​ភ្នំពេញៈ បណ្តុំ​ស្នាដៃ​គំនូរ​សិល្បៈ លើ​ក្រដាស និង​ចម្លាក់​ច្នៃ​ពី​ឥដ្ឋ​ចំនួន ២៤ ​ផ្ទាំង និង​ស្នាដៃ​របស់​វិចិត្រករ ពិការ​ដៃស្តាំ​តាំងពី​វ័យក្មេង លោក ហេង ភួ​ន ហៅ ចាន់ ភួ​ន បើកសម្ពោធ​ការតាំងពិព័រណ៍ នៅ​ល្ងាច​នេះ​នៅឯ​​វិចិត្រសាល 282 Art Gallery​។​

​បើតាម​សេចក្តី​បរិយាយ​ត្រួសៗ​នៃ​ប្រធានបទ​ធំ​នៃ​ពិព័រណ៍ មាន​ចំណង​​ជើង​ថា «​ប្រវត្តិ​ជា​ផ្លូវ​ទៅ​អនាគត​» របស់​វិចិត្រករ ចាន់ ភួ​ន បានឱ្យដឹង​​ថា​៖ «​ដំណើរការ​នៃ​ការបង្កើត​ស្នាដៃ​សិល្បៈ ទាំងនេះ​គឺ​ត្រូវ​បង្កើតឡើង​ទៅតាម​ស្ថានភាព​នៃ​ការផ្លាស់ប្ដូរ​របស់​ប្រទេស​កម្ពុជា ដែល​ក្នុង​បច្ចុប្បន្នភាព សម្បូរ​ទៅដោយ​គ្រឿង​ម៉ាស៊ីន​គ្រប់​​ប្រភេទ និង​មានការ​បង្កើតឡើង​នូវ​គ្រឿង​ម៉ាស៊ីន​ថ្មីៗ នាពេល​អនាគត​ផងដែរ​។ មនុស្ស​មួយចំនួន ដែល​រស់​​នៅតាម​សម័យ​ទំនើប ហើយ​ឈ្លក់​វង្វេង​ទៅតាម​បច្ចេកវិទ្យា​ថ្មីៗ ជា​ផ្នែក​មួយ​ធ្វើឱ្យ​បាត់បង់​នូវ អត្តសញ្ញាណ​ខ្លួន ដែល​សម្បូរ​ទៅដោយ​សិល្បៈ និង​វប្បធម៌​ស្អាតៗ​ជាច្រើន ហើយ​មនុ​ស្សទាំង​​នោះ នឹងត្រូវ​ប្រឈមមុខ​នឹង​ការ​រស់​​នៅ បែប​វង្វេង ដែល​មិនដឹងថា​ខ្លួនឯង​ជា​នរណា​ទៅវិញ​»​។​

​ចំពោះ​ស្នាដៃ ដែល​ដាក់​បង្ហាញ​រួម​​គ្នា​រវាង​គំនូរ​លើ​ក្រដាស និង​ចម្លាក់​កែ​​ច្នៃ​ពី​ឥដ្ឋ​នោះ ត្រូវបាន​វិចិត្រករ ចាន់ ភួ​ន ដែលមាន​បទពិសោធ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​គំនូរ ៥ ​ឆ្នាំ មកនេះ បង្ហើប​ឱ្យដឹងថា​៖ «​ពិព័រណ៍​នេះ ខ្ញុំ​មាន​គំនូរ​លើ​ផ្ទាំង​ក្រដាស​ចំនួន ១៩ ​ផ្ទាំង និង​ស្នាដៃ​បង្កើត​ថ្មី​របស់ខ្ញុំ ជា​ប្រភេទ​ចម្លាក់​ដែល​ប្រើ​ដុំឥដ្ឋ កែច្នៃ​ជា​ស្នាដៃ​សិល្បៈ មាន​ចំនួន ៥ ​ស្នាដៃ សរុប​ចំនួន ២៤ ​ស្នាដៃ​។ សម្រាប់​គំនូរ​លើ​ក្រដាស ជា​បណ្តុំ​ស្នាដៃ​ចាស់ៗ​របស់ខ្ញុំ និង​ចម្លាក់​ពី​ឥដ្ឋ គឺជា​ការចាប់ផ្តើម​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មី​របស់ខ្ញុំ​»​។​

​ពិព័រណ៍​ស្នាដៃ​សិល្បៈ​គំនូរ​ទោល​​របស់​វិចិត្រករ ចាន់ ភួ​ន ដែល​ពិការ​ដៃ​​ស្តាំ តាំងពី​វ័យ ១៤​ ឆ្នាំ ដោយសារ​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​កាត់​ដីឥដ្ឋ នាពេល​ជួយ​ការងារ​ម្តាយ​ក្នុង​ឡឥដ្ឋ​នោះ នឹងត្រូវ​ដាក់តាំង​បង្ហាញ​រយៈពេល ៣ ​ខែ​ គឺ​ចាប់ពី​ថ្ងៃទី ​២៦ ខែមករា ដល់​ថ្ងៃទី​ ២៦ ខែ មីនា ឆ្នាំ ​២០២២ នៅ​វិចិត្រ​​សាល 282 Art Gallery​។​

លោក ចាន់ ភួន និង​មិត្ត​រួម​អាជីព​ ពេល​រៀបចំការ​តាំង​ពិព័រណ៍​​​។ រូបថត ហ្វេសប៊ុក​

​គួរ​បញ្ជាក់ថា វិចិត្រករ ហេង ភួ​ន ហៅ ចាន់ ភួ​ន មាន​ដុង​វិចិត្រកម្ម​តាំង​​ពី​ក្មេង ហើយ​កាល​ដំបូង​រឿង​គូរគំនូរ​គ្រាន់តែ​ក្តី​ស្រឡាញ់​ផ្ទាល់ខ្លួន ខណៈ​ការចាប់​អាជីព​ពេញលេញ ជា​វិចិត្រករ​នោះ​ គឺ​ចាប់​ត្រឹម​ពី​ខែមេសា នា​ឆ្នាំ ២០១៨ មក ក្រោយពី​បាន​រៀន​​ជំនាញ​សិល្បៈ​គំនូរ​បន្ថែម​នៅ​អង្គការ Epic Arts School នៅ​ខេត្តកំពត​មក ហើយ​ផ្ទាំងគំនូរ​ដំបូង​របស់ខ្លួន​ត្រូវបាន​គេ​ជាវ​នៅក្នុង​តម្លៃ ២៥០ ដុល្លារ​។

​បណ្តុំ​ស្នាដៃ​សិល្បៈ​ទាំង​គំនូរ និង​​ចម្លាក់ ដែល​ដាក់តាំង​រយៈពេល ៣ ខែ នេះ វិចិត្រករ​វ័យ ២៦ ​ឆ្នាំ មានស្រុក​​កំណើត​នៅ​ខេត្តកំពត រូបនេះ​បង្ហើប​ប្រាប់​ពី​តម្លៃ​ត្រួសៗ​ថា​៖ «​ចំពោះ​ស្នាដៃ​គំនូរ​លើ​ផ្ទាំង​ក្រដាស​នោះ មានតម្លៃ​ចន្លោះ​ពី ១ ​ផ្ទាំង ៤០០​ដុល្លារ ដល់ ៦០០ ​ដុល្លារ ខណៈ​ស្នាដៃ​ចម្លាក់​ពី​ឥដ្ឋ​វិញ តម្លៃ​ចាប់ពី ១ ​ស្នាដៃ ៣០០ ដុល្លារ ឡើងទៅ​»​។​

​ដោយសារ​ខ្លួន​ជា​ជនពិការ និង​ធ្លាប់​កើតមាន​ជំងឺ​បាក់​ទឹកចិត្ត មុនពេល​ខ្លួន​ចាប់យក​អាជីព​សិល្បៈ​មក​បន្សាប និង​កសាង​នូវ​ភាពរឹងមាំ​ឱ្យ​ខ្លួនឯង​ ហើយ​មានកេរ្តិ៍ឈ្មោះ​ល្បី ដូចជា​សព្វ​ថ្ងៃនេះ វិចិត្រករ ចាន់ ភួ​ន ក៏មាន​សារ​ផ្តាំផ្ញើ​ទៅដល់​បងប្អូន​ខ្មែរ មាន​ពិការ​​ភាព​នានា ឱ្យមាន​ការតាំង​ចិត្ត​ខ្ពស់ និង​ស្រឡាញ់​ខ្លួនឯង​ជាធំ​ផងដែរ​។​

ចាន់ ភួ​ន បាន​លើកឡើងថា​៖ «​ខ្ញុំ​ចង់ឱ្យ​បងប្អូន ដែលមាន​ពិការភាព​ទាំង​​អស់ មាន​ភាពរឹងមាំ​ខ្លួនឯង ហើយ​ខិតខំ​ធ្វើ​អ្វីដែល​ខ្លួន​ស្រឡាញ់​ឱ្យបាន នោះ​ជីវិត​យើង​នឹង​ល្អប្រសើរ​»៕