ក្រុង​វ​រី​ន​ដា​វ៉ាន: ហូ​លី (Holi) ពិធីបុណ្យ​ចម្រុះ​ពណ៌​នៅ​ឥណ្ឌា ត្រូវ​​បាន​ប្រារព្ធ​ឡើង​កាលពី​ចុង​សប្ដាហ៍ ដោយ​មិនមាន​ការទប់ស្កាត់​ការឆ្លង​មេរោគ​ឆ្លង​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ ដោយ​សូម្បីតែ​ទីក្រុង​វ​រី​ន​ដា​វ៉ាន ដែល​ជាប់​ងារ​ជា​ទឹកដី​នៃ​ភាព​សោកសៅ ឬ​ទីក្រុង​ស្ត្រី​មេម៉ាយ ក៏​ចូលរួម​រីករាយ​ទិវា​នេះដែរ​។​

​ពិធីបុណ្យ​និ​ទាឃ​រដូវ​ដ៏​ស្រស​ឆើត​នេះ មាន​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំងប្រទេស​ឥណ្ឌា​បាច​ម្សៅ​ពណ៌​ដាក់គ្នា ទៅវិញទៅមក​ដើម្បី​អបអរ​ថ្ងៃ​បញ្ចប់​នៃ​រដូវរងា និង​ជ័យជម្នះ​នៃ​អំពើ​ល្អ​លើ​អំពើអាក្រក់​។​

​ចំនួន​អ្នក​ចូលរួមបាន​ឡើងដល់​កំពូល​នៅ​ថ្ងៃ​សុក្រ ដោយ​តាម​វិថី​នានា​មាន​មនុស្ស​យ៉ាង​កកកុញ​។ ប៉ុន្តែ​ពិធីជប់លៀង​បានចាប់ផ្តើម​តាំងពី​ដើមទី​នៅ​ក្រុង​វ​រី​ន​ដា​វ៉ាន ជា​កន្លែង​ដែល​ស្ត្រី​ចំណាស់​បាន​រាំរែក​យ៉ាង​ក្អាកក្អាយ​ជាមួយនឹង​ផ្កា​សា​ហ្វ​រ៉ុ​ន​។​

​អ្នកស្រី ហ្សា​គុន​ថា​ឡា ដាវី អាយុ ៧២​ ឆ្នាំ​បាន​ប្រាប់ AFP ថា​៖ «​ដោយ​​សារ​តែ​ការបិទ​ខ្ទប់​មេរោគ​ឆ្លង​ក្នុង​រយៈពេល​ ២​ ឆ្នាំ​ចុង​ក្រោយនេះ យើង​មិនអាច​ប្រារព្ធ​ពិធីបុណ្យ​ហូ​លី​បាន​»​។​

​អ្នកស្រី​បាន​បន្ថែមថា​៖ «​ឥឡូវនេះ​លែងមាន​ការបិទ​ខ្ទប់ អស់​មាន​មេរោគ​ឆ្លង​ហើយ​។ យើង​សប្បាយចិត្ត​ណាស់ គ្មានអ្វី​នឹង​ថ្លែង​ទេ​»​។​

​វ​រី​ន​ដា​វ៉ាន គឺជា​ទីក្រុង​សក្ការបូជា​ដ៏​វិសុទ្ធ ផ្សារភ្ជាប់​ទំនៀមទម្លាប់​សាសនា​ជាមួយ​ព្រះ​ក្រឹ​ស្ណ​ហិណ្ឌូ​។​

​ប៉ុន្តែ​ទីក្រុង​នេះ​ ក៏​ជា​ជម្រក​នៃ​ស្ត្រី​មេម៉ាយ​ប្រមាណ​ជា ២ ​ពាន់​នាក់ ដែល​ត្រូវបាន​ក្រុមគ្រួសារ​បណ្ដេញ​ចេញពីផ្ទះ​បន្ទាប់ពី​ការស្លាប់​នៃ​ស្វាមី​របស់​ពួកគេ​។​

​វត្តមាន​ស្ត្រី​មេម៉ាយ​ក្នុង​ពិធីបុណ្យ​ហូ​លី ដ៏​ចម្រុះ​ពណ៌​នេះ​ដើមឡើយ​ត្រូវបាន​ហាមឃាត់​តាម​ប្រពៃណី​។​

​ស្ត្រី​មេម៉ាយ​ប្ដី​ស្លាប់​ទើបតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រារព្ធ​ពិធីបុណ្យ​នៅ​ ១ ​ទសវត្សរ៍​នេះ​ប៉ុណ្ណោះ​៕ AFP/HR