
តារាចម្រៀងស្រីចំណូលថ្មី នៅហង្សមាសកញ្ញា យូរី ចេញបទថ្មី «នឹកលុយ» ផ្ទុះការគាំទ្រ។ តារាចម្រៀងស្រីចំណូលថ្មី ហង្សមាស កញ្ញា យូរី។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ខណៈខិតជិតចូលឆ្នាំថ្មីប្រពៃណីខ្មែរ តារាចម្រៀងស្រី សាច់សខ្ចី កំពុងតែជ្រកទ្រនំថ្មីហង្សមាសកញ្ញា យូរី សម្រុកចេញបទថ្មីចង្វាក់ញាក់មានចំណងជើងថា «នឹកលុយ» បង្កើនប្រជាប្រិយភាពតាមបណ្តាញសង្គមយ៉ាងច្រើនសន្ធឹកពីស្រទាប់យុវវ័យ។
គ្រាន់តែបង្ហោះចូលក្នុងបណ្តាញសង្គមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បទចម្រៀងថ្មីមានចំណងជើងថា «នឹកលុយ» ក៏ស្រូបបានការគាំទ្រច្រើន ដោយមានអ្នកចុច Likes ចំនួន 60K និងមានអ្នកចែករំលែកបន្ត 4.4K Shares ឯណោះ។ លើសពីនេះក៏មានអ្នកគាំទ្រចូល Comment ថា៖ «មើល ១០០ ដង ក៏មិនធុញដែរ រាំឡូយកប់តែម្ដង រាំសង្ហាណាស់ ស្រឡាញ់អាយដលណាស់! ហ្នឹងហើយអាយដល មិនបាច់គិតនាំឈឺក្បាលទេ មានពេលរាំហើយត្រូវតែសប្បាយកុំទៅខ្វល់ ច្រៀងពីរោះហើយរាំសមខ្លាំងណាស់អាយដល»។
ឯអ្នកខ្លះទៀតថា៖ «នឹកបទចាក់ទឹកដូង ណាស់ (ណប់ចិត្ត) បទនេះ ពីរោះណាស់ ហើយខ្ញុំចូលចិត្តក្បាច់រាំឡូយណាស់កញ្ញា យូរី គួរឱ្យចង់រាំ ពេលចូលឆ្នាំខាងមុខនេះ។ រាំឡូយកប់តែម្ដងស្រឡាញ់អាយដលពេញបេះដូង»។
ទោះយ៉ាងណា តារាចម្រៀងស្រី ដែលផ្តើមភាពល្បីខ្លាំងពីការស្រូបប្រជាប្រិយភាពតាមបណ្តាញសង្គមដ៏ច្រើនលើសលប់ ជាមួយនឹងបទ «ចាក់ទឹកដូង» ពីស្រទាប់យុវវ័យ កញ្ញា យូរី មិនមានអ្វីបកស្រាយច្រើនឡើយ ក្រៅពីការតបសារយ៉ាងខ្លីថា៖ «អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ពាក្យជូនពរណា ខមម៊ិនច្រើនពេកបើ យូរី តបមិនអស់នោះកុំខឹងណា!»។
គួរឱ្យកត់សម្គាល់ពីវត្តមានរបស់កញ្ញា យូរី តាំងមកដល់ទ្រនំថ្មីហង្សមាស ចាប់តាំងពីចុងឆ្នាំ ២០២០ រហូតមកដល់ពេលនេះ កញ្ញាមានបទចម្រៀងតែ ៤ បទចម្រៀងដំបូង មានចំណងជើងថា «ផាំងៗ» បទ «I LOVE FOOTBALL» បទ «មនុស្សស្មោះនៅណា?» និងបទថ្មី «នឹកលុយ» ដែលទាំងអស់នេះ គឺសុទ្ធតែជាបទចម្រៀងមានចង្វាក់ញាក់រំលេចក្បាច់រាំប្លែកៗ និងចូលចិត្តលេងស្ទីលបង្ហាញសាច់ដ៏ទ្រលុកទ្រលន់ទាក់ក្រសែភ្នែកប្រុសគន់មិនជិនណាយ៕