​ភ្នំពេញៈ ទោះបី​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ​វិថី​សិល្បៈ​យ៉ាងណាក្តី ក៏​តារាចម្រៀង និង​សម្តែង​ស្រី ដែលជា​រលក​ក្រោយ វ័យក្មេង មាន​រូប​សម្ផស្ស​ស្រស់ស្អាត នៅ​ផលិតកម្ម​ហង្ស​មាស កញ្ញា រ៉េត ស៊ូ​ហ្សា​ណា នៅ​មិន​ភ្លេច​ឆ្លៀត​រៀន​សូត្រ​នោះឡើយ ដោយ​ថ្មីៗ​នេះ កញ្ញា​ទើបតែ​ប្រកាស​ឱ្យដឹងពី​សមិទ្ធផល​នៃ​ការបញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​មហាវិទ្យាល័យ​ឈ្មោះថា Raffles​។

​នេះ​បើតាម​ការ​បង្ហើប​ពី​តារាចម្រៀង​ស្រី​កំពុងតែ​ឡើង​កូដ អតីត​ជា​បេ​ក្ខ​នារី​ប្រឡង​កម្មវិធី The Voice Cambodia នា​រដូវ​កាល​ទី​២ ឆ្នាំ​ ២០១៦ រ៉េត ស៊ូ​ហ្សា​ណា ឱ្យដឹងថា​៖ «​រៀន​ផង ធ្វើការ​ផង ក្នុងពេល​តែមួយ មិនមែនជា​រឿង​ងាយ​​ស្រួល​ទេ តែ​ពេលនេះ ខ្ញុំ​អាចធ្វើ​បាន​ហើយ​ បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ ៤ ​ឆ្នាំ​។ ខ្ញុំ​បានបញ្ចប់​ការសិក្សា នៅ​មហាវិទ្យាល័យ Raffles លើ​មុខជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​ឆ្នាំ ​២០២២ នេះ​»​។​

​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា តារាចម្រៀង​ស្រី​ស្រស់​វ័យក្មេង សម្ផស្ស​កាន់តែ​ស្អាត កាក់កប​នឹង​ទីផ្សារ​ឡើង​ច្រៀង​ឆាក​តន្ត្រី​តាម​ខេត្ត​ជាប់​យ៉ាង​​រដឹក មមាញឹក​កើប​លុយដុំ​ នឹង​អាជីព​ថត​ស្ប៉ត​​ពាណិជ្ជកម្ម និង​ជាតា​រា​ទូត​សុច្ឆន្ទៈ​នៃ​​ផលិតផល​​នានា​ជាច្រើន ឱ្យដឹង​បន្តថា​៖ «​នៅ​ពីក្រោយ​ភាពជោគជ័យ​មួយ​នេះ គឺមាន​អ្នកមាន​គុណ​ទាំង ​២ ដែល​តែងតែ​ផ្តល់​ជា​កម្លាំងចិត្ត និង​ភាពកក់ក្តៅ កូន​អាច​សម្រេចបាន​ហើយ ថ្ងៃ​ដែល​អ្នកមានគុណ​ចង់ឃើញ​កូន​អាច​ពាក់អាវ​នេះហើយ​ណា​! ខ្ញុំ​អាចធ្វើ​បាន​អ្នក​ទាំងអស់គ្នា ក៏​អាច​ធ្វើបាន ហើយ​អរគុណ បងប្អូន​ទាំង​​អស់​គ្នា សម្រាប់​ពាក្យ​ជូនពរ​។ អរគុណបងប្អូន​ទាំងអស់​គ្នា​ ​ខ្ញុំ​ធ្វើបាន​ហើយ​ណា អ៊ីចឹង​អ្នក​ទាំងអស់គ្នា ក៏​អាចធ្វើ​បានដែរ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ទោះបី​ទើប​ចូលប្រឡូក​ក្នុង​សិល្បៈ​រយៈពេល​ប្រមាណ​ ៦​ ឆ្នាំ​មែន​ក្តី តែ​តារាចម្រៀង​ស្រី​រលក​​ក្រោយ រ៉េត ស៊ូ​ហ្សណា ស្រូប​បាន​ប្រជាប្រិយភាព ពី​មហាជន​ឆាប់រហ័ស និង​កំពុងតែ​កាក់កប​រកលុយ​បាន​យ៉ាងច្រើន និង​ក្តោប​បាន​យ៉ាង​​ណែន​នូវ​តំណែង​ទូត​​សុច្ឆន្ទៈ​នៃ​ផលិតផល​នានា​ដូចជា​ក្រុមហ៊ុន​​ទូរស័ព្ទ Cellcard ក្រុម​​ហ៊ុន​ទូរស័ព្ទ OPPO ក្រុម​​ហ៊ុន Charles & Keith និង​ផលិតផល​ផ្សេងទៀត ក្រៅពី​អាជីព​តារាចម្រៀង និង​សម្តែង​កុន​នោះ​។​

អ្វីដែល​បានធ្វើ​មហាជន​លាន់មាត់​កោតសរសើរ​​មិន​ដាច់​ពី​មាត់ និង​ភ្ញាក់ផ្អើល​នោះ​ដើមឆ្នាំ​ ២០២១ តារា​ស្រី រ៉េត ស៊ូ​ហ្សា​ណា ស្រាប់តែ​បង្ហាញ​ផ្ទះ​វីឡា សាងសង់​ជិត​រួច ២ ​ជង់​។​

អតីត​ជា​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​សិង្ហ​បុរី បង្ហោះ​សារ​តាមអ៊ី​ន​ស្តា​ក្រាម​ជា​រូប​ផ្ទះ ២ ជង់ កម្ពស់ ២ ជាន់ ថា​៖ «​ម៉ាក់​ប៉ា​ប្រាប់ថា កូន​ខំ​ឱ្យ​ហើយ​ទៅ​ទាន់​នៅ​ក្មេង​ក្រែង​ចាស់​ទៅ​សំណាង​! ការខិតខំ​តាំងពី​អាយុ ១៦​ ឆ្នាំ រហូត​ពេលនេះ​បានចេញ​ជា​រូប​រាង​បណ្ដើរៗ​ហើយ​! See you soon in 2021 baby!»៕