​ភ្នំពេញៈ ក្រោយពី​មាន​បទ​​ពិសោធ​ជាច្រើន​ឆ្នាំ ក្នុងការ​​បង្កើត​ស្នាដៃ​គំនូរ​ផ្ទាល់ខ្លួន ហើយ​ដើរ​ដាក់តាំង​ពិព័រណ៍​​តាម​វិចិត្រសាល​គេ​គ្រប់ទិសទី​នោះ ស្រាប់តែ​ដើមឆ្នាំ​ ២០២២ នេះ វិចិត្រករ​ស្រី​ឆ្នើម អ្នកនាង ឆន ឌី​ណា សម្រេចចិត្ត​បើក​​វិចិត្រសាល​ផ្ទាល់ខ្លួន ដើម្បី​ជា​បុព្វហេតុ​លើកស្ទួយ​ស្នាដៃ​គំនូរ​ខ្លួនឯង និង​សហគមន៍​សិល្បៈ​នៃ​ក្រុម​វិចិត្រករ​។​

​ក្រុម​វិចិត្រ​ករទាំង​ជើងចាស់ និង​ជើង​ថ្មី​ច្រើន​រូប បាន​ជុំគ្នា ក្នុង​បរិបទ​ថ្មី នៅឯ​វិចិត្រសាល​ថ្មី​មួយ​ឈ្មោះ «The Chhan Dina Gallery» ជា​កម្មសិទ្ធិ​របស់​វិចិត្រករ​ស្រី ឆន ឌី​ណា បាន​បើកសម្ពោធ​កាលពី​ល្ងាច​ថ្ងៃទី ​២១ ខែ មករា ឆ្នាំ ​២០២២ ដែលមាន​អ​សយ​ដ្ឋា​ន ផ្ទះ​លេខ ១៧៨Eo (# 178Eo) ផ្លូវ​លេខ​ ១៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឬ​តាម​គេហទំព័រ www.artistdina.com នៅក្បែរ​សារមន្ទីរ​​ជាតិ និង​នៅ​ទល់មុខ​នឹង​​មណ្ឌល​ពិព័រណ៍​សិល្បៈ​ហ្វ្រេ​នស៍ ហ្វ៊ូ​ឈ័​រ ហ្វេ​ក​ថូ​រី​-Friends Futures Factory (F3)​។​

​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នា​ថ្ងៃ​បើកសម្ពោធ​វិចិត្រសាល​ផ្ទាល់​ខ្លួន អ្នកនាង ឆន ឌី​ណា ឱ្យដឹងថា​៖ «​សម្រាប់​ថ្ងៃ​បើកសម្ពោធ​វិចិត្រសាល​ខ្លួនឯង​លើកដំបូង​នេះ​នាង​ខ្ញុំ មាន​ស្នាដៃ​គំនូរ​​ចំនួន ១៥ ផ្ទាំង ឬ​អាច​និយាយថា ជា​ពិព័រណ៍​ស្នាដៃ​ទោល​។ គំនូរ​ទាំង ១៥ ​ផ្ទាំង​នេះ ជា​បណ្តុំ​សា្ន​ដៃ​សិល្បៈ​គំនូរ ដែល​បន្សល់​តាំងពី​ខ្ញុំ​បាន​ប្រឡូក​ក្នុង​វិស័យនេះ មាន​រយៈពេល​ជិត ២០ ​ឆ្នាំ មកហើយ​។ ចំពោះ​ស្នាដៃ​គំនូរ​នេះ និយាយ​ពី​សត្វព្រៃ និង​ជីវភាព​រស់នៅ​ហើយ​សុទ្ធតែជា​ស្នាដៃ​គំនូរ​ដែល​ប្រើ​សម្ភារ​ផ្ទាំង​ក្រណាត់​អា​គ្រី​លិ​ក និង​ជា​គំនូរប្រេង​។ សម្រាប់​គំនូរ​ទាំងអស់នេះ មានតម្លៃ​ចន្លោះ​ចាប់ពី ១​ផ្ទាំង ៩០០ ​ដុល្លារ រហូតដល់ ១ ផ្ទាំង ១ ០០០ ​ដុល្លារ និង ១ ផ្ទាំង ២ ០០០ ​ដុល្លារ​»​។

អ្នកនាង ឆន ឌីណា នាថ្ងៃ​បើកសម្ពោធវិចិត្រសាល​ផ្ទាល់ខ្លួន​ ស្ថិត​នៅ​ក្បែរ​សារមន្ទីរជាតិ​។ហុង មិនា

​វិចិត្រករ​ស្រី​ខ្មែរ​ឆ្នើម ដែល​ធ្លាប់​ទទួល​ពានរង្វាន់ Young Artist Award នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​ ២០១៦ អ្នកនាង ឆន ឌី​ណា បន្ត​ឱ្យដឹងពី​មូល​​ហេតុ​នៃ​ការបើក​វិចិត្រសាល​​ផ្ទាល់ខ្លួន​ដែរ​ថា​៖ «​នៅទីនេះ ជាទី​តាំង​ល្អ សម្រាប់​ការតាំង​​បង្ហាញ​ស្នាដៃ​វិចិត្រកម្មព្រោះថា នៅ​ជុំវិញ​ទីនេះ មាន​សារ​​មន្ទីរ​ជាតិ មាន​មណ្ឌល​ពិព័រណ៍​សិល្បៈ Friends Futures Factory (F3) ដែល​ងាយ​​ស្រួល សម្រាប់​ទស្សនា​វិស័យ​សិល្បៈ​គំនូរ​ទាំង​ខ្មែរ និង​បរ​ទេស​»​។​

​អ្នកនាង ឆន ឌី​ណា វិចិត្រ​កា​រិ​​នីដែលមាន​បទពិសោធ​ផ្នែក​គំនូរ​អរូបី​ច្នៃប្រឌិត​បែប​ខ្មែរ​ជិត ២០ ​ឆ្នាំ ក៏​បញ្ជាក់​ពី​គម្រោង​រៀបចំ​ការតាំងពិព័រណ៍​ស្នា​ដៃ​ទោល ឬ​ក្រុម លក្ខណៈ​បែប​សហគមន៍​សិល្បៈ តាម​ខែ​នីមួយៗ​ប្រចាំឆ្នាំ ​២០២២ ​នេះ​ផងដែរ ដូចជា​នៅ​ខែមករា នេះ​គឺជា​ការតាំងពិព័រណ៍​ស្នាដៃ​​ទោល​ខ្លួនឯង (​ម្ចាស់​ពាន​​រង្វាន់ Young Artist Award) មាន ១៥ ​ផ្ទាំង នៅ​ខែកុម្ភៈ ពិព័រណ៍​ស្នាដៃ​ទោល របស់​វិចិត្រករ ឈឺ​ម សុធី ជា​ម្ចាស់​ពានរង្វាន់ Honored Artist Award នៅ​ខែមីនា ពិព័រណ៍​ស្នាដៃ​ទោល​របស់​វិចិត្រករ សួស្តិ៍ សុដាវី ជា​ម្ចាស់​ពាន​​រង្វាន់ Venerable Artist Award ដែល​អ្នក​ទាំង ៣ ​រូប គឺជា​ម្ចាស់​ពាន​ពី​កម្មវិធី The CMLTV Contemporary Art Awards 2016 នៅ​ប្រទេស​ថៃ​។ ចំណែក​ខែមេសា ពិព័រណ៍​ស្នាដៃ​ក្រុម ហើយ​ខែឧសភា ការតាំងពិព័រណ៍​ស្នាដៃ​ទោល​របស់​វិចិត្រករ នូ សារី និង​ខែមិថុនា ដល់​វេន​ពិព័រណ៍​ស្នាដៃ​ខ្លួនឯង​ម្តងទៀត​៕

ឆន ឌីណា ពន្យល់​ភ្ញៀវ​ពី​កម្រង​ពិព័រណ៍​ស្នាដៃរបស់ខ្លួន​​។ហុង មិនា