
សាស្ត្រាវុធប្រថាប់ក្បាច់ប្រណីត ស្ដែងពីឋានៈម្ចាស់យ៉ាងប្រត្យក្ស។ ហ៊ាន រង្សី
ភ្នំពេញ: ពេល ទួន សុជាតិ អាយុជាង ១០ ឆ្នាំ កុមារារូបនេះ ហាក់ចាប់អារម្មណ៍ចំពោះពាក្យថា «សាស្ដ្រាវុធ» ដែលសរសេរនៅក្នុងគម្ពីរបស់ជីតា។ លុះដល់ពេលលោកកំពុងសិក្សានៅសាកលវិទ្យាល័យ ទើបលោកសម្រេចចិត្ដធ្វើជាអ្នកបន្ដវេនមរតកដូនតារបស់លោក ៨ ជំនាន់មុន។
លោកបានសម្រេចចិត្ដចាប់អាជីពជាអ្នកផលិតសាស្ដ្រាវុធខ្មែរសម្រាប់ជាតង្វាយគ្រូ គ្រឿងសង្ហារិម អាវុធការពារខ្លួន រាល់ជនប៉ុនប៉ងអាក្រក់ទាំងផ្លូវភ្លឺ និងផ្លូវងងឹត ដោយសារតែការស្រឡាញ់ចូលចិត្ដ ការអភិរក្ស និងការផ្សព្វផ្សាយកេរមរតកដូនតាខ្មែរឱ្យពិភពលោកបានស្គាល់ ក៏ដូចជាបញ្ចៀសការយល់ច្រឡំផ្សេងៗ។
ម្នាក់ក្នុងចំណោមអតិថិជនរាប់រយនាក់ គឺជាលោក ហ៊ុន ម៉ានិត។ លោកបានជាវដាវ និងព្រះខ័ន ដែលលោក សុជាតិ បានសរសេរនៅលើហ្វេសប៊ុកអមដោយរូបភាពឈរពីខាងក្រោយលោក ម៉ានិត ថា គំរូដាវ និងព្រះខ័នប្រភេទនេះ ត្រូវបានប្រើប្រាស់ដោយមេទ័ពធំប្រចាំព្រះនគរ ដែលបានដឹកនាំទ័ពចេញច្បាំងពេលព្រះនគរជួបកលិយុគ។
លោកបានឱ្យដឹងថា នៅសម័យមុន បើនរណាបានឃើញសាស្ដ្រាវុធប្រថាប់ក្បាច់ប្រណីតទាំងនេះ ពួកគេប្រាកដជាស្គាល់ដល់ឋានៈ ចាប់ពីរាស្ដ្រសាមញ្ញ រហូតដល់ចោរព្រៃ ក៏គោរពម្ចាស់ ពុំហ៊ានប្រមាថឡើយ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «កាលពេលខ្ញុំធ្វើឱ្យគាត់ [ហ៊ុន ម៉ានិត] ដែលមានសាស្ដ្រាវុធ ៨ ដើម ខ្ញុំចំណាយពេលជិត ១ ឆ្នាំ។ គាត់ជាវយកទៅតាំងនៅក្នុងផ្ទះគាត់ ដោយគាត់ស្រឡាញ់របស់បុរាណ ហើយគាត់យកទៅជូនគេផងដែរ»។
ក្រោយពីចាប់អាជីពធ្វើដាវ ២ ដើមដំបូងក្នុងឆ្នាំ ២០១៤ យុវជនមាឌធំដំបងរូបនេះ បានទទួលផលិតដាវ កាំបិត លំពែង ព្រះខ័ន ធ្នូ និងស្នារាប់ពាន់ដើមជូនអតិថិជន ទាំងមិននឹកស្មានថា មានអ្នកចាប់អារម្មណ៍ គាំទ្រសាស្ដ្រាវុធខ្មែរច្រើនដូច្នេះសោះ។

លោក សុជាតិ ផ្ចិតផ្ចង់ឆ្លាក់ផ្លែដាវ ដែលជាកិច្ចការមួយដ៏លំបាក។ ហ៊ាន រង្សី
លោក សុជាតិ អាយុ ៣០ ឆ្នាំ បានឱ្យដឹងថា៖ «ដំបូងឡើយខ្ញុំគិតថាការងារនេះមិនមាននរណាគេរកនោះទេ។ ដល់ពេលធ្វើទៅ ខ្ញុំស្រាប់តែផលិតអត់ទាន់ការកុម្ម៉ង់ឱ្យភ្ញៀវ។ ខ្ញុំអាចនិយាយបានថា គេ [វិញ្ញាណសណ្ឋិត] ជួយយើងក៏ថាបានដែរ»។
លោកបានរំឭកពីដូនតា ៨ ជំនាន់មុន តាមរយៈការតំណាលតៗគ្នាពីជីតារបស់លោកថា ជីតារបស់តាទួតរបស់លោក សុជាតិ គឺជាអ្នកបម្រើការក្នុងជួររាជការ ដែលទំនងជាស្ថិតក្នុងឋានៈឃុន។ ដូនតារបស់លោកតែងតែចេញច្បាំងជាមួយពួកចោរព្រៃ និងពួកសៀមនៅលើសមរភូមិ។
មកដល់ជំនាន់ជីតាទួត ទាំងវិជ្ជាគុន និងចំណេះវិជ្ជាត្រូវបានរក្សាទុកនៅក្នុងខ្លួន ដោយមិនបញ្ចេញ ក្រៅពីកាលៈទេសៈការពារក្រុមគ្រួសារ និងអ្នកស្រុកអ្នកភូមិឡើយ។
លោកបានរំឭកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មកដល់ជំនាន់ជីតាខ្ញុំ កាលនៅតូច ខ្ញុំបានឃើញគម្ពីសៀវភៅក្រាំងនៃការចងក្រងរបស់គាត់ ខ្ញុំក៏រពិសយកមកមើល។ ខ្ញុំមើលឃើញត្រង់ចំណុច ដែលនិយាយអំពីសាស្ដ្រាវុធខ្មែរ។ ខ្ញុំឆ្ងល់ពាក្យនេះមានន័យថាម៉េច។ ចេះតែតាមមើល ក៏ឃើញរូបដាវគូ ខ្ញុំក៏ចាប់អារម្មណ៍ តែមិនបានយកចិត្ដទុកដាក់ខ្លាំងនោះទេ។ ខ្ញុំនៅចងចាំនូវអ្វីដែលគាត់សរសេរបានខ្លះ ត្រឹមប្រមាណ ៥ ភាគរយប៉ុណ្ណោះ។
ខណៈនៅសល់រយៈពេល ១ ឆ្នាំចុងក្រោយនៃការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ដ្រ លោកស្រាប់តែមានបំណងចង់ស្រាវជ្រាវ និងផលិតសាស្ដ្រាវុធបុរាណខ្មែរ។
ចុងឆ្នាំ ២០១៤ លោក សុជាតិ ចាប់ផ្ដើមផលិតសាស្ដ្រាវុធដំបូង ក្នុងបំណងទុកសម្រាប់ហាត់គុន នៅពេលលោករៀនជិតចប់ថ្នាក់បរិញ្ញាបត្ររង។
លោកបានឱ្យដឹងថា៖ «ពេលឃើញផលិតផលសម្រេច ក៏មានអ្នកសួរចង់ទិញ។ ខ្ញុំចាប់ផ្ដើមបែកគំនិតយកប្រាក់ចំណូលពីដាវ ២ ទៅបន្ដធ្វើឱ្យបាន ៤ បន្ដពី ៤ ខ្ញុំធ្វើយ៉ាងម៉េច បង្វិលដើមមកផលិតឱ្យបានដាវចំនួន ៨ តែខ្ញុំក៏មិនភ្លេចសម្រិតសម្រាំងជូនភ្ញៀវដែរ!»។
ម្ចាស់ហាងដាវឈ្មោះ ហនុមានសាស្ត្រាវុធ និងយ័ន្តខ្មែរ ដែលមានភរិយាជាជំនួយការដ៏ចំណាន ដោយអ្នកស្រីចេះតាំងពីគូរក្បាច់នៅផ្លែ និងដងដាវ ក៏ដូចជាអ្នកថតរូប និងវីដេអូផ្សព្វផ្សាយ លោក សុជាតិ សារភាពថា៖ «វាជារបរចំចំណូលចិត្ដ ហើយអ្វីដែលពិសេសថែមទៀតនោះ ចំណូលក៏វាខ្ពស់គ្រាន់បើដែរ សម្រាប់រូបខ្ញុំ»។
លោកបានបន្ដថា៖ «ពី ១ ឈុតទៅ ១ ឈុត ខ្ញុំកាន់តែសម្រិតសម្រាំង និងអភិវឌ្ឍគុណភាពដាវឱ្យកាន់តែល្អ និងស្អាត។ រីឯការងារ និងក្បួនខ្នាតនៃការផលិត ខ្ញុំដឹងបានច្រើនហើយគួបផ្សំនឹងការអនុវត្ដបណ្ដើរៗ វាកាន់តែល្អ»។
លោក សុជាតិ បានឱ្យដឹងថា ចំពោះការផលិតដាវ ដំណាក់កាលឆ្លាក់ក្បាច់ចំណាយពេលយូរបំផុត ហើយក៏ជាឧបសគ្គចម្បង ១ សម្រាប់រូបលោកផងដែរ ខណៈការគូរក្បាច់ ត្រូវបានរ៉ាប់រងដោយភរិយារបស់លោក។

លោក ទួន សុជាតិ អាយុ ៣០ ឆ្នាំ ជាអ្នកផលិតសាស្ត្រាវុធខ្មែរ ដោយមានសាវតារមរតកដូនតា ៨ ជំនាន់។ ហ៊ាន រង្សី
លោកបានលើកឡើងថា ការផលិតដាវ និងព្រះខ័នចំនួន ៨ ជូនលោក ហ៊ុន ម៉ានិត ប្រើពេល ១ ឆ្នាំ។ ប៉ុន្ដែចំពោះការកុម្ម៉ងពីភ្ញៀវធម្មតា វាអាចចាយពេលរហូតដល់៣ឆ្នាំឯណោះ អាស្រ័យលើកិច្ចការដោយឡែកពីសំណាក់ជាងដែលលោកធ្វើការងារជាមួយ។ ការលត់ដែក និងផលិតដាវប្រើឈើធ្នង់ លោកធ្វើឡើងដោយខ្លួនឯង នៅតាមរោងជាងនានាទាំងនៅជាយរាជធានី និងខេត្ដសៀមរាប។
លោកបញ្ជាក់ថា៖ «ប្រសិនបើជាងចម្លាក់សម្រុកធ្វើតាមការកុម្ម៉ង់របស់យើង យ៉ាងយូរជាង ១ ខែ អាចរួចរាល់សាស្ដ្រាវុធប្រមាណ ១០ ដើម»។
ដោយមើលឃើញពីចំណាយពេលយូរជ្រុលហួសហេតុចំពោះការជួលជាងចម្លាក់ ពេលនេះលោកចាប់ផ្ដើមរៀនឆ្លាក់ខ្លួនឯង បើទោះបីជាលោកអត់ដែលកាន់ពន្លាកសោះ។ ពេលសាកល្បងធ្វើ លោកនិយាយថា លោកឈឺដៃខ្លាំងរយៈពេល៣ថ្ងៃដំបូង។ រីឯការឆ្លាក់លើដងដាវវានៅតែលំបាកសម្រាប់លោក ដោយសារវាមានសភាពទន់ជាងផ្លែដាវ និងផ្លែកាំបិត។
ដាវប្រភេទចម្លាក់ក្បាច់ក្បូរដែលមានតម្លៃថ្លៃខ្ពស់ មានភ្ញៀវកុម្ម៉ង់ច្រើនរហូតដល់លោក សុជាតិ យល់ថា លោកសុខចិត្ដលក់ដាច់ចំពោះប្រភេទសាស្ដ្រាវុធមិនសូវមានក្បាច់ជាង ព្រោះលោកអាចផលិតវាបានច្រើន។
យ៉ាងណាក្ដីអ្នកជាវសាស្ត្រាវុធត្រូវមានលក្ខខណ្ឌដែលលោក សុជាតិ អះអាងថា៖ «បើគាត់មកតាមរយៈហ្វេសប៊ុកគណនីឈ្មោះរបស់គាត់ត្រូវតែពិតប្រាកដ អាយុចាប់ពី ១៨ ទៅ ២០ ឆ្នាំឡើង ដែលអាចនិយាយស្ដាប់គ្នាបាន ក៏ដូចជាបុគ្គលមានការងារធ្វើ ឬការសិក្សារៀនសូត្របានត្រឹមត្រូវ។ យើងតាមដានសកម្មភាពនៅលើ Social media និងអត្ដចរិតបស់គាត់ មុនពេលសម្រេចចិត្ដលក់ជូនគាត់»។
លោកបន្ដថា៖ «យើងក៏ចង់ដឹងពីគោលបំណងទិញសាស្ដ្រាវុធផងដែរ។ បើចម្លើយរបស់គាត់ ត្រូវនឹងអ្វីដែលយើងកំណត់ដូចជា ការលើកតម្កើងលើអាសនៈ និងតាំងជាគ្រឿងលម្អ ទុកជាមរតកតកូនតចៅជំនាន់ក្រោយ។ ការនិយាយស្ដីរបស់គាត់ប៉ុណ្ណឹងអាចសបញ្ជាក់ថា ចំណេះដឹងរបស់គាត់បានខ្ពង់ខ្ពស់ ទោះបីជាគាត់កុហក ក៏គាត់កុហកសមដែរ»។
ម្ចាស់ ហនុមានសាស្ត្រាវុធ និងយ័ន្តខ្មែរ ដែលទទួលកុម្ម៉ង់ធ្វើដាវ កាំបិត ព្រះខ័ន លំពែង ទួន ផ្គាក់ ជាដើម បាននិយាយថា រាល់ការផលិតទាំងអស់មិនមានលក្ខណៈដូចបេះបិទទៅនឹងសាស្ដ្រាវុធពិតនោះទេ ដោយលោកគ្រាន់តែយកលំនាំតាមក្បួនសរសេរប្រចាំគ្រួសារតជំនាន់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «តាំងពីចាប់ផ្ដើមផលិតសាស្ដ្រាវុធនេះ មានរយៈពេលជិត ១០ ឆ្នាំ ខ្ញុំមិនដែលជួបបញ្ហាអ្វីនោះទេ។ ពួកគាត់ជាវយកត្រូវតែត្រជាក់ និងសុខសប្បាយ»។
ព័ត៌មានពី ហនុមានសាស្ត្រាវុធ និងយ័ន្តខ្មែរ មាននៅទំព័រហ្វេសប៊ុក@khmerTraditonalArtWork ឬទូរស័ព្ទ ០៨៥ ៩៥ ២២ ៦៨៕
វីដេអូ៖