​ភ្នំពេញ: បន្ទាប់ពី​ការលុបចោល ការពន្យារពេល និង​ផ្អាក​សកម្មភាព​បណ្ដាលមកពី​ការបិទ​ខ្ទប់ និង​ការ​រឹត​​បន្តឹង​អស់​រយៈពេល​ជា​យូរទីបំផុត ល្ខោន​សៀក​កម្ពុជា​ហ្វារ ដែល​ផ្ដល់​ការកម្សាន្ត​ដល់​ទេសចរ​ជិត ១០ ​ឆ្នាំ​បាន​វិលត្រឡប់​មកវិញ ជាមួយ​កម្មវិធី​ពិសេស​ឈ្មោះថា សៀក​ហ្វារ​រះ​ឡើង (Phare Circus Rising) ដែល​ផ្ដល់​ទស្សនីយភាព​សម្ដែង​រៀងរាល់​ចុង​សប្ដាហ៍ ថ្ងៃ​សុក្រ និង​សៅរ៍​ចាប់ពី​ម៉ោង ៧​ យប់ ចាប់តាំងពី​ខែធ្នូ​មក​។

​អ្វីដែល​កាន់តែ​ពិសេស មុនពេល​ទស្សនា​ល្ខោន​សៀក ទស្សនិកជន​ក៏​អាច​ញ៉ាំ​អាហារ​នៅ ល្ខោន​សៀក​កម្ពុជា​ហ្វារ​បាន ដោយ​ចាប់ពី​ម៉ោង ៥ ល្ងាច​។ ហ្វារ​កាហ្វេ មាន​បម្រើ​អាហារ​ពេល​ល្ងាច​តាមបែប​តាម​ដង​វិថី​ដ៏​ឈ្ងុយឆ្ងាញ់ ជាមួយនឹង​មុខម្ហូប​តម្លៃ​ចាប់ពី ៤ ០០០ រៀល​ប៉ុណ្ណោះ​។​

​លើសពី​កន្លែង​សម្ដែង​សៀក នៅ​តង់​ក្រហម​សម្ដែង​សៀក​ហ្វារ ក៏មាន​លក់​អាវយឺត វត្ថុ​អនុស្សាវរីយ៍ វត្ថុ​ធ្វើ​ពី​ដៃ និង​ស្នាដៃ​សិល្បករ​ហ្វារ​ផងដែរ​។​

​ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ លោក ក្រេ​ក ដ​ច​យ៍ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ទីតាំង​យើង​បើក ២​ ម៉ោង​មុន​ការ​​សម្ដែង ទស្សនិកជន​អាច​រីករាយ​នឹង​ការដើរ​មើល​សម្ភារ​នៅក្នុង​ហាង និង​ក្នុង​ហ្វារ​កាហ្វេ ដែលមាន​បម្រើ​ទាំង​ភេសជ្ជៈ ស្រា​បៀរ ស្រា​ក្រឡុក ម្ហូប ដែល​រៀបចំ​ដោយ​ចុងភៅ​ក្នុងស្រុក​»​។

​លោក​បន្តថា​៖ «​ក្រោម​ភ្លើង​ចម្រុះ​ពណ៌​ពី​តង់​សៀក​ហ្វារ ភ្ញៀវ​អាច​ចាប់​​តុ​អង្គុយ​ស្រស់ស្រូប​អាហារ​ក្នុងតម្លៃ​សមរម្យ និង​មើល​ការសម្ដែង​ដោយ​ឥតគិតថ្លៃ​មុន​ការសម្ដែង​ធំ​។ គ្រប់គ្នា សុទ្ធតែ​ស្វាគមន៍​ចូលមក​ទទួលទាន បើទោះជា​មិន​ទិញ​សំបុត្រ​ចូល​មើល​ការសម្ដែង​ធំ​ក៏ដោយ លើកលែងតែ​ពេល​កំពុង​សម្ដែង ដើម្បី​ជា​សុវត្ថិភាព​ដល់​សិល្បករ និង​កុំឱ្យ​រំខាន​អារម្មណ៍​ដល់​អ្នកទស្សនា​»​។​

ភ្ញៀវ​អាច​រីករាយ​នឹង​អាហារ​ពេល​ល្ងាច​តម្លៃ​ចាប់ពី ៤០០០​រៀល។ រូបថត សហការី

​ក្រៅពី​ការដើរ​ទិញ​អីវ៉ាន់ និង​ការ​ញ៉ាំ​អាហារ នៅមាន​សកម្មភាព​ប្លែកៗ​មុន​កម្មវិធី​ធំ​ដូចជា ការសម្តែង​ស្វាគមន៍​នៅ​ជុំវិញ​ផ្លូវ​ចូល និង​ហាង​កាហ្វេ ការ​​ទស្សនា​ក្រុម​សិល្បករ អ្នក​វាយ​ស្គរ MEDHA និង​ឱកាស​ឱ្យ​ភ្ញៀវ​តុបតែង​ខ្លួន​ស្លៀក​ឈុត​ប្រពៃណី​ថតរូប​។​

​ចំពោះ​ទស្សនីយភាព​ល្ខោន​សៀក​ហ្វារ មានប​ញ្ជូ​ល​ទាំង​តន្ត្រី​កន្ត្រាក់​អារម្មណ៍ ការសម្ដែង​របាំ ល្ខោន សៀក​កាយសម្ព័ន្ធ សៀកលេង​ជាមួយ​ភ្លើង សៀក​តោង​ខ្សែ សៀក​បោះ​បាល់​។​

​ជិត ​១ ​ទសវត្សរ៍​ហើយ ​ដែល​សិល្បករ​នៅ​ហ្វារ​បាន​តែងតែ​ប្រឹងប្រែង​ហាត់​​សម ដើម្បី​អាចធ្វើ​ការសម្ដែង​បានល្អ​បំផុត​សម្រាប់​ភ្ញៀវទេសចរ ក៏ដូចជា​បាន​បង្កប់​ខ្លឹមសារ​វប្បធម៌ អរិយធម៌​ចែកចាយ​ទៅតាម​សាច់រឿង​មួយៗ​។​

​ប្រធាន​ផ្នែក​ទីផ្សារ​ជនជាតិ​អាមេរិក ដែល​រស់នៅ​កម្ពុជា​ ១០ ឆ្នាំ​រូបនេះ​បន្តថា​៖ «​ពួកគេ​និទានរឿង​ខ្មែរ និង​លើកយក បទពិសោធ​ផ្ទា​ល់ពី​ជីវិត​របស់​អ្នកបង្កើត និង​អ្នក​សម្ដែង ដោយ​ប្រើការ​សម្ដែង​សៀក​បែប​ទំនើប​លើក​អំពី​ប្រធានបទ សង្គ្រាម ការរើសអើង ទំនាក់ទំនង ភាពក្រីក្រ និង​ខ្មោច​»​។

​លោក​បានឱ្យដឹង​ដែរ​ថា​៖ «​ការ​​សម្ដែង​ខ្លះ​មាន​លាយ ផ្សែង សំឡេង​ឮ​ខ្លាំងៗ និង​ភ្លើង​ហ្វារ ដូច្នេះ​សម្រាប់​ភ្ញៀវ​ដែល​អាច​នឹងមាន​បញ្ហា ឬ​មាន​កូនតូច​អាចទាក់ទង​មក​បុគ្គលិក​ផ្នែក​លក់​សំបុត្រ​យើង​ផ្ទាល់​»​។​

​បច្ចុប្បន្ន ការសម្ដែង​ប្រចាំ​សប្ដាហ៍​មានតែ​ថ្ងៃ​សុក្រ និង​សៅរ៍ ប៉ុន្តែ​លោក ក្រេ​កថា ​សង្ឃឹម​នឹង​អាចធ្វើ​ការសម្ដែង​រៀងរាល់​យប់​នៅពេល​ទ្វារ​ទេសចរណ៍​បើក​ទូលំទូលាយ​ឡើងវិញ​។

ការ​សម្ដែង​ «សៀកហ្វារ​រះឡើង» ដែល​ផ្ដល់ទស្សនីយភាព​រៀងរាល់ថ្ងៃ​សុក្រ និង​សៅរ៍ នៅ​សៀមរាប។ រូបថត Kim Chhay

​សំបុត្រ​ទស្សនា​មានតម្លៃ​ ១០ ​ដុល្លារ​ ចំពោះ​មនុស្សពេញវ័យ និង​ឥតគិតថ្លៃ​សម្រាប់​កុមារ​ក្រោម ១២ ​ឆ្នាំ​។ រីឯ​សំបុត្រ​អាច​ជ្រើសរើស​កន្លែង មានតម្លៃ ២០ ​ដុល្លារ​សម្រាប់​មនុស្ស​ធំ និង ​១០ ​ដុល្លារ​កុមារ​ក្រោម ១២ ​ឆ្នាំ​។​

​ល្ខោន​សៀក​កម្ពុជា​ហ្វារ គឺជា​គំរូ​សហគ្រាស​សង្គម​ដ៏​ច្នៃប្រឌិត​បំផុត ​១ ​នៅ​កម្ពុជា​។ ប្រាក់ចំណេញ ពី​ការលក់​សំបុត្រ ទំនិញ និង​ការសម្តែង​ឱ្យ​ឯកជន​ផ្សេងៗ នឹង​ជួយ​ដល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ វគ្គ​បណ្តុះបណ្តាល​សិល្បៈ និង​កម្មវិធី​គាំទ្រ​សង្គម​របស់ ហ្វារ​ពន្លឺ​សិល្បៈ​ក្នុង ខេត្តបាត់ដំបង​។​

​លោក ក្រេ​ក ថា​៖ «​អ្នក​សម្ដែង​មាន​ប្រវត្តិ​ចេញពី​ជីវភាព​ដ៏​លំបាក និង​បាន​អភិវឌ្ឍ​ជំនាញ​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ ហើយ​ពួកគេ​អាច​ផ្លាស់ប្ដូរ​ជីវភាព​ពី​ការសម្ដែង​សៀក​នៅ​ហ្វារ​។ ដូច្នេះ តាមរយៈ​ការចូលរួម សៀក​ហ្វារ ទស្សនិកជន​ទទួលបាន​ទាំង​ភាព​​រីករាយ​នឹង​ការសម្ដែង​ផ្ទាល់​ដ៏​ល្អ​បំផុត​នៅ​សៀមរាប ហើយ​ក៏បាន​ក្លាយជា​ផ្នែក​មួយ​ជួយ​ឱ្យ​រស់រាន​ឡើងវិញ​នៃ​សិល្បៈ​ខ្មែរ ផ្តល់​ហិរញ្ញវត្ថុ​ដល់​សាលា និង​ផ្តល់​ការងារ​ល្អ​ដល់​សិល្បករ​កម្ពុជា ដែលមាន​ក្តី​សុបិន​»​។​

​លោក ក្រេ​ក ឱ្យដឹងថា តាំងពី​បើក​វិញ​ពួកគេ​អាច​ទទួលភ្ញៀវ​ចន្លោះ​ពី ៦០-៨០ ​នាក់​ ក្នុង ១ ​យប់ តែ​កាល​មុន​កូ​វីដ គឺ​ចំនួន​ភ្ញៀវ​រហូតដល់ ៣០០-៤០០​ នាក់ ក្នុងកា​សម្ដែង​ ១ ​លើក​។​

​លោក​បញ្ចប់​ថា​៖ «​សៀក​ហ្វារ មិន​គ្រាន់តែ​ជាការ​សម្តែង​ផ្ទាល់​ដ៏​ល្អ​បំផុត​នៅ​ទីក្រុង​ប៉ុណ្ណោះ​ទេ​។ វា​ជា​បទពិសោធ​ពេល​ល្ងាច​ពេញលេញ​ ១ ​ក្នុងតម្លៃ​ដ៏​អស្ចារ្យ​។ ពេលវេលា​អាច​នឹង​ឆាប់​​បន្តិច​សម្រាប់​គ្រួសារ ប៉ុន្តែ​ចំពោះ​អ្នក​ចង់ទៅ​ផាប់​ស្ត្រី​ត ឬ​ក្លិប​បន្ត​ខ្ញុំ​គិតថា​វា​ល្ងាច​ល្មម​ក្នុងការ​ចូលរួម​ទស្សនា​​»។

​សូម​ស្វែងរក​ព័ត៌មាន​បន្ថែម​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក @PhareCircus៕

មុនពេលទស្សនាល្ខោនសៀក ភ្ញៀវ​អាច​រីករាយ​នឹង​អាហារ​ឆ្ងាញ់ៗ​។ រូបថត សហការី