ក្រុង​ញូវដែលី: ក្រុង​ញូវដែលី​បាន​បង្គាប់​ឱ្យ​បិទ​ទីតាំង​មិនចាំបាច់ រួមទាំង​ភោជនីយដ្ឋាន និង​បា​រ៍ តែ​បានផ្ដល់​ថ្នាក់​បង្រៀន​យោ​គៈ​តាម​អន​ឡាញ​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នក​នៅផ្ទះ​ដ៏​ឯកា ខណៈ​ករណី​ឆ្លង​កូ​វីដ​បាន​កើនឡើង​ក្នុង​ទីក្រុង​ឥណ្ឌា ​១ ​នេះ ក៏ដូចជានៅ​ទូទាំងប្រទេស​។

​ដោយសារតែ​ការឆ្លង​រីក​រាលដាល​បាន​កើនឡើង​ ៦​ ដង កាលពី​សប្ដាហ៍​កន្លងទៅ រដ្ឋាភិបាល​ឥណ្ឌា បាន​ប្រើ​​វិធានការ​ធ្លាប់​ដាក់​កាលពី​ឆ្នាំមុន ពេល​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​ដោយសារ​វីរុស​រៀងរាល់ថ្ងៃ ហើយ​ប្រព័ន្ធ​សុខាភិបាល​បាន​ឈរ​នៅ​មាត់ជ្រោះ​មរណៈ​ទៅហើយ​។

​ខណៈ​មិន​ប្រកាន់​វិធាន​ការបិទ​ខ្ទប់​ពេញលេញ អាជ្ញាធរ​បាន​បង្កើន​ការ​​រឹតបន្ដឹង​ជា​បន្ដបន្ទាប់​នៅ​ទូទាំង​​ប្រទេស ហើយ​សមត្ថភាព​ទទួល​ភ្ញៀវ​នៅ​ទីតាំង​ឯកជន និង​ភោជនីយដ្ឋាន​នានា​ក្នុង​ទីក្រុង​ក៏ត្រូវ​បានដាក់​កំហិត​ត្រឹម ៥០ ​ភាគរយ​ដែរ​។

​ប៉ុន្ដែ​អ្នក​នៅក្នុង​ផ្ទះ​អាច​រៀន​យោ​គៈ​អន​ឡាញ​ឥតគិតថ្លៃ ដោយ​មន្ដ្រីជាន់ខ្ពស់​ក្រុង​ដែ​លី លោក Arvind Kejriwal បាន​និយាយថា វា​អាចជួយ​អ្នក​​ជំងឺ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​ង ក៏ដូចជា​ស្ទួយ​សុខភាព​ផ្លូវ និង​ធ្វើឱ្យ​អារម្មណ៍​ស្មារតី​ស្ងប់​សុខ​ផងដែរ​។

​ឥណ្ឌា​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មីៗ​ជិត ១៧ ​ម៉ឺន​នាក់ កាលពី​ថ្ងៃ​ចន្ទ ដែល​ស្ទើរតែ​ស្មើ​ពាក់កណ្ដាល​នៃ​កំណត់ត្រា​ប្រចាំថ្ងៃ​កាលពី​ខែមេសា និង​ឧសភា​កន្លងមក​។ មរណភាព​នៅមាន​ចំនួន​តិចតួច​នៅឡើយ តែ​កើន​ឡើងជា​បន្ដបន្ទាប់​។

​បច្ចុប្បន្ន ឥណ្ឌា​បាន​កត់ត្រា​អ្នក​ចាក់​វ៉ាក់សាំង​ជាង ​១,៥ ​ពាន់​លាន​ដូ​ស ហើយ​ថ្មីៗ​នេះ​បាន​បើក​កម្មវិធី​ចាក់ឱ្យ​ក្មេង​ជំទង់​ថែមទៀត​។ ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​២ ​ក្នុង​លោក​នេះ ក៏បាន​ចាប់ផ្ដើម​ចាក់​ដូ​ស​ជំ​រុញឱ្យ​ក្រុមមនុស្ស​ងាយ​រងគ្រោះ​​ផងដែរ​៕ AFP/HR