ភ្នំពេញ: តន្ត្រី​កន្ត្រាក់​អារម្មណ៍​ស៊ី​​នឹង​ទឹកមុខ​នឹងធឹង ដំណើរ​ស្វាហាប់​នៃ​ម៉ូ​ដែល​ខ្ពស់ស្រឡះ​ជិត ​៧០ ​នាក់ ​គ្រង​ឈុត​សម្លៀកបំពាក់​ប្លែកៗ​បង្កប់​ភាព​​ច្នៃប្រឌិត ឆក់យក​ក្រសែភ្នែក​ទស្ស​និក​​ជន​អង្គុយ​មើល​យ៉ាង​ភាំង​ភ្លឹក ក្នុង​កម្មវិធី Show Me Something 2022​។

​បរិយាកាស​អធិកអធម​នៃ​កម្មវិធី​ដើរ​ម៉ូដ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​ ៥ ខែ កុម្ភៈ ឆ្នាំ​ ២០២២ នៅ​វិចិត្រសាល FT និង​ជា​កម្មវិធី​លើក​ទី​២ ក្រោម​ការរៀបចំ​របស់​សាលា «MaPa Fashion Design Academy (MFDA)» ដែល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​សម្រាប់​ការបញ្ចប់​ការសិក្សា​របស់​សិស្ស​ផង និង​ជាការ​ផ្សព្វផ្សាយ​អំពី​សាលា​នៃ​វិស័យ Fashion ផង​។​

​ពៅ ខេន​នី អ្នកគ្រប់គ្រង​សាលា MFDA ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​វា​ជាគោលការណ៍​សាលា ដែល​តម្រូវឱ្យ​សិស្ស​ច្នៃ​ម៉ូដ​ជា​សម្លៀកបំពាក់​ម្នាក់​៣​ឈុត មុន​បញ្ចប់​ការសិក្សា ក៏ប៉ុន្តែ​ការ​​ចូលរួម​ដើរ​ម៉ូដ​ជា​ជម្រើស​របស់​ពួក​​គាត់​។ មិន​ថា​គាត់​ចូលរួម​ឬ​អត់ គាត់​ទទួលបាន​សញ្ញាបត្រ​ធម្ម​តា​»​។​

​ខេន​នី បន្ថែមថា​៖ «​ហើយ​បន្ទាប់​ពីថ្ងៃ​ដើរ​ម៉ូដ សិស្ស​តម្រូវឱ្យ​ទុក​ឈុត​នៅ​សាលា ៦​ ខែ ដើម្បី​ប្រ​ម៉ូត​ខោអាវ​ឱ្យ​គាត់​។ បើសិន​មាន​អ្នក​ចាប់អារម្មណ៍​អាចទាក់ទង​មក​សាលា​ផ្ទាល់ ហើយនឹង​រៀបចំ​វាស់​កាត់​ឱ្យ​ថ្មី​»​។

​ថ្វី​ដ្បិតថា សាលា​បាន​បើក​តាំងពី​ឆ្នាំ ២០១៨ ដោយ​អ្នកស្រី សៀង រ៉ាណែត ដែល​បានបញ្ចប់​ការសិក្សា​ច្នៃ​ម៉ូដ​នៅ​ថៃ ក៏ប៉ុន្តែ​ការដើរ​ម៉ូដ​ទើបតែ​បានធ្វើ​ឡើងជា​លើកដំបូង​នៅក្នុង​ឆ្នាំ ​២០១៩ ហើយក៏​ខកខាន​ចន្លោះ​ឆ្នាំ ២០២០-២០២១ ដោយសារ​កូ​វីដ​។

​កម្មវិធី​ទើបនឹង​រៀបចំ​ឡើងវិញ​ក្នុង​ឆ្នាំ ២០២២ សម្រាប់​សិស្ស​ដែល​ចូលរៀន​តាំងពី​ឆ្នាំ​ ២០២០ ដោយ​ត្រូវ​អូសបន្លាយ​មកទល់ពេលនេះ​។​

​មុននឹង​កម្មវិធី​ចាប់ផ្ដើម សាលា​តែង​​តែ​ប្រកាស​ស្វែងរក​ម៉ូ​ដែល បន្ទាប់មក​សាលា​អនុញ្ញាតឱ្យ​អ្នក​ឌី​ហ្សា​ញ​រើស​អ្នកដើរ​បង្ហាញ​ម៉ូដ​ដោយ​ខ្លួនឯង​។​

ម៉ូដ​របស់អ្នកស្រី ហេង សុខថែ​ រំលេច​​ពណ៌​បៃតង​ស្រទន់ និង​ស ដោយ​បំផុស​គំនិត​​ពី​មេអំបៅ​ លូណា​។ រូបថត Ousa Hunter

​កម្មវិធី​ដើរ​ម៉ូដ​នោះដែរ មានការ​ដើរ​៣​ជុំ​។ ជុំ​ទី​១ ជា​សិស្ស ដែល​រៀន​បាន ២ ​ខែ ជុំ​ទី​២ សិស្ស​រៀន​បាន ​៥ ​ខែ និង​ជុំ​ចុងក្រោយ ​គឺ​សិស្ស​បញ្ចប់​វគ្គ​សិក្សា​ចំនួន ១៥ ​នាក់ តែ​អវត្តមាន​ម្នាក់​។

​ខេន​នី ថា​៖ «​ការច្នៃ​ម៉ូដ​របស់​ក្រុមទី​១ ទី​២ តាម​ពិតជា​កិច្ចការ​ក្នុង​ថ្នាក់​​រៀន​របស់គាត់ តែ​យើង​ឱ្យ​គាត់​យកមក​ដើរ ដើម្បី​ជា​កិច្ច​បើកឆាក​»​។​

​ក្នុងចំណោម ម៉ូដ​ប្លែកៗ គួរឱ្យ​ចាប់​​អារម្មណ៍​របស់​សិស្ស ដែល​កំពុង​សិក្សា និង​សិស្ស​ដែល​បញ្ចប់​ការ​​សិក្សាទាំង​ ៣៨​ នាក់​នោះ ម៉ូដ​ ១ ដែល​លេចធ្លោ​ខ្លាំង គឺ​ម៉ូដ​របស់​អ្នកស្រី ហេង សុខ​ថែ ដែល​ទាំង ៣​ ឈុត​នោះ​មាន​ទាំង​ជា​អៀម ជា​ខោ និង​អាវ​លក្ខណៈ​ក្រប​ថប ​(Crop top) រំលេច​ដោយ​ពណ៌ ​២ គឺ​បៃតង និង​ស ក្រោម​​ការ​បំផុសគំនិត​ពី​អម្បូរ​សត្វ​មេអំបៅ លូ​ណា (Luna Moth)​។​

​អ្នកស្រី សុខ​ថែ ៣៨ ​ឆ្នាំ ដែលមាន​ការងារ​ស្នូល​ខាង​បោះពុម្ព​របស់​ធ្វើ​ពី​ដៃ​រូបនេះ បកស្រាយ​ពី​គំនិត​បំផុស​ស្នាដៃ​ច្នៃ​ម៉ូដ​របស់ខ្លួន​ថា​៖ «​ខ្ញុំ​ចាំបាន​ថា កាលនោះ ពេល​ខ្ញុំ​ធ្វើការ​លើខ​ល​លិ​កស្សិន​នេះ ខ្ញុំ​ស្មុគស្មាញ​ខ្លាំង​ទាំង​ការងារ ទាំង​គ្រួសារ​។ លុះ​ពេល​ខ្ញុំ​បាន​អាន​រឿង​ពី​មេអំបៅ លូ​ណា​នេះ ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ពី​ចំណុច​មុនពេល​ដែល​វា​បាន​ក្លាយជា​មេអំបៅ គឺ​វា​ឆ្លង​​កាត់​ច្រើន​នៅក្នុង​ស្រោម​នោះ​។ តែ​មិន​ថា​ វា​ប្រឈម​នឹង​អ្វីខ្លះ សត្វ​នេះ​មាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ទៅជា​មេអំបៅ​ស្រស់ស្អាត​»​។​

​អ្នកស្រី​ឱ្យដឹង​ដែរ​ថា ក្រោយពី​បានទទួល​ការបណ្ដុះបណ្ដាល​រៀន​តាំងពី​ការ​គូរ ការ​ដេរ ការច្នៃ​ម៉ូដ ការបង្កើត​​ពុម្ព បើទោះជា​វគ្គ​ខ្លី​ត្រឹម ​៦ ​ខែ តែ​អ្នកស្រី​ថា ពេលនេះ​អ្នកស្រី​អាច​យល់បាន​ច្រើន ដឹង​ពី​លំដាប់លំដោយ​នៃ​ការគិត​។ វា​មិនមែន​ត្រឹម​ការច្នៃ​ម៉ូដ តែ​លើសពីនោះ ទាំង​ការគិត Concept អត្ថន័យ​ពណ៌​ទៅតាម​រដូវ​កាល និង​ប្រវត្តិសាស្ត្រ​ពីក្រោយ Fashion​។

​មកដល់​ចំណុច​នេះ ខេន​នី បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​សាលាបាន​បន្លាយពេល​រហូត​ដល់​ ១ ​ឆ្នាំ ​សម្រាប់​វគ្គ​​សិក្សា​ដោយមាន​ ២​ ខែ​សម្រាប់​ថ្នាក់​​មូលដ្ឋាន មុននឹង​ចូលរៀន​ពេញ​ម៉ោង និង​ចែកចេញជា ៣​ ឆមាស​»​។​

​ខេន​នី ប្រាប់​លម្អិត​ពី​កម្មវិធីសិក្សា​ថា សិស្ស​ថ្នាក់មូលដ្ឋាន រៀន​របៀប​ប្រើ​ម៉ាស៊ីនដេរ ដេរ​ថ្នេរ​ទូទៅ និង​គូរគំនូរ​ធម្មតា​។ បន្ទាប់មក សាលា​ឱ្យ​សិស្ស​រៀន​ធ្វើ​ Fashion ដោយ​រើសយក​សំរាម​ចាស់ៗ​មក​ធ្វើជា​ខោអាវ​។

​បន្ទាប់មក ទើប​គាត់​ចូលមក​ថ្នាក់​​រៀន​ពេញ​ម៉ោង​។ ឆមាស​ទី​១ គាត់​រៀន​ដេរ ពុម្ព និង​គំនូរ​។ ឆមាស​ទី​២ គាត់​រៀន​កាត់​ម៉ូដ និង​ច្នៃ​ម៉ូដ មាន​រៀន​ប្រវត្តិសាស្ត្រ​ផ្សេងៗ និង​ឆមាស​ទី​៣ គាត់​រៀន​អំពី​ការ​ឌី​ហ្សា​ញ​ចាប់ផ្ដើម​ធ្វើខ​លិ​កស្សិន មាន​ថ្នាក់​បង្រៀន​បង្កើត​ក្រណាត់ និង​ ១​ ទៀត​នោះ​ គឺ​បង្រៀន​ឱ្យ​គាត់​រៀបចំ CV នៅពេល​ធ្វើការ​។

​ខេន​នី ឱ្យដឹងទៀតថា​៖ «​សាលា​យើង​ផ្ដោតទៅលើ​អ្នក​ដែល​ពិបាក​​ក្នុងការ​ប្រើប្រាស់​ភាសា​។ យើង​មាន​បង្រៀន​ជា​ភាសា​ខ្មែរ​។ គ្រូ​យើង​ខ្មែរ ក៏ប៉ុន្តែ​យើង​ព្យាយាម​បកប្រែ​ឯកសារ​ធ្វើយ៉ាងណា​ឱ្យ​គាត់​ទទួលបាន​បទ​​ពិសោធ​រៀន​ល្អ​បំផុត​។ សិស្ស​ដែល​បញ្ចប់​ពីសា​លា​យើង​មួយចំនួន​គាត់​ធ្វើការ​ឱ្យគេ​ផ្នែក​ឌី​ហ្សា​ញ ខ្លះទៀត​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​»​។

ឈុត​ច្នៃ​ដោយសិស្ស​ឈ្មោះ PHAT SOMPHOS ពី​ MFDA។ រូបថត StudioKH

​រីឯ​អ្នកស្រី សុខ​ថែ សព្វថ្ងៃ​កំពុង​ផ្ដើម​រៀន​បន្ត​នៅ​មជ្ឈមណ្ឌល «Modern Ethnic Design Center» ដោយ​គ្រោង​ច្នៃ​បង្កើត ​១០ ​ឈុត​ថែមទៀត​។

​អ្នកស្រី​ថា នៅពេលដែល​រៀន​បាន​ច្រើន អ្នកស្រី​អាច​នឹង​បង្កើត​ប្រេ​៊​ន​ខ្លួន​​ឯង តែ​អ្នកស្រី​ថា​ចង់​ផ្ដោតលើ​ការរៀន​សិន និង​ចាំមើល​ភាពជាក់ស្ដែង​។

​រំឭក​ឡើងវិញ​អ្នកស្រី​ថា​៖ «​តាមពិត​អរគុណ​ដល់​កូ​វីដ ដែល ​២ ​ឆ្នាំមុន ការ​​ងារ​បោះពុម្ព ដែល​ខ្ញុំ​ត្រូវ​គ្រប់គ្រង​ជំនួស​ឪពុកម្ដាយ​ខ្ញុំ រាង​ស្រាល ធ្វើឱ្យ​ខ្ញុំ​អាចមាន​ពេលធ្វើ​អ្វី​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ខ្ញុំ ដែលមាន​តាំងពី​នៅ​តូច​»​។​

​អ្នកស្រី​បន្តថា​៖ «​ហេតុនេះ ខ្ញុំ​សូម​ផ្ញើ​សារ​លើកទឹកចិត្ត​ទៅកាន់​ប្អូនៗ ដែល​ស្រឡាញ់​វិស័យ Fashion និង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​អ្នក​ឌី​ហ្សា​ញ ​Fashion ឱ្យចូល​រួម​រៀន ធ្វើ​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​។ វិស័យនេះ​មិន​ប្រកាន់​អាយុ​ទេ តែបើ​យើង​អាច​ចាប់​​ផ្តើមធ្វើ​អ្វីដែល​យើង​ស្រឡាញ់​ពេល​នៅ​ក្មេង យើង​នឹងមាន​បទពិសោធច្រើន ល្អៗ ហើយ​វា​ជា​កម្លាំងចិត្ត​និង​ជំរុញ​ក្តី​ស្រមៃ​យើង​ឱ្យ​ជោគជ័យ​»​។

​ខេន​នី បញ្ជាក់ដែរថា​៖ «​ប្រសិនបើ​អ្នក​ស្រឡាញ់​វិស័យ Fashion ពិត​​មែន គឺ​ត្រូវ​ស្គាល់​ខ្លួនឯង ត្រៀម​ចិត្ត ពេលវេលា និង​ថវិកា ដោយសារ​មុខ​​វិជ្ជា​នេះ អាចមាន​ផលប៉ះពាល់​ខ្លាំង​លើក​ត្តា​ទាំងអស់នេះ​។ វិស័យនេះ​ចាប់ផ្ដើម​ដើរ​នៅ​ស្រុក​ខ្មែរ​ហើយ អ្នក​​រៀន​មិនចាំបាច់​ភ័យ​ថា រៀន​ហើយ​មិនមាន​ការងារ​ធ្វើ​នោះទេ​»​។

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក @mapafda៕