ភ្នំពេញៈ គ្រាន់តែ​ឈាន​ចូលឆ្នាំថ្មី​ឆ្នាំ ​២០២២ បាន​ជិត ១ ខែ​សោះ ស្រាប់តែ​តារាចម្រៀង​ស្រី ដែល​ទទួលបាន​ជោគជ័យ​ទាំង​វិស័យ​សិល្បៈ និង​សមប្រកប​ទៅនឹង​រឿង​បេះដូង អ្នកនាង អេ​ដា បង្ហើប​ថា ម្ចាស់​ចិត្តជា​គូ​សេ្ន​ហ៍​ប្រមាណ ២-៣ ឆ្នាំ​លោក អេ​លែ​ន តាន់ ចង់​រៀបការ​។

​នេះ​បើ​យោងតាម​សារ​បញ្ជា​ក់ដោយ​ភាព​ភ្ញាក់ផ្អើល​ពី​តារាចម្រៀង​ស្រី ដែលមាន​វ័យ ៣០ ប្លាយ អ្នកនាង អេ​ដា បង្ហើប​ក្នុងន័យ​ចង់​ប្រាប់​មហាជន​ពី​ដំណឹង​ល្អ នាពេល​ថ្មីៗ​នេះ​ថា​៖ «​ដើរចោល​តែ ២ ​អាទិត្យ សោះ​នៅ​សុខៗ សួរ​អូន​ពាក់ចិញ្ចៀន​ Size ​អី​? ​របៀប​ម៉េច​?»​។

​កន្លងមក បើទោះបី​បានប្រកាស​មុខ​គូស្នេហ៍​ថ្មី​បើកចំហ ដែលជា​បុរស​រូប​សង្ហា​កូនកាត់ ៣ សាសន៍ អាស៊ី​-​អាមេរិក មែន​ក្តី ក៏​ពុំទាន់​ឃើញ​តារា​​ចម្រៀង​ស្រី​អូ​រី​ជីណ​ល អេ​ដា បានបង្ហាញ​ពី​ឆន្ទៈ​ច្បាស់​ចង់បាន​ជីវិត​អា​ពា​ហ៍​ពិពាហ៍​ជាមួយ​លោក អេ​លែ​ន តាន់ ដោយ​​ការ​ក្រាប​ផ្ទឹម​រោង​​ជ័យពេលណា​ទេ ខណៈ​គេ​ឃើញ​តារាចម្រៀង​រូបនេះ​បាន​បន្ត​ពន្យារពេល​ទៅមុខ​ជា​រឿយៗ​តាំងពី​ឆ្នាំ​២០២០ មក​រហូតដល់​ឆ្នាំ ២០២១ ក្រោម​ហេតុផល​ថា ចង់​រក្សា​ត្រឹម​ជា​គូស្នេហ៍​យល់ចិត្ត​គ្នា​សិន​។​

​តារាចម្រៀង​ស្រី ដែល​បាន​ជោគជ័យ​លើ​វិថី​សិល្បៈ និង​រឿង​ស្នេហា អេ​ដា ក៏​ធ្លាប់​បកស្រាយ​ព័ត៌មាន​រហិច​​រហៀង ឆ្ងល់​រឿង​មិនទាន់​កំណត់​ថ្ងៃ​ចូល​រោង​ជ័យ​ផងដែរ​ថា​៖ «​ចំពោះ​រឿងនេះ ខ្ញុំ​គិតថា ដូចជា​មិនទាន់​គិតគូរ​នោះទេ គឺថា​អាច​នឹងត្រូវ​លើក​ពេល​បន្តទៀត​សិន​ហើយ ព្រោះ​ពេលនេះ ម្នាក់ៗ​សុទ្ធតែ​រវល់​នឹង​ការងារ​ខ្លាំង​។ សម្រាប់​នាង​ខ្ញុំ​វិញ​នោះ គឺ​កាន់តែ​រវល់​ច្រើន មាន​ការងារ​សិល្បៈ​ផង និង​ការ​​ងារ​រកស៊ី​ក្រៅ​សិល្បៈ​ផង អ៊ីចឹង​ហើយ សុំ​ពេល​គិតគូរ​រឿង​ទាំង​​នេះ​សិន ពុំទាន់​គិត​ច្រើន​ពី​រឿង​រៀបការ​នៅឡើយ​ទេ​»​។​

​ការពិតទៅ សម្ព័ន្ធ​ស្នេហ៍​ថ្មី​ជា​​មួយ​នឹង​បុរស​រូប​សង្ហា ជា​កូនកាត់​ ៣​ សាសន៍​លោក អេ​លែ​ន តាន់ ត្រូវបាន​តារាចម្រៀង​អូ​រី​ជីណ​ល​ស្រី មាន​រាសី​ឡើង​ក្រឺតៗ អ្នកនាង​ អេ​ដា ប្រកាស​ជា​សាធារណៈ​នូវ​មុខមាត់​ពិត​តាំងពី​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មកម្ល៉េះ គឺ​ចំពេល​តារា​ស្រី​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​វ័យ ២៧ ឆ្នាំ រួមគ្នា​ជាមួយ​ពិធី​សម្ពោធ​អាល់​ប៊ុ​ម​បទ​ចម្រៀង​ស្នាដៃ​តែង​និពន្ធ​ខ្លួនឯង ក្នុងចំណោម​វត្តមាន ពី​តារា​សិល្បៈ​ល្បី​យ៉ាងច្រើន​កុះករ បាន​ទៅ​ចូលរួម​នៅ​ភោជនីយដ្ឋាន លំដាប់​ខ្ពស់​ម្ដុំ​ប្រៃសណីយ៍ ក្នុង​រាជធានី​​ភ្នំពេញ​។​

​អ្នកនាង​ធ្លាប់​បង្ហើប​ថា​៖ «​គាត់​គឺជា​ស្ថាបនិក​របស់​អង្គការ​ស្ទែ​ម STEM កម្ពុជា ដែលជា​អង្គការ​ក្នុងស្រុក​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​នៅ​កម្ពុជា​។ ពួកយើង​ទាំង ២ នាក់ មាន​ទំនាក់ទំនង​លើសពី​មិត្ត​តាំងពី ៦ ខែ​មុន​មក​ម្ល៉េះ​»​។ ចំពោះ​រឿង​សិល្បៈ អេ​ដា មាន​រាសី​ឡើង​ខ្លាំង ដោយ​ក្តាប់​តំណែង​ក្លាយជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​ក្នុង​កម្មវិធី «The Melody» នៅ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន និង​ជា​តំណាង​ទូត​សុច្ឆន្ទៈ​អង្គការ​ស្ទែ​ម របស់​ម្ចាស់​ចិត្ត​លោក អេ​លែ​ន តាន់ ជា​ស្ថាបនិក​អង្គ​​ការ​ស្ទែ​ម​ប្រចាំ​កម្ពុជា និង​ទទួល​លិខិត​សរសើរ​ពី​ក្រុមហ៊ុន Youtube ប្រភេទ Silver Creator Award ទៀតផង​៕