ភ្នំពេញ: អ្នកចូលរួម​ទាំងចាស់​ទាំង​​ក្មេង ចម្រុះ​ជាតិ​សាសន៍ ជុំជិត​បុរស​ត្លុក ២-៣ ​នាក់ ដែលមាន​ទាំង​អ្នក​ចំទើត​លើ​ជើង​ឈើ​វែង និង​អ្នក​​កំប្លុកកំប្លែង​ផ្ទុះសំណើច​ដល់​ក្មេងៗ​ជាមួយ​ល្បែង​ថ្ពិន​ភ្នែក បានផ្ដល់​នូវ​បរិយាកាស​រស់​រវើក​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​សិល្បៈ អ៊ី​ឃី​ហ្កៃ (IKIGAI) ក្រោម​ប្រធានបទ «​ការផ្លាស់ប្ដូរ​ទិដ្ឋភាព​សង្គម ក៏ដូចជា ការផ្លាស់ប្ដូរ​វិស័យ​សិល្បៈ​ទាំងមូល​»​។​

​នេះ​គ្រាន់តែ​ជា​កម្មវិធី​ ១ ចំណោម​កម្មវិធី ២៤ ដែល​ប្រមូលផ្ដុំ​ដោយ​សិល្បករ​ចំនួន​ ១៦​ រូប នៅ​មជ្ឈមណ្ឌល​សិល្បៈ​ថ្មី​នេះ ដែល​ស្ថិត​លើ​បណ្ដោយ​ផ្លូវ ​២៤០ កាលពី​ម៉ោង ៣​ រសៀល ថ្ងៃទី​ ៥ ខែ កុម្ភៈ ឆ្នាំ ​២០២២​។

​ក្នុង​សកម្មភាព​ទាំង ​២៤ រួមមាន សកម្មភាព​គូររូប​ដោយផ្ទាល់ តន្ត្រី​សម្រាប់​កុមារ សកម្មភាព​បង្កើត​សិល្បៈ​សូន​រូប គំនូរ​បាញ់ ស៉្ប្រៃយ៍​លើ​ជញ្ជាំង ការតាំង​បង្ហាញ​សិល្បៈ​នៃ​ផ្កា ការសម្ដែង​សៀក និង​កម្មវិធី​គួរឱ្យ​ចាប់​​អារម្មណ៍​ជាច្រើន​ទៀត​។ សកម្មភាព​មួយចំនួនធំ​មិនត្រូវ​បានគិត​ថ្លៃ ឬ​មានតម្លៃ​ត្រឹមតែ ២ ​ដុល្លារ​។​

​អ្នកនាង ឃ្លែ ថេត​ឌី អ្នកគ្រប់គ្រង​នៅ អ៊ី​ឃី​ហ្កៃ បកស្រាយ​ពី​អត្ថន័យ​ឈ្មោះ​របស់​មជ្ឈមណ្ឌល​មក ភ្នំពេញ ប៉ុស្តិ៍ថា​៖ «អ៊ី​ឃី​ហ្កៃ ជា​គំនិត​បុរាណ​ជប៉ុន ដែល​មានន័យថា ហេតុផល​នៃ​ការ​ភ្ញាក់​ពី​ដំណេក​របស់​អ្នក អ្វីដែល​នាំឱ្យ​អ្នក​រីករាយ និង​សុភមង្គល​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​។ អ៊ីឃី​ហ្កៃ ជា​ដំណើរ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ក្នុងការ​​ស្វែងរក​តុល្យភាព និង​ភាពចុះ​សម្រុង​ក្នុង​ជីវិត រវាង​អ្វីដែល​យើង​ពូកែ យើង​ពេញចិត្ត អ្វីដែល​ពិភពលោក​ត្រូវការ និង​អ្វីដែល​យើង​អាច​ធ្វើបាន​»​។​

​ជាមួយ​សកម្មភាព​សិល្បៈ​កម្សាន្ត​ដ៏​សម្បូរបែប ទីធ្លា​ក្នុង​ថ្ងៃ​បើកសម្ពោធ​បាន​ប្រែក្លាយជា​កន្លែង​ផ្ដល់​អារម្មណ៍​ស្និទ្ធស្នាល ទំនាក់ទំនង មិត្តភាព និង​ការ​បំផុសគំនិត​ទាំង​សម្រាប់​សិល្បករ និង​អ្នក​ស្រឡាញ់​សិល្បៈ​ទាំងអស់​។​

កម្មវិធី​​២៤ បាន​ប្រមូលផ្ដុំ​សិល្បករ​​ ១៦ ​រូប ​ក្នុង​ថ្ងៃ​សម្ពោធអ៊ីឃីហ្កៃ។ រូបថត IKIGAI Arts Center 2022

​ក្នុងចំណោម​អ្នកចូលរួម​រីករាយ​យ៉ាងច្រើន​កកកុញ កុមារ​ត្រូវ​បានផ្ដល់​ការយកចិត្តទុកដាក់​ជាមួយ​សកម្មភាព​ជំរុញ​ទំនាក់ទំនង​ជាមួយ​ក្មេង​ដទៃ តាមរយៈ​ចំណូលចិត្ត​សិល្បៈ​ក្នុង​ទម្រង់​ផ្សេងៗ ក្រោម​ស្នាមញញឹម​មាតាបិតា​នៅពេល​ឃើញ​កូនៗ​មាន​សក្ដានុពល​ចាប់យក​ធ្វើ​អ្វីដែល​ថ្មី​។​

​អ្នកនាង ឃ្លែ បន្ថែមថា​៖ «​ពិតជា​សំណាង​ណាស់ ដែល​បាន​ប្រមូលផ្តុំ​សិល្បករ​ជាច្រើន​នាក់ ក្នុងការ​អនុវត្ត​សិល្បៈ​ច្រើន​ទម្រង់​ក្នុង​ថ្ងៃ​តែ​ ១ ហើយ​បើកចំហ​សម្រាប់​មនុស្ស​ជាច្រើន​។ វា​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការប្រើ​​ប្រាស់​សិល្បៈ​ជា​ឧបករណ៍​ ១ ដើម្បី​ផ្សព្វផ្សាយ​សារ​អំពី​អ្វី ដែល​ទាក់ទង​សង្គម​កាន់តែច្រើន​នៅថ្ងៃនេះ​»​។

​ទីធ្លា​របស់​មជ្ឈមណ្ឌល អ៊ី​ឃី​ហ្កៃ មាន​តួនាទី​ពហុ​បំណង ប៉ុន្តែ​អ្នកនាង ឃ្លែ ថា ពួកគេ​អាច​បត់បែន​ទៅតាម​ស្ថានភាព​កម្មវិធី​ជាក់ស្ដែង​។

​ជាធម្មតា​មជ្ឈមណ្ឌល​សិល្បៈ​នេះ​មាន​រៀបចំ​ជា​ហាង​តាំង​លក់​សៀវភៅ និង​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​នៅ​កម្ពុជា​។ មជ្ឈមណ្ឌល​ក៏មាន​កន្លែង​រៀបចំ​សកម្មភាព​សិប្បកម្ម ថតរូប ការ​បញ្ចាំង​ស្លាយ សាល​សម្ដែង​ធំ​អាច​ផ្ទុក​មនុស្ស​បាន ៥០ ​នាក់ និង​បន្ទប់​សម្រាប់​សិល្បករ​ប្រចាំការ​ផងដែរ​។​

​អ្នកនាង ឃ្លែ ប្រាប់ថា​៖ «​យើង​ចង់ឱ្យ​កន្លែង​របស់​យើង​ជា​កន្លែង​ដែល​អាច​បំផុស​គម្រោង និង​បង្កើត​បទ​​ពិសោធ​ដ៏​អស្ចារ្យ ដោយ​ទម្លុះ​រនាំង​នៃ​ការច្នៃប្រឌិត​របស់​សិល្ប​ករ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ផ្ដល់​អារម្មណ៍​ពិសេស​ទៅកាន់​ទស្សនិកជន​ទាំងអស់​»​។​

​មជ្ឈមណ្ឌល​សិល្បៈ​ត្រូវបាន​បង្កើត​ក្នុង​បំណង​ផ្តល់នូវ​ការ​បំផុសគំនិត និង​សំណើ​គម្រោង​សិល្បៈ​មិន​ទម្រង់​សម្តែង សិក្ខាសាលា​ប្រចាំ​សប្តាហ៍ សកម្មភាព​ចម្រុះ ការពិភាក្សា និង​សន្និសីទ ដែល​ទាក់ទាញ​មនុស្ស​ឱ្យ​តែងតែ​ត្រឡប់មក​ទីនេះ​វិញ​។​

អ្នកចូលរួម​​កម្មវិធី​​នៅ​​​មជ្ឈមណ្ឌល​សិល្បៈ​ថ្មី​ អ៊ីឃីហ្កៃ​ លើ​វិថី ២៤០។ រូបថត IKIGAI Arts Center 2022

​អ្នកនាង ឃ្លែ បានលើកឡើង​ពី​គោលដៅ ២ នៃ​មជ្ឈមណ្ឌល​សិល្បៈ​ថ្មី​នេះ​គឺ​៖ ការនាំមក​នូវ​លទ្ធភាព​គ្មាន​ដែន​កំណត់ និង​ភាពរស់រវើក សម្រាប់​សហគមន៍​ឆ្ពោះទៅរក​ភាព​រីកចម្រើន ព្រមទាំង​ការចែករំលែក​សំណើច បទ​​ពិសោធ និង​ភាព​អស្ចារ្យ​នៃ​សិល្បៈ​។​

​អ្នកនាង​បាន​បន្តថា​៖ «អ៊ី​ឃី​ហ្កៃ ជា​កន្លែង​ច្នៃប្រឌិត បើកចំហ​សម្រាប់​មនុស្ស​គ្រប់គ្នា​ជាមួយ​ជំហរ​រឹងមាំ​អំពី​តួនាទី​នៃ​សិល្បៈ​នៅក្នុង​សង្គម ដោយ​ជឿថា នៅពេលដែល​សិល្បៈ​ត្រូវបាន​រួបរួម វា​អាចបង្កើត​ការផ្លាស់ប្តូរ​។ យើង​ចង់​ផ្សារភ្ជាប់​មនុស្ស​ឱ្យ​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​មិន​ប្រកាន់​ប្រវត្តិ ភេទ ឬ​សញ្ជាតិ​ឡើយ​»​។​

​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល អ៊ី​ឃី​ហ្កៃ បាន​បញ្ជាក់ថា​៖ «​គ្រប់គ្នា​សុទ្ធតែ​មាន​ភាព​ច្នៃប្រឌិត​។ ដូច្នេះ យើង​ទើបតែ​បើក​ឱ្យមាន​ប្រអប់​គម្រោង​សិល្បៈ ដែល​អ្នកណា​ក៏​អាច​ទម្លាក់គំនិត​នៅក្នុង​ប្រអប់​សារ​របស់​យើង​នូវ​អ្វីដែល​ពួកគាត់​ចង់​សម្រេច​»​។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក @IkigaiArtsCenter៕