ភ្នំពេញ: ជា​តារា​សម្ដែង​រូប​ស្រស់​កញ្ញា ពេជ្រ ចរណៃ ដែល​ល្បី​ខាង​ក្បាច់គុន​ល្បុក្កតោ​បុរាណ​ខ្មែរ ពេលនេះ​បាន​សកម្ម​នឹង​ការចែករំលែក​ចំណេះដឹង និង​ប្រវត្តិ​សាវតារ​ពី​សម្ភារ​កីឡា​បុរាណ​ខ្មែរ​ដទៃទៀត​ជូន​មហាជន​បាន​ស្វែង​​យល់ ក៏ដូចជា​ស្វាគមន៍​ការ​កុម្ម៉ង់​ជាវ​វត្ថុ​ទាំង​​នោះ​ ដើម្បី​ចូលរួម​លើកស្ទួយ​មរតក​ដូនតា​ខ្មែរ​។​

​ភ្ជាប់​នឹង​រូបថត​គ្រង​សម្លៀកបំពាក់​បុរាណ​ឈរ​យ៉ាង​អង់អាច​កាន់​ធ្នូ តារា​សម្ដែង​បត់បែន​បាន​គ្រប់​ទម្រង់​រូបនេះ​បាន​បរិយាយ​ថា​៖ «​ខ្ញុំ​មកនេះ​គឺ​ដើម្បី​លើកស្ទួយ​ផ្សព្វផ្សាយ​ពី​ធ្នូ​បុរាណ​ខ្មែរ ដែលជា​ស្នាដៃ​ដូនតា​ខ្មែរ ដែលមាន​ឆ្លាក់​នៅលើ​សិលាចារឹក មាន​ម៉ូដ​ក្បាច់ កម្លាំង និង​ឋានៈ ខុសៗ​ពីគ្នា​! ហើយ​បាន​ត្រូវ​កូន​ខ្មែរ​នៅ​ជំនាន់​​នេះ​សិក្សា​ស្រាវជ្រាវ និង​ផលិត​ឱ្យចេញ​ជា​រូបរាង​ត្រូវ​ទៅតាម​ក្បួនខ្នាត ក្នុង​គោលបំណង​បង្ហាញ​ទៅកាន់​ពិភពលោក​ឱ្យ​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ និង​រំឭក​ដល់​ព្រលឹង​ដូនតា​ផង​»​។​

​នាង​ក៏បាន​បន្ត​រៀបរាប់​ពី​លក្ខណសម្បត្តិ​របស់​ធ្នូ​ដោយ​ក្នុងនោះ​មាន ធ្នូ​នាគ​ព្រះ​កេស​ ៣​ បែប​ក្រោយ រចនាប័ទ្ម​អង្គរវត្ត​ប្រវែង ១,២០ ​ម៉ែត្រ ឋានៈ​មេទ័ព (​ក្បួន​ដង្ហែ​កងទ័ព​ជ័យ​នៃ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២)​។ ស្រាវជ្រាវ និង​ផលិត​ដោយ ទិល ចាន់​លីន ធ្នូ​នេះ​មានតម្លៃ​ ១​ ឈុត ២៥០​ ដុល្លារ (​ធ្នូ ​១ ព្រួញ ៣ និង បំពង់​ដាក់​ព្រួញ ​១)​។

​នាង​ក៏បាន​បន្ត​រៀបរាប់​ពី​ធ្នូ​បុរាណ​ខ្មែរ ​១ ​បែប​ទៀត​រចនាប័ទ្ម​អង្គរវត្ត ចុង​ស្រួច​សងខាង ប្រវែង ១,៣៥​ ម៉ែត្រ ស្ថិតក្នុង​ឋានៈ​ធ្នូ ទាហាន​ព្រួញ (​ក្បួន​ដង្ហែ​កងទ័ព​ជ័យ​នៃ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២)​។ ធ្នូ​នេះ​មានតម្លៃ​ ១ ​ឈុត​៩០ ​ដុល្លារ ​(​ធ្នូ ​១ ព្រួញ ៣ និង បំពង់​ដាក់​ព្រួញ​១) និង​សម្រាប់​មនុស្ស​ស្រី និង​ប្រុស​។​

​ក្រៅពី​រៀបរាប់​ប្រវត្តិសាស្ត្រ អមដោយ​ការអំពាវនាវ​លក់​ធ្នូ​បុរាណ​ខ្មែរ កញ្ញា ពេជ្រ ចរណៃ ក៏បាន​បង្ហោះ​នូវ​រូបភាព អាវ​តេជះ ខោ​គុន​ខ្មែរ ក្រមា​ចង ខ្សែ​ចងរឹត​ដៃ និង​ក្បាល ហៅថា​សង្វារ ដោយ​ប្រកាសថា ការទទួល​កុម្ម៉ង់​វត្ថុ​ពី​បុរាណ​នេះ​ គឺជា​ការរួមចំណែក​ផ្សព្វ​​ផ្សាយ​មរតក​ខ្មែរ​។​

​តារា​សម្ដែង​ស្រី​ល្បី​ក្បាច់គុន​ល្បុក្កតោ​រូប​​នេះ​បាន​បន្តទៀតថា​៖ «​អាវ​ក្រោះ ឬ​អាវ​តេជះ សម្រាប់​ការពារ ពេល​ចូលធ្វើ​សឹកសង្គ្រាម តតាំង​ជាមួយ​សត្រូវ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងសម័យ​បុរាណ រហូតដល់​សម័យនេះ​ទោះបី​វិទ្យាសាស្ត្រ​ជឿនលឿន ក៏​ការនិយម​ប្រើប្រាស់​មន្ត​វិជ្ជាការ​ទាំងនេះ​នៅតែមាន​ប្រសិទ្ធភាព​ដែរ​»​។

​តារា​ស្រី​វ័យ ​២៥ ​ឆ្នាំ​រូបនេះ​បាន​បន្តថា​៖ «​នាង​​ខ្ញុំ​សូម ចូលរួម​ជា​ចំណែក​មួយ​ក្នុងការ​ថែរក្សា និង​ផ្សព្វផ្សាយ​ពី​អាវ​តេជះ​ទៅកាន់​ពិភពលោក​ឱ្យគេ​ស្គាល់​ពី​កម្ពុជា​កាន់តែច្បាស់​ថា កម្ពុជា​ពិតជា​ប្រទេស​ដែលមាន​សម្បត្តិ​វប្បធម៌​ជាច្រើន​ល្អ​​ឯក និង​ចំណាស់​ជាងគេ​»​។​

​កញ្ញា ពេជ្រ ចរណៃ បាន​ទទូចថា នាង​សុំ​ត្រឹមតែ​មានការ​​ចូលរួម​ថែរក្សា ផ្សព្វផ្សាយ​នូវ​វប្បធម៌ អរិយ​​ធម៌ និង​មរតក​ដូនតា​ខ្មែរ​បន្សល់ទុក​មក​៕​