​ខេត្ដ​កណ្ដាល: ស្ថិតក្នុង​វេលា​ដ៏​សំខាន់​នៃ​ការ​ស្រោចស្រង់​ជីវិត​កុមារ​ដែល​ទាមទារ​ការ​សម្រាក​រយៈ​ពេល​យូរ អ្នកជំងឺ​មហារីក​វ័យ​ក្មេង​ដែល​ទទួល​ការព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​មិន​ត្រូវបាន​បំភ្លេច​ឱកាស​សប្បាយរីករាយ និង​ការអប់រំ​របស់​ពួកគេ​ឡើយ​។

​កុមារ​ខ្លះ​នៅមាន​កម្លាំង​ពលំ ខ្លះ​ហាក់​មាន​សភាព​ទ្រុឌទ្រោម និង​ខ្លះទៀត​ខំ​ដើរមក​ទាំង​សេរ៉ូម និង​ឧបករណ៍​ជំនួយ​តាម​ខ្លួន​ចូលក្នុង​បន្ទប់ មាន​អេក្រង់​ស្លាយ​បើក​រង់ចាំ​ជាស្រេច​។

​ការ​ទស្សនា​សត្វ​នៅ​សួនសត្វ​ដី​ល្បី​នៅ​ជាយ​រាជធានី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​បំណង​ផ្ដល់​ការកម្សាន្ដ​ដល់​កុមារ​មហារីក​អំឡុងពេល​ពួកគេ​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​យូរ​។

​កញ្ញា Sasaki Miyuko ជា​បុគ្គលិក​ហាត់​ការ​នៅ​មន្ទីរពេទ្យ​បេះដូង​ជប៉ុន​ដែល​ផ្ដួចផ្ដើម​គម្រោង​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​កុមារ​កើត​មហារីក​ភាគច្រើន​ត្រូវ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​យ៉ាងតិច ៦ ​ខែ​ ទៅ ​១ ​ឆ្នាំ​។ ពួកគេ​មិនអាច​ចេញ​ក្រៅ​អំឡុង​ពេលនេះ​ទេ ព្រោះ​ប្រព័ន្ធ​ស៊ាំ​ង​ជំងឺ​ពួកគេ​ចុះខ្សោយ​ដោយ​ការប្រើប្រាស់​សារធាតុ​គីមី​»​។

​កញ្ញា​បន្ដថា​៖ «​ពួកគេ​ត្រូវ​ទទួល​ការ​​ព្យាបាល​គ្រប់ពេល​ពេលវេលា ពិសេស​ពេលនេះ​ក្នុងដំណាក់កាល​កូ​វីដ​រា​ត​​ត្បា​ត​ថែមទៀត​។ កម្មវិធី​ពី​ចម្ងាយ​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួកគេ​ក្នុងការ​​ទស្សនា​សួនសត្វ​តាម​អន​ឡាញ​»​។

​កញ្ញា Miyuko និស្សិត​វេជ្ជសាស្ដ្រ​ឆ្នាំ​ទី​៤ ​នៃ​សាកលវិទ្យាល័យ​ក្រុង​យូ​កូ​​ហា​ម៉ា ផ្នែក​គិលានុបដ្ឋាយិកា​បាន​បន្ដថា​៖ «​ដូច្នេះ ខ្ញុំ​ចង់ឱ្យ​កុមារ​កើត​មហារីក​ទទួលបាន​នូវ​ការសប្បាយ​នៅ​មន្ទីរពេទ្យ និង​ចំណាយ​ពេលវេលា​ ១ ​រយៈ​ខ្លី​បំភ្លេច​ការឈឺចាប់​ដ៏​យូរ​ អង្វែង​របស់​ពួកគេ​»​។

​ដើម្បី​ប្រើ​ថិរវេលា​សមល្មម ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​កុមារ​មហារីក ក្រុមការងារ​ទាំង​មន្ទីរពេទ្យ​បេះដូង​ជប៉ុន និង​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី​បាន បានសម្រេច​បញ្ចូល​រវាង​ការ​ផ្សាយ​វីដេអូ​ផ្ទាល់ និង​ការថត​វីដេអូ​ទុក​ដើម្បី​បង្កើត​កម្មវិធី​រួមមួយ​។

​មុន​ដំណើរ​កម្សាន្ដ​មកដល់ កញ្ញាបាន​ចែក​សំបុត្រ និង​រំឭក​ប្រាប់​ក្មេងៗ​ថា​៖ «​យើង​នឹងធ្វើ​ដំណើរ​ទៅកាន់​សួនសត្វ​នៅ​ថ្ងៃទី​ ២ ខែមករា​»​។ កុមារ​បាននាំគ្នា​សួរថា «​តើ​យើង​នឹង​ចេញទៅ​ខាងក្រៅ​?» «​តើ​សត្វ​នឹង​មកលេង​យើង​ដល់​មន្ទីរពេទ្យ​?»​។

កុមាររីករាយ​នឹង​លើកដៃឆ្លើយសំណួរ​តាមហ្សូ៊ម​ពីអ្នកមើលថែសត្វ​នៅ​សាហ្វារី​ ភ្នំពេញ។ រូបថត សហការី

​ក្នុង​រយៈពេល​ ១ ​ម៉ោង​កន្លះ​កុមារ​ទាំង ​២២ ​នាក់ ​បានធ្វើ​ដំណើរ​ជាមួយ​ក្រុមការងារ​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី​ជាច្រើន​កន្លែង ដោយមាន​សកម្មភាព​សប្បាយ​ជា​ហូរហែ ដូចជា​ការ​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​សត្វ​ការដាក់​ចំណី​ឱ្យ​សត្វ​កវែង និង​បទពិសោធ​ថ្មី​មួយទៀត​ដែល​ធ្វើឱ្យ​កុមារ​ទាំងនោះ​មាន​អារម្មណ៍​ថា ពួកគេ​ពិតជា​បាន​ជិះ​ដំរី​ក្នុង​វីដេអូ​ដែល​ពួកគេ​បានឃើញ​។

​ពេល​ពួកគេ​បញ្ចុក​ចំណី​ដល់​សត្វ កវែង​នៅលើ​អេក្រង់​ស្លាយ កុមារ​ដែល​ចង់​ដាក់​ចំណី​បាន​បន្ដកន្ទុយ​គ្នា​ក្នុងការ​បង្កើត​បទពិសោធ​ស្និទ្ធស្នាល​នឹង​សត្វ ដោយ​ក្ដី​រីករាយ​យ៉ាងខ្លាំង​។

​នៅ​ចំពោះមុខ​ការសម្ដែង​រប​ស់​ក្រុម​ស្វា កុមារ​នាំគ្នា​ទះដៃ និង​ផ្ទុះសំណើច​ក្អាកក្អាយ​។ ពេល​វីដេអូ​ជិះ​ដំរី​ត្រូវបាន​ចាក់​បញ្ចាំង ពួកគេ​មានការ​ភ្ញាក់ផ្អើល​នឹង​ការ​ឃើញ​ខ្នង​ដំរី​ដ៏​ខ្ពស់​។

​កញ្ញា Miyuko បាន​បញ្ជាក់ថា​៖ «​ក្រោយ​បញ្ចប់​ដំណើរ​កម្សាន្ដ​ទៅកាន់​សួនសត្វ​នេះ កុមារ​ស្រែក​សួរថា តើ​ពេលណា​មានកម្ម​វិធី​នេះ​ទៀត​?»​។

​កញ្ញា សុខ សុទ្ធ​ឡែ​ន ហៅ ខេ​ត ជា​ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៅសួនសត្វ ភ្នំពេញ សា​ហ្វា​រី បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​នេះ​ជា​ដំណើរ​កម្សាន្ដ​តាម ZOOM ជា​លើកដំបូង ដែល​ខាង​ភ្នំពេញ​សា​ហ្វា​រី បាន​ផ្ដល់ជូន​មន្ទីរពេទ្យ​បេះដូង​ជប៉ុន ពីព្រោះ​ពួកគាត់ [​កុមារ​មហារីក​] ពិតជា​ឈឺ​​ចាប់ និង​តស៊ូ​ពុះពារ​ជាមួយ​ជំងឺ​ដោយ​ទទួល​ការព្យាបាល​រយៈពេល​វែង​។ ដូច្នេះ​ទើប​ក្រុមការងារ​ខាង​មន្ទីរពេទ្យ​មក​ពិភាក្សា​ជាមួយ​ក្រុមការងារ​ភ្នំពេញ​សា​ហ្វា​រី ដើម្បី​បង្កើត​ដំណើរ​កម្សាន្ដ​នេះ​ឡើង​»​។

​កញ្ញា ខេ​ត ទទួលស្គាល់ថា ដំណើរ​កម្សាន្ដ​មកកាន់​សួនសត្វ​ផ្ទាល់​ពិត​ជាមាន​សំខាន់​ក្នុង​ការផ្ដល់​ចំណេះដឹង និង​បទពិសោធ​នៃ​ញាណ​ដឹង​កុមារ តែ​វា​ស្រ័យ​លើ​សុខភាព​ពួកគេ​ផ្ទាល់​។

​កញ្ញា​និយាយថា​៖ «​ការ​មក​ទស្សនា​ផ្ទាល់ អាច​អនុញ្ញាតឱ្យ​ក្មេងៗ​យល់​​ដឹង​កាន់តែច្បាស់​អំពី​ប្រភេទ​សត្វ និង​ចរិតលក្ខណៈ​របស់​ពួកវា តាមរយៈ​ការ​កំណត់ត្រា​ដែល​បានដាក់​បង្ហាញ​នៅតាម​ទីកន្លែង​នីមួយៗ​»​។

​ដោយ​កិច្ចសហការ​ល្អ​នឹង​ការបន្ដ​បើកភ្លើង​ខៀវ​ពី​ភ្នំពេញ​សា​ហ្វា​រី មន្ទីរ​ពេទ្យ​បេះដូង​ជប៉ុន នឹង​រៀបចំ​កម្មវិធី​កម្សាន្ដ​បែបនេះ​បន្ដទៀត​នាឱកាស​ក្រោយ​។

ក្នុង​ដំណើរកម្សាន្ត​ទៅសួនសត្វ​ពីចម្ងាយ ​កុមារ​រីករាយ​នឹង​​បញ្ចុកសត្វ​កវែង​លើ​ស្គ្រីន។ រូបថត សហការី

​កញ្ញា Miyuko និយាយថា​៖ «​នៅ​ភ្នំពេញ​សា​ហ្វា​រី មានកម្ម​វិធី​សម្ដែង​សត្វ​ចំនួន ៥​។ ដូច្នេះ ចំពោះ​កម្មវិធី​លើក​ក្រោយ ខ្ញុំ​គិតដល់​ការបង្ហាញ​វីដេអូ​សម្ដែង​ទាំងនោះ​។ អរគុណ​ខ្លាំងណាស់​ចំពោះ​បុគ្គលិក​នៅ​សួនសត្វ​ដែល​សហការ​បាន​យ៉ាង​ល្អ​»​។

​មន្ទីរពេទ្យ​បេះដូង​ជប៉ុន ព្យាបាល​កុមារ​ជាង ៨០​ នាក់​រៀងរាល់ឆ្នាំ​។ ពួកគេ​ជាច្រើន​ទទួល​ការព្យាបាល​ជាសះស្បើយ និង​ចាក​ចេញពី​មន្ទីរពេទ្យ​។ ពួកគេ​បាន​មកដល់​មន្ទីរពេទ្យ​នេះ ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​រួចស្រេច​ទៅហើយ​ដែល​ពិបាក​ក្នុងការ​ព្យាបាល​ណាស់​។ កុមារ​ខ្លះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ថែទាំ​ពិសេស និង​អាច​ស្លាប់​ទាំង​វ័យក្មេង​។

​កញ្ញា​បន្តថា​៖ «​ដូច្នេះ រៀងរាល់ថ្ងៃ​ការចំណាយ​ពេល​ក្នុង​មន្ទីរពេទ្យ​ពិតជា​សំខាន់​។ យើង​ផ្ដល់​តម្លៃ​ចំពោះ​ព្រឹ​ត្ដិ​​ការណ៍​បែបនេះ​ខ្លាំងណាស់ និង​រមែង​រៀបចំ​កម្មវិធី​ដូចជា គ្រិស្ដ​ស្មាស់ និង​ខួបកំណើត​ក្នុង​មន្ទីរពេទ្យ​ផ្ទាល់​»​។​

​សម្រាប់​ការ​ទស្សនា​សកម្មភាព​កុមារ​ធ្វើដំណើរ​ទស្សនា​សួនសត្វ​តាម​អន​ឡាញ និង​ផ្ដល់​ការឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​បេះដូង​ជប៉ុន សូម​ចូលទៅ​កាន់ Facebook របស់​អង្គការ @japanheart.hospital៕