ភ្នំពេញ: ក្រោយ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​អង្គរ​កាលពីដើម​ខែមករា​នេះ ពិព័រណ៍​ផលិតផល​ខ្មែរ​នឹង​មកដល់​រាជធានី​ភ្នំពេញ​នា​ចុងខែ​មករា និង​បន្ដ​ជិត​ចុងខែ​កុម្ភៈ​ខាងមុខនេះ ជា​មួយ​នឹង​ការតាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក ប្រកបដោយ​ស្ដង់ដា​។

​ជាមួយនឹង​ក្ដី​រំពឹងថា ពិព័រណ៍​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹងមាន​វត្ដ​មាន​អ្នកគាំទ្រ​ផលិតផល​ជាតិ​រាប់ពាន់នាក់ ដែល​ពួកគេ​អាច​ទិញ​ផលិតផល​តុ​ប​​តែង​ផ្ទះ និង​ផលិតផល​ម៉ូដ និង​គ្រឿង​​តុបតែង ក៏ដូចជា ផលិតផល​សុ​ខុ​​មាល​ភាព និង​ផលិតផល​ម្ហូបអាហារ ដែល​គ្រោង​រៀបចំ​ចាប់ពី​ថ្ងៃទី​ ២៩ ខែមករា ដល់​ថ្ងៃទី ​២០ ខែកុម្ភៈ ​នៅ ២​ ទីតាំង ឯ​ផ្សារ​ទំនើប​ជីបម៉ុង​។

​កញ្ញា ច័ន្ទ សីមា ប្រធាន​គម្រោង​នៃ​ក្រុមហ៊ុន Beyond Retail Business Cambodia ដែល​ទទួលខុស​​ត្រូវ​លើ​ការរៀបចំ​ពិព័រណ៍​នេះ​បាន​ថ្លែងថា​៖ «​យើង​ស្ងើចសរសើរ​ជាខ្លាំង​ចំពោះ​ចំណាប់អារម្មណ៍ និង​ការគាំទ្រ​ផលិតផល​ខ្មែរ និង​ក្រុមហ៊ុន​ផលិត​ខ្មែរ​នៅ​សៀមរាប​»​។

​កញ្ញា​បាន​បន្ថែមថា​៖ «​អ្នក​ដែល​ចូលមក​មើល​ស្តង់ និង​ហាង​ទំនិញ​មានការ​ចាប់អារម្មណ៍​ខ្លាំង ហើយក៏​ភ្ញាក់​​ផ្អើល​ផងដែរ ដោយសារ​ផលិតផល​ខ្មែរ​ដែល​បាន​តាំង​បង្ហាញ​មានគុណ​​ភាព​ខ្ពស់​។ ប្រជាជន​កម្ពុជា​ភាគច្រើន​ស្ងើចសរសើរ​ចំពោះ​ផលិតផល​ស្តង់ដា​ខ្ពស់​បែបនេះ ដែល​ក្រុមហ៊ុន​ផលិត​ខ្មែរ​អាច​ផលិត​បាន​»​។​

​ស្ថិតក្នុង​ចំណោម​ផលិតផល​ក្នុង​ស្រុក ដែល​ត្រូវបាន​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ Jivet Thmey បាន​នាំយក​គ្រឿងអលង្ការ​ផលិត​ពី​សម្បក​គ្រាប់កាំភ្លើង និង​ប្រាក់​។

​លោក ឡុង ឡេង សហ​ស្ថាបនិក​គ្រឿងអលង្ការ Jivet Thmey ដែលមាន​ទីតាំង​ក្រុង​សៀមរាប និង​បាន​ចូលរួម​ពិព័រណ៍​នៅ​អង្គរ​ប៉ា​វី​ស បាន​និយាយថា ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរ​ជាតិ​ចាប់អារម្មណ៍​នឹង​ផលិតផល​ខ្មែរ​ទាំងអស់ ហើយ​គ្រឿងអលង្ការ​របស់លោក​ក៏​លក់ដាច់​ជាមួយ​តម្លៃ​ក្រោម ២២​ ដុល្លារ​ជាទូទៅ​។

​លោក ឡេង អាយុ ៣៦ ​ឆ្នាំ ក៏​ជា​អ្នក​ឌី​ហ្សា​ញ​ដែល​អះអាងថា ផលិតផល​របស់លោក​មានការ​រចនា​ខុសប្លែក​ពី​ផលិតផល​ក្នុងស្រុក​ដទៃ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​សង្ឃឹមថា ការតាំង​​ពិព័រណ៍​នៅ​ភ្នំពេញ​ខាងមុខ កាន់តែ​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ​បន្ថែមទៀត​»​។​

​ទិដ្ឋភាព​ពិធី​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ​ នៅ​អង្គរ​ប៉ាវីស កាលពី​ដើម​ខែ​មករា​កន្លង​ទៅ​។ រូបថត សហការី​

​ជា​ស្ថាបនិក​ផលិតផល​តម្បាញ​​ក្រមា និង​ភួយ​អំបោះ​តម្លៃ ២៥​ ដុល្លារ កញ្ញា ឈុន កូ​នី​ង ក៏​មើ​លពី​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ខ្មែរ ជាពិសេស អំឡុងពេល​ធ្វើដំណើរ​នៅ​ចុង​សប្ដាហ៍​របស់​ពួកគេ​។

​គួរ​បញ្ជាក់ថា ពិព័រណ៍​នៅ​រាជធានី​-​ភ្នំពេញ​លើក​ទី​១ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ និង ​៣០ ខែមករា នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល ដែល​នឹង​មានការ​​តាំង​បង្ហាញ​ផលិតផល​តុបតែង​ផ្ទះ និង​ផលិតផល​ម៉ូដ​ និង​គ្រឿង​តុបតែង​ហើយ​ផលិតផល​សុខុមាលភាព និង​ផលិតផល​ម្ហូបអាហារ​នឹង​តាំង​បង្ហាញ​នៅ​ថ្ងៃទី​ ៥ និង​ទី ​៦ ខែកុម្ភៈ​។​

​ពិព័រណ៍​ផ្សេងៗ​ទៀត​គ្រោង​នឹងធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប ជីបម៉ុង សែន​​សុខ​ម៉​ល នៅ​ថ្ងៃទី ​១២ និង ​១៣ ខែកុម្ភៈ ដែល​នឹងមាន​ការតាំង​បង្ហាញ​ផលិតផល​សុខុមាលភាព និង​ផលិត​​ផល​ម្ហូបអាហារ ហើយ​ផលិតផល​តុ​ប​​តែង​ផ្ទះ និង​ផលិតផល​ម៉ូដ និង​គ្រឿង​​តុបតែង​នឹងត្រូវ​បាន​តាំង​បង្ហាញ​នៅ​ថ្ងៃទី ​១៩ និង​ទី ​២០ ខែកុម្ភៈ​។​

​កញ្ញា ច័ន្ទ សីមា បាន​បន្ថែមថា​៖ «​ដោយ​ផ្អែកលើ​សម្ទុះ​នៃ​ការចូលរួម​ដែល​យើង​បាន​មើលឃើញ​នៅក្នុង​ពិព័រណ៍​ក្នុង​ខេត្តសៀមរាប យើង​រំពឹងថា អ្នកទស្សនា និង​អ្នកប្រើប្រាស់​នៅ​ភ្នំពេញ​នឹង​កោតសរសើរ​ផលិតផល និង​ក្រុមហ៊ុន​ផលិត​ខ្មែរ​ដូចគ្នា​ដែរ​»​។​

​យោងតាម​ក្រុម​អ្នករៀបចំ​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ​នេះ ក្រុមហ៊ុន​ផលិត​កម្ពុជា​ដែលមាន​បំណង​ចង់​ចូល​​រួម​ក្នុង​ការតាំង​បង្ហាញ​ផលិតផល​នេះ ត្រូវបំពេញ​លក្ខណៈវិនិច្ឆ័យ​មួយចំនួន រួមទាំង​ការធ្វើ​តេស្ដ​ទាក់ទង​នឹង​ប្រភពដើម និង​គុណភាព​ផលិតផល​។  

​សម្រាប់​ព័ត៌មាន​លម្អិត​ចំពោះ​ការ​​ដាក់ពាក្យ​សុំ​តាំង​បង្ហាញ និង​លក់​ផលិតផល សូម​ចូលទៅ​កាន់​តំណ​​ភ្ជាប់​មួយ​នេះ​ https://forms.gle/v-89G3maFY1E6yn7Z8៕