​ភ្នំពេញ: សៀវភៅ ២៣៩​ ទំព័រ​បណ្ដុំ​គំនូរ ១០០ ​រូប និង​ប្រវត្តិ​ម្ចាស់​ស្នាដៃ​លោក វ៉ាន់ ណាត ដែលជា​វិចិត្រករ​ល្បីឈ្មោះ ​១ ​រូប និង​ជា​អ្នក​រួច​ជីវិត​ក្នុងចំណោម​ជនរងគ្រោះ​ដទៃទៀត​នៅ​មន្ទីរ​ស​-២១ ត្រូវ​បានដាក់​សម្ពោធ​ជា​សាធារណៈ កាលពី​ថ្ងៃទី ​១៤ ខែមីនា នៅ​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​។​

​លើសពី​សៀវភៅ ឬ​ឯកសារ​និយាយ​ពីរ​បប​ប្រល័យពូជសាសន៍ រូបគំនូរ​ពី​វិចិត្រករ​ជើងចាស់ មិន​ត្រឹមតែ​នាំមក​នូវ​ការចងចាំ​ដ៏​រស់​រវើក​នោះទេ ស្នាដៃ​ទាំងនេះ​ក៏​ផ្លាស់ប្ដូរ​ការគិត និង​ការ​​ទទួលយក​អត្តសញ្ញាណ​របស់លោក ហ្ស​ង់​សៀន គីន ជា​អ្នក​កែសម្រួល​សៀវភៅ «​វ៉ាន់ ណាត​» ផងដែរ​។​

​ជា​ជនភៀសខ្លួន​ទៅ​ប្រទេស​បារាំង​ តាំងពីក្មេង​រហូតដល់​ធំ​ពេញវ័យ លោក ហ្ស​ង់​សៀន តែង​ប្រឈម​ការ​​ចម្រូងចម្រាស​នៃ​អត្តសញ្ញាណ​របស់លោក​ជា​ជនជាតិ​បារាំង​សុទ្ធ​។ ក្នុងការ​​ចងចាំ​ពី​កុមារភាព លោក​តែង​ខ្មាស​គេ ដែល​ឪពុកម្ដាយ​ជា​ជនភៀសខ្លួន​រមែង​ត្រូវការ​ជំនួយ​ពី​អ្នកជិតខាង​ពីព្រោះ​ពួកគាត់​មិនចេះ​អាន​ភាសា​បារាំង​។​

​លោក ហ្ស​ង់​សៀន ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ពេល​ខ្ញុំ​សួរ​ឪពុកម្ដាយ​ខ្ញុំ​ពី​អតីតកាល គាត់​តែងតែ​ពិបាក​ក្នុងការ​​និយាយ​។ ខ្ញុំ​ក៏​សម្រេចចិត្ត​ស្រាវជ្រាវ​មើល​ដោយ​ខ្លួនឯង​តាម​អ៊ី​ន​ធឺ​ណិ​ត និង​បាន​ប្រទះឃើញ​ស្នាដៃ​របស់លោក វ៉ាន់ ណាត គឺ​រូបគំនូរ បុរស​ជា​ទាហាន​ខ្មែរក្រហម ២ នាក់ កំពុងលែង​អ្នកទោស​ម្នាក់ ដោយ​ចងដៃ ចងជើង ដូចជា​សត្វ​ធាតុ​»​។

លោក ហ្សង់សៀន អ្នកកែសម្រួល​សៀវភៅ វ៉ាន់ ណាត។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​លោក​បាន​បន្តថា​៖ «​រូបនេះ​ពិតជា​ប៉ះពាល់​ចិត្ត​ខ្ញុំ​មែនទែន​។ ដូច្នេះ ពេល​ខ្ញុំ​បានដឹង​ពី​ប្រវត្តិ​ឈឺចាប់​របស់​ឪពុក​​ម្ដាយ​ខ្ញុំ វា​បាន​ផ្លាស់ប្ដូរ​ការគិត ការ​​វិនិច្ឆ័យ និង​ការប្រើ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ចាប់ផ្ដើម​ទទួលយក​អត្តសញ្ញាណ​របស់ខ្លួន និង​មាន​មោទនភាព ដែល​ខ្ញុំ​បានទទួល​ការចិញ្ចឹម​មើលថែ​ពី​លោក​ទាំង​ ២​ មកទល់ពេលនេះ​»​។​

​ជា​សាក្សី​ផ្ទាល់ និង​ជា​វិចិត្រករ​ផង របៀប​ដែល​លោក វ៉ាន់ ណាត បក​​ស្រាយ​រឿងរ៉ាវ​របប​អាវខ្មៅ​ក្នុង​រូបគំនូរ​ហាក់​មាន​ភាព​ពិសេស និង​ដូចជា​គ្មាន​កំហឹង​។ ស្នាដៃ​គំនូរ​របស់លោក​បានបង្ហាញ​ទាំង បទពិសោធ​ផ្ទាល់ខ្លួន ទុក្ខលំបាក ការឈឺចាប់ ភាព​ស្មោះ​​ត្រង់ និង​អាចឱ្យ​មនុស្ស​គ្រប់គ្នា​ទទួល​ដឹង​អារម្មណ៍​នេះ​បាន​។

​លោក ហ្ស​ង់​សៀន ថា អ្នក​ដែល​ពិតជា​ទទួល​ដឹង​ពី​ការឈឺចាប់ ដែល​ស៊ូទ្រាំ​ពី​សង្គ្រាម​ដោយ​ជនរងគ្រោះ ប្រាកដជា​ចង់បាន​សន្តិភាព និង​ព្យាយាម​ធ្វើ​គ្រប់​វិធី ដើម្បី​កុំឱ្យ​វា​កើត​​ឡើង​ម្ដងទៀត​។ នេះ​គឺជា​គោល​​បំណង ដែល​សៀវភៅ «​វ៉ាន់ ណាត​» ត្រូវបាន​បង្កើតឡើង​។

​យុវជន​ខ្មែរ​-​បារាំង​រូបនេះ​បាន​ជួប លោក វ៉ាន់ ណាត ក្នុង​ឆ្នាំ ​២០០៦ នៅ​ប្រទេស​បារាំង និង​ក្រោយមក ឆ្នាំ ​២០០៨ នៅពេលដែល​លោកបានមក​ប្រទេស​កម្ពុជា​ជា​លើក​ទី​១​។

​លោក​រំឭកថា​៖ «​ក្នុង​ឆ្នាំ ​២០០៩ លោក​អ៊ំ វ៉ាន់​ណាត បាន​ប្រាប់ថា មានបំណង​បោះពុម្ព​សៀវភៅ​ជា​អាល់​ប៊ុ​ម​ស្នាដៃ​របស់លោក ហើយ​ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​ជួយ​ព្រោះ​ខ្ញុំ​ជា​អ្នក​រចនា​ក្រាហ្វិក​ស្រាប់ ប៉ុន្តែ​ជា​អកុសល​គាត់​បាន​ស្លាប់​មុន​ក្នុង​ឆ្នាំ ​២០១១»​។​

​ទោះជា​យ៉ាងណា លោក ហ្ស​ង់​សៀន មិន​បោះបង់​កិច្ចការ​នេះ​ទេ​។ លោក និង​មិត្តភក្តិ​បាននាំគ្នា​ចំណាយពេល​ប្រមូលផ្ដុំ​ស្នាដៃ​លោក វ៉ាន់ ណាត ពី​ម្ចាស់​រូប​នៅ​បណ្ដា​ប្រទេស​ជាច្រើន ដោយមាន​អ្នកចូលរួម​កិច្ចការ​នេះ ១២ ​នាក់ និង​ប្រើពេល ​១២ ​ឆ្នាំកន្លះ​។

ភ្ញៀវ​ទស្សនា​គំនូរ​នៅថ្ងៃ​សម្ពោធ​សៀវភៅ វ៉ាន់ ណាត។ រូបថត STP Cambodia (Nitossaa Studio) 2022

​សៀវភៅ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស នេះ​មាន​គោលបំណង​ឆ្លុះបញ្ចាំង​ពី​គន្លង​សិល្បៈ​ដ៏​ទូលំទូលាយ​របស់ វ៉ាន់ ណាត​។ អ្វីដែល​គួរឱ្យកត់សម្គាល់ នៃ​ការងារ​លោក​គឺ​ការតស៊ូ​ដើម្បី​ការចងចាំ​របស់​ជនរ​ង​គ្រោះ​ក្នុង​របប​ខ្មែរក្រហម ដើម្បីឱ្យ​សំឡេង​ពួកគាត់​បានឮ និង​មានន័យ​លើសពី​ការបាត់​បង់ជីវិត​។

​ប្រធាន​កម្មវិធី​វិចិត្រសាល សិល្បៈ​ត្រជាក់​ភ្នែក (STP) ​លោក យាន រស្មី បាន​រៀន និង​ស្គាល់​លោក វ៉ាន់ ណាត ក្នុង​ឆ្នាំ ​២០១១ ពេល​លោក​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ មុននឹង​វិចិត្រករ​រូបនេះ​ចែក​ឋាន​យ៉ាង​សោកសៅ​។​

​លោក​រៀបរាប់ថា​៖ «​ពេល​ខ្ញុំ​បាន​ជួប​គាត់ រូបភាព ​គឺ​ផ្លាស់ប្ដូរ​ដោយសារ​ខ្ញុំ​ឃើញ​ការងារ​គាត់ ២​។ ១ គឺ ឌុ​ច​អង្គុយ​ជុំវិញ​ក្បាល​ខ្មោច ហើយ​មាន ១ តាំងនៅ​ក្នុង​វិចិត្រសាល ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ក្រុមគ្រួសារ​លោក​អ៊ំ វ៉ាន់ ណាត អនុញ្ញាតឱ្យ​យើង​បង្ហាញ​ស្នាដៃ​គាត់ ដែលជា​ការងារ​គាត់​ព្យាយាម​និយាយ​ទាក់ទង​អំពី​ការចងចាំ ប្រវត្តិ​​សាស្ត្រ​របស់​សិល្បៈ​។ គាត់​ជា​បុគ្គល ​១ ​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ក៏ដូចជា​ប្រវត្តិសាស្ត្រ​សិល្បៈ​»​។

​ក្នុង​ពិធី​សម្ពោធ​សៀវភៅ លោក វ៉ាន់ ចាន់ណា​រ៉ុង កូនប្រុស​ពៅ​របស់​វិចិត្រករ វ៉ាន់ ណាត ឱ្យដឹងថា លោក​សប្បាយ​​ចិត្ត ពេល​បានឃើញ​កម្រង​ស្នាដៃ​ជាច្រើន​ឆ្នាំ​ពី​លោកឪពុក​ត្រូវបាន​បោះពុម្ព​បង្ហាញ​ក្មេងជំនាន់ក្រោយ​។​

​លោក ចាន់ណា​រ៉ុង អ្នក​រចនា​ក្រាហ្វិក និង​ជា​អ្នក​ថតរូប​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​ថា​៖ «​ខ្ញុំ​ក៏​ចង់​អរគុណ​ដល់​គ្រប់គ្នា ដែល​ធ្វើឱ្យ​សៀវភៅ​នេះ​កើតឡើង ហើយក៏​ពិតជា​រីករាយ​ដែល​គ្រប់គ្នា​គាំទ្រ និង​នៅតែ​បន្ត​កោត​​សរសើរ​ស្នាដៃ​ឪពុក​របស់ខ្ញុំ​»​។​

លោក ចាន់ណារ៉ុង កូនប្រុសរបស់លោក វ៉ាន់ ណាត។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​សៀវភៅ​មាន​លក់​នៅ​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក Vann Nath Art Gallery វិចិត្រសាល​នៃ​គម្រោង​សិល្បៈ ស​.​ស និង ពិចិត្រ ជា​ហាង​រចនា និង​វិចិត្រសាល​នៃ​គំនិត​ច្នៃប្រឌិត​។​

​លោក ហ្ស​ង់​សៀន បន្ថែមថា​៖ «​យើង​ជឿថា យ៉ាងហោច​ក៏​នៅមាន​ ១០០ ​ស្នាដៃ​ទៀត ដែល​យើង​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​ម្ចាស់​គំនូរ​នៅឡើយ ដូច្នេះ​យើង​សង្ឃឹមថា សៀវភៅ​នេះ​នឹង​រកឃើញ​ផ្លូវ​ចូលទៅក្នុង​ដៃ​របស់​ម្ចាស់​គំនូរ ដែល​យើង​មិនទាន់​ស្គាល់​។ សង្ឃឹមថា យើង​នឹង​អាច​ចេញ​ការបោះពុម្ព​លើក​ទី​២ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ជាមួយ​ស្នាដៃ​សិល្បៈ​របស់លោក​អ៊ំ វ៉ាន់ ណាត បន្ថែម​»​។​

​ព័ត៌មាន​បន្ថែម​ពី​សៀវភៅ «​វ៉ាន់ ណាត​» សូម​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក STPCambodia៕

វីដេអូ៖