាមញញឹម និង​មានទឹក​ចិត្តល្អ​ដល់​ខ្ញុំ​។ វា​ជា​រឿង​ដ៏​រីករាយ​ដែល​បានមក​នៅ និង​ធ្វើការ​នៅ​កម្ពុជា ហើយក៏​សូមទោស​គ្រប់គ្នា ដែល​ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ប្រែ​​ប្រួល​ច្រើន​»​។​

​នំ​ផេ​ន​ខេ​ក​បារាំង​មានឈ្មោះ ហ្វេ​ស​ប៊ុ​ក @French pancake in Phnom Penh៕