ក្រុង​កាំ​ប៉ា​ឡា: សមាគម​ពាណិជ្ជកម្ម ​១ ​នៅ​ភាគ​ខាងជើង​អ៊ូ​ហ្គ​ង់​ដា បាន​ហាមឃាត់​ស្ដ្រី​ពី​ការ​អង្គុយ​ជួរ​ខាងមុខ​នៃ​រថយន្ដ​ធុន​ធំ ក្រោយពី​មានការ​សម្រេច​ថា សំពត់​ខ្លី និង​ការបញ្ចេញ​សាច់​ភ្លៅ​អាច​រំខាន​ការ​ផ្ចង់អារម្មណ៍​របស់​អ្នកបើកបរ និង​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ថែមទៀត​។

​សេចក្ដី​បង្គាប់​នេះ​បាន​អនុវត្ដ​នៅ​ទីក្រុង​លី​រ៉ា ដោយ​ហាមឃាត់​ដល់​អ្នក​បើកបរ​ទាំង​អស់ពី​ការអនុញ្ញាតឱ្យ​ស្ដ្រី «​រួមទាំង​ភរិយា​» អង្គុយ​កៅអី​មុខជា​មួយ​អ្នកបើកបរ​រថយន្ដ​ធុន​ធំ​។ សមាគម​ដែល​តំណាងឱ្យ​ក្រុម​អ្នក​ជំនួញ និង​អាជីវករ​ក្នុងស្រុកបានឱ្យដឹងថា សេចក្ដីសម្រេច​ដែល​ហាម​​ប្រាម​អ្នកដំណើរ​ជា​ស្ដ្រី​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ហេតុផល​សុវត្ថិភាព​។

​ផា​ទ្រី​ក អូ​ពី​យ៉ូ អូ​បូ​តេ ប្រធាន​ក្រុម​​អាជីវករ​ផ្សារ​ចល័ត​ក្នុង​លី​រ៉ាបាន​ប្រាប់ AFP ថា​៖ «​អ្នកខ្លះ​ស្លៀក​ខ្លី ដែល​បង្ហាញ​សាច់​ភ្លៅ និង​ធ្វើឱ្យ​អ្នកបើក​បរបែក​អារម្មណ៍ ហើយ​អ្នកបើកបរ​ទៀតសោត​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មនុស្ស​លើ​រថយន្ដ​ត្រូវស្លាប់​។ បម្រាម​នេះ​ចូល​ជា​ធរមាន​ភ្លាមៗ ហើយ​អ្នកបើកបរ និង​អ្នកដំណើរទាំងអស់​ត្រូវតែ​អនុវត្ដ​»​។

​លោក អូ​បូ​តេ បាន​និយាយថា ការ​​សម្រេច​ត្រូវបាន​ធ្វើឡើង​ក្រោយ​មានការ​ត្រួតពិនិត្យ​លើ​ធាតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​តំបន់​ទាក់ទង​នឹង​អ្នកបើកបរ​រថយន្ដ​ធុន​ធំ​។

​លោក​បាន​បន្ដថា​៖ «​យើង​បាន​រកឃើញថា មិនមែន​ការបើកបរ​ល្បឿន​លឿន ការ​ល្មើស​របស់​អ្នកបើកបរ ដោយសារ​ស្ដ្រី​ខ្លះ​អង្គុយ​នៅ​ជួរមុខ ខណៈ​ពួកគេ​ស្លៀក​ខ្លី ខ្លះ​នាំ​អ្នកបើកបរ​ចូល​បា​រ៍ និង​ផឹក​គ្រឿង​ស្រវឹង ដែល​បង្ក​ជា​គ្រោះថ្នាក់​»​។

​បម្រាម​ត្រូវបាន​ធ្វើឡើង​ បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ធុន​ធំ ​១ ​កាលពី​ថ្ងៃទី ​១០ ខែមករា ដែល​អ្នកជំនួញ ៩​ នាក់​បាន​ស្លាប់ និង ២០ ​នាក់​ទៀត​រងរបួស​៕ AFP/HR