ភ្នំពេញៈ នា​រយៈពេល ​១ ​ខែ សាធារណជនដែល​រស់នៅ​​ក្នុង​រាជធានី​ភ្នំពេញ នឹង​អាច​ទស្សនាការ​តាំងពិព័រណ៍​ចំនួន ៣ កន្លែង​ផ្សេងៗ​គ្នា ដែល​វិទ្យា​ស្ថាន​បារាំង​នៅ​កម្ពុជា នឹង​បើកសម្ពោធ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ​២០២២ រដូវ​​កាល​វប្បធម៌​ដំបូង ជា​កម្មវិធី​​ប្រចាំឆ្នាំ ដោយ​បង្ហាញ​ពី​វដ្ត​នៃ​ស្ថាបត្យកម្ម និង​ការអភិវឌ្ឍប្រកបដោយ​ចីរភាព​។​

​ការតាំងពិព័រណ៍​ទាំងនេះ ត្រូវបាន​អមដោយ​វដ្ត​នៃ​សន្និសីទ​វេទិកា​តុមូល ការ​បញ្ចាំង​ខ្សែ​ភាពយន្ត និង​វដ្ត​ស្ថាបត្យកម្ម ក៏ដូចជា​ដំណើរ​ទស្សនា​តាំងពិព័រណ៍​អមដោយ​អ្នក​សម្របសម្រួល មាន​ទីតាំងនៅ​សារមន្ទី​ជាតិនៅ​សាកល​​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​នៅ​វិទ្យាស្ថាន​បារាំង​។

​បើ​យោងតាម​លោក ឆុន​ ប៊ុន​ឈឿន បុគ្គលិក​ផ្នែក​ទំនាក់​​ទំនង​ព័ត៌មាន នៃ​វិទ្យាស្ថាន​បារាំងនៅ​កម្ពុជា បានឱ្យដឹង​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​មាន​ថា​៖ «​សម្រាប់​រដូវ​កាល​វប្បធម៌​ដំបូង​របស់ខ្លួន ដែលមាន​ចំណងជើង​ថា «​ភ្នំពេញ​​ទីក្រុង​មាន​ជីជាតិ​» វិទ្យាស្ថាន​​បារាំង​នៅ​កម្ពុជា នឹង​បើក​ការ​​តាំងពិព័រណ៍​ចំនួន ៣ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២០ ខែ មករា ឆ្នាំ ២០២២​។ ពិព័រណ៍​ឈ្មោះថា «AJAP ជា​កម្រង​រូបថត​នៃ​​ស្ថាបត្យករ​វ័យក្មេង និង​ទេស​​ភាព​ឆ្នាំ ២០១៨» ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​នៃ​សាកលវិទ្យាល័យ​​ភូមិន្ទ​វិចិត្រសិល្បៈ https://bit.ly/3rdLI1A ចាប់ពី​ម៉ោង ១០​ ព្រឹក​។ ពិព័រណ៍ «​ការប្រកួតប្រជែង​ស្ថាបត្យកម្មការ​​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​ច្រាំង​ទន្លេមេគង្គ​» ធ្វើ​នៅ​សារមន្ទីរ​ជាតិ https://bit.ly/3r6oASp នៅ​ម៉ោង​ ៤ ​ល្ងាច​។ ចំណែកឯ​ពិព័រណ៍ «​បង្កើត​មន្ត​ស្នេហ៍​ពិភពលោក​ជាថ្មី​» នៅ​វិទ្យាស្ថាន​បារាំង https://bit.ly/3qhx9dK ធ្វើ​វេលា​ម៉ោង ៦ និង ៣០ ​នាទី​ល្ងាច​»​។

AJAP កម្រង​រូបថត​នៃស្ថាប​ត្​យករ​ និ​ង​ទេសភាពករ​វ័យ​ក្មេង​​​ឆ្នាំ​២០១៨។ សហ​ការី

លោក ឆុន ប៊ុន​ឈឿន បាន​បន្តថា​៖ «​រដូវ​កាល​វប្បធម៌​​ដំបូង ដែលមាន​ចំណងជើង​ថា «​ភ្នំពេញទីក្រុង​មាន​ជីជាតិ​» រៀបចំ​ដោយ​វិទ្យាស្ថាន​បារាំង​​នៅ​កម្ពុជា បើក​ការតាំងពិព័រណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​២០ ខែ មករា ឆ្នាំ ​២០២២ រួមគ្នា​ក្នុង​ថ្ងៃ​តែ ​១ ​នៅ​ទីតាំង​នៃ​ទីកន្លែង​​បើក​ពិព័រណ៍​ទាំង ៣​។ ការតាំងពិព័រណ៍​ផ្សេងៗ ក្នុង​វដ្ត​នេះ​ មាន​គោលបំណង ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​សម្រាប់​គំរូ​លំនៅ​ឋាន​ថ្មី ដោយ​គិតគូរ​អំពី​បញ្ហា​បរិស្ថាន និង​សេដ្ឋកិច្ច និង​ការ​​ផ្លាស់ប្តូរ ដែលមាន​ឥទ្ធិពល​ដល់​សង្គម​បច្ចុប្បន្ន​»​។​

ការតាំងពិព័រណ៍​អាច​ចូល​​ទស្សនា​ឥតគិតថ្លៃ និង​បើក​​ចំហ​សម្រាប់​ទាំងអស់គ្នា ចាប់​​ពីថ្ងៃ​ទី ​២០ ខែមករា បន្ត​រហូតដល់​ថ្ងៃទី​ ១៩ ខែ កុម្ភៈ ឆ្នាំ ២០២២​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី «​ភ្នំពេញ​ទីក្រុង​មាន​ជីជាតិ​» អាច​ចូល​តាម​តំណ​ភ្ជាប់​ https://bit.ly/3FflrVs​។​

វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា (IFC) ​គឺជា​ភ្នាក់ងារ​របស់​​ក្រសួងការបរទេស​បារាំង និង​ការអភិវឌ្ឍ​អន្តរជាតិ សម្រាប់​កិច្ចសហប្រតិបត្តិការ សកម្ម​ភាព​វប្បធម៌ នៅ​ខាងក្រៅ​ប្រទេស​បារាំង​។ វិទ្យាស្ថាន​ដើរតួនាទី​សំខាន់ ក្នុងការ​ផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​បារាំង និង​កម្ពុជា ក្នុង​វិស័យ​វប្បធម៌ សិល្បៈ ការអប់រំ និង​បណ្តុះបណ្តាល​។ វិទ្យា​ស្ថាន​ផ្តល់ជូន​កម្មវិធី​ផ្សេងៗ​គ្នា​ពេញ​ ១ ​ឆ្នាំ​រួមមាន​ការតាំង​​ពិព័រណ៍ ការ​បញ្ចាំងភាពយន្ត ការប្រគំ​តន្ត្រី សន្និសីទ ជាមួយនឹង​បេសកកម្ម​ផ្សព្វផ្សាយ វប្ប​​ធម៌​បារាំង សិល្បៈ​ទស្សនី​យ​​ភាព ភាពយន្ត តន្ត្រី អក្សរ​សិល្ប៍ ភាសា​បារាំង ការ​ចម្អិន​​អាហារ និង​សិល្បៈ​នៃ​ការ​រស់​នៅក្នុង​គោលបំណងលើក​​កម្ពស់​ការអភិវឌ្ឍ និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​៕

បណ្តុំ​​រូបភាព​នៃ​ពិព័រណ៍ «​ភ្នំពេញទី​ក្រុង​មាន​ជី​ជាតិ​»។ រូប សហ​ការី