​ភ្នំពេញ: រសៀល​សូរ្យសែង​បន្ទាបខ្លួន​ថមថយ​កម្ដៅ ស្ត្រី​វ័យ​មជ្ឈិម​កាត់សក់​ខ្លី ផ្ដើម​កាន់​​ដៃចង្កូត​រ៉ឺម៉ក​កង់​ ៣ ស្វះស្វែង​ដឹក​ភ្ញៀវ​ទៅតាម​គោលដៅ ជា​ថ្នូរ​នឹង​សោហ៊ុយ​តិចតួច​គ្រាន់​ដោះស្រាយ​ជីវភាព ចិញ្ចឹម​ម្ដាយ​វ័យ​ជិត​ ៨០​ ឆ្នាំ និង​ក្មួយ​ឱ្យទទួល​ពន្លឺ​វិជ្ជា​។​

​អ៊ំស្រី សុខ​លៀប អាយុ ៥០​ ឆ្នាំ ជា​អ្នករត់​រ៉ឺម៉ក​ម្នាក់​ដែល​ត្រូវបាន​បងប្អូន​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​ចែករំលែក​រូបភាព​តៗ​គ្នា ក្រោយពី​អ្នកខ្លះ​បាន​ជួប​គាត់​ពេលធ្វើ​ដំណើរ និង​ខ្លះទៀត​ឃើញ​អ៊ំស្រី​ប្រចាំការ​នៅ​ម្ដុំ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​៉​។

​ដោយសារ​មិនមាន​គ្រួសារ កូនចៅ អ៊ំស្រី​ត្រូវ​ប្រកប​របរ​តិចតួច​តាំងពី​កាហ្វេ​ភេសជ្ជៈ​តាម​រទេះ​នៅ​ម្ដុំ​ពហុ​កីឡដ្ឋាន​អូឡាំពិក រហូតដល់​ឈប់​មក​អាស្រ័យ​ជីវភាព​នឹង​ដៃចង្កូត​រ៉ឺម៉ក​តាំងពី​ឆ្នាំ ​២០១៨​។​

​អ៊ំស្រី​បាន​រំឭក​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ ពី​ការឈប់​លក់ដូរ មក​ចិញ្ចឹម​ជីវភាព​ដោយ​រត់​កង់​៣​ថា​៖ «​បន្ទាប់ពីនោះ ខ្ញុំ​ក៏​នៅ​ជាមួយ​ម្ដាយ​មួយរយៈ គេង​គិត​មិនដឹង​រកស៊ី​អី​។ និយាយ​ទៅ​ពេល​ហ្នឹង​ខ្ញុំ​គ្មាន​ជម្រើស ព្រោះ​ខ្ញុំ​ដូច​អស់​លទ្ធភាព​នឹង​រកមុខ​​របរ ដោយសារ​អត់​មាន​ទីតាំង​លក់​។ ណាមួយ​ដើមទុន​យើង​តិច យើង​ទៅធ្វើ​អី​ធំ​មិនបាន​។

​អ្នករត់​រ៉ឺម៉ក​វ័យ​ជ្រេ​រូបនេះ​បន្តថា​៖ «​បើ​យើង​លក់ដូរ​ក៏​ពិបាក​យើង​អត់​មានផ្ទះ​ទុក​អីវ៉ាន់​។ បើ​ជួល​គេ​យើង​អត់​លទ្ធភាព យើង​រក​មិនបាន​ច្រើន​ទេ​។ ខ្ញុំ​ធ្លាប់ជួល​កន្លែង​គេ រកលុយ​អត់​បាន​ឱ្យគេ​ទេ​។ លក់ដាច់​ច្រើន​ខ្លាំង​ក៏បាន​តែមួយ​គ្រប់​ថ្លៃ​ផ្ទះ​គេ​។ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​អស់​ឆ្អែត​​ឆ្អន់​ហើយ​ការរកស៊ី​លក់ដូរ​ហ្នឹង​ទើប​ចុងក្រោយ​បាន​ខ្ញុំ​ដាច់ចិត្ត​ទិញ​តុ​ក​តុ​ក​រត់​វិញ​»​។

​ស្ត្រី​វ័យមជ្ឈិម​រត់រ៉ឺម៉កចិញ្ចឹម​ម្ដាយចាស់​គឺជារូបភាព​កម្រ​ ខណៈ​​​របរ​រត់រ៉ឺម៉ក​សម្បូរ​តែបុរស​។ ហុង មិនា

​អ៊ំស្រី​យកលុយ​សន្សែសន្សំ​បានមក​បង់​រំលស់​រុឺ​ម៉ក ១ ​គ្រឿង និង​ទទួល​បានការ​​បង្រៀន​បើកបរ​ប្រហែល​ជាង​កន្លះ​ម៉ោង ទើប​គាត់​អាច​ជិះ​យឺតៗ​មក​ផ្ទះ​ដោយ​ខ្លួនឯង​។​

​អ៊ំស្រី សុខ​លៀប ដែល​រីក​​រាយ​ណាស់​និង​បាន​បង់​រំលស់​យានជំនិះ​ឆ្នាំងបាយ​នេះ​សព្វ​​គ្រប់​ហើយ ក៏​តំណាល​ពីបទ​​ពិសោធ​ដំបូង​ពេល​ចាប់ផ្ដើម រត់​រ៉ឺម៉ក​កង់​ ៣​។​

​អ្នកមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម និង​បច្ចុប្បន្ន​រស់​​នៅ​ជិត​ផ្សារ​អូរឫស្សី​រូបនេះ​បាន​និយាយថា​៖ «​ដំបូង​មាន​ផល​​ពិបាក​ដែរ ព្រោះថា យើង​នៅ​ភ្នំពេញ​យូរ​ឆ្នាំ​មែន តែ​យើង​វាស់ដី​ដើរ​។ យើង​លក់ដូរ​នៅតែ ១ ​កន្លែង​។ អ៊ីចឹង​មិន​ស្គាល់ផ្លូវ​ទេ ហើយ​មិនចេះ​ប្រើ​ផែនទី​។ វា​រាង​ពិបាក​ខ្លាំង​នៅពេល​រត់ ​២-៣ ​ខែ​ដំបូង​»​។

​អ៊ំស្រី សុខ​លៀប បានឱ្យដឹងថា​៖ «​ខ្ញុំ​ភ្លេចភ្លាំង​ច្រើន និង​មិនសូវ​ចងចាំ​ផង មិនដែល​សូវ​ចំណេញ​អី​ទេ​។ ដាក់​ភ្ញៀវ​ចុះ ជួនកាល វង្វេង ទម្រាំ​រក​ផ្លូវ​មក​ផ្ទះ​ឃើញ​ជិះ​ចុះ​ជិះ​ឡើង​។ ប៉ុន្តែ យើង​ចេះតែ​ស៊ូ​ទៅ​។ ពេល​ហ្នឹង​មិនបាន​គិត​រឿង​ខាត​ចំណេញ​ទេ គិតថា​ធ្វើ​ម៉េច​ឱ្យតែ​យើង​ចេះ​ស្គាល់ និង​រក​ផ្លូវ​បានឃើញ​។ ប៉ុន្តែ ឥឡូវវា​លែង​ជា​បញ្ហា​ហើយ កន្លែង​ណា​ក៏​ខ្ញុំ​អាច​ទៅបាន​ដែរ បើ​ជួនកាល​ភ្លេចភ្លាំង​មិនសូវ​ចងចាំ ខ្ញុំ​ពេលនេះ​ចេះ​មើល​ផែនទី ដូច្នេះ ទៅណា​ក៏​មិន​វង្វេង​ទៀត​ដែរ​»​។​

​សព្វថ្ងៃ អ៊ំស្រី​រត់​រ៉ឺម៉ក​ចន្លោះ​ពី​ម៉ោង ៤ ​រសៀល រហូតដល់​ព្រឹក​ថ្ងៃ​ថ្មី​។ អ៊ំស្រី​ថា គាត់​រត់តាម​កម្លាំង ដោយ​ថ្ងៃ​ណា​សុខ​​ភាព​អំណោយផល គាត់​ចេញ​ប្រកប​របរ​តាំងពី​ម៉ោង ២ ​រសៀល និង​បន្ត​រត់​រហូតដល់​ម៉ោង ៩ ទៅ ១០​ ព្រឹក​ថ្ងៃ​ថ្មី​។

​មូលហេតុ​ដែល​គាត់​ជ្រើស​​រើស​ការដឹក​ភ្ញៀវ​ពេល​រសៀល​ជ្រេ និង​យប់​ទល់​ភ្លឺ ព្រោះ​វេលា​ថ្ងៃ​រត់​បាន​តិច​ជើង​ពេក ហើយ​មេឃ​ក្ដៅ​ខ្លាំង អាចធ្វើឱ្យ​គាត់​ងាយ​ធ្លាក់ខ្លួន​ឈឺ​។ ការរត់​ពេល​មេឃងងឹត អាកាសធាតុ​ត្រជាក់ មិនសូវ​ហត់ ផ្លូវ​ទូលាយ និង​ងាយស្រួល​បើកបរ ដោយ​គ្រាន់តែ​ត្រូវ​អត់ងងុយ​បន្តិច​។

​អ៊ំស្រី សុខ​លៀប បាន​បន្តថា​៖ «​ពេលយប់​យើង​រត់​បាន​លឿន បាន​ច្រើន​ជើង​ជាង ឆាប់​ដាក់​ភ្ញៀវ និង​យក​ភ្ញៀវ​។ ថ្ងៃ​ខ្ញុំ​យល់ថា ទម្រាំ​បាន​ភ្ញៀវ​មួយៗ គឺ​ពិបាក​ណាស់ ស្ទះ​ផង​អី​ផង​»​។​

អ៊ំស្រី សុខលៀប អាយុ ៥០ ឆ្នាំ ត្រូវ​រត់រ៉ឺម៉ក​ចិញ្ចឹម​ម្ដាយ​វ័យជិត​ ៨០ ឆ្នាំ​ និង​ក្មួយម្នាក់។ហុង មិនា

​ជា​កូន​កណ្ដាល ក្នុងចំណោម​គ្រួសារ​មាន​បងប្អូន​ ៣​ នាក់ អ៊ំស្រី​បាន​បញ្ជាក់ថា បងប្អូន​របស់គាត់​ក៏មាន​ទឹកចិត្ត​ជួយ​ខ្លះ​ដែរ ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្សត់ខ្សោយ និង​រស់នៅ​ឆ្ងាយៗ​ពីគ្នា ទើប​ម្នាក់ៗ​ត្រូវ​ប្រឹងរ​ស់រៀងៗ​ខ្លួន​។ ក្រៅពី​ចិញ្ចឹម​ម្ដាយ​វ័យ​ជរា អ៊ំស្រី​ក៏មាន​ក្មួយ​ម្នាក់ ដែល​កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ​បណ្ដើរ និង​ឆ្លៀត​ធ្វើការ​គ្រាន់​បាន​ប្រាក់​តិចតួច​ចាយ​ខ្លួនឯង និង​សម្រាល​បន្ទុក​ដល់​អ៊ំស្រី​ខ្លះ​ដែរ​។​

​អ៊ំស្រី​ថា ការរត់​រ៉ឺម៉ក​ពុំ​ទទួល​ចំណូល​ទៀងទាត់​ទេ​។ ពេលខ្លះ​ជួប​ភ្ញៀវ​មាន​សន្ដាន​ចិត្ត​អាណិត គេ​ក៏​ឱ្យប្រាក់​លើស​តិចតួច​។ ថ្ងៃ​ណាខ្លះ ក៏បាន​ចំណូល​ត្រឹមតែ​រួច​ថ្លៃ​ហ្គាស​ឱ្យ​រ៉ឺម៉ក ឬ​សល់​តិចតួច​ប៉ុណ្ណោះ​។

​ក្នុង​របរ​រត់​រ៉ឺម៉ក​ដែល​ស្ទើរ​កាន់កាប់​ដោយ​បុរស​ទាំងស្រុង រូបភាព​ស្ត្រី​វ័យ​ជ្រេ​កាន់ចង្កូត​ដឹក​ភ្ញៀវ​ពេលយប់ ដើម្បី​ចិញ្ចឹម​ម្ដាយ​ចាស់ ពិតជា​ធ្វើឱ្យ​អ្នក​ដំ​​ណើ​រទាំង​ឡាយ​កើតក្ដី​ស្ងើច និង​អាណិតអាសូរ​។​

​ប៉ុន្តែ អ៊ំស្រី សុខ​លៀប បាន​ប្រាប់​ដែរ​ថា​៖ «​ម្ដាយ​ខ្ញុំ​គាត់​ចាស់​បុរាណ គាត់​មិន​ចូលចិត្ត​ឱ្យ​យើង​បង្ហោះ​រូប​បែប​ដូច​សូម​ជំនួយ​ពី​អ្នកដទៃ​ទេ ព្រោះ​មនុស្ស​ម្នាក់ៗ​មានជីវិត​របស់ខ្លួន​ក្នុងការ​ទទួលខុសត្រូវ ហើយ​ទោះ​យើង​ក្រខ្សត់ តែ​យើង​មាន​ដៃជើង​គ្រប់គ្រាន់​។ គាត់​តែង​ប្រាប់​ឱ្យ​យើង​ធ្វើ​ទៅតាម​សម្មាអាជីវៈ​របស់​យើង​។ តែ​អ៊ំ​អរគុណ​សម្រាប់​អ្នក​ដែលមាន​ទឹកចិត្ត​ជួយ​អ៊ំ និង​ចាប់​​អារម្មណ៍​ពី​ជីវិត​អ៊ំ​»៕