​ភ្នំពេញ: ទោះជា​មហោស្រព​ភាព​​យន្ត​អឺរ៉ុប​នៅ​កម្ពុជា​ដែល​ទើប​វិល​​ត្រឡប់​សាជាថ្មី បានបញ្ចប់​រួចហើយ​ក្ដី​កាលពី​ចុងខែ​កុម្ភៈ ប៉ុន្តែ​ទាំង​អ្នក​រៀបចំ​កម្មវិធី អ្នកជំនាញ​ខ្មែរ អន្តរជាតិ និង​ផលិតករ​ក្នុងស្រុក សុទ្ធ​តែមាន​សុទិដ្ឋិនិយម​ថា ការចាក់​បញ្ចាំង​ភាព​​យន្ត​អឺរ៉ុប​លើក​នេះ នឹង​ផ្ដល់ឱកាស​ឱ្យ​ទស្សនិកជន​កម្ពុជា​បើក​បេះដូង និង​សោត​ចក្ខុ​ទស្សនា​ស្ដាប់​រឿងរ៉ាវ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​ពី​ទឹកដី​អឺរ៉ុប​លើសពី​ភាព​ជន់​ជោរ​នៃ​ហូលីវូដ​។​

​កម្មវិធី​មហោស្រព​ភាពយន្ត​អឺរ៉ុប​នៅ​កម្ពុជា បាន​ត្រឡប់មកវិញ កាលពី​ថ្ងៃទី ​២៤ ខែកុម្ភៈ ដល់​ថ្ងៃទី ​១ ខែមីនា បន្ទាប់ពី​អវត្តមាន​តាំងពី​ឆ្នាំ ​២០១៤​។

​ភាពយន្ត ២១​ រឿង ប្រភេទ​កំប្លែង រឿង​ភាគ រឿង​សម្រាប់​ក្មេងៗ ភាពយន្ត​ឯកសារ សេ្ន​ហា និង​គ្រួសារ​ត្រូវបាន​ជ្រើសរើស​មកចាក់​បញ្ចាំង​នៅ​ថ្ងៃទី ២៤ ​កុម្ភៈ រហូតដល់ ថ្ងៃទី​ ១​ មីនា កន្លងទៅ នៅ​ទីតាំង វិទ្យាស្ថាន​បារាំង ផ្ទះ​មេត្តា និង​ផ្សារ​ទំនើប​អ៊ី​អន​ ១​។​

​នៅ​វិទ្យាស្ថាន​បារាំង កម្មវិធី​ពិភាក្សា ​១ ត្រូវបាន​ធ្វើឡើង ដោយមាន​សំណួរ និង​ចម្លើយ​រវាង​អ្នកជំនាញ​នៅក្នុង​វិស័យនេះ និង​ជាមួយ​ទស្សនិកជន មុននឹង​ការ​បញ្ចាំងភាពយន្ត​រឿង «​ទឹកអប់​» ជា​កិច្ចបញ្ចប់​កម្មវិធី​។

​លោក នី​កូ​ឡឺស ម៉េ​ស​ដឺ​ហាម ជា​ស្ថាបនិក ផ្ទះ​មេត្តា បាន​ដើរតួនាទី​ជា​អ្នកសម្របសម្រួល ក្នុង​កិច្ចពិភាក្សា​ដែល​ចូលរួម ដោយ​វាគ្មិន ៣​ នាក់មក​ចែករំលែក​ពីបទ​ពិសោធ​រួមមាន លោក ទី​ហា​មឺ ហ្ស៊ី​កា​ជា អនុប្រធាន​បេសកកម្ម​នៃ​គណៈប្រតិភូ​សហភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក សេតឌ្រី​ក អែល​ឡយ ជា​ស្ថាបនិក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា និង​ផលិតករ សុខ វិសាល ពី 802 Films Production និង​ជា​ស្ថាបនិក​ក្លា​ប​យ៉ា​ហ៊ែ​ន​។

ការ​ផ្សព្វផ្សាយ​ពី​ការ​វិលត្រឡប់ជាថ្មី​នៃ​មហោស្រពភាពយន្ត​អឺរ៉ុប​នៅ​កម្ពុជា​។ រូបថត Matt Baddley/Snapp Media

​លោក ទី​ហា​មឺ ប្រាប់​ពី​សារៈសំខាន់​នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​អឺរ៉ុប ដល់​សហភាព​អឺរ៉ុប​ថា​៖ «​ភាពយន្ត​​អឺរ៉ុប​ពួកយើង​ភាគច្រើន លំបាក​ក្នុង​ការចូល​ទីផ្សារ​អាស៊ី ហើយ​មហោស្រព​ភាពយន្ត​បែបនេះ​មាន​សារៈសំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ភាពយន្ត​ដ៏​អស្ចារ្យ និង​ការទូត​វប្បធម៌​របស់​យើង​។ ៨ ​ឆ្នាំ ដែល​អវត្តមាន​គឺ​ដោយសារ​បញ្ហា​រក្សា​សិទ្ធិ និង​ហិរញ្ញវត្ថុ ប៉ុន្តែ​ខ្ញុំ​គិតថា​គុណភាព​នៃ​ខ្សែភាពយន្ត​ទាំង​ ២១ នឹង​ប៉ះប៉ូវ​ពេលវេលា​នោះ​»​។​

​លោក​បន្តថា​៖ «​យើង​សង្ឃឹមថា វា​នឹង​ជា «​ការចាប់ផ្តើម​ឡើងវិញ​» ដ៏​ជោគជ័យ និង​អាចធ្វើ​រៀងរាល់ឆ្នាំ​»​។​

​លោក ទី​ហា​មឺ​ថា នៅពេល​លើក​​ឡើង​ពី​ការនាំ​មហោស្រព​ភាពយន្ត​​អឺរ៉ុប​មក​កម្ពុជា​វិញ អ្នកខ្លះ​ក៏​រីករាយ​ឱ្យ​លោក​ធ្វើ អ្នកខ្លះ​ក៏​មិន​យល់ស្របគិតថា​​ មិនទាន់​ដល់ពេល និង​ពិបាក​រក​ទស្សនិកជន​។

​តែ​លោក​ចែកចាយ​ពីបទ​ពិសោធ​ផ្ទាល់​ថា កាល​នៅ​រៀន លោក និង​មិត្តភក្តិ​ក៏​ចូលចិត្ត​តែ​មើល​រឿងកុន​ហូលីវូដ​ដែរ​។ រហូតដល់​ថ្ងៃ ​១ ដែល​មិត្តភក្តិ​របស់លោក​បាន​ប្រទះ​ភ្នែក​នឹង​ភាពយន្ត អ៊ី​ស្លង់ ប៉ូឡូញ កូ​ស្តា​រី​កា និង​រឿង​ផ្សេងទៀត​។ ពេល​ចាប់ផ្ដើម​ទស្សនា​ភាពយន្ត​ដ៏​អស្ចារ្យ​ទាំងនោះ បើទោះជា​វប្បធម៌ អរិយធម៌​ផ្សេងគ្នា តែ​ចុងក្រោយ​ពួកគេ​ក៏​ជា​មនុស្ស​ប្រឈម​បញ្ហា​ស្រដៀង​គ្នា ហើយ​អាច​រៀន​ពី​ពិភពលោក​ថ្មី​ផងដែរ​។​

​អនុប្រធាន​សហភាព​អឺរ៉ុប​រូបនេះ​ថា​៖ «​យើង​ដឹងថា​មិនមែន​ ១ ​យប់​វា​អាច​កើតឡើង​ទេ ដូច្នេះ​ទើប​យើង​ព្យាយាម​ផលិត​ភាពយន្ត​ប្រភេទ​ផ្សេងៗ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​។ បច្ចុប្បន្ន​យើង​ក៏បាន បកប្រែ​រឿង​ជា​អក្សរ​ខ្មែរ​ចំនួន ៥ ​រឿងផងដែរ​។ យើង​នឹង​មើល​បន្តថា គួរតែ​បន្ថែម ឬ​យ៉ាង​​ណា ព្រោះ​ពេលខ្លះ​ការបកប្រែ​មិនល្អ​អាចធ្វើឱ្យ​បាត់បង់​អត្ថន័យ​នៃ​រឿង​»​។​

​ដូចគ្នា​ដែរ លោក សេតឌ្រី​ក ថា កម្មវិធី​មហោស្រព​នេះ​ក៏បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍភាព​យ​ន្ត​នៅ​កម្ពុជា ដោយ​អាចឱ្យ​ផលិតករ​ស្រាវ​​ជ្រាវ​ទទួល​នូវ​គំនិត​ថ្មី​ពី​បណ្ដា​ប្រទេស​ផ្សេងៗ និង​នាំឱ្យមាន​ការសហការ​អន្តរជាតិ បង្កើត​ការងារ បណ្ដុះ​ជំនាញ អភិវឌ្ឍន៍​ទេសចរណ៍ ទាំង​ដោយផ្ទាល់ និង​ប្រយោល​ច្រើន​ទៀត​។​

​លោក​បាន​រំឭក​ឡើង​ថា​៖ «​មុន​សម័យ​ខ្មែរក្រហម សម្ដេច​នរោត្តម សីហនុ គឺជា​រាជវង្ស​តែ ​១ ​គត់ ដែល​ផលិត​ភាពយន្ត និង​ផលិត​បាន​ប្រហែល ៤០ ​រឿង​។ លោក ​គឺជា​បុគ្គល​ម្នាក់ ដែល​បាន​ជំរុញ​ឧស្សាហកម្ម​ខ្នាតតូច​ជាមួយនឹង​រោងកុន ផលិតករ និង​រៀបចំ​កម្មវិធី ហើយ​បាន​នាំឱ្យ​កម្ពុជា​មានការ​ចាប់អារម្មណ៍​ទៅលើ​វិស័យ​ភាពយន្ត​»​។​

​ប្រធាន​កម្មវិធី​រូបនេះ​បាន​បន្តថា​៖ «​ហើយ​ក្នុង​ឆ្នាំ ​២០១៣ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចុះ​កិច្ចព្រមព្រៀង​សហ​ផលិតភាព​យន្ត​កម្ពុជា ជាមួយ​ប្រទេស​បារាំង ដែល​បាន​បើកទ្វារ​ឱ្យ​ភាពយន្ត​កម្ពុជា​អាច​សហការ​ជាមួយ​ផលិតករ​អឺរ៉ុប និង​ទទួលបាន​មូលនិធិ​។ ភាពយន្ត​ទាំង​​អស់​មាន​សារៈសំខាន់​ក្នុងការ​ឆ្លុះ​​បញ្ចាំង​ពី​ជីវិត កសាង​អនាគត​ស​ម្រា​ប់​ភាពយន្ត​នៅ​កម្ពុជា រួមទាំង​បង្រៀន​យើង​ឱ្យ​យល់​ពី​ពិភពលោក​របស់​ប្រទេស​ដទៃ​»​។​

វាគ្មិន និង​អ្នកសម្របសម្រួលក្នុងកម្មវិធី​ពិភាក្សា​នៅ​វិទ្យាស្ថានបារាំង។ រូបថត Chuop Sereyroth/Globe Media Asia

​ម្យ៉ាងវិញទៀត ដើម្បី​នាំ​ភាពយន្ត​​កម្ពុជា​ទៅ​ឆាក​អន្តរជាតិ ផលិតករ​ក្នុងស្រុក​លោក សុខ វិសាល ថា ខ្មែរ​ត្រូវបង្កើត​អ្នកដឹកនាំ​រឿង ផលិតករ ផលិត​រឿង​បន្ថែម ហើយ​អភិវឌ្ឍ​ការសរសេរ​ប៉ា​រ៉ូ​ល​កុន និង​មានចិត្ត​ស្រឡាញ់​ក្នុងការ​បង្កើត​ភាពយន្ត​ពិតប្រាកដ​។

​ដោយ​មើលឃើញ​អ្នកមាន​ទេព​​កោសល្យ​ខ្មែរ​មួយចំនួន​តូច​បាន​ទៅ​ឆាក​អន្តរជាតិ និង​ចូលរួម​មហោស្រព​ភាពយន្ត​នៅ​ប្រទេស​ផ្សេងៗ លោក​រំពឹងថា​ នឹង​អាច​ចង់​បង្កើត​យុគសម័យ​មាស​ជាថ្មី លើ​ដំណើរ​ផ្លូវ​ដ៏​វែងឆ្ងាយ​។​

​ថ្លែង​ពី​ក្ដី​សង្ឃឹមលើ​ក្មេងៗ​ជំនាន់​ក្រោយ​លោក​ក៏បាន​ឱ្យយោបល់​ថា​៖ «​ជំហាន​ជាក់លាក់​ពួកគេ​គួរតែ​ចាប់ផ្ដើម​ពីអ្វី ដែល​ពួកគេ​មាន សរសេរ​រឿង ចំណាយពេល​ធ្វើ​វា រក​មិត្តភក្តិ និង​ចាប់ផ្ដើម​ថត បញ្ឈប់​ពាក្យដោះសា​ថា គ្មាន​ពេល គ្មាន​សម្ភារ ព្រោះ​បច្ចុប្បន្ន​គេ​អាចបង្កើត​រឿង​ដោយ​ត្រឹមតែ​ប្រើ​ទូរស័ព្ទ មិន​ដូច​កាលពី​សម័យ​ដើម ដែល​ការចំណាយ ថ្លៃ​ខ្លាំង​ក្នុងការ​បង្កើត​រឿង​មួយៗ​នោះទេ​»​។​

​ព័ត៌មាន​បន្ថែម​ពី​មហោស្រព​ភាព​​យន្ត​អឺរ៉ុប សូម​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក @EuroFilmFestKH៕