​ក្រុង​ខេ​ប​ថោ​ន: មនុស្សម្នា​ជាច្រើន​បាន​ក្លាហាន​ជម្រុះ​សម្លៀកបំពាក់ ដោយ​ខ្លះ​មានតែ​ខ្លួន​ទទេ​ស្អាត​លើ​កែបកង់ ខណៈ​ជើង​ធាក់​ឈ្នាន់​ធ្វើ​ដំណើរ​ជា​ក្រុម​ក្នុង​ទិវា​ស្រាត​ជិះ​កង់​ពិភពលោក (WNBR) ឆ្នាំ​ទី​១៤​។​

​ដោយ​ចាប់ផ្ដើម​ពី​ចុង​សប្ដាហ៍​នៅ​ក្រុង​ខេ​ប​ថោ​ន ទឹកដី​អាហ្វ្រិក​ខាងត្បូង អ្នកជិះ​កង់​ទាំងប្រុស​ទាំងស្រី បាន​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ​ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សុវត្ថិភាព​នៃ​ការ​ជិះ​កង់ ទាក់ទាញ​ចំណាប់​​អារម្មណ៍​មនុស្ស​ឱ្យប្រើ​មធ្យោបាយ​ធ្វើ​​ដំណើរ​ដោយ​គ្មាន​ឥន្ទ​នៈ គ្មាន​ផ្សែង ក៏ដូចជា​បំផុស​ជំនឿ​ចិត្ត​លើ​រាងកាយ​។​

​ឆ្នាំនេះ​អ្នកចូលរួម​ដែលមាន​លាប​ខ្លួន​ពណ៌​លឿង និង​ខៀវ ដូច​ទង់ជាតិ​អ៊ុយ​ក្រែ​ន ក៏​ឆ្លៀតឱកាស​ផ្សាយ​សារ​ពី​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ដែលនាំឱ្យ​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេង និង​ការប្រែប្រួល​អាកាសធាតុ​។​

​គោលបំណង​ ១​ ទៀត​នៃ​ព្រឹត្តិការណ៍​ស្រាត​ជិះ​កង់​ឆ្នាំនេះ ក៏ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​លើកឡើងថា ដើម្បី​រំលេច​នូវ​វប្បធម៌​ប្រើប្រាស់​ទំនិញ​ច្រើន​លើសលប់​ឥត​គិតគូរ​ដល់​បរិស្ថាន​។​

​ក្នុងចំណោម​អ្នកចូលរួម​នោះ តារា​យូ​ធូប Juanita Pretorius បាន​និយាយថា នាង​ចូលរួម​ទិវា​ស្រាត​ជិះ​​កង់​ពិភពលោក ដោយសារតែ​នាង​រីករាយ​នឹង​អារម្មណ៍​សេរីភាព ភាព​​ពេញលេញ និង​ការ​ព្រលែង​ខ្លួន​ឱ្យ​ប៉ះ​ខ្យល់ ឥត​ខ្វាយខ្វល់​។​

​នាង​និយាយថា​៖ «​នេះ​ជា​ថ្ងៃ​ដែល​យើង​អបអរ​ការរស់រានមានជីវិត​។ វា​ល្អ​បំផុត​ហើយ​ដែល​យើង​ដឹងថា យើង​កើតមក​មានតែ​ខ្លួន​ប៉ុណ្ណេះ​»​។​

​អ្នកតស៊ូ​ដើម្បី​សេរីភាព​បញ្ចេញមតិ រូបនេះ​បាន​លើកឡើងថា​៖ «​ជួនកាលទាល់តែ​យើង​ប្រើប្រាស់​វិធី​ផ្សព្វផ្សាយ​ប្លែកៗ ទើប​យើង​អាច​លាត​រឿង​ពិត​ឱ្យ​ពិភពលោក​បានដឹង​»៕ AFP/HR