​ភ្នំពេញ: ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍ «​សេរីភាព​នៃ​ថ្ងៃស្អែក​» របស់​សិល្បករ ប៉ែន រ៉ូ​ប៊ីត និង​ការបើក​ដំណើរការ​ឡើងវិញ​នៃ​វិចិត្រសាល «​សិល្បៈ​ត្រជាក់​​ភ្នែក​» រូបភាព​គំនូរ​ពណ៌​ប្រេង ២៤ ​ផ្ទាំង​បង្កប់​ទស្សនៈ​ពី​អំណាច​យោធា និង​ភាពជា​រដ្ឋាភិបាល ត្រូវបាន​ដាក់តាំង​ចាប់ពី​ថ្ងៃទី ​១០ ខែមករា រហូតដល់​ថ្ងៃទី​ ១០ ខែកុម្ភ​: ដោយ​បើកទ្វារ​ពីថ្ងៃ​អង្គារ ដល់ ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ១០ ​ព្រឹក រហូតដល់ ៧​ ល្ងាច​។​

​ពិព័រណ៍​នេះ ​គឺជា​កិច្ចសហការ​រវាង វិចិត្រសាល សិល្បៈ​ត្រជាក់​ភ្នែក (STP) និង​វិចិត្រសាល Richard Koh Fine Art (RKFA)​។ វា​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ និង​កម្មវិធី​របស់ STP សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​បាន​បិទ​នៅ​ថ្ងៃទី ​២០ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ​ក្នុង​សហគមន៍​នៅ​កម្ពុជា​។​

​សិល្បករ ប៉ែន រ៉ូ​ប៊ីត វ័យ​ ៣១ ​ឆ្នាំ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​នេះ​ជា​ការបើក​បង្ហាញ​ស្នាដៃ​តាំងពិព័រណ៍​របស់ខ្ញុំ​លើកដំបូង តាំងពី​កូ​វីដ​។ វា​ជិត ២ ​ឆ្នាំ​ហើយ​។ ដូច្នេះ ខ្ញុំ​រីករាយ​ណាស់ ដែល​បានធ្វើ​វា​ឡើង​ម្ដងទៀត នៅ STP ដោយ​មានការ​ជ្រោមជ្រែង​ពី យាន រស្មី ហើយក៏​ចង់​អរគុណ​ដល់ វិចិត្រ​សាល RKFA ដែល​ជួយ​ផ្សព្វផ្សាយ​ការងារ​របស់ខ្ញុំ​ពី​វិចិត្រសាល​គាត់​នៅ​ម៉ាឡេស៊ី សិង្ហ​បុរី និង​បាំង​កក​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​ពួកគាត់ ដូចជា Facebook, Twitter និង Instagram»​។​

​លោក ន័​រ ហា​រីត ជំនួយការ​នៅ​វិចិត្រសាល RKFA គូ​ឡា​ឡាំ​ពួ បាន​ឱ្យដឹងពី​ដំណើរ​ដើមទង​ឱ្យមាន​កិច្ចសហការ​នេះ​ដំបូង​ថា លោក រី​ឆាត កូរ ជា​ស្ថាបនិក​បាន​ស្គាល់ រ៉ូ​ប៊ីត តាមរយៈ សិល្បករ​គំនូរ ស៊ិន ម៉ា​នី​។

​នាយក​រៀបចំ​កម្មវិធី យិន រស្មី ដែលជា​មិត្ត​ល្អ​ជាមួយ​វិចិត្រករ បាន​ពិភាក្សា​ជាមួយ រ៉ូ​ប៊ីត និង​ទទួល​បានការ​​អនុញ្ញាត​ពី វិចិត្រសាល RKFA ដើម្បី​ដំណើរការ​កម្មវិធី​សហការ​នេះ​។

សិល្បករ យាន រស្មី (ឆ្វេង) ក្នុងថ្ងៃសម្ពោធពិព័រណ៍​ស្នាដៃ លោក ប៉ែន រ៉ូប៊ីត (ស្ដាំ)។ ហ៊ាន រង្សី

​សិល្បករ យាន រស្មី បាន​បន្ថែមថា​៖ «​សេរីភាព​នៃ​ថ្ងៃស្អែក គឺជា​ការងារ​សហការ​មួយ ដែល​យើង​បាន​អភិវឌ្ឍ​ជាមួយគ្នា​ក្នុងការ​ផ្សព្វផ្សាយ​សិល្បៈ​ខ្មែរ នៅក្នុង​ស្រុក ក៏ដូចជា​អន្តរជាតិ​។ ទោះ​យើង​មិនទាន់មាន​អ្វី​ជា​រូបរាង​ជាក់ស្ដែង តែ​ខ្ញុំ និង រី​ឆាត បាន​ពិភាក្សាគ្នា​ពី​លទ្ធភាព​នៃ​ការងារ​យើង​ទៅ​ថ្ងៃមុខ​។ ខ្ញុំ​ពិតជា​មាន​កិត្តិយស ដែល RKFA បាន​សហការ​ជាមួយ ក៏ដូចជា​រីករាយ​ដែល រ៉ូ​ប៊ីត ជ្រើស​យក​យើង​ក្នុង​ការតាំង​ស្នាដៃ​ថ្មី​បំផុត​របស់គាត់​»​។​

​រស្មី ឱ្យដឹង​ដែរ​ថា កន្លងមក​បើ​ទោះ វិចិត្រសាល​មិនបាន​ធ្វើ​កម្មវិធី​ផ្សេងៗ តែ​ទីតាំង​ក៏ត្រូវ​បានផ្ដល់​ឱ្យ​សិល្បករ​ប្រើប្រាស់​ក្នុង​មុខងារ​ផ្សេងៗ​ផងដែរ​។

​ការរៀបចំ​បើក​ដំណើរការ​ឡើងវិញ​នៃ​វិចិត្រសាល​ត្រូវបាន​គ្រោង​តាំងពី ខែវិច្ឆិកា ឆ្នាំ​ ២០២១ ប៉ុន្តែ​បញ្ហា​ដំបូល ជ្រាប​ទឹក​នៅ​ខែ​ភ្លៀង និង​កត្តា​ដទៃទៀត​នាំឱ្យមាន​ការបន្ត​អូសបន្លាយ​រហូតមកទល់​ពេលនេះ​។​

​ក្រឡេក​មក​មើល​គំនិត​បំផុស​នៃ​ស្នាដៃ​សិល្បៈ​របស់ រ៉ូ​ប៊ីត លោក​ថា កម្រង​ស្នាដៃ​នេះ មានកំណើត​ចេញពី​ចំណាប់អារម្មណ៍​របស់លោក ទាក់ទិន​ទៅនឹង អំណាច យោធា ភាពជា​រដ្ឋា​ភិ​បាល និង​ប្រធាន​វិស័យ​ភាព​ព្រមទាំង​សហព័ន្ធ​រវាង​គំនិត​ទាំងនេះ​។

​សិល្បករ មកពី​ខេត្តបាត់ដំបង រូបនេះ​ថា​៖ «​គំនូរ ២៤ ​ផ្ទាំង មានដំណើរ​ចេញពី​រូប​ចំនួន ​២ ​ផ្ទាំង ស្បែកជើង​ទាហាន​ពណ៌​ខ្មៅ និង​គំនូរ​អជីវ​ច​ល ដែលជា​ថូផ្កា​ពណ៌​ខៀវ​ជាមួយ​ផ្កា​ភ្ញី​។ រូប​ទាំង ​២ ដើរតួ​ជា ឬ​តំណាងឱ្យ​ទាំង​ភាពខ្លាំង និង​ភាពផុយស្រួយ ស្ថិរ​ភាព និង​សេចក្ដី​ស្ងប់​»​។

​លោក​បន្តថា​៖ «​ចំពោះ​ខ្ញុំ​ផ្ទាល់ រំឭក​ទៅដល់​អ្វី ដែល​ខ្ញុំ​អាច​ហៅ​បាន​ថា​ វត្ត​មាននៃ​អវត្តមាន​របស់​សេចក្ដី​ស្លាប់ ដែល​ពណ៌​បានក្លាយ​ទៅជា​វត្ថុ បង្កើតឱ្យមាន​រូបរាង ឬ​ជា​ហេតុផល​សម្រាប់​សម្រស់ និង​វត្ត​មាននៃ​សេចក្ដីស្លាប់ ដែល​មិនអាច​មើលឃើញ​នេះ​»​។​

​រូប ​១ ​ដែល​លោក​ថា​ពេញចិត្ត​ជាងគេ​គឺ «​ថ្ងៃ​ដ៏​ស្រស់ស្អាត​» (The beautiful day) តួ​អង្គជា​មនុស្ស​តែមាន​មុខជា​ក្បាល​ខ្មោច ហើយ​វា​ស្ថិតក្នុង​ពណ៌​ផ្សេងៗ​គ្នា ពណ៌​ខៀវ ពណ៌​ប៉ា​រ៉ា មាន​ផ្កាឈូករ័ត្ន និង​ផ្ទៃមេឃ​។​

​លោក រ៉ូ​ប៊ីត បានឱ្យដឹងថា​៖ «​ដោយ​​សារ​ខ្ញុំ​យល់ឃើញថា តួអង្គ​ខ្មោច​និយាយ​ពី​សេចក្ដីស្លាប់ ប៉ុន្តែ​សេចក្ដី​​ស្លាប់​មិនមែនជា​រឿង ដែល​សោកសៅ ឬ​ឈឺចាប់​រហូត​ទេ ពេលខ្លះ​វា​ក៏​អាចជា​រឿង​ដែល​ស្រស់ស្អាត​»​។​

​ពិព័រណ៍ «សេរីភាព​នៃ​ថ្ងៃ​ស្អែក» សម្ពោធ​ស្រប​នឹង​ការបើកដំណើរការ​ឡើងវិញ​នៃ​វិចិត្រសាល​ត្រជាក់ភ្នែក​។ ហ៊ាន រង្សី

​សិល្បករ​ដែល​ច្រើន​បង្ហាញ​នូវ​អតីតកាល បច្ចុប្បន្ន និង​អនាគត នៃ​ត្របាញ់​ភាព​របស់​សង្គម នយោបាយ​កម្ពុជា​រូបនេះ បានឱ្យដឹង​ដែរ​ថា ស្នាដៃ «​សេរីភាព​នៃ​ថ្ងៃស្អែក​» បាន​គ្របដណ្ដប់​ពេញ​ទៅដោយ​ពណ៌​ចែងចាំង មាន​ក្រហម ខៀវ និង​លឿង គឺ​វា​បង្ហាញ​ពី​លទ្ធភាព និង​ការ​ស្រមើ​​ស្រមៃ​គ្មាន​ទីបញ្ចប់​។​

​បន្ទាប់ពី​អស់​រយៈពេល​ជាច្រើន​ខែ​ឆ្នាំ​នៃ​ការលេង​ជាមួយ​ខ្សែ ឬ​បន្ទាត់ និង​បច្ចេកទេស​នៃ​ការចាក់ ឬ​រោយ​​ពណ៌ ស្នាដៃ នេះ​គឺជា​ការងារ​លើក​ទី​២ ដែល​លោក​គូររូប​បែប​តួអង្គ​។ លោក​ថា ចំណាប់អារម្មណ៍​របស់​លោក​អាចជា​ការ​បក​ទៅរក​គំនូរ​ដូច ឬ​ពិភព​ពិតជា​ជាងគំនូរ​អរូបី​។

​សិល្បករ យាន រស្មី ក៏បាន​ឱ្យដឹង​ដែរ​ថា វិចិត្រសាល សិល្បៈ​ត្រជាក់​​ភ្នែក នឹងមាន​កម្មវិធី​ជា​ហូរហែ​ទៀត​ជា​ផ្នែក​នៃ​ការផ្សព្វផ្សាយ​បើកសម្ពោធ​ឡើងវិញ​នៃ​វិចិត្រសាល​។

​លោក​បានឱ្យដឹងថា​៖ «​ខែកុម្ភៈ​ខាងមុខនេះ ដោយ​សហការ​ជាមួយ​អគារ​ពាណិជ្ជកម្ម រ៉ូ​ស​វូត STP Cambodia នឹង​រៀបចំ​ការតាំងពិព័រណ៍​ថ្មី ​១ ​ទៀត​ដោយ ប៉ែន រ៉ូ​ប៊ីត ហើយ​នៅ​ថ្ងៃទី ​១២ ខែកុម្ភៈ យើង​នឹងមាន​ព្រឹត្តិ​​ការណ៍​ជា​បន្តបន្ទាប់​ដោយ​សហការ​​ជាមួយ​សិល្បករ ចាន់ ដា​នី និង​កម្មវិធី​ផ្សេងទៀត​ដូចជា​ដំណើរ​កម្សាន្ត ការពិភាក្សា​ជាមួយ​សិល្បករ និង​ផ្សេងៗ​ទៀត​នៅ STP Cambodia​។ កាលវិភាគ​របស់​យើង​ក្នុងឆ្នាំនេះ​ត្រូវបាន​កក់​ទុក​ជាមួយនឹង​ការតាំងពិព័រណ៍​រហូត​ដល់​ខែធ្នូ ឆ្នាំ ២០២២»​។​

​ព័ត៌មាន​បន្ថែម​មាននៅ​ហ្វេ​ស​ប៊ុ​ក សិល្បៈ​ត្រជាក់​ភ្នែក www.facebook.com/STPCambodia៕