​សៀមរាប: តូប​ទំនិញ​តូច​ច្រឡឹង​ប្រមាណ​ ២០ រំលេច​ផលិតផល​ក្នុងស្រុក​សុទ្ធសាធ តម្រៀប​គ្នា​នៅ​បរិវេណ​ដី ១៥ គុណ​នឹង ២៨ ម៉ែត្រ​នៃ​វិថី​អ៊ុំ​ឃុន​ក្រុង​សៀមរាប ក្រោម​ការ​​ចងក្រង​ជា​ផ្សារ​សហគមន៍​ឈ្មោះថា «​ផ្សារ​ផលិតផល​កម្ពុជា​» ដោយ​ផ្ដល់​ភាពងាយស្រួល​ដល់​ទេសចរ​ស្រឡាញ់​គាំទ្រ​ស្នាដៃ​ផលិត​ក្នុងស្រុក​ពិតៗ ក្រោម​បរិយាកាស​ទិញ​ទំនិញ​យ៉ាង​រីករាយ និង​គិតគូរ​បរិស្ថាន​។​

​របស់​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​រួមមាន ក្រមា ចម្លាក់​ឈើ ស្ពាន់ ប្រាក់ ស្បែក របស់​កែច្នៃ​ពី​ស្នែងក្របី ពី​ពោះវៀន​កង់ ក្រដាស​កាសែត គ្រឿង​សេ​រ៉ាម៊ិ​ច ត្បូង គជ់ ប៉ៃលិន សម្លៀក​​បំពាក់ និង​គ្រឿងអលង្ការ​ច្នៃ​ពី​គ្រាប់​ធញ្ញជាតិ​។ ម្ហូបអាហារ​មាន គ្រឿង​​ទេស គ្រឿង​អា​ម៉ុក គ្រឿងការី ម្រេច​កំពត និង​ការ៉េម​ត្នោត ជាដើម​។​

​ជាទី​ប្រជុំ​ផលិតផល​ដំបូង​ ១ ​ដែល​រក្សា​គុណ​តម្លៃ​ផលិតផល​ក្នុងស្រុក​ឥត​ងាករេ «​ផ្សារ​ផលិតផល​កម្ពុជា​» (Made in Cambodia Market ឬ MCM) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៣ ដោយ​លោក អា​បេ គ្រី​ស្ទា​ន ឌី​បឿ និង​លោក អ៊ុន សាវ៉ា​ន់​។​

​ត្រឡប់​ទីតាំង​ទើប​ប្ដូរ​ថ្មីថ្មោង និង​បើក​ឡើងវិញ​កាលពី​ថ្ងៃទី ​៧ ខែ កុម្ភៈ ឆ្នាំ ​២០២២ លោក សាវ៉ា​ន់ បាន​រៀបរាប់​ពី​ប្រវត្តិ​ផ្សារ​ប្រាប់​មក ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ពី​មុនគេ​ប្រើ​រូបភាព​ការប្រមូល​​ផ្ដុំ​ពិព័រណ៍​ផ្សេងៗ​។ តែ​ដៃគូ​ខ្ញុំ​ម្នាក់ ដែល​កាលនោះ ខ្ញុំ​ធ្វើការ​ជាមួយ​គាត់ ជា​អ្នករៀបចំ​ពិព័រណ៍​សិល្បៈ គាត់​នឹក​ឃើញថា ចង់​ប្រមូល​ធ្វើជា​ផ្សារ​តូចៗ​ធម្មតា​»​។

​ដោយ​សម្រាំង​យកតែ​ផលិតផល​ក្នុងស្រុក​ពិតប្រាកដ លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង MCM មិនមែន​សំដៅថា​គ្រប់យ៉ាង​ស្ថិត​តែ​នៅក្នុង​ខ្មែរ​ទេ​។ វត្ថុធាតុដើម​ខ្លះ​យើង​មិនមាន​ហើយ​នាំចូល ក៏ប៉ុន្តែ​ពួកគាត់​ដំឡើង ហើយ​កែច្នៃ​ដោយ​ខ្មែរ និង​ទោះបី​ពេលខ្លះ​ម្ចាស់​របស់​ផលិតផល​ជា​ជនជាតិ​បរទេស​តែ​អ្នកធ្វើ​ខ្មែរ​»​។​

ខ្សែក​ច្នៃពីគ្រាប់ធញ្ញជាតិ និង​កាបូប​​ដេរដោយជនពិការ​​។ រូបថត សហការី​

​ផ្ដើមចេញពី​កម្មវិធី​ប្រមូលផ្ដុំ​ផ្សារ​នៅលើ​ដង​វិថី​នៅមុខ​សណ្ឋាគារ ស៊ី​ន្តា មុន្នី អង្គរ ដំណើរការ​ឆ្នាំ​ទី​១ ផ្សារ​ផលិតផល​កម្ពុ​ជាមាន​វ​ត្ត​មានតែ​ម្ដង​​គត់​ក្នុង​ ១ ​ខែ​។ ដោយមាន​ការទទួលស្គាល់​ច្រើន នៅ​ឆ្នាំ​បន្តបន្ទាប់ ផ្សារ​បាន​វិ​វ​ឌ្ឍ​ដំណើរ​ ១ ​ថ្ងៃ ​ក្នុង ​១ ​សប្ដាហ៍ ៤ ​ថ្ងៃ ​ក្នុង ​១ ​សប្ដាហ៍ រហូតដល់​ពេញ ៧ ​ថ្ងៃ ​ក្នុង ​១ ​សប្ដាហ៍​។​

​បច្ចុប្បន្ន​ផ្សារ​ផលិតផល​កម្ពុជា​បាន​ប្ដូរ​មក​ទីតាំង​ជិត​សណ្ឋាគារ ស៊ី​ន្តា មុន្នី អង្គរ វិញ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី ផាប់​ស្ត្រី​ត និង​មន្ទីរពេទ្យ​កុមារ​អង្គរ​។

​លោក សាវ៉ា​ន់ បាន​បន្តទៀតថា​៖ «​ចំណែក​ស្ថានភាព​តូប​យើង​វិញ យើង​ចាប់ផ្ដើម​ពី​បែប​ជាត​ង់ អាជីវករ​ត្រូវ​រើ​ចុះ​រើ​ឡើង​រាល់ថ្ងៃ​។ ពេល​ឃើញ​ការលំបាក​ពួកគាត់ ក្នុង​ឆ្នាំ​ ២០១៧ យើង​ក៏មាន​ការកែប្រែ ធ្វើជា​តូប​មាន​លក្ខណៈ​ដូច​តូប​កាហ្វេ ដោយ​គាត់​អាច​បិទ​បើកទ្វារ​លក់​តែម្ដង​»​។

​ភាព​ពិសេស​នៃ​ផ្សារ​គឺ​ផលិតផល​មិន​ជាន់គ្នា​ពី​តូប​ ១ ទៅ​ ១​ តូប ដោយ​សហ​ស្ថាបនិក ៣៧​ ឆ្នាំ​រូបនេះ​ថា មិន​ចង់ឱ្យមាន​ការប្រកួតប្រជែង​គ្នា​។

​ហេតុផល​ដែល​ធ្វើឱ្យ​ភ្ញៀវ​សប្បាយ​​ចិត្ត គឺ​ពួកគាត់​ទទួលបាន​ផលិតផល​ស្នាដៃ​ខ្មែរ​ពិតៗ សេរីភាព​ក្នុង​ការដើរ​មើល ដើរ​ទិញ​ពី​អាជីវករ​ដ៏​រួសរាយ​រាក់ទាក់ ដោយ​មិន​មានការ​ប្រទាញ​​ប្រទង់​ហៅភ្ញៀវ​ឡើយ​។

​ក្រៅពី​លើកស្ទួយ​ផលិតផល​ក្នុងស្រុក ផ្សារ​ផលិតផល​នេះ​ក៏​អនុវត្ត​ការគិតគូរ​បរិស្ថាន ដោយ​ប្រើ​ក្រដាស​កាសែត ឬ​ក្រណាត់​ចាស់ៗ​ធ្វើជា​ថង់​ច្រក​ទំនិញ ជំនួស​ឱ្យ​ការ​វេច​ខ្ចប់​ដោយ​ប្លា​ស្ទិ​ក​។​

​សហ​ស្ថាបនិក និង​អ្នករៀបចំ​កម្មវិធី រូបនេះ​ថា​៖ «​យើង​មានច្បាប់​ទម្លាប់ ពួកគាត់​ចូលមក​ត្រូវតែ​គោរព​តាម ដូចជា​ថង់​ច្រក​សំរាម​យើង​ក៏​ច្រក​ពី​ថង់​បរិស្ថាន ដែល​គេ​ផលិត​ពី​កាក​​អំពៅ​។ ឯ​អាជីវករ​ក៏​ច្រក​ទឹក​ដាក់​ដប​ពី​ផ្ទះ​ដែរ ដើម្បី​ជាការ​ជួយ​ទាំង​បរិស្ថាន និង​លើក​តម្លៃ​កន្លែង​យើង​ផង​»​។

​ក្រោម​ចក្ខុវិស័យ​បង្កើត​ផ្សារ​ឱ្យមាន​និរន្តរភាព លោក សាវ៉ា​ន់ មាន​ក្ដី​អំណរ ពេល​ឃើញ​អាជីវករ​ធ្លាប់តែ​មិន​ស្គាល់​អ្វី​ជា Fashion តែ​យូរ​ទៅ​គាត់​ចាប់​​ផ្ដើម​បែកគំនិត​ច្នៃ​ជា​សម្លៀកបំពាក់​។

​លោក​ថា​៖ «​ពី​អ្នក​ផលិត​ទៅជា​អ្នក​​លក់​ផ្ទាល់ ពី​បុគ្គលិក​ទៅជា​ម្ចាស់ ពី​អ្នក​មិនចេះ​ឌី​ហ្សា​ញ​អី​សោះ ទៅជា​ចេះ​ឌី​ហ្សា​ញ ពី​ហាង​តូច​​ ១ ​ទៅ​ធំ​នេះ ហើយ​នេះ​ជា​គោលដៅ​របស់​យើង​»​។​

ភ្ញៀវទេសចរ​​រីករាយ​នឹង​ដើរ​មើល​ទិញ​អីវ៉ាន់​​​នៅ​ផ្សារផលិតផល​កម្ពុជា​ ក្រុង​សៀមរាប។ រូបថត Made in Cambodia Market Team

​ក្រៅពី​ជា​ផ្សារ​គាំទ្រ​ផលិតផល​ក្នុងស្រុក និង​បង្កើត​ការងារ​ដល់​ខ្មែរ ផ្សារ​ក៏បាន​ជួយ​គាំទ្រ​ដល់​ក្រុម​សិល្បៈ​ខ្មែរ​ដូចជា សមាគម​ថ្លៃថ្នូរ ល្ខោន​សៀក​កម្ពុជា​ហ្វារ និង​តន្ត្រីករ​ផ្ញើ​ជីវិត​លើ​រទេះ ប្រាក់ សុផាន់​ណា តាមរយៈ​ការ​​សម្ដែង​នានា​កន្លងមក​។​

​ជា​អកុសល ពេលនេះ​សកម្មភាព​សម្ដែង​ទាំងអស់នេះ​ត្រូវបាន​ផ្អាក ដោយសារ​ខ្សត់​ភ្ញៀវ​អន្តរជាតិ​ជា​កត្តា​ចម្បង គួបផ្សំ​នឹង​ទីតាំង​តូច​។ ប៉ុន្តែ​សហ​ស្ថាបនិក​រូបនេះ​ថា នឹង​ព្យាយាម​នាំយក​ទស្សនីយភាព​សិល្បៈ​កម្សាន្ត​នេះ​ត្រឡប់មកវិញ​។​

​លើសពី​គាំទ្រ​ដោយ​ភ្ញៀវ​បរទេស លោក សាវ៉ា​ន់ បានឱ្យដឹងថា​៖ «​យើង​មាន​ភ្ញៀវ​តក់ៗ​ដែរ តែ​យើង​ចង់​ធ្វើ​សួន​មាន​កម្មវិធី​ឡើងវិញ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​បន្ថែម ហើយដោយ​សា្ន​ដៃ​បង្កើត​ដោយ​ខ្មែរ យើង​ក៏​សូមឱ្យ​បងប្អូន​ខ្មែរ​ជួយ​គាំទ្រ​ដូចគ្នា​»​។​

​ផ្សារ​ផលិតផល​កម្ពុជា ក៏​ធ្លាប់បាន​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី National Geographic magazine និង Skyway (Japanese Airline) ហើយ​សហ​ស្ថាបនិក សាវ៉ា​ន់ បាន​លើកឡើងថា​៖ «​ចង់​បញ្ជាក់ថា មិន​​មែន​ខ្ញុំ​ខ្លាំង​ទេ គ្រប់យ៉ាងដោយសារ​បងប្អូន​យើង​បាន​សហការ​ចូលរួម​ទាំង​ការចេះ​រាក់ទាក់​ជាមួយ​ភ្ញៀវ និង​មិន​បោក​ភ្ញៀវ ហើយ​យើង​ក៏​ចង់​អរគុណ​ដល់​អូ​តែ​ល​ដែល​តែងតែ​គាំទ្រ​យើង ដោយ​ការនាំ​ភ្ញៀវ​មក​កន្លែង​យើង​»​។

«​ផ្សារ​ផលិតផល​កម្ពុជា​» បើក​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ១២​ ថ្ងៃត្រង់​ដល់​ម៉ោង ៦ ​ល្ងាច​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក @MadeinCambodiaMarket៕