សៀមរាប: ក្នុង​ដំណើរ​ស្វែងយល់​ពី​វប្បធម៌​នៅ​ទីក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​អង្គរ ម្ហូបអាហារ​របស់​ប្រជាជន​ប្រចាំ​តំបន់​អរិយធម៌​ដ៏​ថ្កុំថ្កើង​នេះ​បង្កប់​ដោយ​រឿងរ៉ាវ​ជាច្រើន​ដែល​ត្រូវបាន​ជនជាតិ​ស្កុ​តឡែ​ន លោក​ ស្ទី​វិ​ន ហា​ក្រោល និង​ដៃគូ​អាមេរិក លីន​ណា ហ្គោល​ប៊ើ​ក ពិពណ៌នា​អមដោយ​រសជាតិ​អាហារ​ក្នុង «​ដំណើរ​កម្សាន្ត​ភ្លក្ស​ម្ហូប​នៅ​សៀមរាប​»​។​

​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៤ និង​គាំទ្រ​ដោយ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍​នឹង​វប្បធម៌​អាហារ​ខ្មែរ ស្ថាបនិក​វ័យ ៤២ ​ឆ្នាំ លោក ស្ទី​វិ​ន បាន​និយាយថា​៖ «​ម្ហូប​ខ្មែរ ជា​មុខម្ហូប​ដែល​ត្រូវបាន​គេ​មើលរំលង​ជាច្រើន ក្នុងចំណោម​មុខ​​ម្ហូប​នៅ​អាស៊ី​។ យ៉ាងណាមិញ មីឆា គ្រឿង​សមុទ្រ​ស្រស់ៗ ចំណី​ផ្អែម​ដ៏​ទាក់ទាញ ម្ហូប​តាម​ចិញ្ចើមផ្លូវ និង​ម្ហូប​ពី​បុរាណ បានបង្ហាញ​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​សម្បូរបែប​ក្នុងប្រទេស​ដ៏​ស្រស់ស្អាត​នេះ​»​។​

​ថ្វី​ដ្បិតថា​ពីមុនមក មាន​ក្រុមហ៊ុន​នៅ​សៀមរាប​ជាច្រើន ដែល​ផ្ដល់​សេវាកម្ម​ដំណើរ​កម្សាន្ត​បែប​ប្រហាក់ប្រហែលគ្នា​ដល់​ទេសចរ ប៉ុន្តែ «​ដំណើរ​កម្សាន្ត​ភ្លក្ស​ម្ហូប​នៅ​សៀមរាប​» ផ្ដល់​បទ​​ពិសោធ​បែប​សាមញ្ញ និង​ផ្ដោតទៅលើ​ការរៀន​ពី​វប្បធម៌​នៅតាម​តំបន់​តាមរបៀប​អ្នកស្រុក​ចម្អិនម្ហូប ជាជាង​ផ្ដល់​បទពិសោធ​ស៊ី​វិ​ល័យ​។

​អ្វីដែល​នាំឱ្យ​លោក ស្ទី​វិ​ន បង្កើត​ដំណើរ​កម្សាន្ត​ភ្លក្ស​ម្ហូប​នេះ​ឡើង ត្រូវបាន​រំឭក​ប្រាប់ថា​៖ «​ខ្ញុំ​បាន​ធ្វើជា​ចុងភៅ​អស់ ១០ ​ឆ្នាំ ហើយ​បានធ្វើការ​នៅ​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ ​២ Michelin ក្នុងប្រទេស​ស្កុ​តឡែ​ន មុន​ពេលដែល​ខ្ញុំ​ផ្លាស់​មក​កម្ពុជា​។ លី​ណា មានគំនិត​បង្កើត​ដំណើរ​ទេសចរណ៍​មួយ ដែល​យើង​ណែនាំ​ភ្ញៀវទេសចរ​មក​កម្ពុជា​អំពី​មុខម្ហូប​ខ្មែរ​»​។​

​ដំណើរ​ភ្លក្ស​ម្ហូប​ពេលព្រឹក និង​ល្ងាច​សម្រាប់​ក្រុម​តូចៗ​នេះ​ត្រូវបាន​លោក ស្ទី​វិ​ន ឱ្យដឹងថា​៖ «​យើង​នឹង​ណែនាំ​ទេសចរ​ឱ្យ​ស្គាល់​មុខម្ហូប​ពិសេស​លើ​ទីផ្សារ​ខ្មែរ​ដ៏​ពេញនិយម និង​អាហារសម្រន់​តាម​ដងផ្លូវ រួមទាំង​ផ្លែឈើ​តាម​តំបន់​មួយចំនួន​របស់​កម្ពុជា​»​។​

ភ្ញៀវ​ទេសចរ​នឹង​ស្វែង​យល់ពី​របៀបធ្វើនំបញ្ចុក​ដោយ​ពលរដ្ឋ​ប្រចាំ​តំបន់​។ រូបថត Lina Goldberg

​ដំណើរ​កម្សាន្ត​ពេលព្រឹក ចាប់ផ្ដើម​ពី​ម៉ោង ៨ ​ព្រឹក និង​បញ្ចប់​ចន្លោះ​ម៉ោង ១ ​រសៀល​។ មគ្គុទេសក៍​នឹង​នាំ​ទេសចរ​ទៅ​ផ្សារ​មាន​ពណ៌​ចម្រុះ​មួយ​ក្នុង​ខេត្តសៀមរាប បន្ទាប់មក​ដើរកាត់​វាលស្រែ និង​ប្រាសាទ​នានា ទៅកាន់​ភូមិ​ ១​ ក្នុង​ស្រមោល​ប្រាសាទ​អង្គរ ដែល​ជាទី​ទទួលទាន​អាហារ​ពេលព្រឹក​។ បន្ទាប់មក​ភ្ញៀវ​នឹង​ទៅ​មើល​អ្នកធ្វើ​នំ​បញ្ចុក និង​កសិករ​មុនពេល​ត្រឡប់មកវិញ​។​

​ដំណើរ​កម្សាន្ត​ពេល​ល្ងាច​ចាប់ផ្តើម​នៅ​ម៉ោង ៥​ ល្ងាច រហូតដល់​ម៉ោង ៩ ​យប់​។ ភ្ញៀវ​នឹងធ្វើ​ដំណើរ​ជុំវិញ​ខេត្តសៀមរាប​ភ្លក្ស​ម្ហូប​ខ្មែរ​ដ៏​ឈ្ងុយឆ្ងាញ់ នៅតាម​ទីតាំង​ផ្សេងៗ​គ្នា ចាប់ពី​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ និង​ភោជនីយដ្ឋាន​ពិសេស​ក្នុង​ក្រុង រហូតដល់​អាហារ​តាមផ្លូវ​នៅ​ផ្សារ​រាត្រី​ដ៏​មមាញឹក​នៅ​ជាយក្រុង​។​

​ភ្ញៀវទេសចរ​នឹង​បាន​ភ្លក្ស​សាច់​អាំង​​ខ្មែរ កង្កែប​បោប​អាំង​មាន​គ្រឿង​ខាងក្នុង​ដ៏​ឈ្ងុយ និង​ក្រេប​ស្រា​បៀរ​កម្ពុជា ២-៣ ​ដប ទៅតាម​ចំណូលចិត្ត​។​

​ក្នុង​ដំណើរ​កម្សាន្ត​នេះ ភ្ញៀវទេសចរ​ចំណាយ ៧៥ ​ដុល្លារ ដែល​បូក​រួមទាំង​ម្ហូប ភេសជ្ជៈ និង​ថ្លៃ​ធ្វើដំណើរ​។​

​លោក​បាន​បន្តថា​៖ «​អ្នកទេសចរ​ភាគច្រើន​ដឹង​តិចតួច​ណាស់​អំពី​ម្ហូប​​ខ្មែរ ឬ​មិន​ហ៊ាន​សាក​ប្រហុក​។ យើង​ចង់​ចែករំលែក​ការស្រឡាញ់​ចូលចិត្ត​ម្ហូប​ខ្មែរ​របស់​យើង​ជាមួយ​ពួកគេ​។ វា​ពិតជា​ម្ហូប​ដែល​សម​នឹង​ទទួល​ការ​ចាប់អារម្មណ៍​ច្រើន​ពី​ពិភពលោក​»​។​

​ស្ទី​វិ​ន ឱ្យដឹង​ដែរ​ថា គោលដៅ​របស់​ដំណើរ​កម្សាន្ត​នេះ ​គឺ​ចង់​ណែនាំ​ភ្ញៀវ​ឱ្យ​ស្គាល់​ម្ហូប​ខ្មែរ ទាំង​គ្រឿងផ្សំ មុខម្ហូប និង​អ្នក​ដែល​ធ្វើ​វា​។ ប្រសិនបើ ភ្ញៀវ​ណាមួយ​មាន​តម្រូវការ​ជាក់លាក់ ឬ​ប្រតិកម្ម​អាហារ ពួកគេ​អាច​សម្រប​ទៅតាម​នោះ​។ ពួកគេ​តែងតែ​ស្វែងរក​តូប​អាហារ​ថ្មីៗ និង​ភោជនីយដ្ឋាន បម្រើ​អាហារ​ប្លែក​ថ្មី​សម្រាប់​ភ្ញៀវ​។​

​ថ្វី​ដ្បិត​អាហារ ​គឺ​ចំណុច​គោល ​១ ​នៃ​ដំណើរ​កម្សាន្ត​នេះ ភ្ញៀវទេសចរ​ក៏មាន​ឱកាស​ជួប​ស្វែងយល់​ពី​ប្រជាជន​ខ្មែរ​នៅ​ខាងក្រៅ​រង្វង់​ទេសចរណ៍ និង​រៀន​បន្ថែម​អំពី​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកភូមិ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​រាក់ទាក់​។​

​ក្រៅពី​ភ្ញៀវ​បរទេស លោក​ក៏បាន​ឱ្យដឹងទៀតថា​៖ «​ពួកយើង​ក៏​ធ្លាប់បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ខ្មែរ​ជាច្រើន​នាក់​ដែល​ធំធាត់​នៅ​អាមេរិក កាណាដា និង​អូស្ត្រាលី ក្នុង​ដំណើរ​ទេសចរណ៍​នេះ ហើយ​ពួកគេ​តែងតែ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​ស្វែងយល់​បន្ថែម​អំពី​របៀប​ដែល​ម្ហូបម្ហា​ខ្មែរ​ត្រូវ​បានរៀបចំ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

លោក Jared Cahners នៅតូបលក់ចំណីក្នុងផ្សារ ក្នុង​ដំណើរកម្សាន្តភ្លក្សម្ហូបនៅសៀមរាប។ រូបថត Scott Sharick

​មុន​វិបត្តិ​កូ​វីដ លោក ស្ទី​វិ​ន ថា ដំណើរ​កម្សាន្ត​ភ្លក្ស​អាហារ​នេះ​មាន​ប្រជាប្រិយភាព​ចំណាត់ថ្នាក់​កំពូល​នៅ​ខេត្តសៀមរាប ជាពិសេស​ក្នុងចំណោម​អ្នកទេសចរ ដែល​ចង់​ស្នាក់​​នៅ ២-៣ ​ថ្ងៃ​បន្ថែម ស្វែងយល់​អំពី​អាហារ និង​វប្បធម៌​នៃ​តំបន់​ទេស​​ចរណ៍​ប្រវត្តិសាស្ត្រ​នេះ​។​

​ជា​អកុសល មែកធាង​ ១ ​ទៀត​របស់​ពួកគេ​គឺ «​ដំណើរ​ទេសចរណ៍​ភ្លក្ស​ម្ហូប​នៅ​ភ្នំពេញ​» ត្រូវបាន​បិទ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​។

​យ៉ាងណាមិញ លោក​ថា​៖ «​ដំណើរ​កម្សាន្ត​ភ្លក្ស​ម្ហូប​នៅ​សៀមរាប​» នៅតែ​ដំណើរការ ប៉ុន្តែ​បច្ចុប្បន្ន​មាន​សកម្ម​​ភាព​តែ​ពេលព្រឹក​។ សម្រាប់​ពេល​ល្ងាច លោក​សង្ឃឹមថា នឹង​អាច​ចាប់​​ផ្ដើម​វិញ​ក្នុងពេល​ឆាប់ៗ​។​

​លោក ស្ទី​វិ​ន កត់សម្គាល់ថា​៖ «​ថ្មីៗ​នេះ​យើង​ទើបតែ​ទទួលបាន​ភ្ញៀវ​​ទេសចរ​។ យើង​សង្ឃឹមថា នេះ​ជាស​ញ្ញា​ដ៏​ល្អ​មួយ ដែល​ភ្ញៀវទេសចរ​នឹង​ត្រឡប់មក​កម្សាន្ត​កម្ពុជា​វិញ​ហើយ​ យើង​ក៏​ទទួល​ដំណើរ​កម្សាន្ត​សម្រាប់ ២ ​នាក់​។ បើសិន​អ្នក​មក​តែម្នាក់ឯង យើង​នឹង​រៀបចំ​ឱ្យមាន​ម្នាក់ទៀត​។ សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍ អាច​ចូល​មើល​គេហទំព័រ​របស់​យើង​សម្រាប់​ការរក្សា​សុ​វត្តិភាព​ពី​កូ​វីដ និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ​»​។​

​ព័ត៌មាន​បន្ថែម​ដំណើរ​កម្សាន្ត​ភ្លក្ស​ម្ហូប​នៅ​សៀមរាប មាននៅ​គេហទំព័រ @siemreapfoodtours៕