​ក្រុង​សៀង​ហៃ: ពេល​ពលរដ្ឋ​ក្រុង​សៀង​ហៃ ជាច្រើន​សម្ងំ​នៅក្នុង​ផ្ទះ​ដោយសារ​រោគរាតត្បាត​កូ​វីដ ១៩ ទិដ្ឋភាព​ស៊ាំ​ភ្នែក​ជាងគេ​នៅតាម​ដង​​ផ្លូវ គឺ​ក្រុម​ម៉ូតូ​ដឹក​ចំណីអាហារ​។

​នៅពេល​ទីក្រុង​ដែលមាន​ប្រជាជន ២៥​ លាន​នាក់ ​កំពុង​ត្រៀមខ្លួន​ទទួលយក​នូវ​ស្ថានភាព​លំបាក ក្រុមហ៊ុន Dingdong Maicai បាន​បង្កើន​ការ​​ជួល​បុគ្គលិក ៣០០ ​នាក់​បន្ថែម​នៅ​ទូទាំង​ទីក្រុង​នាពេល​ថ្មីៗ​នេះ ដោយ​អ្នកខ្លះ​ជា​បុគ្គលិក​ដើរ​ទាត់​ខ្យល់​ដោយ​​សារ​ភោជនីយដ្ឋាន​ត្រូវ​បិទទ្វារ​។

​ទ័ព​ម៉ូតូ​ដឹកជញ្ជូន​របស់​ចិន​ត្រូវបាន​ចាត់ទុកជា​ក្រុម​វរជន​ជាតិ​កាលពី ២ ​ឆ្នាំមុន នៅពេល​ពួកគេ​បាន​ជួយ​បំពេញ​ភាព​ស្រេកឃ្លាន​មនុស្ស​រាប់លាន​នាក់​ដោយសារ​ការបិទ​ខ្ទប់ ពេល​វីរុស​ចាប់ផ្ដើម​រីក​រាលដាល​ដំបូង​។

​មេរៀន​ពី​ឆ្នាំ ​២០២០ ​ជួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ឈរ​លំដាប់​កំពូល​អំឡុងពេល​ជួប​វិបត្ដិ​សុខភាព​នេះ​។

​លោក ហ្សា​ង យ៉ាង​យ៉ាង ជានា​យក​​គ្រប់គ្រង​ផ្នែក​ចែកចាយ Dingdong ដ៏​មមាញឹក បាន​និយាយថា​៖ «​យើង​មាន​​ដៃ​ដែក​។​ ថា​មិនត្រូវ យើង​ប្រឈម​នឹង​ភ្លើង​សិប្បនិម្មិត​ឬ​យ៉ាងណា​? យើង​ត្រូវ​

​មានប្រតិកម្ម​ឆាប់រហ័ស​។ ​ខ្ញុំ​អត់​មាន​​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍​នោះទេ​»​។

​ចិន​មាន​សេវាកម្ម​ដឹកជញ្ជូន​អាហារ ធំ និង​ទំនើប​បំផុត​ក្នុង​ពិភពលោក ជាមួយ​កម្មវិធី​ទូរស័ព្ទ​ដ៏​ពេញនិយម​ជាច្រើន​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ចុច​កុម្ម៉ង់​អាហារ​ពី​ភោជនីយដ្ឋាន​នានា ឬ​តូប​អាហារ​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ ដោយ​កម្មវិធី​ទូរស័ព្ទ​បានបង្ហាញ​កម្ដៅ​ក្នុង​ខ្លួន​អ្នក​ដឹកជញ្ជូន​ថែមទៀត​។

​អ្នក​ដឹក​ម្ហូប​បាន និងកំពុង​ដឹកជញ្ជូន​រហូតដល់ ១០០ ​ជើង​ក្នុង ​១ ​ថ្ងៃ ដែល​រមែង​ដាក់​ទំនិញ​នៅមុខ​ទ្វារផ្ទះ​អតិថិ​​ជន​ ដើម្បី​បញ្ចៀស​ការជួបគ្នា​ផ្ទាល់​។

​លោក លី យ៉ា​វូ ជាប់ដៃ​បំពេញ​ការ​​ងារ​រហូតដល់ ១៥ ​ម៉ោង​ ក្នុង ​១ ​ថ្ងៃ​។

​លោក​បាន​បន្ដថា​៖ «​ដំបូង​ខ្ញុំ​ភ័យខ្លាច​ដែរ តែ​នៅពេល​ដឹកជញ្ជូន​ដល់ដៃ​ភ្ញៀវ និង​ឃើញ​ក្រសែភ្នែក​អរគុណ​របស់​ពួកគេ ខ្ញុំ​លែងមាន​អារម្មណ៍​បារម្ភ​អី​ទៀតហើយ​»៕ AFP/HR