​កោះកុង: ឆ្លងកាត់​របប​ប្រល័យ​​ពូជសាសន៍ ដែល​ស្ទើរតែ​គ្រប់យ៉ាង​ត្រូវ​បាត់បង់ អ្នកគ្រូ ចរិយា ប៊ឺ​ត បាន​នាំយក​ក្ដី​ប្រាថ្នា​ឪពុកមា​របស់​អ្នកគ្រូ គឺ​ព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រី​វប្បធម៌ រួមទាំង​គ្រូ​ដ៏​ក្លាហាន និង​សិល្បករ​ដទៃទៀត​ដែល​ធ្វើ​អ្វីៗ ដើម្បី​រក្សា​សិល្បៈ និង​ប្រពៃណី​របាំទៅគ្រប់​ទីកន្លែង​។ ពេលនេះ​អ្នកគ្រូ ថែមទាំង​បាន​បណ្ដុះ​គ្រាប់ពូជ​សិល្បៈ​របាំ​ខ្មែរ​ទៅដល់​ក្មេង​ខ្មែរ​ជំនាន់​ក្រោយ នៅ​ទឹកដី​អាមេរិក​ទៀតផង​។​

​ដំណើរ​ចាប់យក​សិល្បៈ​របាំ​របស់​អ្នកគ្រូ កើតឡើង​ក្រោយ​សម័យ​ខ្មែរ​​ក្រហម ដែល​ពេលនោះ​អ្នក​នៅ​រស់រានមានជីវិត​បាន​ប្រមូល​ផ្ដុំគ្នា កសាង​សិល្បៈ និង​វប្បធម៌​ខ្មែរ​ឡើងវិញ​។

​អ្នកគ្រូ ចរិយា ដែល​បច្ចុប្បន្ន​រស់នៅ​ទឹកដី អាមេរិក ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ថា​៖ «​ខ្ញុំ​បានឃើញ​ការខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់​ពូ​ខ្ញុំ លោកគ្រូ អ្នកគ្រូ និង​សិល្បករ​១​ចំនួន​ទៀត​។ ខ្ញុំ​ចាប់ផ្ដើម​ដឹង​ពី​ភាព​សំខាន់ ក្នុងការ​​ក្លាយជា​ផ្នែក​មួយនៃ​ការកសាង​វប្បធម៌​ខ្មែរ​ឡើងវិញ​»​។​

​អ្នកគ្រូ​ថា​៖ «​ខ្ញុំ​មិន​ធ្លាប់​ភ្លេច​ពាក្យ​លោកពូ​ថា «​វប្បធម៌​ជា​ដួងព្រលឹង​ជាតិ​» ហើយ​ព្រលឹង​នេះ​បាន​ដាំ​ក្នុង​ខ្លួន​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ​ជា​កាតព្វកិច្ច ដែល​ខ្ញុំ​ត្រូវ​បណ្ដុះ​ស្មារតី​ទៅ​កូន​ខ្មែរ​-​អាមេរិក​នៅទីនេះ​។ មិន​ថា​ខ្ញុំ​នៅទីណា ខ្ញុំ​ត្រូវតែ​បន្ត​បេសកកម្ម​នេះ​»​។​

​អ្នកគ្រូ​បាន​ចូលរៀន​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​កាលពី​ឆ្នាំ ​១៩៨២ និង​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ​១៩៨៩ រួច​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​គ្រូបង្រៀន​។ ក្រៅពី​អាជីព​បង្ហាត់​សិស្ស អ្នកគ្រូ​ក៏បាន​ចេញ​សម្ដែង​ជា​ញឹកញាប់​ក្នុង​កម្មវិធី​គណៈប្រតិភូ​បរទេស ក្នុង​ជួរ​រដ្ឋាភិបាល កម្មវិធី​វប្បធម៌​ផ្សេងៗ ក៏ដូចជា​ការ​​សម្ដែង​សម្រាប់​អ្នកភូមិ​ស្រុក ដើម្បី​ជួយ​អប់រំ​ពួកគាត់​អំពី​វប្បធម៌​កម្ពុជា​។

​​របាំអប្សរានៅមហោស្រពរបាំជនជាតិ​ សាន់ហ្វ្រាន់ស៊ីស្កូ ឆ្នាំ​ ២០០៨។ រូបថត Rob Burt

​ក្នុង​ឆ្នាំ ​១៩៩៣ អ្នកគ្រូ​បាន​ផ្លាស់​មក​រស់នៅ​អាមេរិក​ជាមួយ​ស្វាមី ដែល​អ្នកគ្រូ​ឱ្យដឹងថា វា​ជាការ​សម្រប​ខ្លួន ដ៏​ពិបាក​មួយ​មុននឹង​បាន​បន្ត​បេសកកម្ម រក្សា​សិល្បៈ​ប្រពៃណី​របាំ​ខ្មែរ ព្រោះតែ​គ្មាន​សមាជិកគ្រួសារ​នៅក្បែរ ហើយ​ភាសា​ក៏មាន​កម្រិត​។​

​អ្នកគ្រូ ចរិយា បាន​រំឭកថា​៖ «​ខ្ញុំ​បាន​ចំណាយពេល​ ២-៣​ ឆ្នាំ ក្នុង​ការរៀន​ភាសា​អង់គ្លេស​។ បន្ទាប់មក ខ្ញុំ​បាន​បន្ត​យក​សញ្ញាបត្រ​សិល្បៈ​ពី​មហា​វិទ្យា​​ល័យ Santa Rosa Junior និង​បាន​ផ្ទេរ​ទៅ​សាកលវិទ្យាល័យ Sonoma State ជាទី​ដែល​ខ្ញុំ​ទទួល​បរិញ្ញាបត្រ​។ ក្នុងអំឡុងពេល​រៀន និង​សម្រប​ខ្លួន ខ្ញុំ​ក៏មាន​ឱកាស​បន្តការងា​រ​សិល្បៈ តាម​​រយៈ​ការបង្រៀន និង​សម្ដែង​»​។​

​វេលា ​១០ ​ឆ្នាំ​ដំបូង​នៅ​អាមេរិក អ្នកគ្រូ ផ្ដោតលើ​ការបង្រៀន​នៅ​សហគមន៍​​កម្ពុជា​។ អ្នកគ្រូ ចរិយា បាន​បង្រៀននៅ​សាលា Santa Rosa ធ្វើការ​ជាច្រើន​ជាមួយ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ទាំង​ទីក្រុង ស្តុក​តុ​ន និង​ឡុង​ប៊ិច និង​ទីកន្លែង​ជាច្រើន​ទៀត​។ ក្នុង​រយៈពេល ២៥​ ឆ្នាំ​កន្លងមកនេះ នាដ​ការី​រក្សា​រូប​​នេះ​ បាន​បង្ហាត់​សិស្ស​រាប់រយ​នាក់ និង​អ្នក​ហាត់​ការ ៥ ​នាក់ ជាមួយ​ការគាំទ្រ​ដោយ Alliance for California Traditional Art​។

​ការធ្វើការ​ជាមួយ​សហគមន៍​ជន​ភៀសខ្លួន ជា​បំណង​ចិត្ត និង​បេសកកម្ម​ ១​ របស់​អ្នកគ្រូ ដោយ​ជឿជាក់ថា របាំ​គឺជា​ឧបករណ៍​ដ៏​សំខាន់ បង្កើត​គំនិត​បំផុស និង​ពង្រឹង​អំណាច​ដល់​ជន​​ជាតិខ្មែរ​ជំនាន់​ថ្មី​។​

​អ្នកគ្រូ​បាន​បន្តថា​៖ «​ខ្ញុំ​ប្រើការ​​បណ្តុះបណ្តាល​របាំ ដើម្បី​បណ្តុះ​អត្ត​​សញ្ញាណ​វប្បធម៌ ផ្តល់​មូលដ្ឋានគ្រឹះ​ដល់​យុវជន​ខ្មែរ​-​អាមេរិក​ក្នុងការ​ផ្សារ​​ភ្ជាប់​ទៅនឹង​មរតក​វប្បធម៌​របស់​ពួក​​គាត់​។ លើសពីនោះ គឺ​ដើម្បី​អបអរ​វប្បធម៌​ដ៏​សម្បូរបែប​របស់​យើង និង​ដើម្បី​ជួយ​ព្យាបាល​យើង​ពី​ផលប៉ះពាល់​នៃ​របប​ប្រល័យពូជសាសន៍​»​។​

​ការងារ​របស់​អ្នកគ្រូ​ចុងក្រោយ គឺ​ត្រូវ និង​បាន​សម្ដែង​ខែ​មុន​នៅ​សារមន្ទីរ​សិល្បៈ​គ្លី​វើ​លែ​ន ដោយ​អ្នកគ្រូ​បាន​ប្រមូល​តន្ត្រីករ និង​អ្នករបាំ​ខ្មែរ​ពី​សហ​​គម​ន៍​ផ្សេងៗ សម្ដែង​រួមគ្នា ដើម្បី​អបអរសាទរ​សិល្បៈ និង​វប្បធម៌​ខ្មែរ តែ​ជា​អកុសល កម្មវិធី​ត្រូវបាន​ពន្យារ​​ពេល​ដោយសារតែ​កា​រីក​រាលដាល​នៃ​វ៉ា​រ្យ​ង់​អូ​មី​ក្រុង​នៅ​អាមេរិក​។​

​អ្នកគ្រូ​ថា ជំងឺ​រាតត្បាតធ្វើឱ្យ​មានការ​​ពិបាក​ណាស់​ក្នុង​ការឱ្យ​ប្រធាន​សហ​​គម​ន៍​មួយៗ​លើកទឹកចិត្ត​សិស្ស​ក្នុង​ការបន្ត​ការរៀន​ពី​ចម្ងាយ​។​

អ្នកគ្រូ ចរិយា ក្នុង​ស្នាដៃ​របាំ Spirits Intertwined ឆ្នាំ ២០១៨។ រូបថត RJ Muna

​អ្នកគ្រូ ចរិយា បាន​លើកឡើងថា​៖ «​ដូច្នេះ ថ្មីៗ​នេះ ខ្ញុំ និង​ស្វាមី​ក៏បាន​បង្កើតជា​បណ្ណាល័យ​ឌីជីថល «The Charya Burt Cambodian Dance Digital Library» ដោយ​សង្ឃឹមថា វា​អាច​ផ្ដល់​ធនធាន​របាំ​ឌីជីថល​ដើម ឱ្យ​បងប្អូន​ខ្មែរ​អាច​ស្វែងរក បច្ចេកទេស​របាំ ការណែនាំ​អំពី​សម្លៀកបំពាក់ និង​របាំ​ពីបទ​ភ្លេងបុរាណ​ក្នុងនោះ​»​។​

​ការងារ​សិល្បៈ​ក្នុង​ថ្ងៃ​អនាគត អ្នកគ្រូ​នឹងមាន​ការងារ​រួមដែល​ឱ្យ​ឈ្មោះថា «​ភាព​ងងឹត​ដ៏​ស្រស់ស្អាត (Beautiful Dark)» និង​ក្នុង​ឆ្នាំ ២០២១ អ្នកគ្រូ​ក៏​ទទួលបាន​មូលនិធិ​បង្កើត​ស្នាដៃ “The Rebirth of Apsara: Artistic Lineage, Cultural Resilience and the Resurrection of Cambodian Arts from the Ashes of Genocide”​។

​អ្នកគ្រូ​បាន​រៀបរាប់ថា​៖ «​ការងារ​របាំ ឬ​ល្ខោន​ ១ ​នេះ និយាយ​អំពី​ទំនាក់​​ទំនង​រវាង​សិល្បៈ និង​សង្គ្រាម ស្វែង​​យល់​ពី​របៀប ដែល​សិល្បៈ​ខ្មែរ​បាន​បង្កប់​នូវ​ខ្លឹមសារ​នៃ​វប្បធម៌​ខ្មែរ រហូតដល់​ការ​រស់​ឡើងវិញ​ក្រោយ​របប​​ប្រល័យពូជសាសន៍​។ ការងារ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ​៧ ខែ មករា ឆ្នាំ ​២០២៤ នៅរោង​មហោស្រព ប្រ៊ី​ស៊ី​ដូ ក្នុង​ទីក្រុង សាន់ហ្វ្រាន់​ស៊ី​ស្កូ ដែល​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ពេញ​ពិភពលោក​។ បន្ទាប់ពីនោះ ខ្ញុំ​ពិតជា​សង្ឃឹម យើង​អាច​នាំ​ការសម្ដែង​ទៅ​ស្រុក​ខ្មែរ​»​។​

​កាលពី​ដំបូង​អ្នកស្រី​ថា របាំ​បុរាណ​​ខ្មែរ មិនសូវមាន​ទីផ្សារ​នៅ​អាមេរិក​ទេ ដូច្នេះ​គ្រូៗ​ដែល​បន្ត​មរតក​ប្រពៃណី​ត្រូវ​រក​ការងារ​ក្រៅ​បន្ថែម​មក​ទ្រទ្រង់​បេសកកម្ម​។​

​អ្នកគ្រូ​ក៏​ដូចគ្នា ដំបូង​ឡើយ​សិល្បៈ​របស់​អ្នកគ្រូ​ត្រូវ​ពឹងពាក់​ទាំងស្រុង​លើ​ប្រាក់ឧបត្ថម្ភ ដែល​វា​មិន​កើតឡើង​ច្រើន​ទេ ទើបតែ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។

​អ្នកគ្រូ​និយាយថា​៖ «​ខ្ញុំ​ពិតជា​រីករាយ ដែល​ទីបំផុត​ការងារ​ខ្ញុំ​ត្រូវបានគេទទួលស្គាល់ ហើយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ ដែល​អនុញ្ញាតឱ្យ​ខ្ញុំ​បាន បង្រៀន អភិរក្ស បង្កើត និង​បន្ត​ជា​សិល្បករ​មកទល់ពេលនេះ​»​។​

​ព័ត៌មាន​បន្ថែម និង​ស្នាដៃ​របស់​អ្នកគ្រូ ចរិយា ប៊ឺ​ត មាននៅ​គេហទំព័រ https://charyaburt.com/៕