​ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ បុរស​ដែលជា​ចាងហ្វាង ជា​តួ​​សម្តែង អ្នកនិពន្ធ និង​ផលិតករ​ភាពយន្ត​លោក ហ៊ុយ យ៉ា​ឡេង បង្ហើប​ពី​ដំណឹង​ដ៏​រីករាយ​មួយ ចំពោះ​វណ្ណ​កម្ម​ភាពយន្ត​ខ្លួន​គឺ​រឿង «​ដើម្បី​កូន​» ត្រូវបាន​​សាកលវិទ្យាល័យ​មួយ​នៅ​ចិន កោះ​តៃវ៉ាន់ ស្នើសុំ​សិទ្ធិ​យកទៅ​ចាក់​បញ្ចាំង​ឱ្យ​និស្សិត​ទស្សនានៅ​ចន្លោះ ខែមីនា​-​មេសា ឆ្នាំ ​២០២២ ខាងមុខនេះ​។​

​នេះ​បើតាម​សារ​បង្ហើប​នូវ​ក្តី​សោមនស្ស​ខ្លួន​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា​៖ «​ដំណឹង​ដ៏​សែន​​រីករាយ​រៀបនឹង​បើក​សាលា ក៏មាន​សាលា​អន្តរជាតិ​ផ្តល់​តម្លៃ​ដល់​ភាពយន្ត​របស់ខ្ញុំ​​ស្នើសុំ​ភាពយន្ត រឿង ដើម្បី​កូន ចាក់​ជូន​សិស្ស​ដើម្បី​សិក្សា​ស្វែងយល់​ពី​ភាពយន្ត​ជីវិត​មួយ​នេះ​។ អរគុណ​ទៅដល់​សាលា​ National Chengchi University (NCCU)​នៅ​តៃវ៉ាន់​។ ជួបគ្នា​ឆាប់ៗ​នេះ​!»​។​

​លោក ហ៊ុយ យ៉ា​ឡេង មហាជន​បាន​ស្គាល់​ថា គឺជា​បុរស​ស៊ូ​ខ្លាំង​នឹង​ការងារ​វិស័យ​ភាពយន្ត​ដោយសារ​លោក​តែងតែ​យក​ខ្លួន​ទៅ​ប្រឡូក​ក្នុង​កុន​នីមួយៗ សឹង​គ្រប់​រឿង ឬ​អាច​ហៅថា «​អ្នកនិពន្ធ​រឿង​ខ្លួនឯង សម្តែង​ខ្លួនឯង​» ដោយ​វណ្ណ​កម្ម​ខ្សែ​​ភាពយន្ត​បែប​ជីវិត​របស់លោក បាន​ដើរតួ​ជា​អ្នកនិពន្ធ ផលិត​​ករ ចាងហ្វាង និង​តួ​សម្តែង​នោះ រួមមាន​រឿង​ថ្មី នៅ​មិន​​ទាន់​ចាក់​បញ្ចាំង​នៅឡើយ​គឺ​រឿង «​គ្រោះ​ជីវិត​កូ​វីដ ​១៩» រឿង​ «​ដើម្បី​កូន​» កំពុង​ចាក់​​បញ្ចាំង​តាម​រោង​មហោស្រព​ភាពយន្ត​ទាំង​ក្នុងស្រុក​ខ្មែរ និង​បរទេស ខណៈ​រឿង​បញ្ចាំង​រួច​មានរឿង «​វិកលចរិត​» រឿង «​ធ្ន​ប់​» រឿង «​ទារុណកម្ម​ខ្មោច​» រឿង​ «​អា​កុក​អា​ច្រ​វ៉ា​» និង​រឿង «​អា​ព្រឿង​ងាប់​ហើយ​»​។

​លោក ហ៊ុយ យ៉ា​ឡេង ក៏​​បានបញ្ជាក់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ ចំពោះ​កុន​របស់លោក​រឿង «​ដើម្បី​កូន​» ដែល​ត្រូវបាន​សាកលវិទ្យាល័យ​- NCCU នៅ​កោះ​តៃវ៉ាន់ ស្នើសុំ​ចាក់​បញ្ចាំង​ជូន​និស្សិត​ខ្លួន​ទស្សនា​នោះ​ដូច្នេះ​ថា​៖ «​ដោយសារ​នៅ​ខាង​កោះ​តៃវ៉ាន់ គេ​​មានការ​គោរព​នូវ​ច្បាប់​កម្មសិទ្ធិបញ្ញា​ដូចជា​នៅ​ប្រទេស​ជប៉ុន​ដែរ ទើប​កុន​របស់ខ្ញុំ [​រឿង​ដើម្បី​កូន​] ត្រូវបាន​ខាង​សាកល​វិទ្យាល័យ​ខាងលើ គេ​ទំនាក់ទំនង​មក​ខ្ញុំ​តាម​អ៊ី​មែ​ល ដើម្បី​ស្នើសុំ​យក​កុន​នេះ ទៅ​ចាក់ឱ្យ​និស្សិត​គេ​មើល​ដូចជា​គេ​បញ្ជាក់ថា​ ​អាច​នឹង​ចាក់​បញ្ចាំង នៅ​ចន្លោះ​ខែមីនា និង​ខែមេសា ឆ្នាំ​ ២០២២ ខាងមុខនេះ​»​។

​បុរស​ដែល​និយម​ទុក​សក់វែង ដែល​ដើរតួនាទី​ជាតា​រា​សម្តែង​ផង ជា​ផលិតករ​ផង​ និង​ជា​ថៅកែ​កុន​ផង រូបនេះ​បាន​បន្តថា​៖ «​ចំពោះ​មូលហេតុ​អ្វី ដែល​កុន​ខ្ញុំ ត្រូវបាន​គេ​ជ្រើស​យកទៅ​ចាក់​បញ្ចាំង​ឱ្យ​និស្សិត​គេ​មើល​នោះ ក៏​មិន​មានការ​​បញ្ជាក់​ពី​ខាងគេ​ដែរ តែ​អា​ចវា​ដោយសារ​គេ​ឃើញ​មាន​នៅតាម​មហោស្រព​ភាពយន្ត​បរទេស ដូចជា​នៅ​ទីក្រុង​ហុង​​កុង ដែល​ខ្ញុំ​ក៏បាន​យកទៅ​ចាក់​​បញ្ចាំង​នៅ​ទីនោះ​ដែរ ឬ​អាចមកពី​គេ​បានឃើញ​នៅតាម​​រយៈ​បណ្តាញ​សង្គម​យូ​ធូប​ (YouTube) ក៏​ថា​បាន​។​

យ៉ាងណា សម្រាប់​ខ្ញុំ​ពិតជាសប្បាយចិត្ត​ខ្លាំង ដែល​កុន​ខ្មែរ​របស់​យើង​ទទួលបាន​ការចាប់​​អារម្មណ៍ ពី​ខាង​បរទេស​ដូចជា​កោះ​តៃវ៉ាន់បែបនេះ ព្រោះ​វា​ជា​លើកដំបូង​ហើយ សម្រាប់​​តៃវ៉ាន់​នោះ​»៕