ភ្នំពេញ: ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ទំនើប មិន​តម្រូវ​សួរនាំ​ព័ត៌មាន​អ្វី​ច្រើន​ពី​អ្នកទិញ​ឡើយ លុះត្រាតែ​អតិថិជន​ទិញ​បង់​រំលស់ ទើប​មានការ​បញ្ជាក់​ប្រាក់បៀវត្សរ៍ និង​ឯកសារ​ផ្សេងៗ​។

​ប៉ុន្ដែ​អ្នកមាន​បំណង​ចង់​ជាវ​ដាវ កាំបិត លំពែង ផ្គាក់ ធ្នូ ឬ​ស្នា ពី​យុវជន ទួន សុជាតិ អតិថិជន​ត្រូវ​ផ្ដល់ព័ត៌មាន​លម្អិត​ពី​ម្ចាស់​កម្មសិទ្ធិ​សាស្ដ្រា​វុ​ធ​សម្រាប់​ការតាំង​លម្អ ថ្វាយ​ជា​គ្រឿង​​សក្ការៈ និង​ក៏​ជំនូន​ផ្សេងៗ​ទាំងនេះ​។

​លោក សុជាតិ អាយុ ៣០​ ឆ្នាំ បាន​និយាយថា​៖ «​ខ្ញុំ​សួរ​ពី​ថ្ងៃខែ​ឆ្នាំ​កំណើត ដើម្បី​ស្វែងរក​កម្រិត​រាសី​របស់​គាត់ ហើយ​បើសិន​គាត់​នៅក្នុង​ឋានៈ​ខ្ពស់ ចំពោះ​កម្រិត​ដាវ​ឋានៈ​ក្រោម គាត់​ប្រើ​បាន​ទាំងអស់​។ តែបើ​គាត់​ស្ថិតក្នុង​ឋានៈ​ទាប គាត់​អាច​ប្រើ​កម្រិត​ដាវ​ឋានៈ​នេះ ​១ ​ប៉ុណ្ណោះ យ៉ាងច្រើន​ណាស់ គាត់​អាច​ផ្លោះ​បាន​១​កម្រិត​។ ជាក់ស្ដែង បើ​គាត់​ស្ថិតក្នុង​ឋានៈ​ឃុន អ៊ីចឹង ឃុន​, ម៉ឺន និង​ពល គាត់​ប្រើ​បាន​ទាំងអស់​។ តែ​ពី​ឃុន​ឡើងមក​លួង អត់​កើត​ទេ តែបើ​ចង់​ឡើង វា​រាង​ពិបាក​បន្ដិច​»​។

​លោក សុជាតិ ម្ចាស់​ហាង ហ​នុ​​មាន​សាស្ត្រា​វុ​ធ និង​យ័ន្ត​ខ្មែរ ដាវ មាន​ច្រើន​ប្រភេទ មាន ៧ ​កម្រិត ដែល​សំដៅលើ​ឋានៈ​របស់​អ្នកប្រើប្រាស់ ដោយ​រាប់​ចាប់ពី​ក្រោម​ឡើងលើ ដូចជា ពល​ម៉ឺន (​កូនទាហាន​ថ្មើរ​​ជើង​) នាម៉ឺន​, ឃុន​, លួង​, ព្រះ​, ឧកញ៉ា និង​ព្រះរាជា​។

​លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​អាវុធ​នីមួយៗ​សុទ្ធ​តែមាន​លក្ខណៈខុស​ប្លែក​គ្នា​ទាំងអស់ ដោយ​អាស្រ័យ​ទៅតាម​អ្នក​ប្រើ​។ ជាក់ស្ដែង ចំពោះ​ផ្នែក​ចម្លាក់​នៅលើ​ដាវ ពេល​ក្រឡេក​មួយ​ភ្លែត វា​ដូចគ្នា​។ តាមពិត វា​មិន​ដូចគ្នា​នោះទេ​។ វា​អាច​ខុសគ្នា​ត្រង់​ចម្លាក់ កម្រាស់ ទម្ងន់ និង​ប្រវែង ដោយ​មើល​ទៅលើ​កម្ពស់​ក​ម្ព មាឌ កម្លាំង និង​ថាមពល​រាសី​របស់គាត់​»​។

​ដើម្បីឱ្យ​អាវុធ​សមជា​មួយ​អ្នក​ប្រើ លោក​ត្រូវ​សាកសួរ​ព័ត៌មាន​ច្រើន​ពី​អ្នក​ចង់​ជាវ រួមទាំង​ការប្រើប្រាស់ និង​ប្រ​វ​ត្ដិ​រូប​មួយចំនួនទៀត​។

​ក្រោយមក លោក​ចាប់ផ្ដើម​វាស់​ប្រវែង​ដាវ ដើម្បីឱ្យ​សម​នឹង​កម្ពស់​ក​ម្ព​របស់​អ្នក​ប្រើ រួច​សួរថា តើ​យក​ដាវ​ភ្លោះ ឬ​ដាវ​ទោល​។ ក្បួន​នៃ​ចាប់​រង្វាស់​ប្រវែង​ដាវ ត្រូវគោរព​ទៅតាម​ពាក្យ​សម្លោក ដោយ​ពោលថា ចាប់​ដង រង​ឆែង គ្រវែង​ទង រង​សម្បត្ដិ ផាត់​នគរ វរជ័យ និង​បង្ក្រាបសត្រូវ​។

​លោក​បាន​បញ្ជាក់ថា​៖ «​កន្លែង​ខ្លះ គេ​រាប់​ចំនួន ៥ ដោយ​ចាប់ផ្ដើម​ពី​ចាប់​ដង គ្រវែង​ទង រង​សម្បត្ដិ ផាត់​នគរជ័យ​មាន​លាភ​បង្ក្រាបសត្រូវ​។ ឧ​ទា​​ហរ​ណ៍ បើសិន​យើង​រើ​បាន​ដាវ​ ១ ​ផ្លែ ហើយ​យើង​ចាប់​ខ្នាត​របស់​វា​នៅត្រឹម​ចាប់​ដង​នៅ​ចុងក្រោយ អ៊ីចឹង ដាវ​នេះ​បានតែ​កាន់​ត្រឹម​ចាប់​ដង កាប់​គេ​ក៏​មិនកើត និង​រង​ក៏​មិនកើត​ដែរ​។ វា​ត្រូវតែ​អ៊ីចឹង​តែម្ដង​»​។

​លោក​ពន្យល់​អត្ថន័យ សម្លោក​បុរាណ​ខ្មែរ ដោយ​ចាប់​ដង មានន័យថា ដាវ​នេះ​មាន​ដង​មាន​ផ្លែ​ត្រឹមត្រូវ​ហើយ​។ រង​ឆែង មានន័យថា វា​ជា​កន្លែង​សម្រាប់​រង​ពី​ការកាប់​របស់​អ្នកដទៃ​ត្រង់ចំណុច​នេះ​។ គ្រវែង​ទង ដែល​នៅលើ​រង​ឆែង​បន្ដិចមានន័យថា ពេល​បោះ​ផ្លែ​ទៅ ត្រឹម​ចំណុច​នេះ​ចំ​គោលដៅ​របស់​សត្រូវ​តែម្ដង​។

​សុជាតិ បន្ដថា រង​សម្បត្ដិ មានន័យថា វា​មាន​រាសី​សម្រាប់​ការពារ​ទ្រព្យសម្បត្ដិ​គង់វង្ស​។ ផាត់​នគរ មានន័យថា ដល់​ត្រឹម​ចំណុច​នេះ គឺ​ឈ្នះ​ទាំងអស់មិន​ថា សត្រូវ​មកពី​ខាង​នោះទេ​។ វរជ័យ មានន័យថា ជ័យ​មាន​លាភ មាន​ទាំង​ជ័យ មាន​ទាំង​លាភ និង​មាន​ទាំង​យស ហើយ​បង្ក្រាបសត្រូវ​មានន័យថា​គ្រប់យ៉ាង​ដែល​រៀបរាប់​ខាងដើម​ជា​ធាតុ​គ្រប់គ្រាន់​សម្រាប់​បង្ក្រាបសត្រូវ​។

​លោក​បាន​បន្តទៀតថា​៖ «​ចំពោះ​ដំណេក​ដាវ ក៏មាន​លក្ខណៈខុស​ដែរ​ដោយ​ដាវ​ត្រង់​ជា​ប្រភេទ​ពិឃាត សម្រាប់​កាត់​ក​ប្រហារជីវិត ហើយ​ប្រភេទ​ដា​វង វា​ជា​ដាវ​ប្រយុទ្ធ​»​។

​អង្គុយ​ដាប់​ចម្លាក់​លើ​ផ្លែកាំបិត​ផ្គាក់​ដង​វែង​សម្រាប់​ប្រើ​លើ​ខ្នង​ដំរី លោក សុជាតិ បាន​និយាយថា​៖ «​ការផលិត​អាវុធ​ទាំងអស់នេះ ខ្ញុំ​ធ្វើឡើង​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ជាពិសេសពី​ឯកសារ​រស់នៅ​តាម​ស្រុកភូមិ​នានា​។ ពេលវេលា​មកដល់ ខ្ញុំ​ហាក់​ត្រូវបាន​បង្ហាញផ្លូវ​ឱ្យទៅ​ជួប​អ្នកចេះ ដើម្បី​បន្ដ​ការស្រាវជ្រាវ​»​។

​លោក សុជាតិ ដែលមាន​ភរិយា​ជា​អ្នក​គូរ​ក្បាច់ចម្លាក់​លើ​សាស្ដ្រា​វុ​ធបាន​បន្ដថា ការងារ​ពាក់ព័ន្ធ​នឹង​កេរដំណែល​ដូនតា លោក​មិនអាច​កាត់ផ្ដាច់​ពី​ជំនឿ​ស្ដីពី​វត្ថុ​ស័ក្ដិសិទ្ធិ​បានឡើយ មិន​ថា តែ​ការងារ​ចម្លាក់ គំនូរ របាំ ល្ខោន អា​យ៉ៃ ឬ​យីកេ​អី​ផ្សេងៗ​ជាដើម សុទ្ធតែ​ទាក់​​ទង​នឹង​ជំនឿ​ដូនតា​ទាំងអស់​។

​លោក​បន្ថែមថា ពេល​អ្នកជំនាញ​ផលិត​របស់​ទាំងអស់នេះ​ឡើងវិញ ពួកគេ​ក៏ត្រូវ​មានការ​រៀបចំ​ទីសក្ការៈ​ ដើម្បី​រំឭក​គុណគ្រូ​បាធ្យាយ​ដែរ​។ បើជា​អ្នកមាន​ជំនឿ​ពិតប្រាកដ ពួកគេ​ក៏​នឹងមាន​ទំនាក់ទំនង​ជាមួយ​គ្រូ​បាធ្យាយ​ដែរ ដោយ​ជួនកាល ពួកគាត់​មក​ពន្យល់​ស​ប្ដិ​ឱ្យ​កែសម្រួល​ចំណុច​ខុសឆ្គង​។

​លោក​ឱ្យដឹងថា​៖ «​យើង​ដាក់​តង្វាយ និង​បូជា​គោរព​ប្រណិប័តន៍​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ការងារ​យើង​ក៏​ចេះ​រលូន​ទៅមុខ​អ៊ីចឹង​ដែរ​។ ជាក់ស្ដែង របរ​របស់ខ្ញុំ​ គឺជា​ការងារ​រង​ការ​តិះ​តៀន​ច្រើន តែ​ខ្ញុំ​មិនមាន​បញ្ហា​អ្វី​នោះទេ​»​។

​ក្រៅពី​ការគោរព​គ្រូបាធ្យាយ​ទៅតាម​ប្រពៃណី​ដូនតា លោក​ក៏បាន​ឱ្យដឹងថា សាស្ដ្រា​វុ​ធ​ក៏មាន​ចារ​បាលី​បញ្ចុះ​អាគម​ទៅតាម​ក្បួនខ្នាត ក្នុង​បំណង​បង្កើន​តេជះ​អំណាច​ការពារ​លើ​ពួក​អមនុស្ស​។ បើសិនជា​មនុស្ស​ណាមួយ​មាន​ស្បែក​គង់​ស្បែក​ស្វិត អាវុធ​នេះ​នឹង​អាច​ទម្លុះទម្លាយ​របាំង​អាគម​។

លោក សុជាតិ តម្រូវ​ឱ្យអតិថិជនផ្ដល់ព័ត៌មាន​ និង​បំណង​ប្រើប្រាស់។ហ៊ាន រង្សី

​លោក សុជាតិ បាន​និយាយថា​៖ «​សាស្ដ្រា​វុ​ធ​មាន​ចារ​បាលី យើង​គ្រាន់តែ​ធ្វើ​កិច្ច​ដោយមាន​តង្វាយ​សែនព្រេន​តាម​ទំនៀមទម្លាប់​ពី​ដូនតា តែ​យើង​ធ្វើ​កាត់​ជាង​ពីមុន​។ ពី​ដើម​យើង​មាន​បាយសី ម្លូ​ស្លា ផ្លែឈើ ផ្កា​ភ្ញី និង​អាចារ្យ​សូត្រធម៌​។ តែ​ពេលនេះ​យើង​គ្រាន់​តែមាន​ផ្លែឈើ ម្លូ​ស្លា​ភេសជ្ជៈ និង​ផ្កា​ភ្ញី ដោយ​ការអុជ​ធូប បួងសួង​ខ្លួនឯង​។​

​ជាមួយ​ការរៀបចំ​គ្រឿង​ពលីកា​ផ្លែឈើ​មាន​ម្លូ​ស្លា និង​ភេសជ្ជៈ​ជាដើម លោក​ធ្វើ​ពិធីបួងសួង​ដោយនិយាយ​ថា​៖ «​សូម​លោក​ខាង​ពិជ័យសង្គ្រាម​ក៏ដូចជា​គ្រូ​គុន និង​គ្រូ​ចម្បាំង​អញ្ជើញ​យាង​មក​សេពសោយ ហើយ​សូមឱ្យ​សេនា​លោក​ម្នាក់ ឬមួយ​អង្គណា​មក​នៅ​ជាមួយ​មក [​សន្ឋិត​ក្នុង​ដាវ​]»​។​

​ដោយ​សំដៅលើ​វិញ្ញាណ​សណ្ឋិត​ក្នុង​សាស្ដ្រា​វុ​ធលោក​ថា​៖ «​ពួកគាត់​មាន​គ្នាច្រើន ហើយ​បើ​យើង​មាន​និស្ស័យ​គាត់​នឹង​មក​នៅ​ជាមួយ​យើង​។​

​លោក​បន្ដថា​៖ «​ពេល​បញ្ចប់​កិច្ច​នៃ​ការផលិត​ដាវ ​១០០ ​ភាគរយ​យើង​ធ្វើ​ពិធី​បំពេញ​យស​ឱ្យ​។ យើង​អាច​យកទៅ​ប្រើប្រាស់​ក្នុង​បំណង​ណាមួយ​របស់លោក​។ ពេល​តម្កល់​សាស្ដ្រា​វុ​ធ​នៅក្នុង​ផ្ទះ ឬ​ទីសក្ការៈ​វា​អាច​កែប្រែ​​វាសនា​ម្ចាស់​ថែមទៀត​។ ជាក់ស្ដែង​កន្លងមក​គាត់​ធ្លាប់តែ​សត្រូវ​ផ្ចាញ់​​ផ្ចាល់ ខ្លបខ្លាច​ចាញ់​ច្រាប​គេ ហើយ​ដល់ពេល​មាន​សាស្ដ្រា​វុ​ធ​អាការ​ទាំងអស់នេះ លែងមាន​តទៅទៀត​។ វា​ប្រែ​ជាមាន​អារម្មណ៍​ក្លាហាន​ធ្វើ​អ្វី​ចេះតែ​មុតមាំ​ឆ្ពោះទៅមុខ​»៕​