ក្រុង​វ៉ាស៊ីនតោន: អ្នក​វិទ្យា​សាស្ដ្រ ​១ ​ក្រុម ​បាន​ឱ្យដឹងពី​សប្ដាហ៍​មុន​ថា ពួកគេ​បាន​អភិ​​វ​ឌ្ឍ​ថ្នាំ​ពន្យារកំណើត​សម្រាប់​បុរស ដែលមាន​ប្រសិទ្ធភាព​រហូតដល់ ​៩៩ ​ភាគរយ ចំពោះ​សត្វ​កណ្ដុរ និង​មិន​បង្កបញ្ហា​ប៉ះពាល់ ហើយ​គ្រោង​នឹង​បន្ដ​យក​ឱសថ​នេះ​មកប្រើប្រាស់​លើ​មនុស្ស​នៅ​ដំណាច់​ឆ្នាំនេះ​។

​លទ្ធផល​ការសិក្សា​នឹងត្រូវ​​បានបង្ហាញ​នៅ​ជំនួប​និ​ទាឃ​រដូវ​របស់​អង្គការ​សង្គម​គីមីវិទ្យា​អាមេរិក និង​កំណត់​ជា​ជំហាន​គន្លឹះ​ក្នុងការ​ពង្រីក​វិសាលភាព​ជម្រើស​នៃ​ការពន្យារ​កំណើត ក៏ដូចជា​ការទទួលខុសត្រូវ​ពី​បុរស​។

​តាំងពី​ថ្នាំ​គ្រាប់​ពន្យារកំណើត​សម្រាប់​ស្ដ្រី​ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ជា​លើកដំបូង​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០ ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្យាយាម​រិះរក​ថ្នាំ​គ្រាប់​សម្រាប់​បុរស​វិញ​ម្ដង​។ នេះ​បើ​យោងតាម​វេជ្ជបណ្ឌិត​ឱសថ​សាស្ដ្រ អាប់​ឌុល​ឡា អាល់ ណូ​មេន ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកល​​វិទ្យាល័យ មីន​ណេ​ស៊ូ​តា ដែល​នឹងធ្វើ​បទ​បង្ហាញ​ការងារ​នេះ​។

​លោក​បាន​និយាយថា​៖ «​ការ​​សិក្សា​ជាច្រើន​បាន​បង្ហាញថា បុរស​ចាប់អារម្មណ៍​ចង់​ចែក​​រំលែក​ការទទួលខុសត្រូវ​ចំពោះ​ការពន្យារ​កំណើត​ជាមួយ​ដៃគូ​។​

​តែ​រហូតទល់​ពេលនេះ មានតែ​ជម្រើស​ ២​ ប៉ុណ្ណោះ​នោះ​គឺ ស្រោមអនាម័យ និង​ការចង​មេជី​វិត​»​។

​ដើម្បី​អភិវឌ្ឍ​ឱសថ​ដោយ​មិន​ប្រើ​អ័រម៉ូន លោក ណូ​មេន ដែល​ធ្វើការ​ក្នុង​មន្ទីរពិសោធន៍​អ្នកស្រី​សាស្ដ្រាចារ្យ Gunda Georg ផ្ដោតលើ​ប្រូ​តេ​អ៊ី​ន ហៅថា «retinoic acid receptor (RAR) alpha»​។

​សារធាតុ​គីមី​នោះ ត្រូវបាន​ស្គាល់​ជា YCT529 ដែល​កាត់​បន្ថយ​ចំនួន​មេជី​វិត​បុរស និង​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​​បង្ក​កំណើត​ ៩៩​ ភាគរយ​ក្នុងដំណាក់កាល​បង្កាត់​ពូជ​។

ថ្នាំ​ពន្យារកំណើតបុរស​មានប្រសិទ្ធភាព​ខ្ពស់​​​លើសត្វ​​​កណ្ដុរ។ រូបថត AFP

​ក្រុម​អ្នកស្រាវជ្រាវ​បាន​តាម​​ដាន​លើ​ទម្ងន់ របប​អាហារ និង​សកម្មភាព​ទូទៅ ដោយ​មិនបាន​រកឃើញ​ផលប៉ះពាល់​អវិជ្ជមាន​អ្វី​ឡើយ បើទោះបីជា​សត្វ​កណ្ដុរ​ពិសោធន៍​មិនអាច​រាយការណ៍​ពី​បញ្ហា​គួបផ្សំ ដូចជា ឈឺក្បាល ឬ​អារម្មណ៍​មួម៉ៅ​ជាដើម​។

​ក្រោយ​រយៈពេល​ពី​ ៤ ទៅ ៦ ​សប្ដាហ៍ ពួកវា​ឈប់​ផឹក​ឱសថ​ពន្យារកំណើត កណ្ដុរ​ដែល​ប្រើ​ថ្នាំ​រួច នឹង​អាចបង្កើត​ឥទ្ធិពល​មេជី​វិត ហើយ​មាន​សមត្ថភាព​អាច​បង្ក​កំណើត​មានកូន​សា​ជា​​ថ្មី​ឡើងវិញ​។

​ក្រុមការងារដែល​ទទួលបាន​មូលនិធិ​ពី​វិទ្យាស្ថាន​ជាតិ​សុខ​​ភាព និង Male Contraceptive Initiative នេះ​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឈ្មោះ «YourChoice Therapeutics» ក្នុងការ​ពិសោធ​ទៅលើ​មនុស្ស​​នៅ​ត្រីមាស​ទី​៣ ឬ​ទី​៤ នៃ​ឆ្នាំ ​២០២២​។

​ជាមួយ​គម្រោង​ឱសថ​ដែល​ទំនង​ដាក់លក់​នៅ​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ ឬ​ឆាប់​ជាង​នេះ អ្នកស្រី​បាន​បន្ដថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា វា​នឹង​ឆាប់​កើតចេញ​ជា​សមិទ្ធផល​»​។

​សំណួរ​ចម្រូងចម្រាស​អំពី​អនាគត​គឺថា តើ​បុរស​ព្រម​ប្រើ​ថ្នាំ​ពន្យារកំណើត​របស់ខ្លួន​ដែរ​ទេ និង​តើ​នារីៗ​ទុក​ចិ​ត្ដ​បុរស​ដែរ ​ឬ​យ៉ាងណា​៕ AFP/HR