
កម្រងស្នាដៃពហុទម្រង់ជាវីដេអូ រូបថត ចម្លាក់ និងស្នាដៃបង្គុំពន្លឺ ក្នុងពិព័រណ៍រួមក្រុមក្រោមចំណងជើងថា «ម្ចាស់ទឹកដី»។ ហ៊ាន រង្សី
ភ្នំពេញ: សិល្បករខ្មែរ ៣ រូប ដែលមានឈ្មោះបោះសំឡេងជាអន្តរជាតិ លោក ខ្វៃ សំណាង លីម សុខចាន់លីណា និងវុធ លីណូ នៃក្រុមស្ទាវសិល្បៈ បានរំលេចកម្រងស្នាដៃពហុទម្រង់ ជាវីដេអូ រូបថត ចម្លាក់ និងស្នាដៃបង្គុំពន្លឺ ក្នុងពិព័រណ៍ជាក្រុមឈ្មោះថា «ម្ចាស់ទឹកម្ចាស់ដី» នៅវិចិត្រសាលគម្រោងសិល្បៈ ស-ស។
ពិព័រណ៍ដែលសម្ពោធកាលពីថ្ងៃទី ១៥ ខែមករា នឹងបន្តដាក់តាំងរហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ នេះ លើកឡើងពីជំនឿលើធម្មជាតិមានដូចជា បឹងបួ ទន្លេ សមុទ្រ ភ្នំ សត្វ ព្រៃព្រឹក្សា និងជំនឿលើអធិធម្មជាតិ ជីវចល និងព្រលឹងដ៏មានឫទ្ធិអំណាចនៅថែរក្សាផ្ទះសំបែង ស្រុកទេស មនុស្ស សត្វ និងជីវិតនានា។
អ្នកស្រី ជុំ ច័ន្ទវាសនា អ្នកគ្រប់គ្រងវិចិត្រសាលគម្រោងសិល្បៈ ស-ស និងអ្នករៀបចំពិព័រណ៍នេះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ពិព័រណ៍នេះបំផុសសន្ទនា និងទំនាក់ទំនងដ៏ស្មុគស្មាញរវាងធម្មជាតិ និងអធិធម្មជាតិ មនុស្ស និងអមនុស្ស រូបី និងអរូបី ប្រទេស និងប្រទេស ដែលនៅតែបន្តជះឥទ្ធិពលដល់នយោបាយ សេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ ជីវិតរស់នៅ និងជាពិសេសប្រព័ន្ធសង្គម»។

សិល្បករទាំង ៣ ម្ចាស់ស្នាដៃពិព័រណ៍ ម្ចាស់ទឹកដី។ ហ៊ាន រង្សី
អ្នកស្រីបន្តថា៖ «ប្រសិនបើធម្មជាតិ ឬអធិធម្មជាតិណាមួយមានវិបត្តិ ឬក៏មានបញ្ហាអ្វីមួយ វានឹងអាចបង្កហានិភ័យ ភាពមិនប្រក្រតី និងអតុល្យភាពដល់មនុស្ស សត្វ និងជីវិតទាំងឡាយ ទោះបីអាចមើលឃើញក្ដី មើលមិនឃើញក្ដី»។
នៅក្នុងវិចិត្រសាល វីដេអូលើអេក្រង់ ២ រូបចម្លាក់ របាំងមុខនាគចំនួន ២ ក្រងពីវល្លិ និងរូបថតចំនួន ៥ សន្លឹក ត្រូវបានដកស្រង់ចេញពីកម្រងស្នាដៃ ពពិល (២០១៨) របស់សិល្បករ ខ្វៃ សំណាង។
ពពិល គឺជាពិធី ១ ដែលប្រជាជនខ្មែរតែងតែធ្វើឡើងនៅក្នុងពិធីកាត់សក់បង្កក់ឆ្មប ឆ្លងវ័យ មង្គលការ បុណ្យសព និងពិធីផ្សេងៗទៀត ដើម្បីអន្ទងហៅព្រលឹងទាំង ១៩ ឱ្យមកចូលប្រសព្វក្នុងខ្លួនមនុស្សវិញ ដើម្បីវៀរចាកជំងឺតម្កាត់។
សិល្បករម្ចាស់ស្នាដៃបានបរិយាយថា៖ «ពពិល បង្ហាញពីរឿងរ៉ាវស្នេហា និងការពិពណ៌នាអំពីការផ្លាស់ប្តូរភូមិសាស្ត្រ ឬបរិស្ថានពីភាគខាងជើងនៃប្រទេសកម្ពុជា ទៅកាន់រាជធានីភ្នំពេញ និងផ្នែកខាងត្បូងដោយឆ្លងកាត់សមុទ្រ ភ្នំ ព្រៃឈើ និងទីក្រុង ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ អ្នករបាំទាំង ២ បានសម្តែងជាទម្រង់របាំបុរាណខ្មែរ ដែលរួមមានការរៀបរាប់ពីពិធីផ្សេងៗ ដែលថ្វាយដល់វិញ្ញាណនៃទឹកដី ព្រៃឈើ ទឹក»។
ពិព័រណ៍នេះក៏មានស្នាដៃ ១ ទៀតឈ្មោះថា «លិខិតផ្ញើតាមសមុទ្រ» (២០១៩) របស់សិល្បករ លីម សុខចាន់លីណា ជាវីដេអូទោល អមដោយឯកសារដំណើរការផលិត បណ្ណសារលិខិត និងវត្ថុ ១ចំនួន និយាយអំពីទុក្ខលំបាកពលករនេសាទខ្មែរនៅប្រទេសថៃ។
លោកនាំយកបទពិសោធនេះមករៀបរាប់ថា៖ «កាលណោះ ខ្ញុំធ្វើការស្រាវជ្រាវនៅកន្លែងជាច្រើននៅឆ្នេរសមុទ្រថៃ ពីខេត្តប៉ាតានី ដល់ខេត្តត្រាត ជាប់ព្រំដែនកម្ពុជាកោះកុង។ ខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំអាចភ្ជាប់ទៅរឿងរ៉ាវដែលខ្ញុំបានឮអំពីអ្នកនេសាទខ្មែរនៅថៃលំបាកយ៉ាងណាបាន ក៏ដូចជារឿងរ៉ាវដែលមានអ្នកស្លាប់ក្នុងសមុទ្រ។ ខ្ញុំចង់ចែករំលែករឿងនេះដល់អ្នកដទៃ ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់ចូលរួមរំលែកទុក្ខដល់អ្នកស្លាប់»។
គាត់បន្តទៀតថា៖ «ដូច្នេះហើយ ខ្ញុំគិតថាការសរសេរសំបុត្រផ្ទាល់ខ្លួន ហើយអានវានៅក្រោមសមុទ្រ គឺជាវិធីដ៏ល្អបំផុតសម្រាប់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ការនិយាយដែលផុសចេញពីការអានរបស់ខ្ញុំអាចនាំសំឡេងខ្ញុំ ទៅកាន់ពួកគេ និងសម្រាប់ពិភពលោកផងដែរ»។
សិល្បករទាំង ២ ឱ្យដឹងថាស្នាដៃទាំងនេះធ្លាប់បានតាំងពិព័រណ៍នៅលើឆាកអន្តរជាតិរួចមកហើយ ប៉ុន្តែមិនទាន់បានបង្ហាញក្នុងមាតុភូមិនៅឡើយ។
សម្រាប់សិល្បករ វុធ លីណូ ស្នាដៃបង្គុំបែបស្ថាបត្យកម្ម១ធ្វើពីអំពូលនីអុង និងរូបភាពធ្វើពីសន្លឹកលោហៈពណ៌មាសចំនួន ៤ ផ្ទាំង រំលេចជាគ្រោងរូបជំនាងផ្ទះ។ ការប្រណិប័តន៍ជំនាងផ្ទះនៅកម្ពុជាបានទទួលឥទិ្ធពលពីវប្បធម៌ចិន ជាមួយជំនឿថា មានដួងព្រលឹងចាំថែរក្សាផ្ទះនីមួយៗ។
លោក លីណូ បានឱ្យដឹងពីដំណើរការបង្គុំពន្លឺថា៖ «អំពូលនេអុង ត្រូវបានបង្ហាញជាមុំផ្អៀងចុះក្រោម ២០ ដឺក្រេ ហាក់ដូចជំនាងផ្ទះកំពុងហោះពីលើមករកទស្សនិកជន»។

លិខិតផ្ញើតាមសមុទ្រ (២០១៩) របស់សិល្បករ លីម សុខចាន់លីណា។ រូបថត Sa Sa Art Projects
ចំពោះលោហៈពណ៌មាសទាំង ៤ សិល្បកររូបនេះបានលើកឡើងថា ទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយបទពិសោធ និងរូបភាព ដែលហាក់ដូចជាបង្កើតបាននូវលម្ហថ្មីនៃពិភព ១ ផ្សេងទៀត សម្រាប់ជំនួបមិននឹកស្មានដល់រវាងទស្សនិកជន និងជំនាងផ្ទះ។
លោក លីណូ ថា លោកពិតជាចង់ដឹងមតិយោបល់បន្ថែមពីអ្នកជិតខាង និងអ្នកដំណើរជិះកាត់ណាស់ព្រោះការងារបង្គុំអំពូលរបស់លោកមានពណ៌ក្រហមចាំង និងមើលឃើញពីផ្លូវបានច្បាស់។
អ្នករៀបចំពិព័រណ៍ អ្នកស្រី ច័ន្ទវាសនា បានឆ្លើយតបសំណួរអំពីអ្វីដែលគម្រោងសិល្បៈ ស-ស បានធ្វើ និងរៀនកន្លងមកថា ជាង ១ ទសវត្សរ៍នៃការកកើត សិល្បករទាំងនេះបានជួយដល់ការអភិវឌ្ឍសិល្បៈសហសម័យនៅកម្ពុជា រួមទាំងលើកកម្ពស់សិល្បករខ្មែរវ័យក្មេង និងស្នាដៃរបស់ពួកគេក្នុងស្រុក និងនៅភូមិសាស្ត្រផ្សេងៗ តាមរយៈកម្មវិធីអប់រំ ការបណ្ដុះបណ្ដាល និងការតាំងពិព័រណ៍។
គម្រោងសិល្បៈ ស-ស ស្ថិតនៅផ្ទះលេខ ៤៧, ផ្លូវលេខ ៣៥០ និងបើកជារៀងរាល់ថ្ងៃ ពុធ-សៅរ៍ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច៕