បាត់ដំបង: ទិដ្ឋភាព​ប្រជាជន​ខ្មែរ​អ្នក​ជាប់សែស្រឡាយ​ចិន ដែលជា​រៀងរាល់ឆ្នាំ​តែង​មក​ថ្វាយ​សាច់ ពង​ទា យី​ហ៊ឺ​ដាក់​ក្នុង​មាត់​ខ្លា ដើម្បី​ធ្វើ​ពិធី​កាត់​ឆុង​រំដោះគ្រោះ នៅ​ព្រះវិហារ​ចិន​ខ្លាស តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ វត្ដ​ភ្នំ បាន​ត្រឡប់មក​ជាថ្មី​នៅ​រដូវ ចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំនេះ ជាមួយ​សភាព​អ៊ូអរ​ទាំង​ស្ទើរតែ​គ្រប់គ្នា​មាន​ពាក់​ម៉ាស់ កាន់​ដប​អាល់កុល​។​

​លោកតា ឡា ដែលជា​ជើងព្រះ ​១ ​រូប​ប្រចាំ​នៅ​វិហារ​ចិន​ខ្លាស បាន​ពន្យល់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ជំនឿ​កាត់​ឆុង​នេះ​ថា​៖ «​ឆុង​ហ្នឹង​ដូចជា អារម្មណ៍​ដែល​យើង​ធ្វើ​អី​ក៏​មិនត្រូវ មិនល្អ​។ ពេល​យើង​និយាយ​ទៅរក​គេ​ដោយ​អត់​មានរឿង​អី​សោះ គេ​ខឹង​យើងភ្លាម​។ យើង​និយាយ​ទៅ​គេ​ល្អ គេមក​អាក្រក់​ដាក់​យើង​»​។

​លោក​បាន​បន្តថា​៖ «​ដូច្នេះ វិធី​កាត់​ឆុង អ្នក​ចិន គេ​មក​កន្លែង​ទេវតា​ខ្លាស ដែលជា​និមិត្តរូប​មួយ​ដើម្បី​កាត់​ឆុង​យក​កម្ម​យក​ពៀរ យក​ទុក្ខ​យក​សោក​ពី​មនុស្សលោក​។ បើ​យើង​មានរឿង​មាន​រ៉ាវ យើង​មកប្ដឹង​គាត់​ឱ្យជួយ​កម្ចាត់​កម្ម​ពៀរ​ចេញពី​ខ្លួន​យើង និង​ឱ្យ​អ្នកតា​ខ្លាស​ជួយ​ដោះស្រាយ​ឱ្យ​»​។​

​ដោយ​ឆ្លងកាត់​បទពិសោធ​ជាង ១៦​ ឆ្នាំ លោកតា ឡា ដែលមាន​សែ​​ស្រ​ឡាយ​ចិន​រូបនេះ​ថា ក្នុង​ការរៀប​ពិធី​នេះ​មិនមាន​អ្វី​ច្រើន​ទេ អ្នក​ដែល​មក​សែន​រំដោះគ្រោះ​គ្រាន់តែ​ថ្វាយ​​សាច់ជ្រូក ​៣​ជាន់ ៣​ ចំណិត ពង​ទា ៣ គ្រាប់ និង​យី​ហ៊ឺ ៣ ​ចំណិត​។

​លោកតា ឡា ណែនាំ​ប្រាប់​ពី​ការ​​ធ្វើពិធីកាត់ឆុង​រំដោះគ្រោះ ដល់​ពលរដ្ឋ​មក​កាន់ព្រះវិហារ​ចិនខ្លាស នៅ​តំបន់វត្តភ្នំ​។ហុង មិនា

​ប៉ុន្តែ​លោក​បាន​បញ្ជាក់ទៀតថា បើ​មិនមាន​លទ្ធភាព មានតែ​សាច់ជ្រូក​ ១ ​ចំណិត ពង​ទា ១ ​គ្រាប់ យី​ហ៊ឺ ១ ​ចំណិត​ក៏បាន​ដូចគ្នា ហើយ​ការ​ប្រ​ណិ​ប័ត​ន៍​ជំនឿ​ទៅតាម​លទ្ធភាព​ក៏​ទទួលបាន​ភាព​សុខ​សប្បាយ​ដូចគ្នា​។

​ខុសប្លែក​ពី​ចូលឆ្នាំ​ខ្មែរ ដែល​ជឿ​ទៅលើ​ទេវតា​សោយ​អ្វី​ផ្សេងៗ​ទៅតាម​ឆ្នាំ លោកតា ឡា ថា ខាង​ចិន​គឺ គេ​សែន តែ ៣ ​មុខ ហ្នឹង​ជា​រៀងរាល់ឆ្នាំ​។ មួយទៀត​នោះ អ្នក​ហូប​បួស​ក៏​អាច​សែន​ម្ហូបបួស ដូចជា​ផ្លែឈើ​ក៏បាន ដោយ​ពិធី​កាត់​ឆុង​រំដោះគ្រោះ​នេះ​មិនមាន​ការកំណត់​ថ្ងៃ​ទេ​។

​លោកតា ឡា ថា​៖ «​កាលណា​យើង​ទំនេរ​ថ្ងៃ​ណា យើង​មក​ពេល​ហ្នឹង ដោយ​គេ​អាចធ្វើ​មុន និង​ក្រោយ​ចូល​ឆ្នាំ​ក៏បាន គិតពី ១ កើត ដល់ ១៥ កើត​រហូតដល់​ថ្ងៃ​ហែ​លោកតា​ជា​ថ្ងៃ​បញ្ចប់ ហើយ​ពេល​គេ​ធ្វើ​ពេល​ហ្នឹង​រួច​គេ​អស់​អារម្មណ៍​ថា ស៊យ ឬ​ឆុង គេ​ឈប់​សែន​ហើយ​»​។​

​លោក​បាន​ឱ្យដឹងទៀតថា វត្តមាន​អ្នក​មកកាន់​ព្រះវិហារ​ខ្លាស​ជា​រៀង​​រាល់​ឆ្នាំ មាន​ទាំង​អ្នក​មក​កាត់​ឆុង និងអ្នករក​អ្នកតា​ដើម្បី​បួងសួង​សុំ​សុខ សេចក្ដីចម្រើន​។ អ្នកខ្លះ​ក៏​មក​អរគុណ ព្រោះ​លោកតា​បាន​ជួយ​ពួកគេ​ក្នុង ឆ្នាំ​ចាស់​ឱ្យ​រកស៊ី​មានបាន និង​ប្រារព្ធ​សែន​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី​។

​លោកតា ឡា ថា​៖ «​កន្លែង​យើង​ហ្នឹង​មាន​លោកតា​ព្រះ​ចៅ​ក្រុង​កម្ពុជា ដែល​លោក​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ធំ​​ជាងគេ​នៅ​ស្រុក​ខ្មែរ ដូច្នេះ​គេ​មក​សែន​កន្លែង​ហ្នឹង ហើយ​បើ​គាត់​មាន​ឆុង គាត់​ក៏​មក​កន្លែង​ខ្លាស​ហ្នឹង​ទៀត​បាន​»​។​

អ្នក​មក​ធ្វើពិធីរំដោះគ្រោះ ដាក់សាច់ជ្រូក ៣ ជាន់​ទៅក្នុង​មាត់​ខ្លា។ ហុង មិនា

​លោកតា​ដែល​បាន​រៀន​ពី​ក្បួនតម្រា​អំពី​ការ​ឆុង​ឆ្នាំ​រូបនេះ ថា​ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ ខាល ត្រូវជា​ខ្លា វា​ជា​ឆ្នាំ ដែល​កាច​ជាងគេ​ចំណោម ឆ្នាំ​ទាំង ១២​។ ឆ្នាំ ៤ ដែល​ឆុង​នឹង​ឆ្នាំ​ខ្លា​ខ្លាំង គឺ​ឆ្នាំខាល វក ម្សាញ់ និង​កុរ​។ សម្រាប់​អ្នក​ឆុង​ខ្លាំង គឺ​ឆុង​ ១០០ ​ភាគរយ ដូចជា​ឆ្នាំ វក ត្រូវ​កុំទៅ​ចូលរួម​បុណ្យសព​គេ​ឱ្យសោះ​។

​ក្នុងចំណោម​អ្នកមាន​ជំនឿ​កាត់​ឆុង​នេះ អ្នកស្រី អ៊ុច សាលី តែងតែ​មក​វិហារ​ចិន​ខ្លាស​នេះ ឱ្យតែ​ចំ​ឆ្នាំ​ដែល​អ្នកស្រី​មាន​កូនចៅ​ឆុង​នឹង​ឆ្នាំ​នោះ​។​

​អ្នកស្រី​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ឆ្នាំនេះ ឆ្នាំ​ខ្ញុំ​ហួសហើយ ប៉ុន្តែ​កូន​ខ្ញុំ​ឆ្នាំខាល ដូច្នេះ​ទើប​ខ្ញុំ​នាំ​គាត់​មក​។ ពេល​យើង​មក​រំដោះគ្រោះ​ទីនេះ ឧបមា​ថា​ ខ្ញុំ​ឆុង​ ១០០ ​ភាគរយ វា​នៅតែ ៥០ ​ភាគរយ ហើយ​បើ ៥០ ​ភាគរយ វា​កាត់​មក ២០ ភាគរយ​អី​អ៊ឹ​ចឹ​ង​ទៅ​។ នេះ​ជា​បទពិសោធ​ខ្ញុំ​ទទួលបាន ទើប​ខ្ញុំ​តែងតែ​មក​ទីនេះ​»​។​

​លោកតា ឡា បានឱ្យដឹង​ទៀតថា មិនមែន​តែ​ខ្មែរ​កាត់​ចិន​ទេ ជន​ជាតិចិន​មួយចំនួន​ក៏​មកកាន់​ព្រះវិហារ​ដ៏​​ចំណាស់​គួរសម​នេះ​ច្រើន​ដែរ​។

​តែ​លោកតា​ក៏​ស្រពេចស្រពិល​ដូចគ្នា​អំពី​ពេលវេលា និង​ស្ថាបនិក​វិហារ​នេះដែរ ប៉ុន្តែ​លោក​ច្បាស់​ថា រូប​ខ្លា​ដែល​ធ្វើ​ថ្មី​មាន​អាយុ ​២០ ​ឆ្នាំ​ហើយ​។​

​លោកតា ឡា និយាយថា​៖ «​អាច​សរុប​បាន​ថា របស់​ហ្នឹង​វាពី​បុរាណ​មក​ដែរ មិនមែន​ទើប​ឥឡូវ​ទេ​»​។

ប្រជាជនមក​ប្រណិប័តន៍ជំនឿ​សែន​ព្រេន​នៅ​ព្រះវិហារ​ចិន​ខ្លាស​។ ហុង មិនា

​ប៉ុន្តែ បើ​និយាយ​ការ​ផ្អើល​ឈូឆរ​មក ធ្វើ​ពី​ធី​កាត់​ឆុង​រំដោះគ្រោះ​លោកតា​ថា ទើបតែ​ឥឡូវ ដែល​គេ​មាន​ហ្វេ​ស​ប៊ុ​ក មាន​ទូរទស្សន៍​ច្រើន ទើប​ប្រជាជន​ដឹងឮ​ពី​ភាព​ស័ក្តិសិទ្ធិ ហើយ​គាត់​ក៏​នាំគ្នា​មក​កាន់តែ​ច្រើនឡើងៗ​។​

​លោក តា បានលើកឡើង​ទៀតថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់ថា បើ​អ្នកមាន​ឆ្នាំ​ឆុង មិន​បានមក​វត្តភ្នំ គាត់​ទៅតាម​វត្ត​ផ្សេង​ស្រោច​ទឹក​អី ក៏​មិនមាន​ទាស់ខុស​អី​ទេ ទៅតាម​ជំនឿ​រៀងៗ​ខ្លួន​។ គេ​មក​កន្លែង​ណា គេ​ទៅ​កន្លែង​ហ្នឹង​ទៅជា​រឿង​របស់​ពុទ្ធបរិស័ទ ដែល​គាត់​ជឿ គាត់​គោរព​»៕