​ក្រុង​សូ​ហ្វី​យ៉ា: ពី​ឡុ​ត​ជំទង់​ម្នាក់​បាន​វិល​កង់​ត្រដាងស្លាប​ចេញដំណើរ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លងទៅ ជា​​មួយ​នឹង​ការតាំងចិត្ដ​បង្កើត​សមិទ្ធផល​ល្អប្រសើរ​ជាង​បងស្រី ដែល​បាន​ជាប់​កំណត់ត្រា​ជា​អ្នក​ពនេចរ​ហោះហើរ​ដ៏​អង់អាច​ជុំវិញ​ពិភពលោក​តែម្នាក់ឯង​ក្នុង​វ័យ​ដ៏​ក្មេងខ្ចី​បំផុត​។

​បងស្រី​របស់​អ្នកបើក​យន្តហោះ ប្រុស​វ័យ​ជំទង់​ឈ្មោះ ម៉េ​ក រ៉ាត់​ធើ​ហ្វ​ដ គឺ​កញ្ញា ហ្សា​រ៉ា អាយុ ១៩ ​ឆ្នាំ ទើបតែបាន​ក្លាយជា​នារី​ក្មេង​បំផុត​ដែល​បញ្ចប់​បេសកកម្ម​ហោះហើរ​ជុំវិញ​ពិភពលោក​តែម្នាក់ឯង​កាលពី​ខែមករា ឆ្នាំ​ ២០២២​។

​នាង​បាន​ឡើង​ជិះ​យន្ដ​តូច​បរ​លើ​អាកាស​ដោយ​បញ្ចប់​បេសកកម្ម​ឆ្លងកាត់​ប្រមាណ ៥២ ​ប្រទេស និង ៥ ​ទ្វីប​ជុំវិញ​ពិភពលោក​។​

​យុវតី​កូនកាត់​អង់គ្លេស​-​បែលហ្ស៊ិក វ័យ ១៩ ​ឆ្នាំ មាន​ក្ដី​សុបិន​ថ្ងៃ​ណាមួយ​ក្លាយជា​អវកាសយានិក តែ​ពេលនេះ​គោលបំណង​ចម្បង​របស់​នាង​ចង់​ក្លាយជា​នារី​ផ្សងព្រេង​លើ​វេហាស៍​តែម្នាក់ឯង​ដ៏​ក្មេង​បំផុត​។​

​ដំណើរ​រយៈពេល ៣ ​ខែ របស់​យុវតី​រូបនេះ នឹង​ផ្សងព្រេង​នៅលើ​មហា​​សមុទ្រ វាល​ខ្សាច់ និង​វាល​ទឹកកក​ស៊ី​បេ​រី​។ ពេលនេះ​កញ្ញា​ស្ថិតក្នុង​ទីក្រុង រ៉ា​ដូ​មៀ ប្រទេស​ប៊ុលហ្គារី ដើម្បី​ជូន​ដំណើរ​ប្អូនប្រុស​អាយុ ១៦ ​ឆ្នាំ ដែល​ចាប់ផ្ដើម​ហោះហើរ​ជាមួយ​តុក្កតា​ខ្លាឃ្មុំ​ធេ​ដ​ឌី​របស់ខ្លួន​។

​ក្រុមគ្រួសារ​កូនកាត់​អង់គ្លេស​-​ប៊ុលហ្គារី​ ដ៏​លេចធ្លោ​មួយ​នេះ​ បាន​បង្កើត​ប្រ​វ​ត្ដិ​សាស្ដ្រ​ជា​អ្នក​ហោះហើរ ៤ ​ជំនាន់ ហើយពី​ឡុ​ត​ក្មេង ម៉េ​ក បាន​ភ្លក់​រសជាតិ​ការបើកបរ​យន្ដហោះ​តាំងពី​ខ្លួន​អាយុ

៧ ​ឆ្នាំ​ម្ល៉េះ​។

អ្នកចូលរួមអបអរ​សាទរ​ជូនដំណើរពីឡុត​វ័យ​ក្មេង​បំផុត​ ម៉េក រ៉ាត់ធើហ្វដ។ រូបថត AFP

​ក្នុង​ដៃ​ឱប​តុក្កតា​ខ្លាឃ្មុំ ម៉េ​ក បាន​ប្រាប់​អ្នកសារព័ត៌មាន​មុនពេល​ចេញដំណើរ​ថា​៖ «​មិនចាំបាច់​តែ​គ្រប់​អាយុ ១៨ ​ឆ្នាំ​នោះទេ ក្នុងការ​ស​ម្រ​ច​អ្វីមួយ​ពិសេស​សម្រាប់​ខ្លួនឯង​»​។

​ខណៈ​យុវជន ហ្សា​រ៉ា ចំណាយពេល ៥​ ខែ​ ហោះហើរ​ជុំវិញ​ពិភពលោក​ព្រោះតែ​អាកាសធាតុ​មិន​អំណោយផល ពី​ឡុ​ត​ប្អូន ម៉េ​ក មានបំណង​ប្រើពេល​ពី​ ២ ទៅ​ ៣​ ខែ ហើយ​គ្រោង​ត្រឡប់មកវិញ​ឱ្យទាន់ពេល​ចូលរៀន​ដើម្បី​ប្រឡង​យក​និទ្ទេស A​។

​យុវជន ម៉េ​ក រ៉ាត់​ធើ​ហ្វ​ដ រំពឹងថា​ នឹង​បំបែក​កំណត់ត្រា ដែល​គ្រង​ដោយ​យុវជន​ចក្រភព​អង់គ្លេសអាយុ ១៨ ​ឆ្នាំ ត្រា​វី​ស លូដ​ឡូ ដែល​បានបញ្ចប់​បេសកកម្ម​ហោះហើរ​តែឯង​ជុំវិញ​ពិភពលោក​កាលពី​ឆ្នាំមុន​។

​ជំនួស​ឱ្យ​ការហោះហើរ​លើ​ប្រទេស​រុស្ស៊ី និង​អាស៊ី​កណ្ដាល យុវជន​រូបនេះ​នឹងធ្វើ​ដំណើរ​តាម​គោល​ចរ​ភាគខាងត្បូង ទៅកាន់​ភាគ​ខាងកើត​តាមរយៈ​ប្រទេស​ប៉ា​គី​ស្ថាន ឥណ្ឌា ចិន កូរ៉េខាងត្បូង ជប៉ុន និង​បន្ទាប់មក ឆ្ពោះទៅ​ត្រង់​សហរដ្ឋអាមេរិក​។

​ពី​ឡុ​ត ម៉េ​ក បាន​និយាយថា ឧ​ប​​សគ្គ​ធំ​បំផុត​ គឺ​ដំណើរ​ដ៏​វែងឆ្ងាយ​ឆ្លងកាត់​មហាសមុទ្រ​។ ប៉ុន្ដែ​ក្មេង​ជំទង់​រូបនេះ​បាន​និយាយថា រូបគេ​មាន​ក្ដីរំភើប​រីករាយ​បំផុត​ក្នុងការ​ហោះហើរ​លើ​សមុទ្រ​ខ្សាច់​សាហា​រ៉ា និង​ប្រជុំ​កោះ​ឋានសួគ៌​នានា​។

​ពី​ឡុ​ត​វ័យ ​១៦ ​ឆ្នាំ​រូបនេះ សង្ឃឹមថា​៖ «​នឹង​ទាក់ទាញ​ចិ​ត្ដមនុស្ស​ច្រើន​ទៀត ដោយ​អាច​សម្រេច​ចិ​ត្ដ​ក្ដី​សុបិន​របស់ខ្លួន​»៕ AFP/HR