​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស: តារា​ល្បីល្បាញ​បំផុត​លើ​បណ្ដាញ​សង្គម និង​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ ខាយ​លី ជេ​ន្នើ​រ (Kylie Jenner) ជា​សមាជិកគ្រួសារ​ត្រកូល កា​ដា​សៀន បានក្លាយ​ជា​ស្ដ្រី​មាន​អ្នក​ចុច follow ច្រើន​បំផុត​លើ​អ៊ី​ន​ស្តា​ក្រាម​ដោយមាន​ចំនួនអ្នកគាំទ្រ​លើស ៣០៣ ​លាន​នាក់​។

​អ្នក​មានឈ្មោះ​ក្នុងសង្គម​វ័យ ២៤ ​ឆ្នាំ បាន​ផ្ដួល​តារាចម្រៀង​ប៉ុប អា​រី​យ៉ាណាហ្គ្រេ​ន​ដេ​ស៍ (Ariana Grande) ដើម្បី​គ្រង​តំណែង​ស្ដ្រី​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅលើ​កម្មវិធី​ទូរស័ព្ទ​។ បុគ្គល​មាន​អ្នកគាំទ្រ​ច្រើន​នៅលើ Instagram ច្រើន​បំផុត​ទូទាំង​ពិភពលោក​នៅតែ​តារាបាល់ទាត់ រ៉ូ​ណា​ល់​ដូ ជាមួយ​អ្នកគាំទ្រ​ជាង ៣៩២​ លាន​នាក់​។ តារាបាល់ទាត់​រួម​អាជីព មេស​ស៊ី ក៏មាន​អ្នកគាំទ្រ​ជាង ៣០០ ​លាន​នាក់​ផងដែរ​។

​ខាយ​លី ជេ​ន្នើ​រ​ បាន​កើន​ប្រជា​ប្រិយភាព​ជា​ផ្នែក​មួយ​នៃ​កម្មវិធី ​«Keeping Up with the Kardashians» ដោយបាន​បង្ហាញ​វត្ដ​មាន​ជាមួយ​បងប្អូន​ស្រី​ឪពុក​ទីទៃ ម្ដាយ​តែមួយ ត្រកូល កា​ដា​សៀន។

​នាង​បាន​បន្ដ​ជោគជ័យ​លើ​ជំនួញ​ផលិតផល​គ្រឿងសម្អាង​ថែ​សម្ផស្ស Kylie Cosmetics ដែល​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​រកចំណូលបាន​ច្រើន​បំផុត​ក្នុង​ពិភពលោក​។

​ជេ​ន្នើ​រ បានប្រកាស​លើ​អ៊ី​ន​ស្តា​ក្រាម​កាលពី​ខែតុលា​ថា នាង​មាន​ផ្ទៃពោះ​កូន​ទី​២​។ នាង​មាន​កូនស្រី​ម្នាក់​ជាមួយ​ដៃគូ​ចាស់ ត្រា​វី​ស ស្កុ​ត (Travis Scott) ជាតា​រា​រ៉េ​ប​ដែល​សម្ដែង​នៅ​មហោស្រព​តន្ដ្រី Astroworld ក្នុង​ទីក្រុង​បូ​ស្ដុ​ន កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា ពេល​ហេតុការណ៍​មាន​អ្នកគាំទ្រ​រត់​ជាន់គ្នា​ស្លាប់ ១០ ​នាក់​។

​ក្រោយ​សោកនាដកម្ម​នេះ ជេ​ន្នើ​រ ទើបតែ​ចាប់ផ្ដើម​សកម្ម​លើ​បណ្ដាញ​សង្គម​វិញ​នៅ​ថ្ងៃទី ​២៤ ខែធ្នូ ក្នុងការ​​បង្ហោះ​រូប​ម្ដាយ​របស់​នាង និង​រូប​ពពោះ​របស់​នាង​៕ AFP/HR