​ក្រុងប៉ារីស​: ​ប៉ម​ទួ​អេ​ហ្វែ​ល​បាន​លូត​កម្ពស់ ​៦ ​ម៉ែត្រ កាលពី​ថ្ងៃ​អង្គារ នៅពេលដែល​វិស្វករ​បាន​បំពាក់​អង់​តែ​ន​ថ្មី​នៅលើ​កំពូល​សំណង់​ដ៏​ល្បីល្បាញ​ដោយមាន​ជំនួយ​ពី​ឧទ្ធម្ភាគចក្រ​។​

​សំណង់​ខ្ពស់​ជាងគេ និង​ជា​និមិត្តរូប​នៃ​ទីក្រុង​ប៉ារីស មាន​កម្ពស់​ ៣៣០ ​ម៉ែត្រ បន្ទាប់ពី​ការបន្ថែម​អង់​តែ​ន​ថ្មី​។​

​អ្នកទេសចរ​មួយចំនួន​តូច​បាន​មើល​នៅពេល ដែល​អង់​តែ​ន​ត្រូវបាន​ទម្លាក់​ចូល​ទីតាំង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដោយ​វិស្វករ​ទាំង ​២ ​បាន​បំពេញភារកិច្ច​ក្នុងការ​ធានា​វា​ទៅនឹង​រចនាសម្ព័ន្ធ​ដែល​មើលមិនឃើញ​ពី​ដី​។​

​លោក ហ្ស​ង់ហ្វ្រង់​ស្វ័​រ ម៉ា​ទីន​ស៍ ប្រធាន​ក្រុមហ៊ុន​ប្រតិបត្តិការ​សំណង់​នេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​វា​ជា​មោទនភាព​ដ៏​អស្ចារ្យ ជា​ប្រវត្តិ​សាស្ត្រ​ដ៏​កម្រ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប៉ម​ទួ​អេ​ហ្វែ​ល​»​។​

​លោក​បាន​និយាយថា​៖ «​សំណង់​នេះ​កំពុង​ត្រឡប់​ទៅរក​ឫសគល់​របស់​នា​ង​វិញ ក្នុងនាម​ជា​កន្លែង​ពិសោធន៍​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​»​។​

​ប៉ម​ទួ​អេ​ហ្វែ​ល​ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​ ១៨៨៩ ក្រោម​ការ​រចនា​ដោយ​ស្ថាបត្យករ Gustave Eiffel ប៉ុន្តែ​វា​ត្រូវបាន​គ្រោង​នឹង​រុះរើ​ក្នុងរយៈពេល ២០ ​ឆ្នាំក្រោយ​។​

​ដើម្បី​រក្សាទុក​សំណង់​នេះ ស្ថាបនិក​វា​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ផ្តល់ឱ្យ​វា​នូវ​វិជ្ជាជីវៈ​វិទ្យាសាស្ត្រ ដំឡើង​ឧ​ប​ករ​ណ៍​ត្រួតពិនិត្យ​អាកាសធាតុ និង​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់​ទួ​អេ​ហ្វែ​ល​សម្រាប់​ការសង្កេត​តារាសាស្ត្រ​។​

​សំណង់​នេះ​បាន​ដើរតួនាទី​ជា​ប៉ម​បញ្ចេញ​រលក​វិទ្យុ​ដ៏​សំខាន់ ដែល​ដំបូង​ឡើយ​សម្រាប់​យោធា​។​

​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩១០ ប៉ម​ទួ​អេ​ហ្វែ​ល​ត្រូវបាន​គេ​ប្រើ ​ដើម្បី​ផ្ញើ​ទូរលេខ​ទៅកាន់​សហរដ្ឋអាមេរិក​។​

​អង់​តែ​ន​ពីមុន​របស់​វា​ត្រូវបាន​ជួសជុល​ក្នុង​ឆ្នាំ ​២០០០ ហើយ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទូរទស្សន៍​ឌីជីថល​៕ AFP/HR