ក្រុង​វ៉ាស៊ីនតោន​: ចោរ​ ២​ នាក់​ ដែល​បាន​ភ្ជង់​កាំភ្លើង​គំរាម​ប្លន់​នារី​ឈ្មោះ Marieke Bayens អាយុ ២៧​ ឆ្នាំ នៅលើ​ផ្លូវ ​១ ​នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដោយ​មិនបាន​យក​កាបូប​របស់​នាងឡើយ​។ ពួកគេ​ចង់​បានតែ​ឆ្កែ​ប៊ុល​ដក​បារាំង​តូច​ ១​ ក្បាល​ឈ្មោះ Merlyn​។​

​ពី​ក្រុង​ញូវយ៉ក​ដល់ ឡូ​ស​អេ​ន​ជឺ​​លេស និង​ចាប់ពី​ក្រុង​ម៉ៃ​អា​មី រហូតដល់​ឈី​កា​ហ្គោ ករណី​ចោរលួច​ឆ្កែ​មានការ​កើនឡើង​ខ្លាំង​។ ជា​សត្វ​អម្បូរ​តូច និង​ស្និទ្ធស្នាល និង​ងាយស្រួល​លើក​បី ឆ្កែ​ប៊ុល​ដក​បារាំង មាន​ប្រជា​ប្រិយភាព​ខ្លាំង ដែល​លក់​ក្នុងតម្លៃ​រាប់ពាន់​ដុល្លារ​លើ​ទីផ្សារងងឹត​។

​ជនរងគ្រោះ​ឈ្មោះ​ល្បីល្បាញ​បំផុត ដែល​រង​នូវ​អំពើ​ប្លន់​សត្វ​ចិញ្ចឹម គឺ​តារាចម្រៀង​ប៉ុប ឡេ​ឌី ហ្គា​ហ្គា​។ បុរស​ប្រដាប់អាវុធ​ ១​ ក្រុម កាលពី​ឆ្នាំមុន​បាន​លួច​សត្វ​ចិញ្ចឹម​ឆ្កែ​ប៊ុល​ដក Koji និង Gustav ថែមទាំង​បាន​បើក​ការ​​បាញ់ប្រហារ​លើ​បុគ្គលិក​ម្នាក់ ដែល​បណ្ដើរ​ឆ្កែ​ឱ្យ​រងរបួស​។

​កំពូល​តារាចម្រៀង បានផ្ដល់​ប្រាក់ ៥០ ​ម៉ឺន​ដុល្លារ ជា​ប្រាក់រង្វាន់​ចំពោះ​ការប្រគល់ និង​អាច​រក​សត្វ​ចិញ្ចឹម​នោះមក​វិញ​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ៥ ​នាក់​ចំពោះ​ករណីនេះ​។

​ហេតុអ្វី​បានជា​ឆ្កែ​ប៊ុល​ដក​បារាំង​ក្លាយជា​គោលដៅ​របស់​ចោរ​ទៅវិញ​?

ការ​បង្ហោះរូប​សត្វ​ចិញ្ចឹម​ដ៏គួរ​ឱ្យស្រឡាញ់​ប្រឈម​នឹង​ហានិភ័យចោរ​លួច។ រូបថត AFP

​មាន ​២ ​ករណី គឺ​តម្លៃ​លក់​បន្ដ​ខ្ពស់​ចន្លោះ​ពី ​៣ ៥០០ ទៅ ៥ ០០០ ​ដុល្លារ ឬ​លើសពីនេះ​។ នេះ​បើ​យោងតាម​ប្រេន​ឌី ហាន់​ធ័​រ មុន​ដេ​ន អនុប្រធាន​ក្លិប​ឃេ​ន​ណែ​ល​អាមេរិក​។

​អ្នកស្រី បាន​ប្រាប់ AFP ថា​៖ «​វា​មិនមែនជា​ពូជ​សត្វ​ធំៗ និង​ប្រើពេល​​យូរ​ក្នុងការ​ចិញ្ចឹម​ឱ្យ​ធំ​។ កំណើន​ប្រជា​​ប្រិយភាព​របស់​ពួកវា​នាំឱ្យមាន​ចោរ​​កម្ម​កើនឡើង តែ​ការប្រើ​ហិង្សា​ពិត​

​ជា​រឿង​ថ្មី​គួរឱ្យ​ប្រកាសអាសន្ន​»​។

​ក្រុម​អ្នកជំនាញ​បានផ្ដល់​ដំបូន្មាន​ដល់​ម្ចាស់ ដោយ​គួរតែ​បំពាក់​បន្ទះ​​ឈី​ប​លើ​ខ្លួន​ឆ្កែ​ ដើម្បី​តាមដាន ចងខ្សែ​វា​ពេលចេញ​ក្រៅ បិទទ្វារ​ផ្ទះ ទុកដាក់​ឯកសារ​អត្ដ​ញ្ញាណ​ឆ្កែ​ឱ្យ​សមរម្យ ប្រើ​ប្រឡៅ​កមាន​ GPS និង​ប្រយ័ត្ន​អ្នក​ប្លែក​មុខមក​គោះទ្វារ​។

​ដំបូន្មាន​សំខាន់បំផុត​នោះ​ គឺ​ម្ចាស់​មិនគួរ​បង្ហោះ​រូបភាព ឬ​វីដេអូ​សត្វ​ចិញ្ចឹម​ដ៏​គួរឱ្យ​ស្រឡាញ់ ដែល​ទាក់ភ្នែក​ចោរលួច​ប្លន់​នោះទេ​៕ AFP/HR

អ្នកដំណើរ​បណ្ដើរ​សត្វ​ចិញ្ចឹម​ជាពូជ​ឆ្កែ​ប៊ុលដកបារាំង ដែលពេញនិយម​ និង​ជាមុខសញ្ញា​លួច​ប្លន់របស់ចោរ។ រូបថត AFP