​ភ្នំពេញ: ជាមួយ​ចង្វាក់ភ្លេង​កន្ដ្រាក់​អារម្មណ៍​បែប​ហ៊ី​ប​ហប់​តារាចម្រៀង​ស្រី​វ័យក្មេង​ចាប់ផ្ដើម​បន្លឺ​ពាក្យពេចន៍ «​អាកាសធាតុ​កំពុង​ខុសធម្មតា​យើង​សង្កេតឃើញថា​...» ដូចនឹង​ឈ្មោះ​បទ​​ចម្រៀង «​អាកាសធាតុ​» វា​បាន​រៀបរាប់​អំពី​ក្ដីកង្វល់​នៃ​ផល​ប៉ះពាល់​មកលើ​បរិស្ថាន និង​ដំណោះស្រាយ​ដែល​មនុស្ស​គ្រប់រូប​អាច​អនុវត្ដ​បាន​។

​បទ​ចម្រៀង​សម្រាប់​សហ​គម​ន៍ និង​គាំទ្រ​ដោយ​អង្គការ​យូ​នី​សេ​ហ្វ​ត្រូវបាន​ផលិតឡើង​ដោយ​សហការ​រវាង​តារា​រ៉េ​ប ដែល​គិតគូរ​ពី​បញ្ហា​សង្គម សាំង សុខ​សេរី និង​កញ្ញា ជិន សូ​នី​តា អាយុ​ ២១ ​ឆ្នាំ ជា​អ្នកធ្វើ​យុទ្ធនាការ​ស្ដីពី​ការប្រែប្រួល​​អាកាសធាតុរួមជាមួយ​អង្គការ Tiny Toones​។

​បទ «​អាកាសធាតុ​» ត្រូវបាន​ចាក់ផ្សាយ​នៅតាម​ស្ថានីយ​វិទ្យុ និង​បណ្ដាញ​សង្គម​នៅ​ទូទាំង​កម្ពុជា ចាប់ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បំណង​ទាក់ទាញ​ការយក​ចិ​ត្ដ​ទុកដាក់​បន្ថែម​ចំពោះ​វិបត្ដិ​អាកាសធាតុ​ជាស​កល និង​កៀរគរ​ប្រជាជន​ចូលរួម​សកម្ម​ភាព​ការពារ​បរិស្ថាន​។​

​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​លោកស្រី ​ហ្វ័​រូ​ហ្គ​ហ្វ​យូ​​ហ្សិថ​ ​បាន​ថ្លែងថា​៖ «​ការចេញផ្សាយ​បទ​ចម្រៀង​ដ៏​គួរឱ្យ​រំភើបចិត្ត ជាមួយនឹង​សារ​ដ៏​មាន​អា​នុ​ភាព គឺជា​សក្ខីភាព​បង្ហាញ​ពី​តួនាទី​

​ដ៏​សំខាន់​នៃ​យុវជន​ដែល​កំពុង​ធ្វើ សកម្មភាព​យ៉ាងសកម្ម​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​»​។

​លោកស្រី​បន្ដថា​៖ «​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​ដែលថា កុមារ និង​យុវជន​ជា​អ្នក​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​អាកាសធាតុ​។ ពួកគេ​នឹងត្រូវ​ទទួល​មរតក​ភពផែនដី​នេះ ដូច្នេះ​សារ​សំឡេង​ពួកគេ​ពិតជា​សំខាន់​ខ្លាំងណាស់​។ យូ​នី​សេ​ហ្វ​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​សំ​ទ្បេ​ងរ​បស់​យុវជន ត្រូវបាន​​គេ​ស្តាប់ឮ និង​ចាត់វិធានការ​​លើ​ការប្រែប្រួល​អាកាសធាតុ ស្របពេល​យើង​កំពុងធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​នានា ដើម្បី​ឆ្លើយ​តប​ទៅនឹង​វិបត្តិ​នេះ​នៅ​ថ្នាក់​​ជាតិ​»​។

​យោងតាម​ស​ន្ទ​ស្សន៍​ហា​និ​ភ័យ​អាកាសធាតុ​លើ​កុមារ​របស់​យូ​នី​សេ​ហ្វបាន​បង្ហាញថា កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស ១ ​ភាគ ៣ ដែល​កុមារ​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។

​របាយការណ៍​នេះ​បានចេញ​ផ្សាយ​នៅ​ឆ្នាំ​ ២០២១ កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ទី​៤៦ ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ពី​ហានិភ័យ​ជាងគេ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​អាទិភាព​ខ្ពស់​លើ​ការ​​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ដោយបាន​ប្តេជ្ញាចិត្ត​ចំពោះ​គោលដៅ​នៃ​អនុសញ្ញា​ក្រប​​ខ័​ណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC)​។

តារាចម្រៀងរ៉េប​ដែល​គិត​គូរ​ពីបញ្ហា​សង្គម និង​បរិស្ថាន​ កញ្ញា សាំង សុខសេរី​​​។ រូបថត សហ​ការី

​កញ្ញា សូ​នី​តា បានឱ្យដឹងថា បទ​ចម្រៀង និង​វីដេអូ​ចម្រៀង​គឺជា​លទ្ធផល​នៃ​យុទ្ធនាការ The Cli-Mates ​ដែល​កញ្ញា​បាន​បង្កើតឡើង​ដោយមាន​ការ​​ជួយ​ជ្រោមជ្រែង​ពី​តារាចម្រៀង​រ៉េ​ប សុខ​សេរី ជា​គ្រូ​ណែនាំ​ក្នុង​គម្រោង​ជំនាន់​ថ្មី​។

​កញ្ញា សូ​នី​តា បាន​និយាយថា​៖ «​ខ្ញុំ​បានដាក់​ពាក្យស្នើសុំ​ក្នុង​គម្រោង​ជំនាន់​ថ្មី​របស់ យូ​នី​សេ​ហ្វ ពីព្រោះ​ខ្ញុំ​យល់ឃើញថា វា​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​ឱ្យ​ខ្ញុំ​អាច​អភិវឌ្ឍ​គំនិត​របស់ខ្លួន​លើ​សកម្មភាព​ទាក់ទង​នឹង​អាកាសធាតុ និង​អាចបង្កើត​លទ្ធផល​វិជ្ជមាន​បាន​។ ខ្ញុំ​ពិត​​ជា​រំភើប​ខ្លាំងណាស់​ចំពោះ​ការ​​ចេញផ្សាយ​នេះ ព្រោះ​ក្រុម​ការងារ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​លើ​ការរៀបចំ​បទ​​ចម្រៀង និង​វីដេអូ​នេះ​ឡើង ដោយ​ទទួលបាន​ការគាំទ្រ​ដ៏​អស្ចារ្យ​ពី​យូ​នី​សេ​ហ្វ​»​។

​កញ្ញា សូ​នី​តា បាន​បន្ដទៀតថា​៖ «​យើង​ទន្ទឹងរង់ចាំ​ស្ដាប់​ចំណាប់អារម្មណ៍​របស់​ប្រិ​យ​​មិត្ត ហើយ​សង្ឃឹមថា បន្ទាប់ពី​បាន​ស្តាប់​នូវ​បទ​ចម្រៀង​នេះ មនុស្ស​កាន់តែច្រើន​នឹងចូលរួម​អនុវត្ត​សកម្មភាព​ទាក់ទង​នឹង​អាកាសធាតុ​»​។​

«​អាកាសធាតុ​» ត្រូវបាន​ដាក់ឱ្យ​ស្ដាប់​នៅលើ​សេវា​តន្ដ្រី Pleng របស់ Smart ​រួមជាមួយ​ការផ្សាយ​នៅតាម​ស្ថានីយ​វិទ្យុ​ទូទាំងប្រទេស រួមមាន រាជធានី​ភ្នំពេញ ខេត្ដ​ព្រះ​វិហារ សៀមរាប បាត់ដំបង និង​ពោធិ៍សាត់ ដែល​រំពឹងថា នឹងមាន​ប្រិ​យ​មិ​ត្ដ​អ្នក​ស្ដាប់​ប្រមាណ ២៥ ​ម៉ឺន​នាក់ អាយុ​ចាប់ពី​ ១៥ ទៅ ២៤​ ឆ្នាំ​៕