​ក្រុង​មី​ឡាន: តារា​ម៉ូ​ដែល​អ៊ុយ​ក្រែ​ន Bogdana Didenko Nevodnik ស្ថិតនៅ​ទីក្រុង​មី​ឡាន​ក្នុង​សប្តាហ៍​ម៉ូដ​នៅពេលដែល​រុស្ស៊ី​វាយ​ចូល​អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ​នាង​មិនអាច​ត្រឡប់មកផ្ទះ​វិញ​បានទេ​។ ជំនួស​ឱ្យ​ចិត្ត​ប្ដេជ្ញា​កាន់​អាវុធ​ធ្វើ​ទាហាន​ស្រី​ស្ម័គ្រចិត្ត ពេលនេះ​នាង​បាន​ដុតដៃដុតជើង​រៀប​កញ្ចប់​ជំនួយ​ក្នុង​ក្រុង​អ៊ី​តា​លី​សម្រាប់​បញ្ជូនទៅ​មាតុភូមិ​កំណើត​របស់​នា​ង​។​

​ម៉ូ​ដែល​វ័យ ​២២ ​ឆ្នាំ​រូបនេះ​បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា វា​មិន​សមសោះ​ដែល​យើង​កំពុង​ដើរ​លើ​ឆាក​បង្ហាញ​ម៉ូដ ហើយ​អ្នក​នៅ​ទឹកដី​កំណើត​កំពុងតែ​រង​ទុក្ខ​។ ខ្ញុំ​ខ្មាស​ខ្លួនឯង និង​មាន​អារម្មណ៍​ថា ទស្សនិកជន​ហាក់​មិន​ខ្វាយខ្វល់​»​។​

​រាល់​ពេលដែល​សំឡេង​ស៊ី​រ៉ែ​ន​វាយលុក​តាម​អាកាស​នៅពេល​យប់​នៅក្នុង​ទីក្រុង​កំពង់ផែ Kamianske ជា​កន្លែង​ដែល​ផ្ទះ​នាង​តាំងនៅ នាង Didenko Nevodnik ត្រូវបាន​ដាស់​ដោយ​កម្មវិធី​ស្មា​ត​ហ្វូ​ន បើទោះជា​នាង​រស់នៅ​ឆ្ងាយ​ពី​សង្គ្រាម​ក្ដី​។​

​ដំបូង​ឡើយ នាង​គិតថា នាង​ត្រូវតែ​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​រថភ្លើង ឬ​រថយន្តក្រុង​ជើង​ដំបូង​។ ប៉ុន្តែ​ស្វាមី​របស់​នាង​ដែលជា​គ្រូពេទ្យ​វះកាត់​វ័យក្មេង​នៅ​អ៊ុយ​ក្រែ​ន និង​ក្រុមគ្រួសារ​របស់​នាង ដាច់ខាត​ពុំ​ព្រមឱ្យ​នាង​ទៅ​ស្រុកកំណើត​វិញ​ទេ​។​

​ឥឡូវនេះ តារា​ម៉ូ​ដែល​ស្លៀក​ឈុតខ្មៅ​បាន​ចង​ក្របួច​សក់​ដើម្បី​ធ្វើ​កិច្ចការ​ជាច្រើន​ម៉ោង​ជាមួយ​អ្នកស្ម័គ្រចិត្ត​ផ្សេងទៀត​ចំនួន​ ២០ ​នាក់ ដោយ​រៀបចំ​កញ្ចប់​ជំនួយ​ដែល​ត្រូវបាន​ទុកចោល​ក្នុង​ទីធ្លា​តូច​មួយ​នៃ​ស្ថាន​កុងស៊ុល​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​មី​ឡាន​។​

​រថយន្ត​ផ្ទុក​កញ្ចប់​អាហារ ថ្នាំពេទ្យ ថ្ម និង​ប្រដាប់​ក្មេង​លេង ត្រូវបាន​កំណត់​គោលដៅ​ទៅ​តំបន់​សង្គ្រាម​។​

ចប់ការងារ​ដើរម៉ូដ​ភ្លាម នាង​រៀបចំ​កញ្ចប់ជំនួយ​ផ្ញើទៅមាតុភូមិអ៊ុយក្រែន។ រូបថត AFP

​នាង Didenko Nevodnik ដែល​ស្លៀកពាក់​ខ្មៅ និង​ជា​ម៉ូ​ដែល​សម្រាប់​ម៉ាក​ល្បីៗ​ជុំវិញ​ពិភពលោក​និយាយថា​៖ «​ខ្ញុំ​ហ៊ាន​ប្រថុយ​ជីវិត​នៅ​អ៊ុយ​ក្រែ​ន ហើយ​បើ​អាច​ខ្ញុំ​នឹង​ចូល​បម្រើ​ទ័ព​»​។​

​ម៉ូ​ដែល​ដែល​ធ្លាប់​ចូលរៀន​ប្រដាល់​កាល និង​មាន​ជំនាញ​បាញ់កាំភ្លើង​ត្រង់ នៅ​វ័យ​ជំទង់​បាន​និយាយថា​៖ «​ខ្ញុំ​តែងតែមាន​ស្មារតី​ប្រយុទ្ធ​»​។​

​រីឯ​តារា​ម៉ូ​ដែល​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់ទៀត​ឈ្មោះ Valya Fedotova ដែល​បាន​ចូលរួម​ធ្វើការ​ស្ម័គ្រចិត្ដ​ផងដែរ​នោះ បាន​និយាយថា នាង​ស្ទើរតែ​ស្រក់​ទឹកភ្នែក​អំឡុងពេល​កម្មវិធី​បង្ហាញ​ម៉ូដ​ក្រុង​មី​ឡាន ដែលជា​ការ​​ឱកាស​ដើរ​លើ​វេទិកា​ធំ​បំផុត​លើក​​ដំបូង​របស់​នាង​។​

​មមាញឹក​រៀប​អំណោយ​មនុស្សធម៌​ទៅ​មាតុភូមិ ម៉ូ​ដែល​អ៊ុយ​ក្រែ​ន​រូបនេះ​បាន​និយាយ​ទាំង​អួលដើមក​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​មិនអាច​យំ​លើ​ឆាក​បានទេ​។ ខ្ញុំ​ទទួលបាន​ប្រាក់​ពី​ការងារ​ម៉ូ​ដែល ហើយ​ខ្ញុំ​អាច​ផ្ញើ​វា​ទៅ​គ្រួសារ​ខ្ញុំ​នៅ​អ៊ុយ​ក្រែ​ន​»៕ AFP/HR