​ភ្នំពេញ: ជាមួយ​បច្ចេកទេស​ប្លែក​នៃ​ពណ៌​ប្រេង និង​ថ្នាំលាប U-90 ស្នាដៃ​គំនូរ ២១ ​ផ្ទាំង ពី​សិល្បករ ប៉ែន រ៉ូ​ប៊ីត ដែល​ធ្វើតាម​កំណែទម្រង់ និង​កម្ទេច​ទម្រង់ រូប​និមិត្ត​វិទ្យា​នៃ «​ក្រមា​» និង «​ដែក​សំណាញ់​នៃ​សំណង់​» ត្រូវបាន​សម្ពោធ​នៅ​ថ្ងៃទី ​៣ ខែមីនា ឯ​សណ្ឋាគារ រ៉ូ​ស​វូដ ភ្នំពេញ ក្រោម​ប្រធានបទ​ពិព័រណ៍ «​សរីរសណ្ឋាន​នៃ​ទម្រង់ និង​ពណ៌​»​។​

​ការដាក់​តាំង​ដែល​នឹង​បន្ត​រហូតដល់​ថ្ងៃទី ​៣០ ខែ មេសា ឆ្នាំ​ ២០២២ ក៏មាន​ការបង្ហាញ​នូវ​សម្ភារ​របស់​សិល្បករ​ផ្ទាល់ រួមមាន​គំនូរព្រាង គូ​ល័​រ និង​សៀវភៅ​នៅក្នុង​ទូ​ ២​ ផងដែរ​។​

«​សរីរសណ្ឋាន​នៃ​ទម្រង់ និង​ពណ៌​» ជា​ស្នាដៃ​ថ្មី​ចុង​ក្រោយពី​សិល្បករ រ៉ូ​ប៊ីត បន្ទាប់ពី​ពិព័រណ៍ «​សេរីភាព​នៃ​ថ្ងៃស្អែក​» បាន​រំលេច​រូប​កាលពី​ខែមករា​នៅ​វិចិត្រសាល សិល្បៈ​ត្រជាក់​ភ្នែក​។

​មិនយូរប៉ុន្មាន​នៅ​ដើមខែ​កុម្ភៈ លោកក៏បាន​នាំមក​នូវ​ស្នាដៃ​ថ្មី ​១ ​ទៀត ដែល​ផុស​ចេញពី​ការស្រមើស្រមៃ ដោយ​ប្រើប្រាស់​ពណ៌​ក្រហម និង​ខ្មៅ​ជា​ផ្ទៃ​បាត​នៃ​គំនូរ​តំណាងឱ្យ​ទេសកាល ឬ​ភាព​នៃ​ការកសាង​ឡើងវិញ​ក្រោយ​សង្គ្រាម​។ លោក រ៉ូ​ប៊ីត បានផ្ដល់​ឈ្មោះថា «​សរីរសណ្ឋាន​នៃ​ទម្រង់ និង​ពណ៌​» ដែល​បានដាក់​តាំងពី​ថ្ងៃទី ១ ខែកុម្ភៈ និង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣ ខែមីនា​កន្លងទៅ​។​

​សិល្បករ​សហ​សម័យ លោក រ៉ូ​ប៊ីត បានឱ្យដឹងថា នេះ​ជាការ​ងារ​ថ្មី​ដែល​ផ្ដោតទៅលើ​ទម្រង់ សំណង់​អគារ ស្ពាន និង​ទីក្រុង​។ ជាមួយ​ការ​ស្វែង​​រក​ពណ៌​ថ្មី លោក​ចាប់អារម្មណ៍​ទៅលើ​ក្រមា ដោយសារ​សាវតារ​ធ្លាប់​រៀន​ជាមួយ​សហ​ស្ថាបនិក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ លោកគ្រូ ស្រី បណ្ដូល អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។

សិល្បករ​ រ៉ូប៊ីត (ស្ដាំ) ក្នុង​ថ្ងៃ​សម្ពោធពិព័រណ៍ «សរីរ​សណ្ឋាន​នៃ​ទម្រង់​ និង​ពណ៌​»​ នៅ​សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ ហ៊ាន រង្សី

​វិចិត្រករ ៣១ ​ឆ្នាំ​រូបនេះ​ថា​៖ «​ខ្ញុំ​រៀន​គំនូរ​ទូទៅ​ពេល​នៅ​សាលា តែ​ពេល​ចប់​ថ្នាក់ យើង​ស្វែងរក​គំនិត​ក្នុងការ​​បង្កើត​ស្នាដៃ​ខ្លួនឯង​។ អ៊ីចឹង​ខ្ញុំ​រកឃើញថា ក្រមា​ហ្នឹង​គួរឱ្យ​ចាប់អារម្មណ៍​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ទាក់ទង ប្រជាជន និង​វណ្ណៈ​សង្គម​។ អ៊ីចឹង​ខ្ញុំ​និយាយ​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ហើយ​និយាយ​ពី​ការកសាង​ទីក្រុង​ឡើងវិញ​ក្រោយ​សង្គ្រាម ខ្ញុំ​យក​ក្រមា​ជា​គំនិត​ដើម ជា​ប្រពៃណី​វប្បធម៌​»​។

​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍ លោក យាន រស្មី ជា​ស្ថាបនិក​វិចិត្រសាល សិល្បៈ​ត្រជាក់​ភ្នែកបានឱ្យដឹងថា លោក រ៉ូ​ប៊ីត គឺជា​សិល្បករ​ដំបូង​គេ​ដែល​ទទួលបាន​ទីកន្លែង​សម្រាប់​ស្រាវជ្រាវ​បង្កើត​ស្នាដៃ​ថ្មី​នៅ STP Cambodia តាមរយៈ​កម្មវិធី «​សម្នាក់​សិល្បៈ​» ក្រោម​ការគាំទ្រ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​។​

​លោក រស្មី បាន​លើកឡើងថា​៖ «​អរគុណ រ៉ូ​ស​វូដ ដែល​បាន​តាំង​ស្នាដៃ​ពិព័រណ៍ ដើម្បី​ជំរុញ​បន្ថែម​នៅ​កម្មវិធី សម្នាក់​សិល្បៈ​របស់​យើង ដែល​ទាក់ទង​ជាមួយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ក្នុង​ការឱ្យ​សិល្បករ​លក់​ស្នាដៃ ហើយក៏​អរគុណ រ៉ូ​ប៊ីត ដែល​បានទទួល​ការអញ្ជើញ​របស់​យើង​មក​សម្រាប់ សម្នាក់​សិល្បៈ និង​អបអរសាទរ​ដល់​គាត់​ផងដែរ​»​។

​ស្ថាបនិក​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​ដែល​រូបលោក​ក៏​ជា​សិល្បករ​ម្នាក់​ដែរនោះ បាន​រៀបរាប់​ទៀតថា​៖ «​ក្នុង​ការងារ​ពិព័រណ៍​នេះ រ៉ូ​ប៊ីត គាត់​សិក្សា​ច្រើន​ទាក់ទង​នឹង​ក្រមា​។ ប្រវត្តិ​នៃ​ក្រមា គាត់​ទទួលបាន​តាមរយៈ​ការ​​សិក្សា និង​ធ្វើ​សិក្ខាសាលា​ជាមួយ​លោកគ្រូ ស្រី បណ្ដូល ដែល​ទើប​ចែក​​ឋាន​ថ្មីៗ និង​ជាមួយ​សិក្ខាសាលា​អំពី «​ការចងចាំ​» នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​»​។

អ្នកទស្សនា​​ពិព័រណ៍​ ថត​រូប​គំនូរ ១​ ក្នុង​ចំណោម​ស្នាដៃ​ ២១ ​ផ្ទាំង។ហ៊ាន រង្សី

​នៅ​ទីនោះ សិល្បករ រ៉ូ​ប៊ីត បានឃើញ​ក្រមា ក្រណាត់ និង​គំនរ​ឆ្អឹង ដែល​បទពិសោធ​ទាំងនោះ​ធ្វើឱ្យ​លោក​ចាប់ផ្ដើម​ស្រាវជ្រាវ​ពី​ប្រវត្តិ សាវតារ និង​របៀប​ប្រើប្រាស់​របស់​ក្រមា​ក្នុងសង្គម​ខ្មែរ​។​

​លោក រស្មី បាន​បន្តទៀតថា​៖ «​គាត់​បាន​យក​ក្រមា​ក្លាយទៅជា​ហេតុ​ ១ ដើម្បី​សិក្សា​អំពី​ជាតិ​សាសន៍ និង​វណ្ណៈ​សង្គម​ផងដែរ​»​។​

​សព្វថ្ងៃនេះ «​ដែក​សំណាញ់​នៃ​សំណង់​» គឺជា​ឧបករណ៍ ដែល​ចាក់​ស្រែះ​ក្នុង​ទេសភាព​នៃ​ទីក្រុង​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា និង​នៅ​បណ្ដា​ប្រទេស​ដទៃទៀត​ជុំវិញ​ពិភពលោក​។​

​ការដាក់​ទន្ទឹមគ្នា​រវាង​អ្វី​ដែលជា​ក្នុងស្រុក និង​ក្រៅ​ស្រុក ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ទ្វេភាព ដែល​ប្រទាញប្រទង់​គ្នា​ក្នុងការ​អនុវត្ត​សិល្បៈ​របស់លោក រ៉ូ​ប៊ីត ដូចជា​ភាព​វិជ្ជមាន អវិជ្ជមាន ជីវិត និង​ការស្លាប់ ល្អ និង​អាក្រក់ អំណាច និង​ទន់ខ្សោយ​។

សិល្បករ​ ប៉ែន រ៉ូប៊ីត (កណ្ដាល) ក្នុង​កម្មវិធី​​សម្ពោធពិព័រណ៍​ កាលពីថ្ងៃទី ៣ ខែ​មីនា។ហ៊ាន រង្សី

​ម្ចាស់​ស្នាដៃ​លោក រ៉ូ​ប៊ីត បរិយាយ​ថា​៖ «​នៅពេលដែល​ពិភពលោក​កំពុងតែ​ជាប់គាំង​នៅក្នុង​យុគសម័យ​ថ្មី​ដ៏​ងងឹត ពណ៌​តែងតែ​អាចជួយ​បំភ្លឺ​ពេលវេលា និង​ជីវិត​របស់​យើង​បាន​។ វា​ផ្ដល់ឱ្យ​ពិភពលោក​នូវ​ភាពស្រស់​​ស្អាត និង​ក្ដីសង្ឃឹម​មួយចំនួន​»​។​

​ការធ្វើ​ពិព័រណ៍​ស្នាដៃ​កៀកៗ​គ្នា​នេះ​ត្រូវបាន​លោក រ៉ូ​ប៊ីត ពន្យល់ថា ស្នាដៃ «​សេរីភាព​នៃ​ថ្ងៃស្អែក​» ជាក់ស្ដែង​ត្រូវបាន​បញ្ចប់​តាំងពី ​១ ​ឆ្នាំមុន ហើយ​ទើប​មានឱកាស​ដាក់តាំង រួច​លោក​ក៏មាន​ឱកាស​រំលេច​ពិព័រណ៍ «​សរីរសណ្ឋាន​នៃ​ទម្រង់ និង​ពណ៌​» នេះ​ឡើង​។​

​ព័ត៌មាន​បន្ថែម​នៃ​ស្នាដៃ​សិល្បករ​ប៉ែន រ៉ូ​ប៊ីត មាននៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក @STPCambodia៕