​ភ្នំពេញៈ ក្រោយពី​ព្យាយាម​លាក់​មុខ​ម្ចាស់​បេះដូង​ថ្មី ដែល​ជា​ឪពុក​របស់​កូន​ក្នុង​ផ្ទៃ​មិនទាន់​សម្រាល​អស់​ជាច្រើន​ខែ ក្នុង​ឆ្នាំ​ចាស់​នោះ ស្រាប់តែ​នៅ​ដើមឆ្នាំ​ថ្មី​នេះ តារា​ស្រី​សិច​ស៊ី កញ្ញា ដេ​ន​នី ក្វាន់ សម្រេច​បង្ហាញ​មុខមាត់​ពិត​បុរស​មាន​រាង​ខ្ពស់ស្រឡះ ដែល​នាង​តែងតែ​ហៅថា «​ប៉ាៗ​» នោះ មាន​វ័យ​សែ​ប្លាយ​។​

​មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ឧស្សាហ៍​លេចចេញ​រូបភាព​ផ្អែមល្ហែម​រវាង កញ្ញា ដេ​ន​នី ក្វាន់ ជាមួយ​មនុស្ស​ប្រុស​ថ្មី​កំបាំងមុខ ដោយ​ស្រី​ស្រស់ ទ្រព្យសម្បត្តិ​ស្តុក​ដូចជា​សេដ្ឋិនី ប្រើពាក្យ​ហៅ​ថ្មី​ថា «​ប៉ាៗ​» ជា​ភាសា​ពេញនិយម សម្រាប់​គូស្នេហ៍​សម័យថ្មី តែង​ហៅ​គ្នា​ដូចជា​ប្តី​ប្រពន្ធ​រៀបការ​រួច​អ៊ីចឹង​ដែរ ដើម្បី​បង្កើន​ភាព​​សិ្ន​ទ្ធ​ស្នាល​គ្នា​ក្នុង​សម្ព័ន្ធ​ស្នេហ៍​។​

​តារា​សម្តែង​ស្រី ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មានទ្រព្យ​សម្បត្តិ​ស្តុក​ដូចជា​សេដ្ឋិនី​ទាំង​វ័យក្មេង ព្រោះ​មាន​របរ​​រកស៊ី​ក្រៅ​សិល្បៈ ដោយ​បើក​សាឡ​ន និង​ហាង​លក់​គ្រឿងសង្ហារិម មាន​ដើមទុន​ខ្ទង់ ១០-២០ ម៉ឺន​ដុល្លារ កញ្ញា ដេ​ន​នី ក្វាន់ បង្ហាញ​រូប​កៀក​​កើយ​ពេល​ញុាំ​អាហារ​ជាមួយគ្នា​ថា​៖ «​ថ្ងៃនេះ ឆ្លៀតពេល​មក​ញាំ​បាយ​ថ្ងៃត្រង់​ជាមួយ​ប៉ាៗ​ ព្រោះ​មួយរយៈ​នេះ​រវល់​រៀងៗ​ខ្លួន ទោះ​រវល់​យ៉ាងណាក៏​នៅ​ឆ្លៀតពេល​សម្រាប់​គ្នា​»​។​

​ក្រោយមក​ក៏មាន​ពាក្យពេចន៍​រំលេច​ចេញ​ជាការ​សន្និដ្ឋាន​តាម​ភិនភាគ និង​រូបរាង​ខាងក្រៅ​មាឌធំ សម្បុរ​ស្រអែម លើ​បុរស​កំបាំងមុខ ដែល ដេ​ន​នី ក្វាន់ ហៅថា «​ប៉ាៗ​» នោះ។ ​ដោយ​ក្រុម​មហាជន​អ្នក​គាំទ្រ​ក៏បាន​បន្លឺ​ថា​៖ «​ប៉ា​សម្លាញ់​ចិត្ត​អូន​ចាំបាច់​លាក់​មុខ​ប្ដី​ធ្វើ​អី​ចែ​? បាន​គ្នា​វិញ​ត្រូវ​គ្នា​វិញ​​ទៅ​! ​មើ​លក មើល​​ក្បាល ដូចជា​ពូ​ប្ដី​មុន គឺ​បង មករា ហ្នឹង​! ឃើញតែ​មាឌ ក៏​ដឹង​ហើយ ពូ​នឹង​ដូចជា​ធ្លាប់​ស្គាល់​»​។​

​តែ កញ្ញា ដេ​ន​នី ក្វាន់ តារា​ស្រី​សិច​ស៊ី ដែល​មិន​ត្រឹម​តែ​ស្ងាត់​ពី​ការងារ​សិល្បៈ​នោះទេ ថែមទាំង​លេចឮ​ដំណឹង​ថា បាន​បែក​ម្ចាស់​ស្នេហ៍​ជា​ថៅកែ​លក់​ឡាន លោក ចាន់ មករា និង​​ប្រកាស​ដំណឹង​ថា អតីត​ជា​គូ​​ស្នេហ៍​នាង​រូប​​នោះ​ គឺជា​ជន​ឆ​បាក​ទៀតផង កាលពីដើម​ខែមករា ឆ្នាំ ​២០២២ នេះ​។​

​ជារឿយៗ តាមរយៈ​រូបថត​ច្រើន​សន្លឹក ដែល​អមដោយ​សារ​នានា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុ​ក អ្នកគាំទ្រតែង​ទទួល​​បាន​នូវ​ដំណឹង​ទាំង​សប្បាយ និង​មិន​សប្បាយចិត្ត​ពី ដេ​ន​នី ក្វាន់ ជាពិសេស​​នោះ គឺ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ស្តីពី​សម្ព័ន្ធ​ស្នេហ៍​តែម្តង​។ ជាក់​​ស្តែង​ដូចជា នា​​ពេល​ថ្មីៗ កញ្ញា ដេ​ន​នី ក្វាន់ បានសម្រេច​ចិត្ត​ទម្លាយ​មុខមាត់​ពិត​​បុរស​កំបាំងមុខ កាលពី​ប៉ុន្មាន​ខែ​មុន​ថា​៖ «​រវល់​ពេក​ភ្លេច Post អនុ​ស្សាវ​​រី​យ៍​ថ្ងៃ​សម្ពោធ​ហាង​ពេជ្រ​បងស្រី​» ដោយមាន​រំលេច​រូប​បុរស​ជា​គូស្នេហ៍​ថ្មី វ័យ​សែ​ប្លាយ ​ដែល​កញ្ញា​តែង​បង្ហោះ​រូប​បាំង​មុខ និង​ហៅថា «​ប៉ាៗ​» នោះ​។​

​តែ​ព័ត៌មាន​លម្អិត​ច្បាស់ការ​ថា បុរស​គូស្នេហ៍​ថ្មី​ទើប​​បង្ហាញមុខ​ពិត​នោះ ភ្នំពេញ ប៉ុស្តិ៍ មិនអាច​ទំនាក់ទំនង​សួរ​បញ្ជាក់​កញ្ញា ដេ​ន​នី ក្វាន់ តាម​ទូរស័ព្ទ​ធ្លាប់​​ទំនាក់ទំនង​ពីមុន​បានឡើយ​៕