ភ្នំពេញ: ក្នុង​បន្ទប់​បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំ​នើ​បៗ យុវជន ៦ ​នាក់​គ្រង​ឯក​សណ្ឋាន​ពណ៌​ស អង្គុយ​លើ​កៅអី ដែលមាន​ប៊ូ​តុង​ចុច​សេ​រ៉េ​ឱ្យស្រប​ដងខ្លួន កំពុង​ផ្ចិតផ្ចង់​ពិនិត្យ និង​ដោះ​គ្រឿងបន្លាស់​នាឡិកា​តូចៗ​តាមរយៈ​កែវឆ្លុះ​ដើម្បី​លាង និង​លាបប្រេង​។

​សកម្មភាព​នេះ​ជាការ​សិក្សា​នៅក្នុង​ថ្នាក់រៀន​របស់​សាលា​នាឡិកា​ស្វ៊ី​ស​ដំបូង​គេ​បង្អស់​ដែល​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា​នៅ​កម្ពុជា ដោយ​គ្រប់​ឧបករណ៍​ទាំងអស់​ត្រូវបាន កញ្ញា ជេ​ស៊ីកា ថា​គ័​រ ទីប្រឹក្សាបច្ចេកទេស និង​គ្រូបង្រៀន​នៅ​ព្រី​នស៍ ឱ្យដឹងថា សុទ្ធតែ​នាំចូល​ពី​ស្វ៊ី​ស​ផ្ទាល់ ហើយ​ទើបតែ​បើក​ថ្នាក់ដំបូង​កាលពី​ខែមិថុនា ឆ្នាំ ​២០២០​។​

​សិស្ស​ដំបូង​បំផុត​ទាំង ៦ ​នាក់ កំពុង​សិក្សា​ក្រោម​អាហា​​រូបករណ៍ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​មជ្ឈមណ្ឌល​ផ្ទាល់ ដែល​ត្រូវ​សិក្សា​រយៈពេល ២ ​ឆ្នាំ​។

​កញ្ញា ជេ​ស៊ីកា ប្រាប់ ភ្នំពេញ​ ​ប៉ុ​សិ៍្តថា​៖ «​តាម​កម្មវិធីសិក្សា​រប​ស់​ស្វ៊ី​ស សិស្ស​ត្រូវ​ចាប់ផ្ដើម​រៀន​ពី​ការបង្កើត​សមាសធាតុ គ្រឿងបន្លាស់​តូចៗ​ដោយ​ដៃ បន្ទាប់មក​ទើប​រៀន​លើ​នាឡិកា​ផ្ទាល់​។ ព្រី​នស៍ ធ្វើឱ្យ​ប្រាកដថា​សិស្ស​នៅ​កម្ពុជា​អាច​ទទួល​​បាន​កម្រិត​ការសិក្សា​ស្មើ ឬក៏​លើសពី​សិស្ស​នៅ​ស្វ៊ី​ស ក៏ដូចជា​ប្រទេស​ដទៃទៀត​»​។

​អតីត​អ្នកគ្រប់គ្រង​នៅ​សាលា​នាឡិកា WOSTEP ស្វ៊ី​សរូប​​នេះ បាន​អះអាងថា​៖ «​កាលពី​ខ្ញុំ​រៀន​ផ្នែក​នាឡិកា​នៅ​អូ​ស្ត្រា​លី ឧបករណ៍​យើង​មាន​មិនបាន​ពាក់កណ្ដាល​នេះ​ផង​។ ពួកគេ​មានសំណាង​ណាស់​»​។​

នាឡិកា​ស្វ៊ីស​។ហេង ជីវ័ន

​យុវ​សិស្ស​ត្រូវបាន​ផ្ដល់ឱកាស​ឱ្យ​រៀន​អនុវត្ដ​ជាក់ស្ដែង​នូវ​ការ​​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​កាត់​វត្ថុធាតុដើម រចនា​ចេញ​ជា​គ្រឿងបន្លាស់​តូចៗ ដែល​គ្រឿង​ខ្លះ​ទំហំ​តូច​ត្រឹម ២,៥ ​មិ​លី្ល​ម៉ែត្រ ក៏ដូចជា​ការបណ្ដុះបណ្ដាល​លើ​ផ្នែក​សេវាកម្ម​ថែទាំ ចាប់ពី​ការលាង​សម្អាត​គ្រឿងបន្លាស់ ឬ​ខ្សែ​នាឡិកា​ឱ្យ​ភ្លឺរលោង​។

​កញ្ញា ជេ​ស៊ីកា បញ្ជាក់ថា​៖ «​សិស្ស​ហ្វឹកហាត់​ជំនាញ​ផ្នែក​សេវាកម្ម​ថែទាំ​នាឡិកា ដូចជា​ឡាន​អ៊ីចឹង​។ ពួកគេ​ដោះ​គ្រឿងបន្លាស់ លាង​សម្អាត លាបប្រេង និង​ផ្គុំ​វា​ឡើងវិញ​។ នាឡិកា​ទាំងនេះ យើង​យកមក​ពី​ស្វ៊ី​ស​សម្រាប់​ឱ្យ​ពួកគេ​រៀន​»​។

​កញ្ញា​បាន​ស្រាយ​ចម្ងល់​ថា​៖ «​រៀន​ចប់ ពួកគេ​អាចធ្វើ​ជាជាង​ជួសជុល អ្នកបច្ចេកទេស និង​ជំនួយការ​បច្ចេកទេស​។ ប៉ុន្ដែ​យើង​មិនមែនជា​អ្នក​ផលិត​នា​​ឡិ​កា​ទេ​។ តែ​ក៏មាន​សិស្ស​យើង​ខ្លះ​មានបំណង​ក្នុងការ​បង្កើត​នាឡិកា​ផ្ទាល់ខ្លួន​ដែរ​»​។​

​ភ្នែក​រំពៃ​យ៉ាង​យក​ចិ​ត្ដ​ដាក់​លើ​គ្រឿងបន្លាស់​តូចៗ យុវជន សាក់ លី​ហួ បាន​និយាយ​ពី​ការ​​រៀនសូត្រ​របស់ខ្លួន​ថា ស្វ៊ី​ស​ជា​ប្រទេស ដែល​ធ្វើ​នាឡិកា​មានគុណ​ភាពល្អ​បំផុត​។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ ដែល ព្រី​នស៍ បាន​នាំមក​ខ្មែរ​ដើម្បីឱ្យ​សិស្ស​ទទួលបាន​ការសិក្សា​មានគុណ​​ភាព​ដូច​នៅ​បរទេស​»​។

​លី​ហួ ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «​ការរៀន​ផលិត​នាឡិកា​នេះ វា​ក៏​ជះ​ឥ​ទិ្ធ​ពល​នៅ​ការរៀន​ខាងក្រៅ ដោយ​ជួយ​ឱ្យ​យើង​មានការ​អត់ធ្មត់​លើ​អ្វី ដែល​យើង​កំពុងតែ​ធ្វើ​ជាង​មុន​»​។

​អង្គុយ​ក្បែរ​គ្នា​នោះ លោក អ៊ុង ឈុន​ឡុង បាន​បន្តថា​៖ «​គោលដៅ​ខ្ញុំ គឺ​ធ្វើ​ការយក​បទពិសោធ​នៅក្រៅ​ប្រទេស​ផ្នែក​នាឡិកា និង​បង្កើន​សមត្ថ​​ភាព​ខ្លួនឯង​។ បើ​មាន​សមត្ថ​​ភាព និង​ធនធាន ខ្ញុំ​ចង់​បង្កើត​យីហោ​នាឡិកា​ខ្លួនឯង​»​។​

​បច្ចុប្បន្ន មជ្ឈមណ្ឌល​បណ្ដុះ​​បណ្ដាលមាន​សិស្ស ចំនួន ៦ ​នាក់ ​១ ​ថ្នាក់ ដែល​នឹង​បញ្ចប់​វគ្គ​សិក្សា​នៅក្នុង​ខែកក្កដា​ឆ្នាំនេះ​។ ប៉ុន្តែ កញ្ញា ជេ​ស៊ីកា និយាយថា សាលា​មាន​គម្រោង​យក​សិស្ស ២ ​ថ្នាក់ និង​ថ្នាក់រៀន​នីមួយៗ ទទួល​សិស្ស ៨ ​នាក់​នៅ​ឆ្នាំ ​២០២៣​។

​កញ្ញា ជេស៊ីកា ថាគ័រ ជា​ទីប្រឹក្សាបច្ចេកទេស និង​គ្រូបង្រៀន​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​ព្រីនស៍​​។ហេង ជីវ័ន

​អ្នកគ្រូជនជាតិ​អូស្ត្រាលី​រូប​​នេះ​បន្ដថា សិស្ស​ត្រូវ​ប្រើ​ភ្នែក និង​ដៃ​ឱ្យមាន​លំនឹង​ស្របគ្នា រួមទាំង​ផ្ចង់អារម្មណ៍ និង​អត់​​ធ្មត់​ខ្ពស់ ព្រោះ​ត្រូវ​លម្អិត​ខ្លាំង​។ រយៈពេល ២ ​ឆ្នាំ សិស្ស​ចំណាយពេល​សិក្សា​សរុប ៣ ៤០០ ​ម៉ោង ពី​ម៉ោង ៨ ​ព្រឹក ដល់ ៥ ​ល្ងាច និង​ពីថ្ងៃ​ចន្ទ ដល់​សុក្រ​។​

​អ្នក​បណ្ដុះបណ្ដាល​រូបនេះ បាន​លើក​នាឡិកា​បង្ហាញ​ដែល​ជាប់​ឈ្មោះ​យីហោ ព្រីស​ន៍ និង​បកស្រាយ​ពី​ភាពខុសគ្នា​រវាង​នាឡិកា​មួយ​ទៅមួយ​ទៀតថា នាឡិកា​ខ្លះ​មាន​ទ្រនិច ៣ មាន​ថ្ងៃខែ ប្រើ​ថ្ម និង​ប្រើ​ស្ពឺ ដែល​វា​ដើរ​ដោយ​ចលនា​កដៃ​។​

​ជេ​ស៊ីកា ពន្យល់ថា​៖ «​ថ្វីបើ​យើង​ជា​អ្នកធ្វើ​នាឡិកា មាន​ទំនោរ​ទៅរក​នាឡិកា​ដែល​ប្រើ​ស្ពឺ​ជាង ក៏​បច្ចេកវិទ្យា​របស់​វា និង​ប្រភេទ​នាឡិកា​ថ្ម គឺ​ខុសគ្នា​ច្រើន​។ ទាំងនេះ សិស្ស​ត្រូវ​យល់​ឱ្យបាន​ច្បាស់ ព្រោះ​ប្រភេទ​ថ្ម​មាន​ច្រើន​លើ​ទីផ្សារ​»​។​

​គ្រូ​បណ្ដុះបណ្ដាល ២ ​នាក់​ទៀត​គឺ លោក ម៉ា​ត​ធិ​ន ភី​ត​ធឺ ជាទី​ប្រឹក្សា និង​គ្រូ​ដែល​ល្បី​ក្នុង​ការផលិត​នាឡិកា​ស្វ៊ី​ស និង​មាន​លោក បេន លី ជា​ជំនួយ​​ការ​គ្រូ​ជនជាតិ​ម៉ា​ឡេ មានការ​​បណ្ដុះបណ្ដាល​ពី​ស្វ៊ី​ស​។

​ចំពោះ​តម្លៃ​សិក្សា​រយៈពេល ២​ ឆ្នាំ សម្រាប់​សិស្ស​ខ្មែរ ដែល​មិន​ទទួលបាន​អាហារូបករណ៍ គឺ ២ ៥០០​ ដុល្លារ​ម្នាក់ ខណៈ​សិស្ស​អន្តរជាតិ ត្រូវ​បង់​តម្លៃ ១៥ ០០០​ ដុល្លារ ដោយ​សិស្ស​តម្រូវ​អាយុ​ពី ១៨​ឆ្នាំ​ឡើង​។​

សិស្ស​នៅ​សាលា​ព្រីនស៍ ​បង់ថ្លៃ​ ២ ៥០០ ​ដុល្លារ​ម្នាក់​សម្រាប់​ខ្មែរ និង​ ១៥ ០០០ ដុល្លារ​ សម្រាប់​បរទេស​​​។ហេង ជីវ័ន

​ជេ​ស៊ីកា បន្ដថា​៖ «​យើង​មាន​មោទនភាព ដែល​សិស្ស​យើង​នឹង​ក្លាយជា​អ្នកធ្វើ​នាឡិកា​ស្វ៊ី​ស​ដំបូង​គេ ថែមទាំង​ទទួល​ការបណ្តុះបណ្តាល​នៅ​ទឹកដី​របស់​ពួកគេ​។ យើង​មិនដឹងថា ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រភេទ​នេះ​ទទួលបាន​ជោគ​​ជ័យ​កម្រិតណា​នៅឡើយ​ទេ ខណៈ​យើង​ជា​អ្នក​ទី​១ ​កំណត់​ស្តង់ដា​។ តែ​ខ្ញុំ​រំភើបចិត្ត​ជាខ្លាំង ដែល​ពួកគេ​ប្រឹងប្រែង និង​អាច​ចាប់បាន​ទៅតាម​កម្មវិធីសិក្សា​រប​ស់​ពួកយើង​»​។

​អ្នកគ្រូ​វ័យ ​៤១ ​ឆ្នាំ​រូបនេះ​បន្ថែមថា បើ​រៀន​ចប់ សិស្ស​មាន​ចំណាប់អារម្មណ៍​ចង់​ធ្វើ​ការងារ​ទីនេះ ពួកគេ​អាចធ្វើ​បានជា​គ្រូ ឬ​ជំនួយការ ពីព្រោះ​គ្មាន​ម​ជ្ឈ​មណ្ឌល​សេវាកម្ម​ទីនេះ​ទេ​។​

​ចំពោះ​ទីផ្សារ​នាឡិកា​ស្វ៊ី​ស វា​មាន​កម្រិតស្ដង់ដា​ខ្ពស់ ដែល​ខុសប្លែក​ពី​នាឡិកា​ឌីជីថល ឬ​នាឡិកា​ឆ្លាត​វៃ​។ អតិថិជន​តែង​រក​ភាព​ពិសេស ជាការ​ធ្វើ​ដោយ​ដៃ និង​គ្រឿងបន្លាស់​ល្អ​។​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូលទៅ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក @princehorology៕