ភ្នំពេញ: គំនូរ​ត្រូវបាន​ប្រើ​ប៊ិក​ខ្មៅ​គូរ​លើ​ក្រណាត់ស​រូបភាព​ស​-​ខ្មៅ ១២ ​ផ្ទាំង ជា​បច្ចេកទេស ដែលមាន​សិល្បករ​មិន​ច្រើន​ទេ​ជ្រើសរើស​យកមកប្រើ ព្រោះ​វា​ហាក់​មិនសូវ​រំលេច​សោភណភាព​ស្នាដៃ​របស់​សិល្បករ​។ យ៉ាងណាមិញ កឹម កែវ​សុជាតិ ម្ចាស់​ស្នាដៃ​ខ្មៅ​-​ស​នៃ​ពិព័រណ៍ «​ពណ៌​ស​» ដែល​នឹង​បញ្ចប់​ការដាក់​តាំងនៅ​ផ្ទះ​មេត្តា (Meta House) ថ្ងៃទី ​១ មីនា បាន​ផ្លាស់ប្ដូរ​ទស្សនៈ​នេះ​ទាំង​ស្រុង តាមរយៈ​រូបភាព​បង្កប់​អត្ថន័យ និង​សោភណភាព​ដ៏​អស្ចារ្យ​។

​នេះ​ជា​ស្នាដៃ​ពិព័រណ៍​លើក​ទី​៣ បន្ទាប់ពី​កញ្ញា​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ កាលពី​ឆ្នាំ​ ២០១៨​។

​កញ្ញា កែវ​សុជាតិ បាន​រំឭក​ពី​ស្នាដៃ​ពិព័រណ៍​លើកដំបូង​បំផុត​ក្នុង​ឆ្នាំ ២០២០ ក្រោម​ប្រធានបទ​និយាយ​ពី «​ភ្នែក​នៃ​ក្ដីមេត្តា​» និង​ពិព័រណ៍​លើក​ទី​២ ​គឺ «​ហេតុអ្វី​បាន​ខ្ញុំ​ធ្វើ​?»​។​

​ចំពោះ​ស្នាដៃ​លើក​ទី​៣ សិល្បការិនីរូបនេះ​បាន​បកស្រាយ​អត្ថន័យ​យ៉ាង​ក្បោះក្បាយ​ថា ស្នាដៃ «​ស​» កើតឡើង​ពីពន្លឺ​នៃ​បញ្ញា ដែល​ស្ថិតនៅ​ទី​ងងឹត​។ មានន័យថា ទី​អាថ៌កំបាំង​នៅ​ទី​ងងឹត​ទាញ​មកឱ្យ​ឃើញ​ទី​ដែលមាន​ពន្លឺ​។ វា​និយាយ​ទាក់ទង​នឹង​ការរកឃើញ​អតីតកាល សម្លឹងមើល​បច្ចុប្បន្ន និង​អភិវឌ្ឍ​អនាគត ហើយ​គ្រប់យ៉ាង​សុទ្ធ​​តែមាន​ភាព​វិជ្ជមាន និង​អវិជ្ជមាន​។

សិល្បការិនី​ កែវសុជាតិ ក្នុង​ការ​បើកពិព័រណ៍​​ទោល​លើក​ទី​៣​។ រូបថត សហការី

​កញ្ញា​បាន​បន្ថែមថា​៖ «​បច្ចុប្បន្នកាល​មាន​ឫសគល់​ពី​អតីតកាល​។ គ្រប់យ៉ាង​ស្ថិតក្នុង​ដៃ​របស់ខ្លួន អ្នកជា​មនុស្ស​តែ​ម្នាក់ ដែល​នឹង​បង្កើត​អនាគត​សម្រាប់​ខ្លួនឯង និង​អាច​កាច់​​ចង្កូត​ទៅរក​ពន្លឺ​នោះបាន​។ នៅពេលដែល​យើង​មើលទៅ​ពង្សាវតារ ដែលជា​ប្រទេស​ ១​ មាន​អរិយធម៌​ខ្ពង់ខ្ពស់ ធ្វើឱ្យ​បច្ចុប្បន្នភាព​របស់​យើង​គិតថា ពេល​បន្ទាប់យើង​អាចធ្វើ​អី្វ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ថ្ងៃ​អនាគត​»​។

​ស្នាដៃ​សិល្បការិនី កែវ​សុជាតិ ក៏បាន​ផ្ដោតលើ​ចំណុច​កង្វះ​សមភាព​យេនឌ័រ ទាំង​បច្ចុប្បន្ន​មានការ​ស្រែក​ទាមទារ​ភាពស្មើគ្នា​។

​កញ្ញា​ពន្យល់ថា​៖ «​បើ​យើង​គិតពី​ឫសគល់ ខ្មែរ​យើង​តែងតែ​ឱ្យ​តម្លៃ​ស្ត្រី​ជាធំបានន័យថា ក្នុង​ហ្នឹង មិន​ប្រកាន់​ថា​ស្រី ឬ​ប្រុស ត្រូវមាន​ភាពស្មើគ្នា​។ ហើយ​ដោយសារតែ​បញ្ញា​ស្មារតី វែកញែក​អ្វីដែល​ល្អ មិន​ថា​យើង​ជា​ស្រី ឬក៏​ប្រុស​ទេ យើង​នៅតែ​ចេះ​អប់រំ​ចិត្ត បង្កើត​នូវ​សន្តិភាព​ផ្លូវចិត្ត​ខ្លួនឯង នោះ​អ្នកដទៃ​ដែល​នៅ​ជុំវិញ ក៏​ទទួលបាន​សន្តិភាព​ពី​យើង​ដូច្នោះ​ដែរ​»​។​

​រូបភាព​ ១​ ក្នុងចំណោម​រូប​ទាំង​ ១២ រូប​ត្រូវបាន​កញ្ញា​បកស្រាយ​ថា ជា​រូប​ស្ត្រី និង​ក្រពើ បង្កប់​ការ​ព្យាករ​របស់​កញ្ញា​ទៅ​ពេលអនាគត​។

​រូប​ស្ត្រី និង​ក្រពើ ដូចជា​ស្ត្រី និង​បុរស ហើយ​ទឹក និង​ដី​។ បើ​សភាវ​ទាំង​​នេះ​តែងតែ​នៅ​ជាមួយគ្នា​។ ប៉ុន្តែបើ​មាន​បញ្ហា​រវាង​ភេទ​ទាំង ​២ ​ហ្នឹង ដោយ​មើលគ្នា​ក្នុងន័យ​មិនល្អ មិនចេះ​អប់រំ​ចិត្ត មិន​យល់​អំពី​អត្តសញ្ញាណ ធម្មជាតិ ដែល​ខ្លួនឯង​មាន នោះ​នឹងមាន​សង្គ្រាម​រវាង​គ្នា​នឹង​គ្នា​។​

សិល្បការិនី កែវសុជាតិ ធ្វើការបង្ហាញ​ដល់​ភ្ញៀវ​នៅវិចិត្រសាល។ រូបថត Steve Porte

​ក្នុង​រូបពេល​ស្ត្រី​យក​ជើង​ជាន់​ក្រពើ​ហ្នឹង ថ្ងៃ​អនាគត​ក្រពើ​អាច​នឹង​ងាក​មក​ខាំ​វិញ​។ បញ្ហា​កើតឡើង​ពី​ខាងក្នុង​អំណាច​នៃ​ចិត្តជា​អកុសល​របស់ខ្លួន​​ឯង ហើយ​វា​បាន​ជះ​កំហឹង បំផ្លាញ​ទាំង​ខ្លួនឯង និង​អ្នក​ទៃ​។

​ការប្រើប្រាស់​ស្នាដៃ​សិល្បៈ​រំលេច​ពី​ប្រធានបទ​សមភាព​យេនឌ័រ ក៏​ព្រោះតែ​កញ្ញា​មាន​ពិសោធ​ធ្លា​ប់រង​នូវ​មតិ​ ១​ វាយតម្លៃថា ស្រីៗ​មិនអាច​ចាប់​អាជីព​គំនូរ​នេះ​ទេ ព្រោះ​មានតែ​ប្រុសៗ​ដែល​អាច​គូរ​នៅតាម​វត្ត​អារាម​បាន​។​

​ប៉ុន្តែ​គំនិត​ដុះ​ចេញ​មកពី​បុគ្គល​មួយចំនួន​តូច មិនបាន​បង្អាក់ដំណើរ​វិវឌ្ឍន៍​ខ្លួន​ជា​សិល្បករ​ ១​ រូប​នោះទេ​។​

​វិចិត្រ​ការិនី មកពី​ខេត្តកំពត រូបនេះ​លើកឡើងថា​៖ «​ការងារ​នេះ​ជា​អ្វីដែល​ខ្ញុំ​ស្រឡាញ់ និង​ចង់​បន្ត​។ ខ្ញុំ​នឹង​ដើរ​លើ​ទស្សនវិស័យ សម្រាប់​កា​អភិវឌ្ឍ​ខ្លួនឯង​។ ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បង្ហាញ​អំពី​តម្លៃ និង​ប្រើ​​ប្រាស់​ទេពកោសល្យ​សិល្បៈ បង្ហាញ​ដល់​ពួកគាត់ ក៏ដូចជា​យុវជន​ជំនាន់​ក្រោយៗ​ឱ្យ​សិក្សា​ស្វែងយល់​អំពី​អត្ថ​​ប្រយោជន៍ គុណ​តម្លៃ និង​សារៈសំខាន់​នៃ​សិល្បៈ​ ១ ​នេះ ក៏ដូចជា​សិល្បៈ​ផ្សេងៗ​ទៀត​នៅក្នុង​សង្គម​ទាំងមូល​»​។​

​យ៉ាងណាមិញ ដំណើរ​លើ​វិថី​ក្លាយជា​សិល្បការិនី​នេះ ​ពុំ​ត្រូវបាន​គ្រួសារ​របស់​កញ្ញា​ប្រឆាំង ឬ​ជំទាស់​ឡើយ​។​

​សិល្បការិនី កែវ​សុជាតិ បាន​រំឭក​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ខ្ញុំ​ស្រឡាញ់​ការ​គូរ​តាំងពី​នៅ​ថ្នាក់​បឋម​។ ដូច្នេះ ពេល​រៀន​ ៤ ​ឆ្នាំ​ចប់​នៅ​ភូមិន្ទ​វិចិត្រ​សិល្បៈ ខ្ញុំ​ក៏​ចាប់ផ្ដើម​បង្កើត​ស្នាដៃ ដោយ​ពិព័រណ៍​ខ្ញុំ​ទាំង ៣ ​លើក​សុទ្ធតែជា​ពិព័រណ៍​ទោល​។ ខ្ញុំ​ប្រើ​គូ​ល័​រ​ប្រេង និង​ទឹក​ក្នុង​ស្នាដៃ​សិល្បៈ​របស់ខ្ញុំ​កន្លងមក និង​បាន​និយាយ​ទាក់ទង​នឹង​វប្បធម៌ ប្រពៃណី សាសនា គ្រួសារ និង​សមភាព​នៃ​យេនឌ័រ​វប្បធម៌​»​។

គំនូរ​លើ​ផ្ទៃស​ដែលប្រើ​ប៊ិកខ្មៅ​គូរ ​នៃ​ពិព័រណ៍ «ពណ៌ស»។ រូបថត Steve Porte

​កញ្ញា​ឱ្យដឹង​ដែរ​ថា ផល​លំបាក​ជា​អ្នកសិល្បៈ ​គឺ​ការរំពឹង​លក់​ស្នាដៃ​ ១ ​ផ្ទាំងៗ​ ដើម្បី​រ៉ាប់រង​ចំណាយ បន្ត​ការ​ផលិត​ស្នាដៃ​ថ្មី​ថែមទៀត​។ ប៉ុន្តែ​កញ្ញា​មិន​ធ្លាប់​មានចិត្ត​បោះបង់​អាជីព​ដែលជា​ពំនាក់​អ្នក​ជុំវិញខ្លួន​នោះទេ​។​

​ជាមួយ​ក្ដី​សុបិន​ប្រើ​ការងារ​សិល្បៈ​របស់ខ្លួន​ជា​ប្រយោជន៍​ដល់​សង្គម សិល្បការិនី កែវ​សុជាតិ និយាយថា​៖ «​ខ្ញុំ​ផ្ដោតទៅលើ​បច្ចុប្បន្នភាព​របស់ខ្លួន​ឯង​កំពុង​ធ្វើ និង​ផ្ដោតលើ​វប្បធម៌ ដែល​ខ្លួនឯង​បង្កើតឡើង​ចំពោះ​ខ្លួន​​ឯង​។ ហើយ​ពេល​យើង​បង្កើត​វប្បធម៌​ឱ្យ​ខ្លួនឯង ថ្ងៃ​អនាគត​វប្បធម៌​នោះ​នឹង​រីក​សាយភាយ ពេលនោះ​អ្នកដទៃ នឹង​ស្វែងយល់​ដោយ​ខ្លួនឯង​»​។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Keo Socheat Art៕