ក្រុង​គួ​ឡា​ឡាំ​ពួ: ដោយ​មើលឃើញ​មច្ឆា និង​អណ្ដើក​ហែល​ឆ្វេ​ច​ឆ្វាច​នៅ​ជុំវិញខ្លួន ក្រុម​អ្នក​មុជទឹក​ឡក​ម៉ុង​សាយ​នៅ​សួន​ទឹក​ម៉ាឡេស៊ី មុនពេល​ស្វាគមន៍​បុណ្យ​ឆ្នាំ​ប្រពៃណី​ចិន​។

​មនុស្ស​ ២​ នាក់​ ដែល​គ្រង​ឈុត​សម្លៀកបំពាក់​តោ​ចម្រុះ​ពណ៌​បាន​ចុះ​សួន​ទឹក​នៅ​ក្រុង​គួ​ឡា​ឡាំ​ពួ ខណៈ​ក្រុម​តន្ដ្រី​លេង​ចង្វាក់​រន្ថាន់​ជាមួយ​ឧបករណ៍​ស្គរ និង​ឆាប​។ អណ្ដើក និង​ត្រី​ចម្រុះ​ពណ៌​ហែល​ឆ្វែល​ស្ដេចសត្វ​ព្រៃ ខណៈ​វា​ហក់លោត​តាម​ចង្វាក់​ភ្លេង​នៅមុខ​ថ្ម​។

​នាយក​ប្រតិ​ប​ត្ដិ Aquaria លោក Daryl Foong បាន​ប្រាប់​អ្នក​សារ​​ព័ត៌មាន​ថា​៖ «​ការ​ឡក​ម៉ុង​សាយ​ក្នុង​ទឹក​ពិត​ជាមាន​លក្ខណៈ​វិសេស គឺ​នៅក្នុង​សួន​ទឹក​»​។

​លោក​បាន​បន្ថែមថា ការ​ឡក​ម៉ុង​​សាយ​ក្នុង​បរិស្ថាន​ខុស​ប្រក្រតី​នេះ ក្រុម​អ្នក​ជ្រមុជ​ទឹក​ទទួល​បានការ​​ហ្វឹកហ្វឺន​ពិសេស និង​ប្រើប្រាស់​សម្លៀកបំពាក់​ដែល​ស្រាល​ក្នុងការ​​ងាយស្រួល​បត់បែន​ក្នុង​ទឹក​។​

​សួន​ទឹក Aquaria បាន​បង្កើត​កម្មវិធី​ឡក​ម៉ុង​សាយ​ក្នុង​ទឹកជា​ច្រើនដង​មកហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​ការ​ឡក​ម៉ុង​សាយ​ គឺជា​ប្រពៃណី​ដូនតា​របស់​ជនជាតិ​ចិន​ក្នុងប្រទេស​ចិន និង​សហគមន៍​ជនជាតិ​ចិន​នៅ​ទូទាំង​ពិភពលោក ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី ដែល​នឹង​ចាប់ផ្ដើម​នៅ​ដើម​​ខែកុម្ភៈ​ ខាងមុខនេះ​។

​ក្នុង​ទម្រង់​សិល្បៈ​ប្រពៃណី​ទាំងអស់ អ្នកឡក​ម៉ុង​សាយ ​២ ឬ​ច្រើន​នាក់​បាន​រួមគ្នា​ចូលក្នុង​ឈុត​តោ​តែមួយ និង​ព្យាយាម​ធ្វើ​ចលនា​ឱ្យ​ដូច​សត្វ​តោ ទៅតាម​ចង្វាក់​ស្គរ​។

​អ្នកខ្លះ​ជឿថា ការ​ឡក​ម៉ុង​សាយ​អាចជួយ​ដេញ​ដួងព្រលឹង​បិសាច និង​នាំយក​ហុងស៊ុយ​។ ពលរដ្ឋ​ម៉ា​ឡេ​​ប្រមាណ ១ ​ភាគ ​៣ ​នៃ​ចំនួន​ប្រជាជាតិ​សុ​រប ៣២ ​លាន​នាក់ ដែល​កាន់សាសនា​អ៊ិ​ស្លាម គឺមាន​ខ្សែស្រឡាយ​កាត់​ចិន​៕ AFP/HR