ភ្នំពេញ: ផ្កា​កុលាប ផ្កា​លី​លី ផ្កា​​អ័​រ​គី​ដេ ផ្កាឈូករ័ត្ន និង​ផ្កា​ជាច្រើន​ប្រភេទ និង​ចម្រុះ​ពណ៌​ត្រូវបាន​ដាក់បញ្ចូល​គ្នា រៀប​អម​ជាមួយ​កន្ត្រក ក្នុង​ស៊ុម​គំនូរ បាច់ផ្កា ឬ​វត្ថុ​អនុស្សាវរីយ៍​នានា ដែលនាំឱ្យ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អតិថិជន ជាពិសេស ក្នុងឱកាស​ទិវា​នៃ​ក្ដី​ស្រឡាញ់​កន្លងទៅ​។

​សម្រស់​បុប្ផា ដែល​មើលទៅ​មិន​ស៊ាំ​​ភ្នែក រហូតដល់​អ្នកមាន​ចង់​ដាក់​ច្រមុះ​ស្រង់​ក្លិនពិដោរ​របស់​វា​ទៀតផង​។ ប៉ុន្ដែ​បើ​ពិនិត្យពិច័យ និង​កាន់​ស្ទាប​ផ្ទាល់ដៃ ទើប​ដឹងថា ផ្កា​ទាំងអស់នេះ​គ្រាន់​​តែ​ជាការ​ច្នៃប្រឌិត​ចេញពី​សម្បក​ពោត និង​ស្លឹក​ចាក​ប៉ុណ្ណោះ​។

​ហាង «​ផ្កា​ខ្មែរ​» ដែល​បើកទ្វារ​លក់​ផ្កា​ច្នៃ​ចេញពី​សម្ភារ​ធម្មជាតិ​ជាង ១​ ឆ្នាំនេះ កើត​ពី​ចំណូល​ចិ​ត្ដ​ស្រឡាញ់​ការ​​កាច់​ផ្កាក្រដាស និង​ចាប់ផ្ដើម​បង្ហោះ​លក់​តាម​អន​ឡាញ​លេងៗ​។

​លោក វង្ស ហិរញ្ញ​និ​យុ​ទ្ទ ម្ចាស់​ហាង​​ផ្កាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​មិត្ត​ភ​កិ្ត​ខ្ញុំ ជាជាង​កាត់សក់ ពេលទំនេរ គាត់​កាច់​ផ្កា ដោយ​ផ្ដើម​ការច្នៃ​ផ្កា​ពី​ក្រដាស រួច​បង្ហោះ​លក់​ធម្មតា​។ តាមរយៈ​កិច្ច​ការ​នេះ ពួកយើង​ក៏មាន​ឱកាស​បាន​ស្គាល់​ប្អូនស្រី លី​ណា ជា​អ្នកធ្វើ​ផ្កា​ពី​សម្បក​ពោត​យូរហើយ តែ​ធ្វើ​លេងៗ​នៅផ្ទះ​លក់​អន​ឡាញ​»​។

​លោក​បន្តថា​៖ «​ប្អូនស្រី​បាន​ណែនាំ​យើង​ថា ផ្កា​ដែល​ធ្វើ​ពី​ក្រដាស​មិនសូវ​មានតម្លៃ​ទេ តែបើ​យក​សម្បក​ពោត​ច្នៃ​វា​មានតម្លៃ និង​ប្លែក​គួរឱ្យ​ចាប់អារម្មណ៍​ជាង​។ យើង​ក៏​រៀន​ពី​គាត់​ទាំង​របៀប​ធ្វើ និង​របៀប​ទុកដាក់​។ យើង​មើលឃើញថា វា​ស្អាត និង​អាច​រក្សាទុក​បានយូរ និង​មិនទាន់មាន​អ្នកធ្វើ​ទូលំ​ទូលាយ​ច្រើន​។ ដូច្នេះ​យើង​ក៏​ចាប់​​ផ្ដើម​បង្កើត ផ្ទះ «​ផ្កា​ខ្មែរ​» នេះ​»​។​

​បុគ្គលិកយក​សម្បកពោត​ស្ងោរ​រួច ​ទៅហាល​សំដិល​ថ្ងៃ​ល្មមៗ​។ រូបថត សហការី

​ចាប់ពី​សម្បក​ពោត ស្លឹក​ចាក រហូត​​ដល់​ស្មៅ​ក្រៀម និង​ផ្កា​ពោត សុទ្ធតែជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ផ្កា​ដ៏​ស្រស់​​ស្អាត ដែល​ងាយស្រួល​រក​។

​អតីត​អ្នកធ្វើការ​ផ្នែក​ទេសចរណ៍​រូប​​នេះ បាន​និយាយថា លោក​គ្រាន់តែ​សុំ​ពី​អ្នកលក់​ពោត​ស្ងោរ និង​ពោត​​អាំង ខណៈ​ដើរ​បេះបោច​ដើម​ស្មៅ​បន្ថែម​ជា​គ្រឿង​លម្អ​។ ប៉ុន្ដែ​ដោយសារ​តម្រូវការ​កើន​ខ្ពស់ លោក​បានដាក់​ម៉ូយ​ជាមួយ​អ្នកលក់​ពោត​ ដើម្បីឱ្យ​ពួកគេ​ដឹក​មកដល់​ទីតាំង​តែម្ដង​។

​លោក ហិរញ្ញ​និ​យុ​ទ្ទ បានឱ្យដឹងថា​៖ «​យើង​បាន​ផ្ដាំ​គាត់​ឱ្យជួយ​ទុក​សម្បក​​ពោត​ឱ្យ​យើង ដោយពេល​ខ្លះ​យើង​ជួយ​ទិញ​ពោត​គាត់ និង​ថ្ងៃ​ខ្លះ​ក៏​ជូន​ជា​ថវិកា​ដល់​គាត់​។ អ៊ឹ​ចឹ​ង ឥឡូវ​ពេល​គាត់​បកសម្បក​ពោត​ហើយ គាត់​មិន​ចោល​ទៀត​ទេ​។ ពួកគាត់​ទុក​ក្នុង​ថង់​សម្រាប់​ពួកយើង​»​។​

​ចំពោះ​លក្ខណៈ​ខុសគ្នា​របស់​ផ្កា​ច្នៃ និង​ផ្កា​ធម្មតា ឬ​ផ្កាក្រដាស យុវជន​រូបនេះ បាន​អះអាងថា ផ្កា​ច្នៃ​ចេញពី​រុក្ខជាតិ​ក្រៀម​ទាំងនេះ ប្រើ​ដំណាក់​​កាល​ច្រើនជាង​ការផលិត​ផ្កាក្រដាស ដែល​គ្រាន់តែ​ទិញ​ក្រដាស និង​បត់​។

​លោក​បរិយាយ​ថា ចំពោះ​ផ្កា​ពោត ពួកគេ​ត្រូវយក​សម្បក​ទៅ​ស្ងោរ​បន្ថែម និង​ស្ងោរ​ល័ក្ដ​ពណ៌​ដើម្បី​រំលេច​ទៅតាម​ពណ៌​ផ្កា​នីមួយៗ រួច​យក​ហាល​។ ចំពោះ​ការ​ហាល​ក្រោម​កម្ដៅ​ថ្ងៃនេះ បើ​វា​ក្ដៅ​ពេក វា​ធ្វើឱ្យ​សម្បក​ពោត​ស្រួយ ហើយ​បើ​មិន​ស្ងួត វា​អាច​ដុះ​ផ្សិត​។ ដូច្នេះ គេ​ត្រូវ​ហាល​វា​ឱ្យ​ល្មមៗ និង​យក​ទុកដាក់ ទើប​មាន​អ្នក​កាត់ អ្នក​​បត់ និង​អ្នកធ្វើ​ចេញ​ម្ដង ​១ ​ស្រទាប់ៗ​។

​លោក ហិរញ្ញ​និ​យុ​ទ្ទ លើកឡើងថា​៖ «​វា​អាច​ចូលរួម​មួយចំណែក​តូច​ក្នុង​ការជួយ​បរិស្ថាន​។ បើ​ប្រជាជនមាន​ការគាំទ្រ​ច្រើន វា​ជួយ​បង្កើន​ការងារ​ច្រើន ពីព្រោះ​យើង​ប្រើ​មនុស្ស​ធ្វើ​ទាំង​​អស់​។ វា​ទុក​បានយូរ និង​ស្រស់ស្អាត​ម្យ៉ាង​ពី​ផ្កា​ទូទៅ​។ តែបើ​គិតពី​គុណ​​តម្លៃ បើ​ទោះ​វាមាន​តូច មាន​ធំ មាន​ខ្លី មាន​វែង​មិន​ស្មើគ្នា វា​បញ្ជាក់​ពី​ភាព​ពិសេស​នៃ​វត្ថុ​ដែល​យើង​ច្នៃ​»​។​

​លោក វង្ស ហិរញ្ញនិយុទ្ទ សហស្ថាបនិក​ហាង​ ផ្កា​ខ្មែរ កំពុង​រៀបចំ​សម្បកពោត​។ រូបថត សហការី

​យ៉ាងណាមិញ ម្ចាស់​ហាង​ផ្កា​ខ្មែរ​រូបនេះ បញ្ជាក់ថា ហាង​លោក​ទទួល​ការ​កុម្ម៉ង់​ជា​ប្រភេទ​ផ្កា​កន្ដ្រក និង​ផ្កា​បាច់ ដោយ​មិនទាន់​មានលទ្ធភាព​ផ្គត់​ផ្គង់​ទ្រង់ទ្រាយ​ធំ​នោះទេ ពីព្រោះ​លោក​គិតពី​ស្ដង់ដា និង​បទពិសោធ​។

​ចំពោះ​តម្លៃ វា​អាស្រ័យ​លើ​ទង កន្ដ្រក បាច់ ចំនួន​តិច ឬ​ច្រើន ដែល​ជាក់​​ស្ដែង​ផ្កា​ដ៏​ស្រស់ស្អាត ១ ​កន្ដ្រក​មានតម្លៃ​ចាប់ពី ២០ ​ដុល្លារ​។

​រីឯ ការ​កុម្ម៉ង់​ម៉ូដ​ផ្កា លោកបាន​និយាយថា​៖ «​ខាង​ហាង​ធ្វើ​ផ្កា​គ្រប់​ប្រភេទ ជាពិសេស​ផ្កា​ណា​ដែល​គេ​ពេញនិយម ដូចជា ផ្កា​កុលាប ផ្កា​ឈូករ័ត្ន ផ្កាអ័រគីដេ ផ្កា​លី​លី​ជាដើម​។ តែបើ​សិន​កុម្ម៉ង់​ម៉ូដ​ផ្កា​ណា ដែល​យើង​អាចធ្វើ​បាន យើង​នឹង​ទទួល​។ ម៉ូដ​ណា ពិបាក​ពេក ឬ​ត្រូវ​ចំណាយពេល​ច្រើនពេក យើង​មិន​ហ៊ាន​ទទួល​ទេ ឬ​ពេលខ្លះ​យើង​ទទួល តែ​យើង​អាច​សូម​ពេល​គាត់​យូរ​បន្តិច​»​។

​លោក ហិរញ្ញ​និ​យុ​ទ្ទ ទទួលស្គាល់ថា ការលក់​ផ្កា​សម្បក​ពោត​ដំបូង មិនមាន​អ្នកគាំទ្រ​នោះទេ តែ​ហាង​ផ្កា​ខ្មែរ​កាន់តែ​មានការ​ទទួល​ស្គាល់​ខ្លាំង ពេល​ភ្ញៀវ​តែង​ទៅហើយ​ត្រឡប់​វិញ ដោយ​​សារ​ពួកគេ​មើលឃើញ​ពី​ភាពស្រស់​​ស្អាត និង​ជួយ​លើកទឹកចិត្ដដ​ល់​ការ​​ច្នៃប្រឌិត​របស់​កូន​ខ្មែរ​។

​លោកនិយាយថា​៖ «​ការទទួល​​បានការ​គាំទ្រ​ពី​អតិថិជន វា​ជា​កម្លាំង​ចិត្ត​របស់​យើង ជា​អ្នក​ធ្វើឱ្យ​ប្រឹង​ធ្វើ ប្រឹង​ច្នៃ​វា​បន្ថែមទៀត​»​។​

​ថ្មីៗ ហាង​ផ្កា​ខ្មែរ ស្ថិត​នៅផ្ទះ ២៥០ ផ្លូវ​ ១៥៣ សង្កាត់​បឹង​កេងកង​ ៣ ខណ្ឌចំការមន ក៏មាន​លក់​ផ្កា​ស្រស់​ដែរ តាម​តម្រូវការ​ទីផ្សារ​អតិថិជន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ Facebook ផ្កា​ខ្មែរ-Pkar Khmer៕

សកម្មភាព​ផលិតផ្កាច្នៃ​ចេញពី​សម្បកពោត និងរុក្ខជាតិ​ក្រៀមដទៃ​។ រូបថត សហការី