​ភ្នំពេញ: រូបគំនូរ​របស់​កុមារ​រស់នៅ​ជំរំ​ជនភៀសខ្លួន​សាយ​ធូ​នៅឯ​ជាយដែន​កម្ពុជា​-​ថៃ ត្រូវបាន​រចនា​ជា​គំនូរ​​ជីវ​ច​ល​នៅក្នុង​ឆ្នាំ ​១៩៨០ ដើម្បី​ជា​សក្ខីភាព​ពី​ទុក្ខលំបាក​របស់​ពួកគេ​នៅ​សម័យ​សង្គ្រាម​។​

​វា​បាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​អ្នកនាង វើ​រូ​នី​ក ឌី​ក្រប សហ​ស្ថាបនិក​អង្គការ​ហ្វារ បញ្ចូល​គំនូរជីវចល​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​ស្ទូ​ឌី​យោ​គំនិត​ច្នៃប្រឌិត​កម្ពុជា​ហ្វារ [Phare Creative Studio, (PCS)] ខណៈ​កុមារ​ជំរំ​ខ្លះ​ក៏បាន​ក្លាយជា​សហ​ស្ថាបនិក​អង្គការ​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តបាត់ដំបង​នេះ​ផងដែរ​។

​ផ្ដើម​ដំណើរការ​នៅក្នុង​ឆ្នាំ ​២០១២ ស្ទូ​ឌី​យោ​គំនិត​ច្នៃប្រឌិត​កម្ពុជា​ហ្វារ ជា​សាលា​ជំនាញ​គំនូរជីវចល និង​រចនា​ក្រាហ្វិក បាន​បណ្ដុះ​ការ​បំផុសគំនិត និង​បទពិសោធ​របស់ខ្លួន ឱ្យក្លាយ​ទៅជា​អាជីវកម្ម​សង្គម ក្នុង​ឆ្នាំ​ ២០១៦ ដែល​ដឹកនាំ​ដោយ​សហគ្រាស​សង្គម​ហ្វារ និង​បាន​ប្រមូលផ្ដុំ​អ្នកមាន​ទេព​​កោសល្យ​ខ្មែរ ដើម្បី​ប្រែក្លាយ​គំនិត​ទៅជា​ការផលិត​វីដេអូ គំនូរជីវចល ការ​​រចនា​ក្រាហ្វិក សំឡេង និង​គំនូរ​ដ៏​មាន​ឥទ្ធិពល​។​

​អ្នកនាង ម៉​ហ្គេ​ន ដា​រ៉ា​ស អ្នក​ប្រឹក្សា​ផ្នែក​ទំនាក់ទំនង និង​ទីផ្សារ​នៅ PCS ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ថា​៖ «​ពួកគេ​តែង​​តែ​ចែករំលែក​ប្រាក់ចំណេញ​ត្រឡប់​ទៅ​សាលា ដែល​មិន​រកប្រាក់​ចំណេញ ដើម្បី​ជួយ​ដល់​សិល្បករ​វ័យក្មេង​ខ្មែរ​ជំនាន់​ក្រោយ និង​អ្នកជំនាញ​ខាង​ច្នៃ​ប្រឌិត តាមរយៈ​រង្វង់​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​គុណធម៌​»​។​

​ទិសដៅ​របស់​ស្ទូ​ឌី​យោ PCS មាន ៣​ ចំណុច គឺ ការផ្តល់​ការងារ ការអភិវឌ្ឍ និង​អាជីព​ដល់​យុវជន​កម្ពុជា​ដែលមាន​គំនិត​ច្នៃប្រឌិត រួមចំណែក​ដល់​ការកសាង​ឡើងវិញ​នៃ​វប្បធម៌ និង​សិល្បៈ​ខ្មែរ​ពី​សង្គ្រាមស៊ីវិល និង​ផ្តល់​ការគាំទ្រ​យូរអង្វែង​ដល់ សាលា​ជំនាញ​សិល្បៈ​សូន​រូប​នៅ​ហ្វារ​។

​លោក ហួត តារា ជា​នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​ហ្វារ បានឱ្យដឹងថា​៖ «​អ្វីដែល​ពួកយើង​បានធ្វើ​ប៉ុន្មាន​ឆ្នាំកន្លងមក បានប្រែក្លាយ​ខ្លួន​យើង​ទៅជា​ផ្ទះ​ផលិតកម្ម សម្រាប់​ការផ្លាស់​​ប្ដូរ​សង្គម និង​អាកប្បកិរិយា ដោយ​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រជាជន​កម្ពុជា​។ សកម្មភាព​ការងារ និង​ចក្ខុវិស័យ​របស់ PCS នៅតែ​មិន​បាត់បង់ និង​បន្ត​ទទួលបាន​នូវ​ដៃគូ​សហការ​ជាច្រើន​បន្ថែមទៀត​»​។​

​ក្រុមការងារ​ស្ទួឌីយោគូររូបភាពយន្ដ​គំនូរជីវចល​​​។ លោក ហួត តារា ជា​នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​​ហ្វារ។ សហ​ការី

​ពី​ទិច​និក​គំនូរជីវចល ពួកគេ​ចាប់​​ផ្ដើម​រៀន​បង្កើត​វីដេអូ​ក្រាហ្វិក និង​រចនា​សំឡេង​ផ្សេងៗ នៅក្នុង​បរិ​យា​កាស​លើក​ទឹក​ចិ​ត្ដ​ឱ្យ​បញ្ចេញ​គំនិត​ប្រកបដោយ​សេរីភាព​។ ជាក់ស្ដែង «​សេរីភាព គឺជា ផ្កា​រីក​នៅ​រដូវក្ដៅ​» ពួកគាត់​ផលិត​បាន​យ៉ាង​ល្អ​។​

​លោក តារា បាន​និយាយថា​៖ «​វា​តែងតែ​ជា​ឱកាស​ដ៏​ប្រសើរ ដែល​យើង​អាច​បញ្ចេញ​សក្ដានុពល​របស់​យើង​ទៅលើ​ការងារ​នេះ​។ យើង​កាន់​តែមាន​បទពិសោធ និង​ក្ដី​សុបិន​ធំ​ជាង​នេះ សម្រាប់​ការងារ​រួម​លើក​ក្រោយៗ​រវាង​ការសម្ដែង​សិល្បៈ​ពី​សូន​រូប ទៅជា​ឌីជីថល​»​។​

​ស្ទូ​ឌី​យោ PCS បាន​ផលិត​វីដេអូ និង​គំនូរជីវចល​ជាច្រើន​ប្រភេទ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន និង​សង្គម​នៅ​កម្ពុជា​។

​ពួកគេ​បាន​ផ្តោតទៅលើ​ការថែទាំ​សុខភាព​សម្រាប់​អង្គការ ដែល​ពន្យល់​ពី​បញ្ហា​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺរបេង​ដល់​សហគមន៍ និង​វិធី​ការពារ​ជំងឺ​បង្ហាញ​របៀប​ដោះស្រាយ​បញ្ហា​ក​សិ​​កម្ម ប្រកបដោយ​និរន្តរភាព ការការពារ​កុមារ ការធ្វើផែនការ​គ្រួសារ អាហា​​រូប​ត្ថ​ម្ភ ទឹក និង​អនាម័យ និង​រឿងប្រឌិត​។

​ជាមួយគ្នានេះ ស្ទូ​ឌី​យោ PCS នឹងចូលរួម​ក្នុង​កិច្ចពិភាក្សា​ជា​ក្រុម​នៅ​ថ្ងៃអាទិត្យ ទី​ ២០ ខែមីនា នៅ​វិទ្យាស្ថាន​បារាំង​សម្រាប់​ការសហការ​ផលិត​រឿង «​ស្នាមញញឹម​ខ្មែរ​» ជា​ភាពយន្ត​គំនូរជីវចល​និយាយ​អំពី​រឿងរ៉ាវ​របស់​កូនចិញ្ចឹម​ម្នាក់​ដែលមាន​ការចងចាំ​លាយឡំ​ជាមួយនឹង​ការស្រមើស្រមៃ​ក្នុងការ​ធ្វើដំណើរ​មកកាន់​កម្ពុជា​របស់​ផលិតករ Fabrice Beau​។

​កម្មវិធី​នោះ​នឹង​និយាយ​អំពី​ប្រភពដើម​នៃ​ខ្សែភាពយន្ត ការចែក​ចាយ​ជា​លក្ខណៈ​អន្តរជាតិ​នាពេល​អនាគត និងបង្ហាញ​រូបភាព​ផ្តាច់មុខ​ដំបូងបង្អស់​។ លើសពីនេះ ការតាំងពិព័រណ៍​ «Cases Départ» នៅក្នុង​វិទ្យាស្ថាន​នឹង​ផ្តល់​កន្លែង​មួយ​សម្រាប់ «​ការងារ​ដែល​កំពុងតែ​ដំណើរការ​» នៃ​ខ្សែ​ភាព​​យន្ត​នេះ សម្រាប់​ឱ្យ​មនុស្ស​គ្រប់គ្នា​អាចមក​ទស្សនា​រហូតដល់​ថ្ងៃទី​ ២១ ខែឧសភា​។​

​លោក តារា បាន​បន្ដថា​៖ «​នេះ​ជា​គម្រោង​ភាពយន្ត​ខ្នាត​វែង​លើកដំបូង​របស់​យើង​ក្នុង​ចលនា​ជា​ប្រភេទ 2D បែប​ប្រពៃណី ដែលមាន​គំនូរ​មិនតិចជាង ២៤​ រូប​ក្នុង ១ ​វិនាទី​នៃ​ភាពយន្ត​។ ខាង​ស្ទូ​ឌី​យោ គូរ​គ្រប់​ចលនា ចាប់តាំងពី​គំនូរព្រាង​រហូតដល់​ការ​ផាត់​ពណ៌​។ វា​គឺជា​ជំហាន​ជាច្រើន​ដើម្បី​សម្រេច​បានតែ ១​ វគ្គ និង​ការព្យាយាម​រយៈ​ពេល​វែង​ ដើម្បី​បញ្ចប់​ភាពយន្ដ​ដែល​ពិបាក​នឹង​ស្រមៃ​»​។

​គំនូរព្រាង​អំពីទិដ្ឋភាព​ក្នុង​ខេត្ដ​បាត់ដំបងមុនពេលរំលេចជាគំនូរជីវចល​។ រូបថត សហ​ការី

​នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​ហ្វារ បាន​លើកឡើងថា​៖ «​វា​ត្រូវបាន​ចាត់ទុកជា​ការផលិត​រួមគ្នា​ជា​ប្រវត្តិ​សាស្ត្រ​លើកដំបូង​នៃ​ខ្នាត​នេះ ក្នុងប្រទេស​កម្ពុជា ​សម្រាប់​គំនូរជីវចល​។ បន្ទាប់ពី​បាន​ចាក់​បញ្ចាំង យើង​សង្ឃឹមថា វា​អាច​បង្ហាញ​សមត្ថភាព និង​គំនិត​ច្នៃប្រឌិត​របស់​ក្រុម​គំនូរជីវចល​ខ្មែរ​យើង​ដើម្បី​ឈានដល់​កម្រិត​ស្ដង់​​ដា​ខ្សែភាពយន្ត​អន្តរជាតិ​»​។​

​យ៉ាងណាមិញ អំឡុងពេល​វិបត្ដិ​កូ​វីដ ហ្វារ បាន​ប្រឹង​អស់ពី​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​ចំណាយ​ផ្សេងៗ តែ​វា​មិន​គ្រប់គ្រាន់​។

​លោក តារា បានបញ្ជាក់​ទៀតថា​៖ «​សហគ្រាស​សង្គម​ហ្វារ បាន​ដើរតួនាទី​រ៉ាប់រង​ការខ្ចីប្រាក់​ពី​ធនាគារ​ដើម្បី​ផ្គត់ផ្គង់​លើ​ស្ទូ​ឌី​យោ និង​ល្ខោន​សៀក​កម្ពុជា​ហ្វារ​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ​»​។

​នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​ហ្វារ រូបនេះ បាន​បន្ថែមថា​៖ «​យើង​សង្ឃឹមថា ក្ដីសង្ឃឹម​ថ្ងៃ​អនាគត​នឹង​មកដល់​សម្រាប់​សិល្បករ​ទាំងអស់ ព្រោះ​យើង​បាន​រស់រាន​ពី​ជំងឺ​រាតត្បាត​នេះ ដោយ​រឹងមាំ និង​មាន​បទពិសោធ​ច្រើនជាង​មុន​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​ទស្សនា​ស្នាដៃ​កន្លងមក សូម​ចូលទៅ​កាន់​ទំព័រ Facebook របស់​ស្ទូ​ឌី​យោ​គំនិត​ច្នៃប្រឌិត​កម្ពុជា​ហ្វារ​តាមរយៈ PhareCreativeStudio៕