​ក្រុង​ប៉េកាំង: កំលោះ​ក្រមុំ​ចិន​ ១ ​គូ ជាប់គាំង​ក្នុង​កម្មវិធី​ណាត់ជួប​ស្នេហ៍​គ្មាន​ដែន​បញ្ចប់ ដែល​អរគុណ​ដល់​ការ​​បិទ​ខ្ទប់ ទីបំផុត​ពួកគេ​បាន​រកឃើញ​ស្នេហ៍​ពិត ព្រមទាំង​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​ថែមទៀត​។

​នេះ​ជា​លើក​ទី​២​ ក្នុង​ខែមករា​នេះ ដែល​បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​ចុះផ្សាយ​របាយការណ៍​អំពី​គូ​ណាត់​​ជួបគ្នា ហើយ​ត្រូវ​ជាប់គាំង​ក្នុងការ​​បិទ​ខ្ទប់​ភ្លាមៗ តែ​ ១​ គូ​នេះ​ទទួលបាន​ផ្លែផ្កា​អាពាហ៍ពិពាហ៍​យ៉ាង​រីករាយ​ពី​ការជាប់​ការបិទ​ខ្ទប់​។

​កញ្ញា ហ្សា​វ ស៊ា​វ​គីង អាយុ ២៨​ ឆ្នាំ មកពី​ខេត្ដ​សាន​ស៊ី​ភាគ​ខាងជើង​ប្រ​​ទេស​ចិន គិតថា កម្មវិធី​ណាត់ជួប​ស្នេហ៍​របស់ខ្លួន​កាលពី​ពាក់កណ្ដាល​ខែធ្នូ ​ជាមួយ​យុវជន​ម្នាក់​រស់នៅក្នុង​ទីក្រុង​ផ្សេងគ្នា គ្រាន់តែ​ជា​ឱកាស​ជួបគ្នា​ ១ ​ថ្ងៃ ដោយ​ខ្លួន​ក៏​អាច​បាន​ស្គាល់​ក្រុមគ្រួសារ​ខាង​ប្រុស​ច្បាស់​។

​កំលោះ​ក្រមុំ​ចិន​ក្នុង​ទីក្រុង​តូចៗ និង​សហគមន៍​ជនបទ​នានា​តែងតែ​ពឹង​អាស្រ័យ​លើ​ក្រុមគ្រួសារ និង​មិ​ត្ដ​ភក្ដិ​ក្នុង​ការណែនាំ​ផ្គូផ្គង​គូស្រករ និង​អាច​ណាត់ជួប​ក្រុមគ្រួសារ​នៅ​ថ្ងៃ​ណាត់ជួប​ស្នេហ៍​ដំបូង​តែម្ដង​។

​កញ្ញា ហ្សា​វ ស៊ា​វ​គីង ដែល​ទើបបាន​ជួប​បុរស​នោះ​ជា​លើក​ទី​២ បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក Jimu News កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​ខ្ញុំ​មិនដែល​គិត​ចង់​ស្នាក់នៅ​ ១ ​យប់​នោះទេ ពីព្រោះ​វា​មិន​សម​ឡើយ​»​។

​ប៉ុន្ដែ​អាជ្ញាធរ​ក្នុង​ទីក្រុង​ស៊ាន​យ៉ាង ជាទី​ដែល​កញ្ញា​ណាត់ជួប​គូស្នេហ៍ ស្រាប់តែ​ប្រកា​សបិទ​ខ្ទប់​ភ្លាមៗ​ដោយសារ​ការកើនឡើង​នៃ​អត្រា​ឆ្លង​វីរុស ដែល​ធ្វើឱ្យ​កញ្ញា​ខកខាន​ពុំ​អាច​ត្រឡប់ទៅផ្ទះ​វិញ​។

​ឪពុកម្ដាយ​ខាង​ប្រុស​ទទូច​ឱ្យ​ពួកគេ​ភ្ជាប់ពាក្យ​ក្រោយ​បានរួម​រស់​ជាមួយគ្នា ​១​ សប្ដាហ៍ តែ​កញ្ញា ហ្សា​វ បាន​និយាយថា កញ្ញា​មាន​អារម្មណ៍​ថា វា​ពិតជា​ប្រញាប់​ពេក​ហើយ​។

​កញ្ញា ហ្សា​វ បាន​បន្ដថា កញ្ញា​មិនសូវ​ចាប់អារម្មណ៍​ខាង​ប្រុស​ទេ ពេល​ឃើញ​រូបថត​ខាង​ប្រុស​ឈ្មោះ ហ្សា​វ ហ្វៃ តែ​ក្រោយមក​ពេលដែល​បាន​ជួបគ្នា​ផ្ទាល់ កញ្ញា​បាន​គិតថា បុរស​នោះ​មាន​រូបរាង​សង្ហា​ជាង​ក្នុង​រូបថត​។

​ថ្វីដ្បិតតែ​ការចាប់ផ្ដើម​មិនសូវ​ល្អ តែ​ពួកគេ​ទាំង​២​នាក់​បាន​បន្ដ​អភិវឌ្ឍ​មនោសញ្ចេតនា​រវាង​គ្នា ហើយ​ពេលនេះ ពួកគេ​ក៏​សម្រេច​ចិ​ត្ដ​ភ្ជាប់ពាក្យ​។

​ខុសពី​គូស្នេហ៍​ជាប់គាំង​ក្នុងផ្ទះ ​១ ​ទៀត ​ដែល​ពុំ​អាច​បណ្ដុះ​ពន្លក​ស្នេហ៍​​បាន កញ្ញា ហ្សា​វ ដែលជា​អ្នកលក់​ផ្លែ​ប៉ម​តាម​អន​ឡាញបាន​ប្រាប់ Jimu News ថា​៖ «​យើង​ពិតជា​ចុះសម្រុង​នឹង​គ្នា​ណាស់​»៕ AFP/HR