​ក្រុង​ហុងកុង: វា​អាចមាន​រូបរាង​ដូច​បង្កង និង​មាន​រសជាតិ​ដូច​បង្កង តែ​អង្គការ Consumer Watchdog បាន​ព្រមាន​អ្នក​ពូកែ​ស្រក់ទឹកមាត់​នឹង​ប្រហិត​រសជាតិ​បង្កង​ថា មិនមែន​បានមកពី​មច្ឆា​សមុទ្រ​នោះទេ​។

​ប្រហិត​មាន​លក់​នៅ​គ្រប់កន្លែង​ក្នុង​ទីក្រុង​ហុងកុង​ដែល​និយម​ម្ហូប​ដោត​ចង្កាក់​ពី​សំណាក់​អាជីវករ​នាពេល​ថ្ងៃត្រង់ ហើយ​វា​ក៏មាន​ប្រជាប្រិយ​ក្នុង​ឆ្នាំង​ស៊ុប និង​ហាង​បា​ប៊ី​ឃ្យូ​ដែរ​។

​ប៉ុន្ដែ​អ្នក​រមែង​ស្រក់ទឹកមាត់​ជាមួយ​ប្រហិត​សាច់​បង្កង អាចមាន​អារម្មណ៍​មិន​ស្រណុកចិត្ត​ជាមួយ​ព័ត៌មាន​ការ​​ចុះផ្សាយ​ដោយ Consumer Council ដែល​បានឱ្យដឹងថា ខ្លួន​បានធ្វើ​តេស្ដ DNA លើ​ប្រហិត​ជាច្រើន​ប្រភេទ​ជា​លើកដំបូង​។

​របាយការណ៍​បង្ហាញថា​៖ «​សំណាក​ប្រហិត​ទាំង ១០ ​ប្រភេទ មិនត្រូវ​បាន​រកឃើញ DNA សាច់​បង្កង​នោះទេ រួមទាំង​សំណាក​ដែល​ចុះបញ្ជី​សាច់​​បង្កង​ជា​គ្រឿងផ្សំ​ទៀតផង​។ មានតែ​សំណាក​ ២ បាន​បង្ហាញថា វា​មិនបាន​ផលិតឡើង​ពី​សាច់​បង្កង​ពិតៗ ដោយបាន​ហៅ​ផលិតផល​ខ្លួន​ថា ប្រហិត​រសជាតិ​សាច់​បង្កង និង​ផលិតឡើង​តាម​លំនាំ​ប្រហិត​បង្កង​»​។

​អ្នកស្រី Nora Tam Fung-yee អគ្គនាយិកា​គណៈកម្មកា​រ​ស្រាវជ្រាវ និង​រសជាតិ​របស់​ក្រុមប្រឹក្សាបានឱ្យដឹងថា​៖ «​ការ​តេស្ដ​របស់​យើង​ផ្ដោតលើ DNA ទាក់ទង​នឹង​សាច់​បង្កង​។ យើង​គ្រាន់តែ​ដឹងថា ប្រហិត​បង្កង​មិនមាន DNA បង្កង​នោះទេ​»​។

​អ្នកស្រីបាន​ប្រាប់ South China Morning Post ថា​៖ «​យើង​បាន​រក​ឃើញ​ប្រហិត​ខ្លះទៀត ដែល​ទំនងជា​ផលិតឡើង​ពី​គ្រឿង​សមុទ្រ ឬ​សាច់សត្វ​ផ្សេងៗ​ទៀត​ជំនួស​បង្កង​»​។

​ក្រុមប្រឹក្សា​នេះ​ក៏បាន​រកឃើញថា ចំណោម​ប្រហិត​សាច់គោ និង​ប្រហិត​សរសៃ​គោ​ទាំង​ ២០ មានតែ ៧ ​ប្រភេទ​ប៉ុណ្ណោះ មាន​ផ្ទុក​សាច់គោ​ពិត ១០០ ​ភាគរយ​៕ AFP/HR