ភ្នំពេញ: កញ្ចុំ​បុប្ផា ស្រទាប់ផ្កា​ពណ៌​ចម្រុះ ក្រហម លឿង ផ្កាឈូក ដែល​ត្រូវបាន​អប់​ជាប់​នៅក្នុង​ផ្ទៃ​រលោង​ថ្លា​ដូច​កញ្ចក់​កែវ ត្រូវបាន​រចនា​ជា​បន្តោង​ខ្សែក​រាង​មូល បន្តោង​សោ​ទម្រង់​ព្យព្ជានៈ​អង់គ្លេស និង​ក្រាស​សិតសក់ ដ៏​គួរឱ្យ​ស្រឡាញ់ តម្រូវ​ចិត្ត​អ្នក​ស្នេហា​ផ្កា​ធម្មជាតិ មិនចេះ​រុះ​រោយ​។​

​អ្នកស្រី អា​ហ្វី​ណា ជា​ស្ថាបនិក​ហាង​អន​ឡាញ Floral Craft (@floralcraft.kh) ដែល​បើក​កាលពី ខែតុលា ឆ្នាំ​ ២០២១ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​គំនិត​នាំឱ្យ​អ្នកស្រី​បើក​អាជីវ​កម្មនេះ តាមរយៈ​មិត្តភក្តិ​លក់​ផលិតផល​ធ្វើ​ពី​ដៃនៅ​ម៉ាឡេស៊ី​។

​អា​ហ្វី​ណា អាយុ​ ២៤​ ឆ្នាំ ប្រាប់ថា​៖ «​ខ្ញុំ​ចូលចិត្ត​របស់​បែបនេះ​តាំងពី​ខ្ញុំ​នៅ​រៀន​នៅ​ម៉ាឡេស៊ី​។ សិស្ស​នៅ​ម៉ាឡេស៊ី​គេ​ចូលចិត្ត​របៀប​ឃ្យូ​តៗ​អ៊ីចឹង​។ ដល់ពេល​យើង​មក​ខ្មែរ យើង​ខាន​ជួប​របស់​អ៊ីចឹង​។ រហូត​ថ្ងៃមួយ ខ្ញុំ​ឃើញ​មិត្តភក្តិ​ខ្ញុំ​នៅ​ម៉ាឡេស៊ី បង្ហោះ​អំពី​ការលក់​របស់គាត់ ដែល​អាច​លក់បាន ១០០ ​បន្តោង​សោ ក្នុង​ ១​ ថ្ងៃ​។ ខ្ញុំ​ក៏មាន​ចម្ងល់​ចង់ដឹងថា​គាត់​លក់​បន្តោង​សោ​អ្វី​។ ពេល​ចូល​មើល​ផេ​ច ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ស្រឡាញ់​អ្វីដែល​គាត់​ធ្វើ​»​។

​ស្ត្រី​ដែល​រស់នៅ​ម៉ាឡេស៊ី​តាំងពី​នៅ​ជា​ទារក​ជិត​បាន ១ ​ខួប នឹង​ទើប​ផ្លាស់​មក​នៅ​កម្ពុជា​បាន​ ៦​ ឆ្នាំ​រូបនេះ​​ឱ្យដឹងថា ចំណេះ​ជំនាញ​នេះ អ្នកស្រី​បាន​រៀន​ពី​មិត្តភក្តិ​គាត់​ទាំងស្រុង ហើយ​សម្ភារ​គ្រប់យ៉ាង​ក៏​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី​ ទាំងអស់​ដែរ​។​

បន្តោង​ខ្សែក​មាន​ជម្រើស​ពណ៌ និងផ្កាច្រើន​ប្រភេទ​​​តាមចំណូលចិត្ត​។ រូបថត សហការី

​អ្នក​ម្ដាយកូន ២ ​នាក់​រូបនេះ​បាន​រំឭក​ប្រាប់ថា​៖ «​នៅពេលដែល​ទាក់ទង​សួរ​មិត្តភក្តិ​ខ្ញុំ គាត់​ថា​ធ្វើ​ខ្លួនឯង និង​បើ​ចង់​ចេះ គាត់​នឹង​បង្រៀន​។ ប៉ុន្តែ ពេល​គាត់​បង្រៀន​គឺ​តាម​ទូរស័ព្ទ ដែល​វា​ពិបាក​បន្តិច​ដែរ ដោយសារ​យើង​មិនបាន​ធ្វើ​នឹង​ដៃ​។ មិត្តភក្តិ​ខ្ញុំ​ក៏​ផ្ញើ​អីវ៉ាន់​តាម​ម្ដាយ​ខ្ញុំ​ដែល​មក​ខ្មែរ​។ ពេល​ខ្ញុំ​សាក​ធ្វើ​ឃើញថា​អាចធ្វើ​ទៅបាន ក៏​ចាប់ផ្ដើម​តាំងពី​ពេលនោះ​មក​»​។​

​ដំណើរ​នៃ​ការផលិត​សម្ភារ​ស្រស់​ស្អាត ទាក់ភ្នែក​នេះ​ត្រូវបាន​អ្នកស្រី​រៀបរាប់​ប្រាប់​ត្រួសៗ​ថា គឺ​វា​មាន​ជា​ពុម្ព​ទាំង​ក្រាស​សិតសក់ បន្តោង​សោ មាន​អក្សរ ABC ឬក៏​បន្តោង​ខ្សែក ដោយ​គេ​ធ្វើតាម​រូបមន្ត​ក្នុងការ​លាយ​បែប​ជ័រ ចាក់​ចូលទៅក្នុង​ពុម្ព ហើយ​បានដាក់​ពណ៌ ដាក់​ផ្កា ដែល​គេ​យក​ហាល​ឱ្យ​ក្រៀម​នោះ​។ តាម​ការ​កុម្ម៉ង់​របស់​អតិថិជន ការផលិត​ចាក់ពុម្ព​រួច​ត្រូវ​ទុក​ប្រហែលជា ១២​ ម៉ោង នោះ​វា​នឹង​ប្រែ​ក្លាយទៅជា​ជ័រ​រឹង​ថ្លា​ដូច​គ្រី​ស្តា​ល់ រួច​ទើប​អ្នកស្រី​រៀប​ដាក់​ខ្សែ ដាក់​កញ្ចក់​ដឹកជញ្ជូន​ឱ្យ​អតិថិជន​។

​អ្នកស្រី អា​ហ្វី​ណា បានឱ្យដឹង​ទៀតថា ភាគច្រើន​ពេលធ្វើ​រួច អ្នកស្រី​នឹង​ខ្ចប់​ផ្ញើ​ទៅ​អតិថិជន​ភ្លាមៗ ព្រោះ​ម៉ូយ​ច្រើន​មិនបាន​ថត​ឱ្យ​ភ្ញៀវ​មើល​មុន​ទេ​។ ទាល់តែ​របស់​ដល់ផ្ទះ​ទើប​អតិថិជន​បាន​មើលថា​ស្អាត ឬ​មិន​ស្អាត ព្រោះ​របស់​ដែល​អ្នកស្រី​ផលិត​គឺ​សម្រាប់តែ​ការ​កុម្ម៉ង់​ទុកជាមុន មិនមាន​ជា​គំរូ​ស្តុក​ឱ្យមើល​នោះទេ​។​

​យ៉ាងណាមិញ អ្នកស្រី​ថា តាំងពី​ដំណើរការ​មក មិនដែល​ទទួល​មតិ​​យោបល់​អវិជ្ជមាន​ណាមួយ​ពី​ភ្ញៀវ​ទេ ដែល​នេះ​អា​ចរាប់ថា ជា​ជំហាន​ដំបូង​នៃ​ប្រជាប្រិយភាព​ស្នាដៃ​សិប្បកម្ម​។

​អ្នកស្រី អា​ហ្វី​ណា បាន​លើកឡើងថា​៖ «​កន្លងមក​យើង​មិន​ធ្លាប់មាន​អ្នក​ប្រាប់ថា​ មិន​ស្អាត​ទេ​។ អ្នក​ដែល​កុម្ម៉ង់​រួច​តែងតែ​សរសើរ​ថា​ស្អាត ហើយ​ប្រាប់ថា គេ​ពេញចិត្ត​ណាស់​។ អ្នកខ្លះ​គេ​ទិញ​ហើយ​ទិញ​ទៀត ៤-៥ ​ដង​។ ដំបូង​គេ​ទិញ​ជា​ខ្សែក ២-៣ ​ខ្សែ ក្រោយមក ក៏​កុម្ម៉ង់​ជា​បន្តោង​សោ​ ៣-៤​ ទៀត​។ ឃើញបែបនេះ ខ្ញុំ​សប្បាយចិត្ត​ណាស់ ក៏​ចង់​ចេញ​ម៉ូដ​ថ្មីៗ​បន្ថែមទៀត ដូចជា​ក្របសៀវភៅ ក្រវិល និង​នាឡិកា​ជាដើម​»​។​

​អា​ហ្វី​ណា បានឱ្យដឹងថា អតិថិជន​អ្នកស្រី​ភាគច្រើន​ជា​ជនជាតិខ្មែរ ប៉ុន្តែ​ក៏​ធ្លាប់​ទទួលបាន​ភ្ញៀវ​ជនជាតិ​ឥណ្ឌា និង​បារាំង​ផងដែរ ដោយ​ភាគច្រើន​គឺ​ស្ថិតក្នុង​វ័យ​ចន្លោះ​ពី ១៥-៣៥ ​ឆ្នាំ​។​

​នៅ​ហាង​មាន​ទទួល​កុម្ម៉ង់​ខ្សែក បន្តោង​សោ និង​ក្រាស​សិតសក់ ដែលមាន​តម្លៃ​ពី ៤-៨ ​ដុល្លារ​។ រាល់​ការ​​កុម្ម៉ង់ អតិថិជន​ត្រូវ​រង់ចាំ​យ៉ាងហោច​​ណាស់​ចំនួន ៣ ​ថ្ងៃ​។

ក្រាសសិត​សក់​ជ័រ​ថ្លា​ដែល​មាន​បង្កប់​ផ្កា និង​ស្លឹករុក្ខជាតិ​ក្រៀម​។ រូបថត សហការី

​អ្នកស្រី​បាន​បញ្ជាក់់ថា​៖ «​មែនទែនទៅ​បើ​យើង​ធ្វើ ២-៣ ​ថ្ងៃ ​គឺ​បាន​ ១ តែដោយសារ​យើង​មាន​គេ​កុម្ម៉ង់​ច្រើន អាចធ្វើ​មិនទាន់ ទើប​យើង​ត្រូវ​ប្រាប់​ភ្ញៀវ​ថា ៣​ថ្ងៃ​ជាង តែ​វា​អាច​លឿន ឬ​យឺត​ជាង​ហ្នឹង​បន្តិច​»​។​

​បច្ចុប្បន្ន អា​ហ្វី​ណា ថា​អីវ៉ាន់​ដែល​យកមក​ជិត​អស់​ស្ដុក​ទាំង​ពុម្ព ទាំង​ផ្កា ជាពិសេស​ពណ៌​ផ្កា​មួយចំនួន ដែល​គេ​ពេញនិយម​ខ្លាំង​ដូចជា ក្រហម ផ្កាឈូក ពណ៌​លឿង​។ ដូច្នេះ អ្នកស្រី​កំពុង​ឱ្យ​មិត្តភក្តិ​ផ្ញើ​មកឱ្យ​ច្រើន​បន្ថែម​នៅ​ជើង​បន្ទាប់ ក្រោយពី​ឃើញ​អាជីវកម្ម​ដំណើរការ​បានល្អ​គួរសម​។

​អ្នកស្រី​ថា ឥឡូវ​អ្នកស្រី​មាន​ពុម្ព​តែ ៤-៥ ​ទេ ហើយ​ក្នុង ១ ​ថ្ងៃ​ជួនកាល​អាចធ្វើ​បាន​ចំនួន ១០​ របស់​។ តាម​គម្រោង​គឺ​អ្នកស្រី​ចង់បាន​ពុម្ព​ច្រើន​ ដើម្បី​កាត់​​បន្ថយ​ការរង់ចាំ​ពី​អតិថិជន ក៏ដូចជា​បង្កើត​ជម្រើស​ឱ្យ​ច្រើន​ថែមទៀត​។

​គម្រោង​ថ្ងៃ​អនាគត អា​ហ្វី​ណា បាន​លើក​ថា​៖ «​បើ​និយាយ​រឿង​ការងារ​យើង​គ្មាន​បញ្ហា​អី​ទេ តែ​យើង​ក៏​មិនទាន់មាន​គម្រោង​អ្វី​ជាក់លាក់​។ យើង​នៅ​ថ្មី​ដែរ មិនអាច​ថា​ចង់​បើក​ជា​ហាង ក៏​បើក​ភ្លាម​ទេ​»​។​

​អ្នកស្រី​បន្តថា​៖ «​គោលដៅ​យើង​បច្ចុប្បន្ន​មានតែ​ផ្ដោតលើ​ការបំពេញ​តម្រូវការ​អតិថិជន​ប្រកបដោយ​គុណ​​ភាព​។ ខ្ញុំ​ធ្លាប់មាន​ថ្ងៃ​ដែល​មិនបាន​គេង​ពេញ ១ ​ថ្ងៃ ​ដោយសារ​ត្រូវ​ប្រញាប់​បង្ហើយ​ការងារ​ឱ្យគេ​ព្រោះ​បានទទួល​ការ​កុម្ម៉ង់​ច្រើន តែ​ខ្ញុំ​ចូលចិត្ត ព្រោះ​ខ្ញុំ​ស្រឡាញ់​ការងារ​ច្នៃប្រឌិត​នេះ​»៕