ក្រុង​កា​រ៉ា​ឈី: លោក ហេ​ដ​ឌើ​រ អា​លី (Haider Ali) បាន​ជ្រលក់​ជក់​ក្នុង​កំប៉ុង​ទឹក​ថ្នាំ​ពណ៌​ស្រស់ៗ មុននឹង​គូរវាស​លើ​ស្បែកជើង​កីឡា​ពណ៌​ស​ភ្លឺ​ចែងចាំង ជំនួស​ឱ្យ​ផ្ទាំង​ក្រណាត់ និង​តួ​រថយន្ត​ច្រែះ ដែល​លោក​ធ្លាប់តែ​បញ្ចេញស្នាដៃ​រចនា​តាម​វប្បធម៌​សិល្បៈ​របស់​ប៉ា​គី​ស្ថាន​។​

​រថយន្ត​ដឹកទំនិញ​នៅ​ទឹកដី​ប៉ា​គី​ស្ថាន​មាន​ភាពល្បីល្បាញ​សម្រាប់ «​សិល្បៈ​យាន​ដឹកទំនិញ​» ជាមួយ​ផ្ទាំងគំនូរ​ពណ៌​ឆើតឆាយ ខ្លះ​រំលេច​រូបភាព​សត្វ​នៅ​អាស៊ី​ខាងត្បូងតារា​ល្បីៗ និង​រូបតំណាង​សាសនា​។​

​ប្រពៃណី​យក​គំនូរ​សិល្បៈ​ស្រោប​រថយន្ត​ដឹកទំនិញ​បាន​លម្អ​ផ្លូវថ្នល់​នានា​នៅ​ទីក្រុង​ប៉ា​គី​ស្ថាន ហាក់បីដូចជា​ពិភព​គំនូរជីវចល​។​

​ក្រៅពី​គំនូរ​លើ​រថយន្ត លោក អា​លី ដែលជា​វិចិត្រករ​រថយន្ត​ដឹកទំនិញ​ជើងចាស់​ ១ ​រូប នាំយក​វប្បធម៌​រចនា​ឡាន​មក​គូ​រលើ​ស្បែកជើង​ប៉ា​តា​។​

​គាត់​បាន​រំឭក​ប្រាប់ថា​៖ «​អតិថិជន​ម្នាក់​មកពី​សហរដ្ឋអាមេរិក​បាន​មករក​ខ្ញុំ​ឱ្យ​គូរ​លម្អ​ស្បែកជើង​របស់គាត់​»​។​

​លោក​បាន​បន្តថា​៖ «​ខ្ញុំ​ក៏បាន​ប្រាប់​គាត់​នូវ​តម្លៃ​ ១​ ដ៏​ថ្លៃ​ហួសហេតុ ដើម្បី​បំបាក់ទឹកចិត្ត​គាត់ តែ​គាត់​នៅតែ​យល់ព្រម​ហ៊ាន​ចំណាយ​ឱ្យ​ខ្ញុំ​គូរ​លើ​ស្បែកជើង​របស់គាត់​»​។​

​លោក អា​លី ចំណាយពេល ៤​ ថ្ងៃ​លើ​ស្បែកជើង​ ១​ គូៗ យក​ថ្លៃ​ប្រមាណ ៤០០ ដុល្លារ រាល់​ការ​កុម្ម៉ង់​ម្ដងៗ​។​

​ចាប់តាំងពី​លោក​ផ្តើម​កាន់​ជក់​គូររូប​លើ​ស្បែកជើង​កាលពី​ខែមករា​មក លោក​សម្រេចបាន​ចំនួន ៨​ គូ​ ហើយពី​អតិថិជន​ភាគច្រើន​នៅ​បរទេស និង​មាន​អ្នកខ្លះ​នៅ​ប៉ា​គី​ស្ថាន​។​

លោក អាលី គូ​រគំនូរ​លើ​រថយន្ត​ដឹកទំនិញ ដែល​ជា​វប្បធម៌​សិល្បៈ​នៅប៉ាគីស្ថាន​ជិត​ ១ ​សតវត្សរ៍​។ រូបថត ​AFP

​លោក​ទទួលបាន​ស្បែកជើង​ថ្មី​ជា​រៀងរាល់ ​៤ ​ថ្ងៃ​ម្ដង​សម្រាប់​កិច្ចការ​គូរគំនូរ​នេះ បន្ទាប់ពី​មនុស្សម្នា​ជាច្រើន​ចាប់អារម្មណ៍​នឹង​ស្នាដៃ​លោក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​កាន់​ជក់​បណ្ដើរ បុរស​វ័យ ​៤២ ​ឆ្នាំ​បាន​និយាយ​បណ្ដើរ​ថា​៖ «​គំនិត​រចនា​គូរ​ស្បែកជើង​នេះ​ចេះតែមាន​ហូរហែ ពេលដែល​ខ្ញុំ​ចាប់​កាន់​ជក់​»​។​

​ដើរ​នៅក្នុង​ស្ទូ​ឌី​យោ​លើដំបូល​ក្រុង​កា​រ៉ា​ឈី លោក អា​លី កាន់​ស្បែកជើង Nikes ពណ៌​ស​ដ៏​ថ្លៃ ​១ ​គូ រួច​រំលេច​រូបភាព​សត្វ​ស្ទាំង ភ្នែក​ពណ៌​លឿង និង​ស៊ុម​ក្បាច់​ព័ទ្ធជុំវិញ​។​

​រីឯ​ស្បែកជើង​ ១ ​គូ​ទៀត ដែល​ត្រៀម​ដឹកជញ្ជូន​ទៅ​អតិថិជន​នៅក្រៅ​ប្រទេស មាន​រូប​សត្វ​ក្ងោក និង​ក្បាច់​ផ្កា​ភ្ញី​។​

​សិល្បៈ​ប្រើ​ពណ៌​ឆើតៗ​តុបតែង​លើ​របស់​ប្រើប្រាស់ រួមទាំង​រថយន្ត​ដឹក​ទំនិញ​នេះ​ត្រូវបាន​អនុវត្ត​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៤០ នៅពេលដែល​អ្នក​ដឹក​​ជញ្ជូន​ព្យាយាម​ធ្វើឱ្យ​យានជំនិះ​ពួកគេ​រស់​រវើក ភ្ជាប់​អត្តសញ្ញាណ​យីហោ​តម្រូវ​អ្នកដំណើរ​មិនចេះ​អក្សរ​។​

​អ្នកខ្លះ​ទៀតថា សិល្បៈ​គំនូរ​តុបតែង​ឡាន​បានចាប់ផ្ដើម​ដោយ​អ្នកបើកបរ​រថយន្តក្រុង​ប្រជែង​គ្នា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជា​អ្នកដំណើរ​។​

​សម្រាប់​លោក អា​លី ក្រៅពី​ជាជាង​​គំនូ​រថយន្ត​ដឹក​ធំ លោក​ក៏​ធ្លាប់​គូរ​លើ​យន្តហោះ ម៉ូតូ រថយន្ត​អណ្ដើក និង​សូម្បីតែ​ដងខ្លួន​នារី​នៅ​ពិធីបុណ្យ Burning Man ឯ​សហរដ្ឋអាមេរិក​។​

​ប៉ុន្តែ​ដូច​ការ​គូ​រលើ​រថយន្ត​ដឹកទំនិញ​ដែរ គំនូរ​លើ​ស្បែកជើង​នឹង​រលុប​នៅ ៣ ទៅ ៤ ​ឆ្នាំ ទុក​ឱកាស​ឱ្យ​ជាងគំនូរ​មាន​កិច្ចការ​ជាថ្មី​៕ AFP/HR